លោក កឹម សុខា មិន​មាន​ឈ្មោះ​នៅ​ក្នុង​ការ​លើកលែង​ទោស​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ

ដោយ ហេង រស្មី
2019-04-08
RFA

លោក កឹម សុខា (រូប​កណ្ដាល) ប្រធាន​គណបក្ស​សង្រ្គោះជាតិ និង​មេធាវី​ការពារ​ក្ដី​របស់​លោក នា​បរិវេណ​ផ្ទះ​លោក កឹម សុខា នៅ​ខណ្ឌ​ទួលគោក។ រូប​ពី​ហ្វេសប៊ុក លោក ផែង ហេង
លោក កឹម សុខា (រូប​កណ្ដាល) ប្រធាន​គណបក្ស​សង្រ្គោះជាតិ និង​មេធាវី​ការពារ​ក្ដី​របស់​លោក នា​បរិវេណ​ផ្ទះ​លោក កឹម សុខា នៅ​ខណ្ឌ​ទួលគោក។ រូប​ពី​ហ្វេសប៊ុក លោក ផែង ហេង


អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ឱ្យ​ដឹង​ថា លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ឃុំ នៅ​ក្នុង​ផ្ទះ​នោះ មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​ស្នើសុំ​លើកលែងទោស ដែល​រៀបចំឡើង ដោយ​ក្រសួង​យុត្តិធម៌ និង​គ្រោង​ដាក់ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​បន្ធូរបន្ថយ និង​លើកលែង​ទោស​ដល់​អ្នក​ជាប់ឃុំ​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​នេះ​ឡើយ។

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​យុត្តិធម៌ លើក​ហេតុផល​ថា ករណី​របស់​ប្រធាន​គណបក្សប្រឆាំង គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ស្នើសុំ​លើកលែងទោស​ពី​ព្រះមហាក្សត្រ​នោះ​ទេ ដោយសារតែ​ករណី​រឿង​ក្តី​នេះ តុលាការ​កំពុង​ដំណើរការ​នៅឡើយ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់​អាស៊ីសេរី កាលពី​យប់​ថ្ងៃ​ទី​៧ មេសា ថា មាន​ទណ្ឌិត​ជាច្រើន​នាក់​នឹង​ត្រូវ​បន្ធូរបន្ថយ និង លើកលែងទោស​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខ។ ក៏ប៉ុន្តែ​លោក កឹម សុខា មិន​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​នៃ​ការ​លើកលែង​ទោស​ទេ​ដោយសារតែ​លោក​មិន​ទាន់​ត្រូវ​បាន​តុលាការ​កាត់​ឱ្យ​ជាប់ទោស​នៅឡើយ។

លោក​បញ្ជាក់​ថា ការ​លើកលែង​ទោស​ធ្វើឡើង​ទៅតាម​ទិដ្ឋភាព​ច្បាប់ ដោយ​មិនបាន​គិត​ថា អ្នកទោស​នោះ​ជា​អ្នក​ទោស​នយោបាយ ឬ សកម្មជន​សិទ្ធិមនុស្ស​នោះ​ទេ ឱ្យ​តែ​គោរព​តាម​លក្ខខណ្ឌ​នៃ​ការអនុវត្ត​ទោស និង​ការ​កែ​ប្រែ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ៖ «ចំពោះ​លោក កឹម សុខា គឺ​ដឹង​តែ​អត់​ហើយពី​ព្រោះ​លោក​មិនទាន់​ខ្លាច​ជា​ទណ្ឌិត​នៅឡើយ​ទេ។ បាន​ន័យ​ថា មិន​ទាន់​មាន​សវនាការ ចេញ​សាលក្រម​ស្ថាពរ​ផ្ដន្ទាទោស​គាត់​អ៊ីចឹង​គាត់​មិន​ទាន់​ក្លាយ​ទៅ​ជា​ទណ្ឌិត។ អ៊ីចឹង​មិន​មាន​ទោស​ក្នុង​ការ​លើក​លែង​ឱ្យ​នោះ​ទេ»

គេហទំព័រ​ហ្វេសប៊ុក (Facebook) របស់​ក្រសួង​យុត្តិធម៌​កាលពី​ថ្ងៃ​ទី​៤ មេសា បាន​ផ្សព្វផ្សាយ​ថា លោក អង្គវង្ស វឌ្ឍនា រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ជាតិ​បាន​បើក​កិច្ចប្រជុំ​ថ្នាក់​ជាតិ​មួយ ដើម្បី​ពិនិត្យ​វាយតម្លៃ​បញ្ជី ឈ្មោះ​ទណ្ឌិត​ដើម្បី​ស្នើសុំ​ព្រះមហាក្សត្រ បន្ធូរបន្ថយ និង លើកលែងទោស​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ។ ក៏ប៉ុន្តែ​មិនបាន​បញ្ជាក់​ថា មាន​អ្នកទោស​ប៉ុន្មាន​នាក់ ដែល​ត្រូវ​បាន​បន្ធូរបន្ថយ និង​លើកលែងទោស​នោះ​ទេ។

លោក ជិន ម៉ាលីន បញ្ជាក់​ថា នៅ​ពេល​ព្រះរាជក្រឹត្យ​មិនទាន់​ចេញ​ជា​ផ្លូវការ ក្រសួង​មិន​អាច​ផ្សព្វផ្សាយ​ជា​សាធារណៈ​បាន​ទេ៖ «នៅ​ពេល​ដែល​ព្រះរាជក្រឹត្យ​ចេញ​មក គឺ​នឹង​ធ្វើ​ការ​ផ្សព្វផ្សាយ​ហើយ​ដូច​ជាមុន​ព្រះរាជ្យក្រឹត្យ​ចេញ​យើង​មិន​អាច​ផ្សព្វផ្សាយ​បានទេ»

កាលពី​ឆ្នាំ​២០១៨ មាន​អ្នកទោស ចំនួន ៣២១ នាក់ ទទួល​បាន​ការ​បន្ធូរបន្ថយ និង​លើកលែងទោស ក្នុង​នោះ​មាន​ស្ត្រី ២៨ នាក់ ។ ទណ្ឌិត​ទាំងនោះ​កំពុង​ជាប់ពន្ធនាគារ​ក្នុង​ខេត្ត​ក្រុង​ចំនួន​២០ និង​មណ្ឌល​អប់រំ​កែ​ប្រ​ចំនួន​៤ ក្នុង​ប្រទេស​កម្ពុជា។

អាស៊ីសេរី​មិន​អាច​ស្នើសុំ​ប្រតិកម្ម​ឆ្លើយតប​ពី​លោក ចាន់ ចេន មេធាវី​ការពារ​ក្ដី លោក កឹម សុខា ទេ កាលពី​ថ្ងៃ​ទី​៧ មេសា ជុំវិញ​ករណី កូន​ក្តី​របស់​លោក មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​លើកលែង​ទោស​នោះ។

លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចូល​ទៅ​ចាប់​នៅ​ក្នុង​ផ្ទះ​របស់​លោក​កាលពី​ពាក់កណ្ដាល​អធ្រាត្រ​ថ្ងៃទី​២ ឈាន​ចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។ លោក​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​សន្និដ្ឋិភាព​ជាមួយ​បរទេស ឬ​លួច​សហការ​ជាមួយ​បរទេស ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា និង​បាន​ដាក់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ ជិត​ព្រំដែន​វៀតណាម អស់​រយៈពេល​ជាង​មួយ​ឆ្នាំ។

ក្រោយ​មក​ចៅក្រម​ស៊ើបសួរ បាន​សម្រេច​ផ្ទេរ​លោក កឹម សុខា ពី​ឃុំ​នៅ​ក្នុង​ពន្ធនាគារ ដោយ​បន្ត​ឃុំខ្លួន​នៅ​ក្នុង​ផ្ទះ ក្រោម​ហេតុផល​ថា ជា​ការ​គិតគូរ​ពី​សុខភាព​របស់​លោក ប៉ុន្តែ ចៅក្រម​ស៊ើបសួរ​បាន​ដាក់​បម្រាម​យ៉ាង​តឹងរ៉ឹង​ដោយ​មិន​អនុញ្ញាត​ឱ្យ​លោក​ទៅ​ណា​ឆ្ងាយ​ពី​ផ្ទះ​ឡើយ ហើយក៏​មិន​ឱ្យ​ជួប​ជនបរទេស​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ចោទប្រកាន់​នោះ រួម​ទាំង​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទៀត​ផង​។ លោក សម រង្ស៊ី ក្រុម​គណបក្ស​ប្រឆាំង​សហគមន៍​អន្តរជាតិ និង​ប្រទេស​អ្នក​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ធំៗ​មួយ​ចំនួន បាន​ព្យាយាម​ម្ដង​ហើយ​ម្តង​ទៀត បាន​ទាមទារ​ឱ្យ​តុលាការ​របប​ក្រុងភ្នំពេញ ទម្លាក់​បទ​ចោទ​ទាំងអស់ និង​ផ្ដល់​សេរីភាព​ឱ្យ​បាន​ពេញលេញ​ជូន​លោក កឹម សុខា ឡើងវិញ ដោយ​ចាត់ទុកថា​សំណុំ​រឿង​នេះ ជា​សំណុំរឿង​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "លោក កឹម សុខា មិន​មាន​ឈ្មោះ​នៅ​ក្នុង​ការ​លើកលែង​ទោស​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ"

  1. so socheath says:

    អូ! ហូ
    ទោសក្បត់ជាតិណាអាភ្លើ !
    ទាល់តែយូរហើយយារ បានដោះលែង ។
    គេដាក់គុកវានៅផ្ទះរាប់ថាសំណាងពេកហើយ ។
    ព្រោះថាតាមរយះភាពល្ងង់ខ្លៅខាងនយោបាយប្រព្រឹត្តទង្វើក្បត់ជាតិរបស់វា វាបានកំទេច
    បក្សក្បត់ជាតិសង្គ្រោះជាតិដោយខ្លួនវាហើយដែរ ។ អញ្ចឺង ដាក់គុកវានៅក្នុងផ្ទះ វាសោះ
    បង្ហិនបាយគុកខ្លះដែរ អីតើ ។