លោក សម រង្ស៊ី អំពាវនាវ​​ឱ្យ​អន្តរជាតិ​ទាត់​ចោល​ដីកា​ចាប់​ខ្លួន​ថ្នាក់​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ ៨រូប

ដោយ សុ ជីវី
2019-04-08
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។ រូបថត៖ ហ្វេសប៊ុក Sam Rainy
លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។ រូបថត៖ ហ្វេសប៊ុក Sam Rainy


លោក​ សម រង្ស៊ី ថា ដីកាចាប់ខ្លួនថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​៨រូបពីបទក្បត់ជាតិថាជារឿងនយោបាយ


ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ស្នើសុំ​ឱ្យ​អន្តរជាតិ​ កុំ​យក​ចិត្ត​ទុក​ដាក់​នឹង​រឿង​ដីកា​របស់​តុលាការ​របប​ក្រុង​ភ្នំពេញ​ ដែល​បញ្ជា​ឱ្យ​តាម​ចាប់​ខ្លួន​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ចំនួន​៨ រូប ទាក់ទង​នឹង​សំណុំ​រឿង​ក្បត់​ជាតិ​។ អ្នក​វិភាគ​នយោបាយ​អះអាង​ថា ដីកា​នោះ​ធ្វើ​ឡើង​ក្រោម​ហេតុ​ផល​នយោបាយ ដោយ​មិន​មាន​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់​នោះ​ឡើយ។

លោក សម រង្ស៊ី ថ្លែង​នៅ​ក្នុង​ហ្វេសប៊ុក​របស់​លោក​នៅ​ពេល​ថ្មីៗ នេះ​ថា ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ៨រូប ដែល​រួម​ទាំង​រូប​លោក​ផង ត្រូវ​បាន​តុលាការ​របប​ក្រុង​ភ្នំពេញ​ចេញ​ដីកា​តាម​ចាប់​ខ្លួន​ ក្រោម​បទ​ចោទ​ដ៏​គួរ​ឱ្យ​អស់​សំណើច។

ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ រូប​នេះ អះអាង​ទៀត​ថា អង្គការ​សហប្រជាជាតិ ព្រឹទ្ធសភា​អាមេរិក សភា​អឺរ៉ុប សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស និង​អង្គការ​អន្តរជាតិ​ទាំង​ឡាយ សុទ្ធ​តែ​អាច​បញ្ជាក់​បាន​ថា ដីកា​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ក្រោម​ហេតុ​ផល​នយោបាយ​សុទ្ធសាធ និង​បង្ហាញ​ពី​ការ​បង្ក្រាប​កាន់តែ​អាក្រក់​ឡើង​ ក្រោម​ការ​ដឹកនាំ​បែប​ផ្ដាច់​ការ​របស់​លោក ហ៊ុន សែន។

លោក​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា​ ជា​ពិសេស​ប្រទេស​ដែល​គោរព​គោលការណ៍​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ឱ្យ​ទាត់​ចោល​នូវ​ដីកា​ចាប់​ខ្លួន​នេះ។

កាល​ពី​ពេល​ថ្មីៗនេះ ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ លោក កូយ សៅ បាន​បញ្ជា​ឱ្យ​ចាប់​ខ្លួន​​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ៨រូប រួម​មាន លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង អ្នក​ស្រី មួ សុខហួរ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូរ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ និង​លោក តុ វ៉ាន់ចាន់​ ដោយ​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ ប្រព្រឹត្ត​នៅ​កម្ពុជា និង​នៅ​ទីកន្លែង​ផ្សេង​ទៀត ចាប់​ពី​ថ្ងៃ​ទី២០ ដល់​ទី២៧ ខែ​មករា ឆ្នាំ​២០១៩។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ​លោក កូយ សៅ ដើម្បី​សុំ​ការ​ឆ្លើយ​តប​ជុំ​វិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី០៨ មេសា ចំណែក​អ្នក​នាំ​ពាក្យ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ​លោក លី សុផាណា បដិសេធ​ការ​​ធ្វើ​អត្ថាធិប្បាយ​ដោយ​ផ្ទាល់​តាម​ទូរស័ព្ទ។

អ្នក​វិភាគ​នយោបាយ លោក គឹម សុខ ថ្លែង​ថា នេះ​ជា​ដីកា​បែប​នយោបាយ មិន​មែន​ជា​រឿង​ផ្លូវ​ច្បាប់​អ្វី​នោះ​ទេ ហើយ​លោក​ជឿ​ថា ដីកា​ប្រភេទ​នេះ​នឹង​ត្រូវ​ទម្លាក់​ចោល​នៅ​ពេល​មាន​ដំណោះស្រាយ​នយោបាយ។ លោក​បន្ត​ថា សកម្មភាព​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស សង្គ្រោះ​ជាតិ នៅ​ក្រៅ​ប្រទេស​នោះ មិន​មែន​ជា​រឿង​ក្បត់​ជាតិ​អ្វី​នោះ​ឡើយ ហើយ​ចំណាត់​ការ​ទាំងឡាយ​របស់​តុលាការ​លើ​មន្ត្រី​បក្ស​ប្រឆាំង​ គឺ​ធ្វើ​ឡើង​តាម​ការ​បង្គាប់​បញ្ជា​របស់​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន តែប៉ុណ្ណោះ៖ «ឥឡូវ​ឧទាហរណ៍​ការ​ចាប់​លោក កឹម សុខា ភ្ជាប់​ជាមួយ​នឹង​អាមេរិកាំង ភ្ជាប់​ជាមួយ​នឹង​ហេតុផល​ផ្សេងៗ​ថា ក្បត់ជាតិ ក៏​ប៉ុន្តែ​មក​ដល់​ពេល​នេះ​សួរ​ថា តើ​របប​ក្រុង​ភ្នំពេញ​បាន​ហៅ​រដ្ឋាភិបាល ឬ​តំណាង​រដ្ឋាភិបាល​អាមេរិកាំង​ទៅ​សួរ​ទេ? ហ៊ាន​សួរ​ទេ? អត់​ហ៊ាន​ទេ។ ដូច្នេះ​មានន័យ​ច្បាស់​ណាស់​ថា ដីកា​ទាំង​ឡាយ​ដែល​គេ​ធ្វើ​នៅ​ក្នុង​កាលៈទេសៈ​នយោបាយ​ច្របូក​ច្របល់​បែប​ហ្នឹង គឺ​ជា​យុទ្ធសាស្ត្រ​នយោបាយ​ ដើម្បី​ហែក​គូ​ប្រជែង​តែ​ប៉ុណ្ណឹង។ វា​មិនមែន​ជា​អំពើ​ដែល​បង្ហាញ​ច្បាស់​ថា អ្នក​ទាំងអស់​នោះ​ពិត​ជា​បាន​ក្បត់​ជាតិ​មែន​ទេ មិន​មែន​ទេ»

ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៨រូប កំពុង​រស់​នៅ​និរទេស​ខ្លួន​ និង​ធ្វើ​សកម្មភាព​នយោបាយ​នៅ​ក្រៅ​ប្រទេស ដើម្បី​គេច​ចេញ​ពី​ការ​តាម​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​​របប​លោក ហ៊ុន សែន។

ពួកគេ​ទាំង៨ រូប គឺ​​ជា​អ្នក​បាន​ចូល​រួម​ដោយ​ផ្ទាល់​​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​លើក​ទី១ របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី២០ មករា​កន្លងទៅ នៅ​ទីក្រុង​ឡូវែល (Lowell) នៃ​រដ្ឋម៉ាស្សាឈូសេត (Massachusetts)។ កិច្ច​ប្រជុំ​នៅ​ពេល​នោះ ផ្តោត​លើ​ចំណុច​៣ សំខាន់ គឺ​ការ​ទទួល​ស្គាល់​លោក សម រង្ស៊ី ជា​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​បណ្ដោះអាសន្ន ការ​បដិសេធ​រឿង​លោក​ ហ៊ុន សែន យក​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ជា​ចំណាប់​ខ្មាំង​នយោបាយ​ទៅ​គំរាម​សហភាព​អឺរ៉ុប និង​ការ​រៀប​ចំ​ផែន​ការ​សម្រាប់​ដំណើរ​វិល​ត្រឡប់​របស់​លោក​ សម រង្ស៊ី ទៅ​កម្ពុជា​វិញ។

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន បាន​សម្ដែង​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ចំពោះ​ការ​រៀប​ចំ​ផែន​ការ​ទទួល​លោក សម រង្ស៊ី នេះ ហើយ​លោក​បាន​ព្រមាន​ប្រើ​ហិង្សា​លើ​​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ​ប្រសិន​បើ​ពួក​គេ​មិន​បញ្ឈប់​​សកម្មភាព​រៀប​ចំ​ទទួល​លោក សម រង្ស៊ី ទេ​នោះ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "លោក សម រង្ស៊ី អំពាវនាវ​​ឱ្យ​អន្តរជាតិ​ទាត់​ចោល​ដីកា​ចាប់​ខ្លួន​ថ្នាក់​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ ៨រូប"

  1. so socheath says:

    ហាស! ហាស
    អាឆ្កែទាល់ច្រក ដល់ដំណាក់កាលដេកលិឍគូថហើយអីតើ !