វិភាគ​៖ ហេតុអ្វី​អ្នកបញ្ជា​ទិញ​បារម្ភ​ពី​កម្ពុជា​បាត់​ប្រព័ន្ធ​អនុគ្រោះ ​EBA​ និង​ GSP​


|
https://www.vodhotnews.com

រូបភាពទង់ជាតិសហភាពអឺរ៉ុប (EBA) ទង់ជាតិកម្ពុជា និង ទង់ជាតិអាមេរិក (GSP)។

ក្រុម​អ្នកបញ្ជា​ទិញ​អន្តរជាតិ​ផ្នែក​ផលិតផល​កាត់ដេរ​ពី​កម្ពុជា​បាន​ដាក់​លិខិត​ទៅ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​កាលពី​សប្តាហ៍​មុន​ដោយ​បាន​បង្ហាញ​ក្ដី​បារម្ភ​របស់​ពួកគេ​អំពី​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA​ របស់​អឺរ៉ុប និង​ GSP របស់​អាមេរិក​  ខណៈ​ជម្លោះ​នយោបាយ​នៅ​បន្ត​អូស​បន្លាយ​នៅ​ឡើ​យនោះ​។

លិខិត​នោះ​ បាន​លើកឡើង​ថា​ ការព្រមាន​ព្យួរ​ EBA ​របស់​សហភាព​អឺរ៉ុប​ និង​ GSP​ របស់​អាមេរិក ​នឹង​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ឧស្សាហកម្ម​​កាត់​ដេរ​កម្ពុជា​រួម​ទាំង​ពលរដ្ឋខ្មែរ​រាប់​លាន​នាក់​ដែល​ទទួលផល​ពី​វិស័យ​នេះ​។

ក្រុម​អ្នកបញ្ជា​ទិញ​បញ្ជាក់​ថា ​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ទាំងនេះ​វា​ក៏​នឹង​ធ្វើឲ្យ​ខាតបង់​ដល់​​ប្រយោជន៍​ដ៏​សម្បើម​របស់​ប្រជាជន​ និង​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ​។

សហភាព​អឺរ៉ុប​ កាលពី​ខែកុម្ភៈ ​ឆ្នាំ២០១៩នេះ​ បាន​ប្រកាស​រាប់​ថ្ងៃ​ថយក្រោយ​​លើ​វិធានការ​ព្យួរ​ជា​បណ្តោះ​អាសន្ន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម EBA​ ពី​កម្ពុជា ​ក្រោយពី​ប្លុក​លោកសេរី​មួយ​នេះ​រក​ឃើញថា​ រដ្ឋាភិបាល​បាន​បរាជ័យ​ក្នុង​ការ​ស្តារ​ស្ថានភាព​សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​។

ដូចគ្នា​នេះ​ដែរ​ សមាជិកសភា​​អាមេរិក​កំពុង​ជំរុញ​ច្បាប់​ឱ្យ​រដ្ឋាភិបាល​ប្រធានាធិបតី​អាមេរិក​ លោក ដូ​ណាល់​ ត្រាំ​ ផ្អាក​ការ​អនុគ្រោះ​ពាណិជ្ជកម្ម ​GSP​ ដែល​កម្ពុជា​ទទួល​បាន​ពី​សហរដ្ឋអាមេរិក​ ដោយសារ​ បញ្ហា​រំលោភសិទ្ធិ​មនុស្ស ​មិន​បើកផ្លូវ​ឲ្យ​អតីត​គណបក្ស​ប្រឆាំង​បាន​ដំណើរការ​ឡើងវិញ​ និង​ដោះលែង​លោក​ កឹម​ សុខា​ ជាដើម​។

ប៉ុន្តែ ​ក្នុង​វេទិកា​សាធារណៈ​មួយ​កាលពី​ខែមុន​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន បាន​អះអាង​ថា​ លោក​បាន​ប្រាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ លោក​ ប្រាក់​ សុ​ខុន​ ថា ​កង្វល់​របស់​អ្នកដទៃ​ មិនមែន​ជា​បន្ទាត់​នយោបាយ​របស់​កម្ពុជា​ទេ​។

ជាង​នេះ​ទៅទៀត​ នៅក្នុង​វេទិកា​ជួប​ជាមួយ​វិស័យ​ឯកជន​​កាលពី​ចុងខែ​មុន​ មេដឹកនាំ​កម្ពុជា​រូប​នេះ​ បាន​ប្រកាស​ថា​ តាម​វិធា​នកា​រធ្វើ​កំណែទម្រង់​របស់​រដ្ឋាភិបាល​ កម្ពុជា​នឹង​ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យមក​ម្រិ​តខ្ពស់​នៅ​ឆ្នាំ២០៣០ ទោះ​គ្មាន​ប្រព័ន្ធ​អនុគ្រោះពន្ធ​ក៏ដោយ​។

ការវាយតម្លៃ​ផ្សេងគ្នា​ពី​ផល​ប៉ះពាល់​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ បង្កើត​ជា​សំនួរ​ថា៖

​ហេតុអ្វី​បាន​អ្នកបញ្ជា​ទិញ​បារម្ភ​ពី​កម្ពុជា​បាត់​EBA ​និង​ GSP​?

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ ​និង​សិទ្ធិ​មនុ​សុ្ស​ លោក​ មឿន​ តុលា​ បង្ហាញ​ការយល់ឃើញ​ថា​ ​ប្រតិកម្ម​​របស់​ក្រុម​អ្នកបញ្ជា​ទិញ​ពេលនេះ​ ជា​ភស្តុតាង​រឹងមាំ​​ប្រាប់​ទៅ​រដ្ឋាភិបាល​ថា​កម្ពុជា​នឹង​ប្រឈម​ទៅ​នឹង​បញ្ហា​ធំៗ​ពីរ​ បើ​រដ្ឋាភិបាល​បណ្តែតបណ្តោយ​ឲ្យ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ទាំងពីរ​នេះ​មែន​។

លោក​ មឿន​ តុលា​ វិភាគ​ថា​ បញ្ហា​ទីមួយ ប្រតិកម្ម​នេះ​ បង្ហាញថា​ ពួកគេ​មិន​អាច​បន្ត​រកស៊ី​ជាមួយ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​បាន​ទៀត​ទេ​ បើ​អត់​ប្រព័ន្ធ​អនុគ្រោះពន្ធ​ ព្រោះ​ទុន​ចំណាយ​របស់​ពួកគេ​ត្រូវ​បាន​ចំណាយ​ច្រើនជាង​មុន​ និង​បញ្ហា​ប្រឈម​ទី២​ ផលិតផល​របស់​កម្ពុជា​អាច​នឹង​ត្រូវ​ប្រទេស​លោកសេរី​ ធ្វើ​ពហិការ​មិន​ប្រើប្រាស់​ បើ​សហភាព​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​ ដាក់​ប្រទេស​នេះ​ ជា​ប្រទេស​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នោះ​។

លោក​ មឿន តុលា ប្រាប់ថា​៖ «សំណួរ​ដែល​យើង​ងាយ​ស្តាប់​ ហើយ​ពលរដ្ឋ​ងាយ​យល់​ហ្នឹង ​គឺ​យើង​ផលិត ​យើង​ដេរ ​ដើម្បី​លក់​ឲ្យ​គេអ្នក​ទិញ​ ហើយ​គេអ្នក​ទិញ​ អត់​ទិញ​ទេ​ អាហ្នឹង​យើង​មាន​វិបត្តិ​ធំ​ហើយ​»

ប្រាប់​ចំណេញ​ដែល​កម្ពុជា​ទទួល​បាន​ពី​ការ​មិន​បង់ពន្ធ​តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​របស់​សហរដ្ឋអាមេរិក​ និង​សហភាព​អឺរ៉ុប​ មាន​ទំហំ​ជាង១០០០លាន​ដុល្លារ​ ក្នុង១ឆ្នាំ​ៗ។

លិខិត​របស់​អ្នកបញ្ជា​ទិញ​ផ្ញើ​ទៅ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​នា​ថ្ងៃទី៤ ខែមេសា​នេះ​ បាន​ឲ្យដឹង​ដែរ​ថា​ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប ​និង​អាមេរិក​ តា​មរ​យៈព្រ​ព័ន្ធ​អនុគ្រោះ​ពន្ធទាំងពីរ​នេះ​ មាន​ទឹកប្រាក់​ជាង ៨ពាន់​លាន​ដុល្លារ​ (៨.៥ពាន់​លាន​ដុល្លារ​) ស្មើ​ ៣៨​ភាគរយ​នៃ​ផលទុនជាតិ​សរុប​របស់​ជាតិ​ ឬប្រាក់ចំណូល​ប្រចាំឆ្នាំ​ដែល​ពលរដ្ឋ​រកបាន​​ក្នុង​ឆ្នាំ២០១៨​។

អ្នកវិភាគ​នយោបាយ​នៅ​ក្រៅប្រទេស​ លោ​ក គឹម​ សុខ​ មានប្រសាសន៍​ថា​ អ្នកបញ្ជា​ទិញ​បាន​ប្រាប់​ពីក្តី​កង្វល់​របស់​ពួក​គេ​ត្រង់​ៗទៅ​រដ្ឋាភិបាល​ ហើយ​លោកថា នេះ​​ជា​សញ្ញា​ប្រកាស​អាសន្ន​របស់​អ្នក​វិនិយោគ​នៅ​កម្ពុជា​ ដែល​លោក​ថា ​ជា​កត្តា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ស្ថារ​ស្ថាន​ការ​ណ៍ឡើងវិញ​ជាបន្ទាន់​ផង​ដែរ​។

ប៉ុន្តែ ​អ្នកវិភាគ​រូប​នេះ​ វិភាគ​ថា​ កង្វល់​នេះ​ទំនងជា​គ្មាន​ឥទ្ធិពល​ដល់​ការសម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ដែល​ដឹក​នំា​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ទេ​។

លោក​ គឹម សុខ ប្រាប់ថា​៖ «យ៉ាងណា​ ការ​បាត់​ EBA​ របស់​សហភាព​អឺរ៉ុប​ និង​ GSP​ របស់​សហរដ្ឋអាមេរិក​ អ្នក​វេទនា​ គឺ​ប្រជាពលរដ្ឋ​ មិនមែន​​ក្រុម​លោក​ ហ៊ុន​ សែន​ ទេ​ តែបើ​បាត់​អំណាច​វិញ ​ទើប​ក្រុម​លោក​ ហ៊ុន​ សែន​ ជួប​បញ្ហា​។ ដូច្នេះ​ រវាង EBA​ និង​អំណាច ​ច្បាស់​ណាស់​លោក​ ហ៊ុន​ សែន​ ជ្រើសរើស​យក​អំណាច​មុន ​គាត់​មិន​ខ្វល់​ថា​ ការ​បាត់ EBA​ និង​ GSP ​ផង ​នឹង​ធ្វើឲ្យ​ពលរដ្ឋ​លំបាក​ប៉ុណ្ណា​ទេ​។»

អ្នកវិភាគ​នៅ​ក្រៅប្រទេស​រូប​នេះ ​វិភាគ​ទៀត​ថា​ ការសម្រេច​ចិត្ត​ណាមួយ​ធ្វើឲ្យ​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ពី​ប្លុក​លោកសេរី​ លោក​ថា​ ជា​ការ​លេងល្បែង​នយោបាយ​ដ៏​គ្រោះថ្នាក់​សម្រាប់​សង្គមជាតិ​។

លោក​ គឹម សុខ បន្ត​ថា​៖ «បើ​សហភាព​អឺរ៉ុប​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ ​ ហើយ​អាមេរិក​សម្រេច​ដក​ប្រព័ន្ធ GSP ​ពី​កម្ពុជា​។ ខ្ញុំ​យល់ថា​ ស្ថានភាព​ដ៏​លំបាក​របស់​កម្ពុជា​ក្លាយជា​ប្រទេស​ទទួលរង​អាណានិគម​បែប​ថ្មី​ក្រោមអំណាច​ត្រួតត្រា​របស់​ចិន​ ហើយ​ពលរដ្ឋខ្មែរ​អាច​ធ្លាក់ទៅក្នុង​ស្ថានភាព​វ័ណ្ឌក​ក្នុង​កម្ចី​របស់​ចិន​»

វិធានការ​របស់​សហភាព​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​ដែល​កំពុងតែ​ដាក់​សម្ពាធ​តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​នេះ​ មិនមែន​មានតែ​អ្នកបញ្ជា​ទិញ​ទេ​ដែល​បាន​បង្ហាញ​ក្តី​បារម្ភ​​​កន្លងមក​ថ្មីៗ។

​ចុងឆ្នាំ២០១៨​កន្លង​មក តំណាង​អ្នក​វិនិយោគ​មួយចំនួន​ រួម​ទាំង​សមាគម​រោងចក្រ​កាត់ដេរ​ផង​ដែរ បាន​ផ្ញើ​លិខិត​ទៅ​សហភាព​អឺរ៉ុប​កុំ​ឲ្យ​ដក​ប្រព័ន្ធ​អនុគ្រោះ​នេះ​ ដោយ​ពួកគេ​ថា​ វិធានការ​នេះ​ធ្វើឲ្យ​ប៉ះពាល់​ដល់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​ជាង ៧០ម៉ឺន​នាក់​ដោយ​ផ្ទាល់​ និង​ប៉ះពាល់​ជា​ប្រយោល​ដល់​ពលរដ្ឋខ្មែរ​ប្រមា​ណជា ២លាន​នាក់​ផ្សេងទៀត​។

អ្នកវិភាគ​វ័យក្មេង​ កញ្ញា ​លី​ ស្រី​ស្រស់​ វិភាគ​ថា​ ចរន្ត​នយោបាយ​ពេលនេះ​ បក្ស​កាន់អំណាច​អាច​ពិបាក​វិល​ថយក្រោយ​ទៅ​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​តាម​ការ​ទាមទារ​របស់​សហភាព​អឺរ៉ុប​ បើ​បក្ស​កាន់អំណាច​ដឹងមុន​ថា ​ទីលាន​ប្រកួត​សារឡើងវិញ​នោះ​ជា​គ្រោះថ្នាក់​អំណាច​។

ប៉ុន្តែ ​អ្នកវិភាគ​វ័យក្មេង​រូប​នេះ​ពន្យល់​ថា​ គ្មានអ្វី​ពិបាក​ក្នុង​ការ​រក្សាទុក​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​សេដ្ឋកិច្ច​និង​កត្តា​អំណោយផល​ផ្សេងទៀត​ពី​ប្រទេស​លោកសេរី​ទេ ​បើ​មេដឹកនាំ​គិត​ពី​ប្រយោជន៍ជាតិ​ ហើយ​ស្វែងរក​ដំណោះស្រាយ​ដោយ​ឈរ​លើ​ស្មារ​តី​បង្រួបបង្រួម​ជាតិ​នោះ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "វិភាគ​៖ ហេតុអ្វី​អ្នកបញ្ជា​ទិញ​បារម្ភ​ពី​កម្ពុជា​បាត់​ប្រព័ន្ធ​អនុគ្រោះ ​EBA​ និង​ GSP​"

  1. Anonymous says:

    an important massage to HUN SEN and his leadership . this is not a joke time is getting short for your commitment to get EBA and GSP. this is not the only one problem and the other problem is SAM RANSY and his supporters will going back to the country . this home coming of your opposition party can be a great problem for this nation. I believe that you can also seeing the dangers that going to face you in the short period . please think about this if you murder any opposition leader what consequent will you get???? international community are supported opposition party that you HUN SEN have been eliminated . this a wrongful act that you HUN SEN did in the world of democracy. your clime of being eliminated your opposition can not supported since the start of 2018 election. you can not prove any evident that KIM SOKHA was a nation traitor this is the main problem. I tell you what… it is the time for you to make your last judgment rather you do or you don’t .