អ្នក​នាំ​ពាក្យ​គណបក្ស ប្រជាជន​កម្ពុជា បដិសេធ​ព័ត៌មាន​ថា របប​ឯក​បក្ស​ជួល​សមាជិក​ព្រឹទ្ធសភា​អាមេរិក ដើម្បី​តស៊ូ​មតិ​ឲ្យ​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​របប​ឯក​បក្ស

ដោយ ទីន ហ្សាការីយ៉ា
2019-04-08
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ទី​ស្នាក់​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨។ AFP
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ទី​ស្នាក់​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨។ AFP


មន្ត្រី​នាំ​ពាក្យ​គណបក្ស ប្រជាជន​កម្ពុជា បដិសេធ​ថា របប​លោក ហ៊ុន សែន មិន​បាន​ជួល​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ម្នាក់ ដើម្បី​តស៊ូ​មតិ​នៅ​សហគមន៍​អន្តរជាតិ​ឲ្យ​គេ​ទទួល​ស្គាល់​របប​របស់​ខ្លួន​ឡើយ។ លោក សុខ ឥសាន បាន​សរសេរ​នៅ​ក្នុង​ប្រព័ន្ធ​តេឡេហ្រ្គាម យ៉ាង​ខ្លី​ថា ព័ត៌មាន​នេះ អាច​ជា​ការ​និយាយ​បន្តុះបង្អាប់ ចំពោះ​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​គណបក្ស ប្រជាជន​កម្ពុជា និង​រាជ​រដ្ឋាភិបាល​កម្ពុជា។

ការ​បញ្ចេញ​ប្រតិកម្ម​របស់​លោក សុខ ឥសាន នេះ ធ្វើ​ឡើង​ភ្លាមៗ នៅ​បន្ទាប់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP (Associated Press) បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី៥ ខែ​មេសា​ថា សមាជិក​ព្រឹទ្ធសភា​អាមេរិក ពី​ខាង​គណបក្ស​សាធារណៈ នៅ​រដ្ឋ​វ៉ាស៊ីនតោន ស្តេត (Washington State) លោក ដាហ្គ អេរ៉ិចសិន (Doug Erickson) បាន​ចុះ​បញ្ជី​តាំង​ខ្លួន​ជា​ភ្នាក់ងារ​បរទេស ដើម្បី​ពិគ្រោះ​យោបល់ និង ជា​សកម្មជន​រត់​ការ​តំណាង​ឲ្យ​កម្ពុជា នូវ​ទឹក​ប្រាក់​កន្លះ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដើម្បី​ជួយ​តស៊ូ​មតិ​ឲ្យ​កម្ពុជា។

លោក ដាហ្គ អេរ៉ិចសិន ស៊ីឈ្នួល​ការពារ​របប​លោក ហ៊ុន សែន នេះ​ក្នុង​នាម​ក្រុមហ៊ុន​មួយ​របស់​ឈ្មោះ ផែករិម (PacRim) ដែល​គិត​ថ្លៃ ៥០០.០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ ពី​របប​លោក ហ៊ុន សែន ដើម្បី​កិច្ចការ​ពិគ្រោះ​យោបល់​ផ្សេងៗ រួម​ទាំង​ការ​ជួយ​ចាត់​ចែង និង​សម្របសម្រួល​ដំណើរ​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​កម្ពុជា ទៅ​ទឹក​ដី​អាមេរិក​ផង។

នេះ​គឺ​ជា​រឿង​ដែល​មិន​ធ្លាប់​កើត​មាន​មួយ ដែល​សមាជិក​ព្រឹទ្ធសភា​នៃ​រដ្ឋ​មួយ ឈរ​ឈ្មោះ​តំណាង​ឲ្យ​រដ្ឋ​បរទេស​មួយ ក្នុង​ការ​តស៊ូ​មតិ​បែបនេះ។ ប្រភព​ដដែល បាន​ដកស្រង់​ប្រសាសន៍​មេធាវី​នៃ​ក្រុមប្រឹក្សា​សីលធម៌​សមាជិកសភា អ្នកស្រី ជេនីហ្វើរ ស្ត្រឹះស៍ (Jennifer Strus) ថា បើ​តាម​ច្បាប់​របស់​រដ្ឋ ស្ដីពី​ក្រម​សីលធម៌​នៃ​មុខងារ​សាធារណៈ គឺ​លោក ដាហ្គ អេរ៉ិចសិន មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ ដោយសារ​ច្បាប់​ហាម។

ប្រភព​ដដែល ដក​ស្រង់​ប្រសាសន៍​ប្រធាន​អង្គការ​សង្គម​ស៊ីវិល ដេម៉ូក្រាស៊ី ថ្វិនធីវ័ន (Democracy 21) ដែល​ពិនិត្យ​មើល​ការ​ចាយ​វាយ​លុយ​ក្នុង​ផ្នែក​នយោបាយ លោក ហ្វ្រិដ វើស្សៃមើរ (Fred Wertheimer) ថា រឿង​នេះ ជា​រឿង​ដ៏​ចម្លែក​មួយ ដែល​ប្រទេស​មួយ ជួល​សមាជិក​ព្រឹទ្ធសភា​របស់​រដ្ឋ​ នៃ​ប្រទេស​មួយ​ផ្សេង​ទៀត ឲ្យ​ធ្វើ​ជា​អ្នករត់ការ​ឲ្យ​ខ្លួន​បែប​នេះ។

ទោះ​ជា​យ៉ាង​នេះ​ក្តី របប​លោក ហ៊ុន សែន បាន​ទទួល​ស្វាគមន៍​លោក ដាហ្គ អេរ៉ិចសិន យ៉ាង​ហ៊ឹកហ៊ាក់ ដោយ​លោក ហ៊ុន សែន ផ្ទាល់​បាន​ទទួល​បដិសណ្ឋារកិច្ច​លោក ដាហ្គ អេរ៉ិចសិន ជា​ផ្លូវ​ការ​នៅ​វិមាន​សន្តិភាព និង​ផ្សាយ​តាម​ប្រព័ន្ធ​ឃោសនា​របស់​លោក​យ៉ាង​សុះសាយ ក្នុង​ជំនួប​ចុង​ក្រោយ​រវាង​លោក និង​សមាជិក​ព្រឹទ្ធសភា​រូប​នេះ កាល​ពី​ថ្ងៃ​ទី២២ ខែ​មីនា​កន្លង​ទៅ។

លោក ដាហ្គ អេរ៉ិចសិន រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ថា មាន​ជំហរ​ផ្ទុយ​ទៅ​នឹង​រដ្ឋាភិបាល​អាមេរិក ចំពោះ​សារ​របស់​លោក ដែល​គាំទ្រ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ព្រោះ​ក្រសួង​ការ​បរទេស​អាមេរិក បាន​ថ្កោលទោស និង​ចាត់​ទុក​ថា ជា​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ២០១៨ ដោយ​ផាត់​ចោល​បក្ស​ប្រឆាំង​នោះ​ថា ក្លែង​ក្លាយ។

ការ​ចំណាយ​លុយ​រាប់​សិប​ម៉ឺន​ដុល្លារ ដើម្បី​ជួល​មន្ត្រី​រូប​នេះ លោក ហ៊ុន សែន រង​ការ​រិះគន់​ថា ចំណាយ​ថវិកា​ខ្ជះខ្ជាយ និង​ឥត​ប្រយោជន៍ ស្រប​ពេល​លោក ដាហ្គ អេរ៉ិកសិន ត្រឹម​តែ​ជា​ ជា​សមាជិក​ព្រឹទ្ធសភា​ថ្នាក់​រដ្ឋ (State Senator) មួយ​រូប ដែល​គ្មាន​តួនាទី​អ្វី​ក្នុង​កិច្ចការ​ទំនាក់ទំនង​អន្តរជាតិ​រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋ​អាមេរិក​ទាល់​តែ​សោះ។ លោក​មិន​មែន​សមាជិក​សភា​ថ្នាក់​ជាតិ​ទេ (US senator)។ រដ្ឋ​នីមួយៗ មាន​សមាជិក​ព្រឹទ្ធសភា​ថ្នាក់​រដ្ឋ តិច ឬ​ច្រើន ទៅ​តាម​របាយ​ប្រជាជន។ គ្រាន់​តែ​រដ្ឋ​វ៉ាស៊ីនតោន ស្តេត មួយ ដែល​លោក​រស់​នៅ មាន​សមាជិក​ព្រឹទ្ធសភា​ថ្នាក់​រដ្ឋ ៤៩នាក់ ដែល​ម្នាក់​តំណាង​ឲ្យ​ស្រុក​មួយ។ ជា​រួម​សមាជិក​ព្រឹទ្ធសភា​ថ្នាក់​រដ្ឋ​ម្នាក់ តំណាង​ពលរដ្ឋ​ប្រមាណ​ជាង ១សែន​នាក់​ក្នុង​រដ្ឋ​នោះ។ តួនាទី​លោក ដាហ្គ អេរ៉ិកសិន គឺ​ប្រហាក់ប្រហែល​តួនាទី​តំណាង​សង្កាត់ ឬ State Representative បន្តិចបន្តួច។ បើ​ប្រៀបធៀប​លោក ដាហ្គ អេរ៉ិកសិន ទៅ​នឹង​ពលរដ្ឋ​ខ្មែរ​អាមេរិក ដែល​ជាប់​ជា​តំណាង​សង្កាត់​មួយ នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត លោក ម៉ុម រ៉ាឌី នោះ គឺ​ពួក​គាត់​មាន​ឋានៈ​ប្រហាក់ប្រហែល​គ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles