មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ទាមទារ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ឱ្យ​ពិនិត្យ​មើល​ការ​គំរាម​របស់​លោក ហ៊ុន សែន ចំពោះ​សន្តិសុខ​ក្នុង​តំបន់

ដោយ ហេង រស្មី
2019-04-09
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកស្រី មូរ សុខហួរ អនុ​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ។ រូប៖ RFA
អ្នកស្រី មូរ សុខហួរ អនុ​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ។ រូប៖ RFA


អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​មនុស្ស​ម្នាក់​ដែល​ជាប់​ឈ្មោះ​ក្នុង​ដីកា​តាម​ចាប់​ខ្លួន​ពី​របប​លោក​ ហ៊ុន សែន​ គឺ​អ្នកស្រី មួ សុខហួរ​ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​អគ្គលេខាធិការ​អាស៊ាន​ លោក លីម ចុកហ័រ (Lim Jock Hoi) ដើម្បី​ ជំរុញ​ឲ្យ​មានការ​ ធានា​ឲ្យ​បាន​នូវ​សន្តិសុខ​ និង​ស្ថិរភាព​ក្នុង​តំបន់​អាស៊ាន​ ក្រោយ​ពេល​ដែល​លោក ហ៊ុន សែន​ បាន​គំរាម​ប្រើ​កាំភ្លើង​យន្ត​ចាំ បាញ់​សម្លាប់ ​លោក ​សម រង្ស៊ី​ និង​ក្រុម​អ្នក​ហែហម​លោក​ ប្រសិន​បើ​លោក សម រង្ស៊ី​ ហ៊ាន​វិល​ត្រលប់​មក​កម្ពុជា​វិញ​តាម​ច្រក​ព្រំដែន​កម្ពុជាថៃ​។

អ្នកនាំពាក្យ​របប​ក្រុង​ភ្នំពេញ​ចាត់​ទុក​លិខិត​នេះ​ថា ជា​លិខិត​ឥត​ប្រយោជន៍ ប្រៀប​ដូច​ជា​ការ​បាច​អង្កាម​បញ្ច្រាស​ខ្យល់។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ អ្នក ស្រី មូរ សុខហួរ​​ ជំរុញ​ឲ្យ​បណ្ដា​ប្រទេស​ ដែល​ជា​សមាជិក​អាស៊ាន​ទាំងអស់ ដោយ​ក្នុង​នោះ​មាន​ប្រទេស​ថៃ​ ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​កម្ពុជា​ផង ​ឲ្យ​ពិនិត្យ​មើល​ការ​គំរាម​កំហែង​របស់​លោក​ ហ៊ុន សែន​ ថា​ នឹង​បាញ់​សម្លាប់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដោយ​ប្រើ​កាំភ្លើង​យន្ត​ស្វ័យប្រវត្តិ​ចូល​មក​កម្ពុជា​តាម​ព្រំដែន​ថៃ​នោះ។

អ្នកស្រី មូរ សុខហួរ​ ប្រាប់​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី៨​ មេសា​ថា​ សារ​គំរាម​កំហែង​នេះ​ មិនមែន​ជា​ការ​លេង​សើច​នោះ​ទេ ​ព្រោះ​រឿង​នេះ​មាន​ជាប់​ពាក់ព័ន្ធ ​នឹង​បូរណភាព​ទឹកដី​របស់​ប្រទេស​ថៃ ​ដែល​ជា​ប្រទេស​ជិតខាង​។ ​អ្នកស្រី​មាន​ប្រសាសន៍​ថា ថៃ គឺ​ជា​សមាជិក​អាស៊ាន​ដូច​កម្ពុជា​ដែរ ​ដូច្នេះ​ប្រទេស​ថៃ ​ត្រូវ​មាន​តួនាទី​រក្សា​សុខ​សន្តិភាព​ និង​ស្ថិរភាព​ក្នុង​តំបន់៖ «អាស៊ាន​គឺជា​ស្ថាប័ន​សំខាន់​វា ស្ទើរ​តែ​ដូច​សហភាព​អឺរ៉ុប​ទៅ​ទៀត​នេះ​ គឺ​ជា​សហគមន៍​អាស៊ាន ដែល​ត្រូវ​តែ​រក្សា​នូវ​ស្ថិរភាព​ ជាពិសេស​រក្សា​នូវ​អ្វី​ដែល​ជា​អភិវឌ្ឍន៍​ និង​សន្តិភាព​នៅ​ក្នុង​តំបន់​អាស៊ាន​ទាំងមូល»

អ្នកស្រី​ មូរ សុខហួរ​ កាលពី​ថ្ងៃ​ទី២ ខែ​មេសា​ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​អគ្គលេខាធិការ​អាស៊ាន​ លោក លីម ចុកហ័រ (Lim Jock Hoi) ដើម្បី​ ជំរុញ​ឲ្យ​អគ្គ​លេខាធិការ​អាស៊ាន​រូប​នេះ​ ធានា​ឲ្យ​បាន​នូវ​សន្តិសុខ​ និង​ស្ថិរភាព​ក្នុង​តំបន់​អាស៊ាន​ ក្រោយ​ពេល​ដែល​លោក​ ហ៊ុន សែន​ បាន​គំរាម​ប្រើ​កាំភ្លើង​យន្ត​ចាំ​សម្លាប់​លោក ​សម រង្ស៊ី​ បើ​លោក​ហ៊ាន​វិល​ចូល​ប្រទេស​កម្ពុជា​តាម​ច្រក​ព្រំដែន​កម្ពុជា​ថៃ។

អ្នកនាំពាក្យ​របប​ក្រុង​ភ្នំពេញ​ លោក ផៃ ស៊ីផាន​ បាន​បញ្ជាក់​ថា​ ប្រទេស​ថៃ​ និង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ មិន​អាច​ជ្រៀតជ្រែក​ចូល​រួម​កិច្ចការ​ជម្លោះ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ទេ។​លោក​បាន​ហៅ​លិខិត​របស់​លោក​ស្រី​ មូរ សុខហួរ​ ទៅកាន់​អគ្គលេខាធិការ​អាស៊ាន​វា​ហាក់​បី​ដូច​ជា​ការ​បាច​អង្កាម​បញ្ច្រាស​ខ្យល់​​ និង​គ្មាន​ឥទ្ធិពល​អ្វី​ដល់​រដ្ឋាភិបាល​របស់​លោក​ទេ៖ «ចោទប្រកាន់​មក​លើ​រដ្ឋាភិបាល​ជា​អ្នក​បង្ក​ឲ្យ​មាន​អសន្តិសុខ​តំបន់​ ឬ​ក៏​សមាគម​អាស៊ាន​ គឺ​ខុសស្រឡះ ជា​ទូទៅ​ ពី​ព្រោះ​អាស៊ាន​មិន​មាន​និន្នាការ​ជ្រៀតជ្រែក​បញ្ហា​ផ្ទៃ​ក្នុង​ទេ​។​អាស៊ាន​ បង្កើត​បាន​ជា​តំបន់​មួយ​ជា​សេដ្ឋកិច្ច​ ក្នុង​តំបន់​មួយ​ប្រាសចាក​ពី​ភូមិសាស្ត្រ​នយោបាយ»

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម រង្ស៊ី​ បាន​ប្រកាស​ម្ដង​ហើយ​ម្ដង​ទៀត​ថា ​នឹង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​នៅ​ក្នុង​ឆ្នាំ​២០១៩​ហើយ​ការ​វិល​ចូល​ស្រុក​នោះ គឺ​មិន​ឲ្យ​លោក ហ៊ុន សែន ចាប់ខ្លួន លោក​ទេ គឺ​លោក​នឹង​នាំ​កម្លាំង​មហាជន​ទៅ​ចាប់​ខ្លួន​លោក​ ហ៊ុន សែន ដើម្បី​ស្តារ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ ដែល​កំពុង​ធ្លាក់​ដុនដាប​នោះ​ឡើង​វិញ។

អ្នកវិភាគ​នយោបាយ​ លោក​ គឹម សុខ​ មាន​ប្រសាសន៍​ថា​ ការ​គំរាម​ប្រើប្រាស់​គ្រាប់​រ៉ុកកែត​ ដើម្បី​កម្ចាត់​មេ​ដឹក​នាំ​បក្ស​ប្រឆាំង គឺ​ជា​ភាសា​អសីលធម៌​បំផុត​ ក្នុង​នាម​ជា​មេ​ដឹក​នាំ​ប្រទេស​ម្នាក់​ ហើយ​វា​ប្រាសចាក​ទាំង​ច្បាប់​ជាតិ​ និង​ អន្តរជាតិ​។​

លោក​ គឹម សុខ​ បញ្ជាក់​ថា​ ប្រសិនបើ​លោក​ ហ៊ុន សែន​ ហ៊ាន​ប្រើប្រាស់​គ្រាប់​រ៉ុកកែត​ដើម្បី​បង្ក្រាប​លើ​លោក​ សម រង្ស៊ី​ និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​នោះ​មែន ​កម្ពុជា​នឹង​ទទួល​រង​នូវ​ផល​ប៉ះពាល់​ច្រើន ដូច​ជា អាច​នឹង​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​ក្នុង​តំបន់ ​ជា​ពិសេស អាច​មាន​វិវាទ​ជាមួយ​ប្រទេស​ថៃ​ជា​ដើម៖ «ផល​ប៉ះពាល់​មិន​ត្រឹម​តែ​ប្រទេស​ខ្លួនឯង​ទេ​ថែមទាំង​ក្នុង​តំបន់​​ទៀត។ ដូច្នេះ​ហើយ​វា​ជា​ចំណុច ដែល​គួរតែ​ពិចារណា​សម្បើម​ណាស់​ ហើយ​លិខិត​របស់​អ្នក​ស្រី​ មូរ សុខហួរ​ ពិត​ជា​មាន​ខ្លឹមសារ​ត្រឹមត្រូវ​សម្រាប់​ការ​ពិចារណា​របស់​ប្រទេស​នានា​ ដែល​ជា​រដ្ឋ​សមាជិក​នៃ​អាស៊ាន»។​

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អគ្គលេខាធិការ​អាស៊ាន​ លោក លីម ចុកហ័រ (Lim Jock Hoi)​ ដើម្បី​ប្រតិកម្ម​តប​ចំពោះ​លិខិត​ស្នើសុំ​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទេ​កាលពី​ថ្ងៃ​ទី៨ មេសា។

ទោះ​យ៉ាង​ណា​ក្តី អ្នក​ស្រី​ មូរ សុខហួរ​ បាន​ឱ្យ​ដឹង​ថា ក្រសួង​ការ​បរទេស​នៃ​បណ្ដា​ប្រទេស​អាស៊ាន​ទាំង១០​ ក្នុង​នោះ​មាន​ប្រទេស​ថៃ ​ដែល​ជា​ប្រទេស​ជិតខាង​កម្ពុជា​ បាន​ទទួល​លិខិត​របស់​លោក​ស្រី​អស់​ហើយ។ តែ​លោក​ស្រី​មិន​បាន​បញ្ជាក់​ថា​ បណ្ដា​ប្រទេស​ទាំង​នោះ​នឹង​ឆ្លើយ​តប​យ៉ាង​ណា​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment