លោក ស ខេង ថា ជា​រឿង​គួរ​ឱ្យ​សោក​ស្ដាយ ប្រសិន​បើ​កម្ពុជា​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA

ដោយ ហេង រស្មី
2019-04-09
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ស ខេង ឧប​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​។ រូប៖ ហ្វេសប៊ុក​លោក ស ខេង
លោក ស ខេង ឧប​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​។ រូប៖ ហ្វេសប៊ុក​លោក ស ខេង


លោក ស ខេង ទទួល​ស្គាល់​ពី​ហានិភ័យ​ចំពោះ​សេដ្ឋកិច្ច ប្រសិនបើ​កម្ពុជា​បាត់​បង់​ EBA


មន្ត្រី​ជាន់​ខ្ពស់​លំដាប់​ទី២ នៃ​របប​ក្រុង​ភ្នំពេញ ទទួល​ស្គាល់​ថា កម្ពុជា​កំពុង​មាន​ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ​កំណើន​សេដ្ឋកិច្ច ដែល​បណ្ដាល​មក​ពី​បញ្ហា​ផ្សេងៗ ជាពិសេស​គឺ​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​ទីផ្សារ​អឺរ៉ុប។ សហជីព​ឯករាជ្យ​នៅ​តែ​ជំរុញ​ឱ្យ​​របប​ក្រុង​ភ្នំពេញ​ដោះស្រាយ​វិបត្តិ EBA នេះ ដោយ​ឈរ​លើ​ផល​ប្រយោជន៍​កម្មករ និង​ជាតិ​ជា​ធំ។

ឧប​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ថ្លែង​នៅ​ថ្ងៃ​ទី៨ មេសា ថា ជា​រឿង​មួយ​គួរ​ឱ្យ​សោកស្ដាយ ប្រសិន​​បើ​កម្ពុជា​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី “ទំនិញ​គ្រប់​មុខ​លើក​លែង​គ្រឿង​សព្វាវុធ ឬEBA” ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ខាត​បង់​ច្រើន។

ទោះ​ជា​យ៉ាង​ណា លោក​អះអាង​ថា ការ​សម្រេច​យ៉ាងណា​នោះ គឺ​ជា​សិទ្ធិ​របស់​សហភាព​អឺរ៉ុប ហើយ​របប​របស់​លោក​នឹង​មិន​អាច​ធ្វើ​តាម​លក្ខខណ្ឌ​ដែល​អឺរ៉ុប​បាន​ដាក់​ចេញ​នោះ​ឡើយ។ លោក​បញ្ជាក់​ថា ជំហរ​បែប​នេះ គឺ​ដើម្បី​រក្សា​សន្តិភាព ឯករាជ្យ និង​អធិបតេយ្យ​ជាតិ៖ «ដូច្នេះ​មាន​តែ​ម្យ៉ាង​ទេ គឺ​យើង​ខំ​ប្រឹង​ខ្លួន​យើង។ អា​ខំ​ប្រឹង​ខ្លួន​យើង​ហ្នឹង ដែល​នាំ​ឱ្យ​យើង​រឹងប៉ឹង។ កាល​ណា​យើង​ពឹង​ផ្អែក​លើ​គេ​ យើង​អត់​រឹងប៉ឹង​ទេ ប៉ុន្តែ​និយាយ​អ៊ីចឹង​ មិនមែន​មានន័យ​ថា អ្នក​ឯង​កាត់​ក៏​កាត់​ទៅ​ មិន​មែន​អ៊ីចឹង​នោះ​ទេ។ កាត់​ ឬ​មិន​កាត់​ ជា​សិទ្ធិ​របស់​គេ​ទេ តែ​បើ​គេ​មិន​កាត់ យើង​ក៏​អបអរ​សាទរ​ យើង​សប្បាយ យើង​អរគុណ»

លោក ស ខេង គឺ​ជា​មន្ត្រី​កំពូល​​​ដែល​បាន​ទទួល​ជួប​គណៈប្រតិភូ​អឺរ៉ុប ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាល​ពី​ពេល​ថ្មីៗនេះ ដើម្បី​ជជែក​គ្នា​ជុំ​វិញ​វិបត្តិ EBA ក្រោយ​ពេល​​សហភាព​អឺរ៉ុប​បាន​ប្រកាស​ជា​ផ្លូវ​ការ​ពី​ដំណើរ​ការ​ពិចារណា​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ EBA ពី​កម្ពុជា។

សហភាព​អឺរ៉ុប​បាន​ទុក​ពេល​ឱ្យ​របប​ក្រុង​ភ្នំពេញ​ចំនួន​ ៦ខែ គឺ​ពី​ខែ​កុម្ភៈ ដល់​ខែ​កក្កដា ដើម្បី​ស្ដារ​​ស្ថានការណ៍​នយោបាយ និង​សិទ្ធិ​មនុស្ស បើ​ពុំ​ដូច្នេះ​ទេ ក្នុង​រយៈ​ពេល ៦ខែ បន្ទាប់​ទៀត គឺ​ពី​ខែ​សីហា ឆ្នាំ​នេះ ដល់​ខែ​មករា ឆ្នាំ ២០២០ សហភាព​អឺរ៉ុប​នឹង​ចាប់​ផ្ដើម​ដំណាក់​កាល​ធ្វើ​ការ​សម្រេចចិត្ត ថា​តើ​ត្រូវ​រក្សា​ ឬ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​​ពន្ធ EBA ពី​កម្ពុជា។ បើ​នៅ​ខែ​មករា ឆ្នាំ២០២០ នោះ សហភាព​អឺរ៉ុប សម្រេច​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ​មែន នោះ​សហភាព​អឺរ៉ុប​ នឹង​ទុក​ពេល​ឱ្យ​កម្ពុជា​ ៦​ខែ​ទៀត ដើម្បី​ត្រៀម​ខ្លួន មុន​នឹង​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ ចូលជាធរមាន ក្នុង​អំឡុង​ពាក់​កណ្តាល​ឆ្នាំ ២០២០។

ប្រធាន​សហភាព​ការងារ​​កម្ពុជា លោក អាត់ ធន់ សម្ដែង​ការ​សោក​ស្ដាយ​ដែល​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​នៅ​តែ​ប្រកាស​ពី​ជំហរ​ដាច់​ខាត​ជុំ​វិញ​វិបត្តិ EBA នេះ បើ​ទោះបី​ជា​បាន​ដឹង​ពី​ផល​វិបាក​ដែល​នឹង​កើត​មាន​ឡើង​ បើ​អត់​ EBA ក៏​ដោយ។ លោក​ថា កម្មករ​រោងចក្រ គឺ​ជា​អ្នក​ដែល​រងគ្រោះ​មុន​គេ​ពី​បញ្ហា​នេះ ដូច្នេះ​លោក​ស្នើសុំ​យ៉ាង​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា និង​សហភាព​អឺរ៉ុប អាច​ជជែក​គ្នា​ឈាន​ដល់​ដំណោះស្រាយ​រួម​មួយ ដែល​មិន​ធ្វើ​ឱ្យ​ខាត​ប្រយោជន៍​នៃ​វិស័យ​កាត់​ដេរ​នេះ៖ «មក​ដល់​ពេល​នេះ​យើង​មិន​ដឹង​ថា គេ​ផ្ដាច់ ១០០% នោះ​ទេ តែ​ដល់​ឮ​អ៊ីចឹង យើង​ហាក់​បី​ដូច​ជា​មាន​ការ​បារម្ភ ព្រោះ EBA វា​សំខាន់។ វា​បង្កើត​ការងារ បង្កើត​ឱកាស ប្រាក់​ចំណូល​របស់​កម្មករ កាត់​បន្ថយ​ភាព​ក្រីក្រ​ច្រើន​ដល់​ពលរដ្ឋ។ ហើយ​បើ​បាត់​អា​ហ្នឹង​ទៅ យើង​គិត​ថា វា​នឹង​ប៉ះពាល់​ដល់​ដំណើរ​ការ​វិនិយោគ​ខ្លះ​ហើយ វា​មិន​អត់​នោះ​ទេ»

តាម​រយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប និង GSP របស់​អាមេរិក​កម្ពុជា​នាំ​ចេញ​ទំនិញ​ទៅ​ទីផ្សារ​អឺរ៉ុប និង​អាមេរិក គិត​ជា​ទឹកប្រាក់ ៨,៥ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ២០១៨ កន្លង​ទៅ។ ទំហំ​ពាណិជ្ជកម្ម​នេះ គឺ​ស្មើ​នឹង ១ភាគ៣ ឬ ៣៨% នៃ​ផល​ទុន​ជាតិ​សរុប (GDP) របស់​កម្ពុជា។

សហភាព​អឺរ៉ុប​ធ្លាប់​បាន​ប្រកាស​រួច​ហើយ​ថា មាន​តែ​ការ​គោរព​សិទ្ធិ​មនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន​ប៉ុណ្ណោះ ទើប​​ជា​លក្ខខណ្ឌ​ចាំបាច់​នៃ​នយោបាយ​ពាណិជ្ជកម្ម និង​ជា​មូលដ្ឋាន​ច្បាប់​ឈាន​ទៅ​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម។

ស្រប​ពេល​ដែល​ដំណើរ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ចេះតែ​បន្ត​ទៅ​មុខ សមាគម​អ្នក​បញ្ជា​ទិញ​ធំៗ បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ស្ថានការណ៍​អាក្រក់​នៅ​កម្ពុជា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បន្ត​ភាព​ជា​ដៃគូ ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា។ ក្នុង​លិខិត​មួយ​ច្បាប់​កាល​ពី​សប្ដាហ៍​មុន សមាគម​អ្នក​បញ្ជា​ទិញ​បាន​​ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន បង្ហាញ​ផែនការ និង​ពេល​វេលា​កំណត់​ជាក់លាក់ ក្នុង​ការ​ស្ថានការណ៍​អាក្រក់​នៅ​កម្ពុជា​ឡើង​វិញ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ សមាគម​ទាំង​នោះ​រម្លឹក​របប​លោក ហ៊ុន សែន ថា គុណ​តម្លៃ​រួម នៃ​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​របស់​អ្នក​បញ្ជា​ទិញ​ជាមួយ​​កម្ពុជា ក្នុង​វិស័យ​វាយនភណ្ឌ​នេះ គឺ​ឈរ​លើ​គោលការណ៍​នីតិរដ្ឋ ការ​គោរព​សិទ្ធិ​ការងារ និង​សិទ្ធិ​មនុស្ស​ជា​ទូទៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "លោក ស ខេង ថា ជា​រឿង​គួរ​ឱ្យ​សោក​ស្ដាយ ប្រសិន​បើ​កម្ពុជា​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA"

  1. Anonymous says:

    HAS…… do not felling bad about the lose of EU . EBA. world community they knew all about this nation . you do not have to asked them what hey knew about it, you have to ask yourself what was your country been doing in the last thirty five years . we Cambodian knew that the killing field still continuous up to this day. as HUN SEN speak recently the mass killing can come if opposition leader come back to the country. that make the whole world know HUN SEN was a hidden genocide leader during the killing field. more investigation is on it’s way to see if HUN SEN order to killed Cambodian. since the start all democratic country wanted to see Cambodia have democracy and peace for this poor nation. the reason why they have this kind of condition because they do not wanted to see Cambodian running for their life again. sorry we can see this kind of killing come back to hunt Cambodian. this massage is for SOR KHENG please go to check those agreement from EU to your leadership. do not blame them that they are rich and just wanted to do it to your leadership. you have been passing the red line from your commitment . I just want to see how you can save this EBA and PST. be a ware all democracy country if one go the other will follows . just reminding you even CHINA need to do business whit the US and EU . we knew CHINA will not care if they are doing business whit dictator or democracy nation as long as they can make money . right now I can see HUN SEN making enemy whit US but if the US can not stand they will do some thing. remembers BINLADEN the special force took him out and dumped him into the sea . be careful Mr your party is in big problem if you walk one step wrong it can go to life and dead situation.

Leave a Reply

Submit Comment