ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា​ធ្លាប់​នៅក្នុង​ជំរំ​កម្ពុជា​បាន​ក្លាយ​ជា​អ្នក​ប្រដាល់​អាជីព​នៅ​សហរដ្ឋ​អាមេរិក

កម្ពុជា


លោក ធឿ រ៉ាយាំង បាន​ឈ្នះ​ខ្សែក្រវ៉ាត់​សម្រាប់​ការ​ប្រកួត​ដ៏​សាហាវ​មួយ នៅ​រដ្ឋ Virginia កាលពី​ថ្ងៃ​សៅរ៍ ទី៦ ខែ​មេសា ឆ្នាំ​២០១៩។ (សុខ ខេមរា/VOA)


09 មេសា 2019
សុខ ខេមរា
វីអូអេខ្មែរ

លោក​បាន​ប្រាប់ VOA ថា៖ «ខ្ញុំ​បាន​ឈ្នះពាន​រង្វាន់​ជើងឯក​ ហើយ​ខ្ញុំ​បាន​ឈ្នះការ​ប្រដាល់​នេះ​ហើយ។​ ដូច្នេះ​ផែនការ​បន្ទាប់​របស់​ខ្ញុំ​ គឺ​ឈាន​ទៅរក​អាជីព​ និង​ធ្វើឱ្យ​ខ្ញុំ​ចាប់​ផ្តើម​ជា​អ្នក​ប្រដាល់​អាជីព‍»។

ទីក្រុង Norfolk រដ្ឋ Virginia — និយាយ​ភាសា​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា​របស់​ខ្លួន​ពីរ​ឬបី​ឃ្លា​ជាមួយ ​VOA លោក​ ធឿ រ៉ាយាំង ​(Theo Rlayang) ​អាយុ ​២៤​ឆ្នាំ ​ដែល​បាន​រត់គេច​ពី​វៀតណាម​ នៅ​ពេល​ដែល​លោក​នៅ​ជា​កុមារ​ជាមួយ​គ្រួសារ​របស់​លោក បាន​ឈ្នះការ​ប្រកួត​ដ៏​សាហាវ​មួយ​ទៀត​ កាលពី​ចុង​សប្តាហ៍​មុន​ និង​កំពុង​សម្លឹង​ទៅ​រក​ការ​ប្រកួត​កម្រិត​កំពូល​បន្ទាប់​ទៀត ដើម្បី​ប្រកួត​ប្រជែង​នៅ ​Ultimate ​Fighting ​Championship ​(UFC) ​នៅ​សហរដ្ឋ​អាមេរិក​និង​ស្ថាប័នធំៗ​ដទៃ​ទៀត។

លោក ធឿ រ៉ាយាំង​ បាន​មកដល់​សហរដ្ឋ​អាមេរិក​តាមរយៈ​ជំរំ​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា ​ក្នុងឆ្នាំ ​២០០២ ​បន្ទាប់​ពី​បាន​គេច​ផុត​ពីការ​ធ្វើទុក្ខ​បុកម្នេញ​នៅ​វៀតណាម។ ក្រៅពី​ការ​ចូលរៀន​នៅ​មហាវិទ្យាល័យ​ លោក​បាន​សិក្សា​ក្បាច់គុន​ចម្រុះ​ ឬ​ហៅ​ថា (MMA)។

លោក ធឿ រ៉ាយាំង​ គឺជា​កីឡាករ​ប្រដាល់​ស្ម័គ្រ​ចិត្ត​ម្នាក់​ និង​បាន​ឈ្នះ​ការ​ប្រកួត​ចំនួន ៦​ លើក​ ជាបន្ត​បន្ទាប់​ចេញ​ពី​ការ​ប្រកួត​ចំនួន​ ៧ លើក​ រហូត​មកដល់​ពេល​នេះ​ ដែល​ក្នុង​នោះ​រួម​ទាំង​ការ​ប្រកួត​ចុងក្រោយ​មួយ នៅថ្ងៃ​ទី ៦ ​ខែមេសា​ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាប្រដាល់​ ស្បាទីកា​ ឬហៅ​ថា ( Spartyka ​Fight ​League) ហើយ​នេះ​ជា​សង្វៀន​ប្រកួត​ដែល​កីឡាករ​រូបនេះ​បាន​ប្រយុទ្ធ​ និង​ផ្តួល​គូប្រជែង​របស់​លោក​ឈ្មោះ ​Marshall Shermer ​នៅ ​ទីក្រុង​ Norfolk រដ្ឋវីជីនៀ (Virginia)។

លោក​បាន​ប្រាប់ VOA ថា៖ «ខ្ញុំ​បាន​ឈ្នះពាន​រង្វាន់​ជើងឯក​ ហើយ​ខ្ញុំ​បាន​ឈ្នះការ​ប្រដាល់​នេះ​ហើយ។​ ដូច្នេះ​ផែនការ​បន្ទាប់​របស់​ខ្ញុំ​ គឺ​ឈាន​ទៅរក​អាជីព​ និង​ធ្វើឱ្យ​ខ្ញុំ​ចាប់​ផ្តើម​ជា​អ្នក​ប្រដាល់​អាជីព‍»។

លោក​បាន​និយាយ​ដូច្នេះ​នៅក្នុង​ភាសា​កំណើត ​ម៉ុងតាញ៉ា​ របស់​លោក ​នៅ​ពេល​ដែល កាន់​ខ្សែ​ក្រវ៉ាត់។

«ដូច្នេះ​ជា​គោល ​ខ្ញុំ​អាច​បង្ហាញជា​សាធារណៈ​ថា​ ខ្ញុំជា​អ្នក​ប្រដាល់​អាជីព​ហើយ​ឥឡូវ​នេះ គឺថា​ខ្ញុំអាច​ទៅប្រកួត​នៅក្នុង​ស្ថាប័ន​ធំៗ​ដូចជា ​ Bellator ​ឬ​ UFC បាន​ហើយ។​ លោក​អ្នក​ដឹង​ហើយ​ថា​ ខ្ញុំចាប់​ផ្តើមពី​ទាប​ ហើយ​បន្ទាប់​ទៅនឹង​ទៅប្រកួត​នៅក្នុង​កម្រិត​ទីនោះ​ជាមួយ​នឹង​ជើង​ខ្លាំង​បំផុត ​ព្រោះ​នោះ​ហើយ​ជាអ្វី​ដែល​ខ្ញុំចង់​បាន‍»។​

លោក ធឿ រ៉ាយាំង ​សឹងតែ​ត្រូវបាន​ដៃគូ​ផ្តួល​នៅទឹក​ទី១​ នៅ​ពេល​ដែល​គូប្រជែង​របស់​លោក​បាន​ក្លេ​ «កនិងក្បាល‍»​ លោក​ជាប់​ ហើយ​វាយ​លើ​មុខ​របស់​លោក​ជាច្រើន​ដៃ នៅ​លើ​មុខ​នៅ​ពេល​លោក​បាន​ជាប់នឹង​ជញ្ជាំង​សង្វៀន​ មុន​ពេល​វាយ​ផ្តួល​ដៃគូ​វិញ។

លោក ធឿ រ៉ាយាំង​ បង្ហាញខ្សែក្រវ៉ាត់ដែលលោកបានឈ្នះពីការប្រកួតប្រដាល់ទម្ងន់ ១៤៥ផោន។ (រូបថតផ្តល់ឲ្យដោយលោក ធឿ រ៉ាយាំង​)

លោក ធឿ រ៉ាយាំង​ បង្ហាញខ្សែក្រវ៉ាត់ដែលលោកបានឈ្នះពីការប្រកួតប្រដាល់ទម្ងន់ ១៤៥ផោន។ (រូបថតផ្តល់ឲ្យដោយលោក ធឿ រ៉ាយាំង​)


ប៉ុន្មាន​ឆ្នាំកន្លង​មក លោក ​ធឿ រ៉ាយាំង​ ទទួល​បាន​ពានរង្វាន់​ជើង​ឯក ៣ ​ពី​ការ​ប្រកួត​ទម្ងន់ ​១៤៥ ផោន​ ស្មើនឹង​ ៦៥​ គីឡូក្រាម​ និង​ ១៥៥ ​ផោន ​ឬ ​៧០ ​គីឡូក្រាម។ ពានរង្វាន់​ជើងឯក និង​ជ័យជម្នះ​ទាំងអស់​នោះ​ គឺ​បាន​មកពី​ការ​ប្រកួត​នៅក្នុង​រដ្ឋ ​North Carolina ​ជា​កន្លែង​ដែល​កីឡាករ​រូបនេះ​រស់នៅ ​និង​ពីរ​ទៀត​មកពី​រដ្ឋ ​Virginia។ ក្តីសុបិន្ត​របស់​លោក ​គឺ​ដើម្បី​ទទួល​បាន​ខ្សែក្រវ៉ាត់​ផ្សេងគ្នា ​ពី​ទម្ងន់​ខុសគ្នា​នៅក្នុង​ការ​ប្រកួត​ជម្រើស​ជើងឯក​កំពូល​ល្បី​ល្បាញ។

អ្នកឲ្យ​ទឹក​និង​គ្រូបង្វឹក​របស់​លោក ធឿ រ៉ាយាំង​ មានការ​សប្បាយ​ចិត្តខ្លាំង​ណាស់ ជាមួយ​នឹង​ការប្រកួត​ដ៏​អស្ចារ្យ​របស់​លោក​ ដោយ​បាន​អះអាង​ថា លោក​គឺជា​អ្នកប្រយុទ្ធ​ខ្លាំង ​ជាមួយ​នឹង​បទ​ពិសោធន៍​កីឡាករ​បោក​ចំបាប់។​

លោក ​ម៉ាទីន ​ស្លីឆល់​ (martin Splichal) ​ថ្លែង​ថា៖

«(ខ្ញុំជួយ​ហ្វឹកហ្វឺន)​ កន្លែង​ខ្វះ​ចន្លោះ​ទាំងឡាយ​ និង​បច្ចេកទេស​ជាច្រើន​ដែល​មាន គ្រោះ​ថ្នាក់​ នៅ​ផ្នែក​ខាង​ក្រោម​ដែល​បង្រៀន​ចេញពី​កីឡា​បោក​ចំបាប់ ​Jiu Jitsu ហើយ​គាត់​យល់​ដឹង​ពី​ទំនាក់​ទំនង​ និង​ទីតាំង​និង​កន្លែង​ ដែល​រងការ​វាយប្រហារ​នៅ​ត្រង់​ណា? ​តើ​បញ្ហា​ដ៏ចម្បង​ត្រូវ​ការពារ​នៅត្រង់​ណា?​ តើ​កន្លែង​ណា​ដែលគ្មាន​បញ្ហា? ហើយ​និង​បញ្ហា​ដែល​យើង​មិនបាន​ហ្វឹកហ្វឺន​ដទៃ​ទៀត​ ឬ​ចាប់​ផ្តើម​ហ្វឹក​ហាត់‍‍»។

លោក​បាន​បន្ថែមថា​ លោក​បាន​ជួយ​បណ្តុះ​បណ្តាល​ទាំងឡាយ​ដោយ​ឃើញ​ថា​កីឡាករ ធឿ រ៉ាយាំង ហាត់​បាន​យ៉ាង​ល្អ។

លោក​ Ferdinand Goke ​ជាមិត្ត​និង​ជា​ដៃគូ​ហ្វឹកហាត់​បាន​និយាយ​ថា៖

«វា​តែង​តែគួរ​ឲ្យ​រំភើប​ក្នុង​ការ​មើល​គាត់​ប្រយុទ្ធ​ ពីព្រោះ​គាត់​តែង​តែ​ធ្វើ​រឿង​ដូចជា អ្នក​ប្រយុទ្ធ​ដទៃ​ទៀត​មិនបាន​ធ្វើ។ ​គាត់​ពិត​ជា​មាន​គំនិត​ច្នៃប្រឌិត​ នៅពេល​ប្រយុទ្ធ​លើ​សង្វៀន​ប្រដាល់ ​ហើយ​គាត់​ចូលចិត្ត ​ព្រោះ​គាត់​តែង​តែ​សប្បាយ ​ហើយ​នោះ​ជា​រឿង ដែល​គាត់​ធ្វើ​បាន»។

លោក​បន្ថែម​ថា៖ «ក្បាច់​ប្រដាល់​របស់​គាត់​គឺ​ល្អណាស់។​ គាត់មិន​ដែល​ត្រូវ​ប្រើ​ចំបាប់​ទេ។ ​ដូចជា​មនុស្ស​ដែល​មើល​ឃើញ​គាត់​ប្រយុទ្ធ​នៅលើ​ឆាក ​គឺ​ថា​គាត់​គ្រាន់តែ​ជា​អ្នក​ប្រដាល់​ដ៏​ខ្លាំង​ ហើយ​ប្រហែល​អន់​ខាង​ការបោក​ចំបាប់ ​ព្រោះ​អ្នក​ប្រដាល់​នេះ​មិន​ដែល​ប្រើ​ចំបាប់​ទេ‍»។

លោក Ferdinand Goke ​ដែលជា​ជនភៀស​ខ្លួនមក​ពីប្រទេស​ហ្គាណា​ និង​ធ្លាប់​ជាមិត្ត​រួម​ថ្នាក់​ជាមួយ​លោក ​ធឿ រ៉ាយាំង​ នៅ​ពេល​លោក​រស់​នៅ​ទីក្រុង​ Greensboro​ មុន​ពេល​ផ្លាស់​ទៅ​ទីក្រុង​ Wilmington។

ថ្លែង​មុន​ពេល​ប្រកួត​ចុងក្រោយ​លោក ធឿ រ៉ាយាំង ​បាន​បញ្ជាក់ថា​ លោក​ធ្លាប់​ចាញ់​ការ​ប្រកួត​លើក​ទី១ ​ហើយ​ក៏ធ្លាប់​បាន​គិត​ថា ​នោះ​ជា​ចុង​បញ្ចប់​នៃ​ជីវិត​លោក។​ លោក​បាន​បន្ត​រៀបរាប់​ពីការ​ចង់​បោះបង់​ចោល​កីឡា​ប្រដាល់​ក្រោយ​ធ្លាក់ទឹក​ចិត្ត ​ដោយសារ​ចាញ់ ក្រោយ​បោះបង់​ចោល​ការ​សិក្សា​នៅឆ្នាំ​ទី២ ​ដើម្បី​ចាប់​អាជីព​ប្រដាល់​នេះ។

«ដូច្នេះ​ខ្ញុំពិត​ជា​សោក​សៅ​ និង​ក្រៀមក្រំ​ណាស់។​ ក្តី​សុបិន្ត​របស់​ខ្ញុំហាក់​ដូចជា​ចប់ហើយ‍»។

លោក ធឿ រ៉ាយាំង ​បន្ថែម​ទៀតថា​ លោក​មិន​ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ជ្រៅជ្រះ​ទេ​ ប៉ុន្តែ​លោក​មាន​សុបិន្ត​ចង់​ក្លាយ​ជាអ្នក​ប្រយុទ្ធ​ដ៏​ជោគជ័យ ​តាំងពី​លោក​នៅ​ជា​កុមារ។

លោក​ធឿ រ៉ាយាំង ​ដែលបាន​ចាប់ផ្តើម​ក្បាច់គុន​ចម្រុះ​របស់​លោក​កាលពី​ប្រហែល​ ៣ ឆ្នាំមុន​ បាន​រៀន​សូត្រ​ជាច្រើន​ពី​ការ​បរាជ័យ​ដំបូង​របស់​លោក ហើយ​ខិតខំ​ហ្វឹកហាត់​កាយ​សម្បទា​ និង​ផ្លូវចិត្ត​របស់​លោក​ឲ្យកាន់​តែ​ប្រសើរ​ឡើង​ ជាមួយ​នឹង​គ្រូបង្វឹក​លោក​ John Salter​ ជាអ្នក​ចំបាប់​ជើង​ឯក​ថ្នាក់​ជាតិ​មក​ពីក្លឹប ​Salty ​Dog ​Jiu Jitsu។

លោក ​ភីធឺ ម៉ខ្វៃអ័រ (​Peter Maguire) ​គឺជាអ្នក​ដែល​បាន​ណែនាំ​ក្បាច់​គុណ​បែប​បោក​ចំបាប់ «​ជឺជិតស៊ូ»​ ហៅថា ​Gracie Jiu Jitsu ​មកកាន់​ប្រទេស​កម្ពុជា​ក្នុងឆ្នាំ​ ១៩៩៤ ដំបូង​គេ ​ហើយ​បាន​បង្រៀន​នៅ​ទីនោះ​រហូត​ដល់ឆ្នាំ​ ២០០៥។​ លោក​បាន​ហ្វឹក​ហាត់ ដល់​កម្រិត​ខ្សែ​ក្រវ៉ាត់​ខ្មៅ​នៅក្នុង​ក្បាច់​គុណ ​Jeet Kune Do ​និង​ខ្សែ​ក្រវ៉ាត់​ពណ៌​ត្នោត នៅ​ក្នុង​ក្បាច់គុណ ​Gracie Jiu Jitsu។

លោក​ថ្លែងប្រាប់​ VOA ថា​ លោក​មានការ​ចាប់ចិត្ត​ចំពោះ​កីឡាករ​ផ្នែក​ប្រដាល់​លោក ​ធឿ រ៉ាយាំង ​ជា​ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា ​មកពី​តំបន់​ភ្នំខ្ពង់​រាប​ភាគ​ កណ្តាល​ប្រទេស​វៀតណាម។ ​លោក​ថា ​លោក​បាន​ជួយ​កីឡាករ​រូប​នេះ ​ជាមួយ​នឹង​ការ​ហ្វឹកហ្វឺន​នៅ​កន្លែង​ដែល​កីឡាករ​នេះ​ត្រូវការ។​ លោក​និយាយ​ថា​ កីឡាករ​ប្រដាល់​ ធឿ រ៉ាយាំង​ ជា​អ្នក​ប្រដាល់​មាន​ទេពកោសល្យ​បែប​ធម្មជាតិ​ ដែល​ជា​រឿង​មួយ​មិន​គួរ​ភ្ញាក់ផ្អើល​នោះ​ទេ។

លោក​បាន​ថ្លែង​ប្រាប់ VOA ថា៖ «ដោយសារ​ម៉ុងតាញ៉ា​ គឺជា​អ្នក​ប្រយុទ្ធ​ដ៏អស្ចារ្យ​បំផុត​នៅក្នុង​សង្គ្រាម​វៀតណាម​ហើយ ដូច្នេះ​ខ្ញុំបាន​សម្រេច​ចិត្ត​ជួយ​គាត់​រក​គ្រូ​ហ្វឹកហាត់​ដែលមាន​លក្ខណៈ​ពិសេសៗ​បន្ថែម ដើម្បី​ជួយ​គាត់នៅ​ផ្នែកដែល​គាត់ខ្វះ​ខាត​នៅក្នុង​ការប្រកួត​កីឡា​ប្រដាល់»។

លោក​បាន​បញ្ជាក់​បន្ថែម​ថា៖

«ធឿ រ៉ាយាំង ​ស្ថិត​នៅក្នុង​ផ្នែក​ដំបូង​នៃអាជីព​របស់​លោក​នៅឡើយ​ ប៉ុន្តែ​កីឡាករ​នេះ​បាន​ហ្វឹកហាត់​ជាមួយ​អ្នកប្រដាល់​លំដាប់​ពិភពលោក​ដ៏អស្ចារ្យ​មួយ​ចំនួន​ នៅក្នុង​ទីក្រុង Wilmington ​រដ្ឋ ​North Carolina ​ជាពិសេស​គឺលោក​ John Salter​ នៃក្លឹប ​Salty Dog Jiu Jitsu ​ហើយ​លោក​ ចន​ គឺជា​គ្រូ​បង្វឹក​ដែល​នឹង​នាំ​កីឡាករ​នេះ​ទៅ​កម្រិត​បន្ទាប់។ ​ខ្ញុំមាន​ការ​ស្ងើច​សរសើរ​ចំពោះ​វិន័យ​ ការ​តស៊ូ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ ធឿ រ៉ាយាំង ​ចំពោះ​ការ​បណ្តុះ​បណ្តាល​និង​ការ​ប្រយុទ្ធ​របស់​គាត់»។

លោក ធឿ រ៉ាយាំង កាលពី​កុមារ ថតរូប​ជុំ​គ្នា​ជាមួយ​ក្រុម​គ្រួសារ​នៅ​ជំរំរបស់​អង្គការ​សហប្រជាជាតិ នៅ​ខេត្ត​មណ្ឌល​គិរី ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​២០០២។ (រូបថតដោយ ធឿ រ៉ាយាំង)

លោក ធឿ រ៉ាយាំង កាលពី​កុមារ ថតរូប​ជុំ​គ្នា​ជាមួយ​ក្រុម​គ្រួសារ​នៅ​ជំរំរបស់​អង្គការ​សហប្រជាជាតិ នៅ​ខេត្ត​មណ្ឌល​គិរី ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​២០០២។ (រូបថតដោយ ធឿ រ៉ាយាំង)


ធឿ រ៉ាយាំង​ បានរត់​គេច​ពី​វៀតណាម​ដើម្បី​រស់នៅ​ជំរំ​របស់​អង្គការ​សហប្រជាជាតិ នៅ​ក្នុង​ខេត្ត​មណ្ឌល​គីរី នៅ​ភាគ​ខាងកើត​កម្ពុជា​នៅដើម​ទសវត្សរ៍​ ២០០០ ​នៅ​ពេល​អាជ្ញាធរ​វៀតណាម​បាន​ធ្វើ​ទុក្ខបុក​ម្នេញ​ជនជាតិ​ម៉ុងតាញ៉ា​ ដាក់​កំហិត​សេរីភាព​សាសនា​ របស់​ពួកគេ​និង​ការ រំលោភ​ដីធ្លី។

លោក ធឿ រ៉ាយាំង បាន​ថ្លែង​ថា៖ «ពួកគេ​មើល​មក​យើង​ដូចជា​ជនក្បត់​ជាតិ ​ព្រោះ​យើង​បាន​ជួយ​ជនជាតិ​អាមេរិក​ក្នុង​សង្គ្រាម​វៀតណាម​ ហើយ​យើង​បាន​ជួយ​វៀតណាម​ខាងត្បូង​ផង​ដែរ។​ យើង​បាន​ជួយ​ពួកគេ​ប្រយុទ្ធ​ប្រឆាំង​នឹង​លទ្ធិ​កុម្មុយនិស្ត​ហើយ​បន្ទាប់​មក​វៀតណាម ​មើល​មក​យើង ដូច​ជា​ខ្មាំង​សត្រូវ​របស់គេ។​ ឥឡូវនេះ​បន្ទាប់​ពី​សង្គ្រាម​វៀតណាម​ អាជ្ញាធរ​វៀតណាម មិន​ចូល​ចិត្តយើង​ទេ។ ​ប្រជាជន​របស់​យើង​រាប់លាន​នាក់​ត្រូវ​បាន​សម្លាប់ ​ដោយសារ​សង្គ្រាម​ ហើយ​បន្ទាប់​មក​យើង​ត្រូវបាន​គេ​តាម​ព្យាបាទ​យ៉ាង​ខ្លាំងក្លា​ទៀត‍»។

លោក​បាន​ថ្លែង​បន្ត​ថា៖ «ខ្ញុំ​បាន​មកទីនេះ​ជា​ជនភៀស​ខ្លួន​ពីប្រទេស​វៀតណាម។​ ដូច្នេះ​នៅដើម​ដំបូង ​វា​បាន​កើតឡើង​នៅក្នុង​យប់​មួយ​ដែល​ឪពុក​របស់ខ្ញុំ​បាន​ដាស់​ខ្ញុំ​នៅ​ពាក់​កណ្តាល​យប់។ ខ្ញុំ​បាន​ដេក​លក់​ ខ្ញុំ​អស់​កម្លាំង​ ខ្ញុំ​មិន​ដឹង​ថា​ មានរឿង​អ្វីកើត​ឡើង។​ ដូច្នេះ​គាត់​បាន​ដាស់​ខ្ញុំ​ឱ្យ​ភ្ញាក់ឡើង​ ហើយ​ប្រាប់ខ្ញុំ​ឱ្យ​មក​ជាមួយ​គាត់ ហើយ​បន្ទាប់​មក​គាត់​បាន​អៀវ​ខ្ញុំ​នៅលើ​ខ្នង​របស់​គាត់។ ​ខ្ញុំដូច​ជា​នៅ​ដេក​លក់​ពាក់​កណ្តាល​ នៅ​តាម​ផ្លូវ។ ​ហើយ​បន្ទាប់​មក​គាត់​បាន​ទៅ​ព្រៃ​មួយ​ចំនួន​ ហើយ​គាត់​បាន​ជួប​ជាមួយ​មនុស្ស​មួយ​ក្រុម​ពីភូមិ​មួយ។ ពួកគេ​បាន​ជួបគ្នា​នៅ​កន្លែង​ជាក់លាក់​មួយ។ ​ហើយ​នៅពេល​ដែល​ខ្ញុំ​នៅលើ​ឪពុក​ខ្ញុំ ខ្ញុំកត់​សម្គាល់​ថា​គ្រួសារ​របស់​ខ្ញុំ​ទាំងអស់​មិន​បាន​នៅទី​នោះ​ទេ។​ បងប្អូន​ប្រុស​និង​បង​ប្អូនស្រី​របស់ខ្ញុំ ​និង​ម្តាយ​ខ្ញុំមិន​បាន​ទៅ​ជាមួយ​ទេ​ គឺ​មាន​តែខ្ញុំ ​និង​ឪពុក​របស់​ខ្ញុំនិង​ក្រុម​មនុស្ស​មួយក្រុម​តែប៉ុណ្ណោះ។​ ហើយ​ពួកគេ​បាន​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​ ដោយថ្មើរ​ជើង​នៅក្នុង​ព្រៃ​ ហើយ​វា​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់ ព្រោះ​អ្វី​ដែល​ឪពុកខ្ញុំ​បាន​និយាយ​ថា កុំ​ស្រែក​ ឬ​យំ​ ព្រោះ​ប្រសិន​បើកូន​យំ កូន​នឹងត្រូវ​គេ​ចាប់ខ្លួន។​ ពេល​ខ្លះ​យើង​អាច​ត្រូវគេ​សម្លាប់​ផងដែរ‍»។

លោក ធឿ រ៉ាយាំង ​បាន​ពន្យល់​ថា​ កងទ័ព​វៀតណាម​បាន​ដើរ​ល្បាត​នៅ​តាម​បណ្តោយ​ព្រំដែន​ដែល​ពួកគេ​បាន​ភៀស​ខ្លួន។ ​លោក​បាន​បន្ថែម​ថា ម្តាយ​មីង​របស់​លោក​ដែល ចង់​ធ្វើ​ដំណើរ​មក​ដែរ​ តែ​មាន​ទារក​កំពុង​យំ​ ត្រូវបាន​គេបង្ខំ​ឱ្យ​ត្រឡប់​ទៅភូមិ​វិញ ដោយ​ខ្លាចថា​ កងទ័ព​អាច​ឮ​និង​ចាប់ខ្លួន​ពួកគេ​ទាំងអស់​គ្នា។ ​លោក​ក៏​បាន​និយាយ​ផង ដែរ​ថា​ លោក​ត្រូវ​ឳពុក​ទុក​ចោល​ នៅក្នុង​ជំរំ បន្ទាប់​ពី​លោក​បានមក​ដល់​ ហើយ​ក្រោយ​មក នៅ​ពេល​ឪពុក​របស់​លោក​ត្រឡប់​ទៅ​វៀតណាម​វិញ​ ដើម្បី​នាំ​សមាជិក​គ្រួសារ​ទាំង​អស់​មក​ជំរំ។

រូបថត​ពី​កុមារ​ភាព​របស់​លោក ធឿ រ៉ាយាំង បន្ទាប់​ពី​លោក​បាន​មក​ដល់​សហរដ្ឋ​អាមេរិក។ (រូបថតដោយ ធឿ រ៉ាយាំង)

រូបថត​ពី​កុមារ​ភាព​របស់​លោក ធឿ រ៉ាយាំង បន្ទាប់​ពី​លោក​បាន​មក​ដល់​សហរដ្ឋ​អាមេរិក។ (រូបថតដោយ ធឿ រ៉ាយាំង)
<

ឪពុក​ម្តាយ​របស់​លោក​និងគ្រួសារ​ដែលនៅ​សេស​សល់ កំពុង​រស់នៅ​ក្នុង​ទីក្រុង​ Greensboro រដ្ឋ ​North Carolina ។

លោក​ធឿ រ៉ាយាំង បាន​ប្រាប់ VOA ថា៖ «នៅ​ពេល​អនាគត​ខ្ញុំចង់​ទៅ​លេង​នៅ​ភូមិ​ចាស់​របស់​ខ្ញុំ​ គឺ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ ​ហើយខ្ញុំ​ចង់ទៅ​ប្រទេស​កម្ពុជា​ដើម្បី​ជួយ​ផ្តល់​ជំនួយ​ខ្លះ​ដល់​សហគមន៍​និង​ប្រជាជន​នៅ​ជិតៗ​តំបន់​នោះ​ ដែល​ជា​អ្នក​ក្រីក្រ​ទាំង​អស់‍»។

លោក​ ធឿ រ៉ាយាំង ​បាន​ជំរុញ​ឱ្យក្រុម​ម៉ុងតាញ៉ា​រួបរួមគ្នា​ ហើយ​បាន​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​វៀតណាម ​បញ្ឈប់​ធ្វើទុក្ខបុក​ម្នេញ​ក្រុម​ជនជាតិ​ដើមភាគ​តិច​ម៉ុងតាញ៉ា ​និង​អនុញ្ញត​ឲ្យ​ពួក​គេរស់​ក្នុង​ភាព​យុត្តិធម៌ ​ភាព​សុខសាន្ត​ និង​សុខដុមរមនា៕

What Next?

Recent Articles