ការ​ជួល​សមាជិក​ព្រឹទ្ធសភា​ថ្នាក់​ទាប​អាមេរិក​រង​ការ​រិះគន់​ថា ដើម្បី​បំប៉ោង​ព័ត៌មាន​ឱ្យ​ភាន់​ច្រឡំ

ដោយ មួង​ ណារ៉េត
2019-04-09
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សមាជិក​ព្រឹទ្ធសភា​អាមេរិក ពី​ខាង​គណបក្ស​សាធារណៈ នៅ​រដ្ឋ​វ៉ាស៊ីនតោន ស្តេត (Washington State) លោក ដាហ្គ អេរ៉ិចសិន (Doug Erickson) (ឆ្វេង) ជួប​លោក ហ៊ុន សែន នា​វិមានសន្តិភាព កាល​ពី​ថ្ងៃ​ទី២២ ខែ​មីនា ឆ្នាំ​២០១៩។ រូប​ពី​ហ្វេសប៊ុក លោក ហ៊ុន សែន
សមាជិក​ព្រឹទ្ធសភា​អាមេរិក ពី​ខាង​គណបក្ស​សាធារណៈ នៅ​រដ្ឋ​វ៉ាស៊ីនតោន ស្តេត (Washington State) លោក ដាហ្គ អេរ៉ិចសិន (Doug Erickson) (ឆ្វេង) ជួប​លោក ហ៊ុន សែន នា​វិមានសន្តិភាព កាល​ពី​ថ្ងៃ​ទី២២ ខែ​មីនា ឆ្នាំ​២០១៩។ រូប​ពី​ហ្វេសប៊ុក លោក ហ៊ុន សែន


អភិបាលរងក្រុង​ឡូវែល អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​ថា ការណ៍​ដែល​របប​លោក ហ៊ុន សែន ចំណាយ​លុយ​រាប់​សែន​ដុល្លារ ជួល​សមាជិក​ព្រឹទ្ធសភា​ជនជាតិ​អាមេរិក​កម្រិត​ថ្នាក់​រដ្ឋ​ម្នាក់ គឺ​ដើម្បី​បំប៉ោង​ព័ត៌មាន ឱ្យ​ភាន់ច្រឡំ អំពី​ស្ថានភាព​ពិត​នៅ​ស្រុក​ខ្មែរ​តែប៉ុណ្ណោះ ព្រោះ​អ្នកនយោបាយ​អាមេរិក​រូប​នោះ គ្មាន​ឥទ្ធិពល​អ្វី នៅ​កម្រិត​ទំនាក់ទំនង​អន្តរជាតិ​នោះ​ឡើយ។

ពលរដ្ឋ​ខ្មែរ​អាមេរិក និង​ជា​អភិបាលរងក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត លោក នួន វាសនា ភ្ញាក់ផ្អើល​ដែល​របប​លោក ហ៊ុន សែន ចំណាយ​លុយ​កន្លះ​លាន​ដុល្លារ​មួយ​ឆ្នាំ ដើម្បី​ជួល​សមាជិក​ព្រឹទ្ធសភា​ថ្នាក់ក្រោម​ជាតិ​មួយ​រូប នៅ​រដ្ឋ​វ៉ាស៊ីនតោន (Washington State) គឺ​លោក ដាហ្គ អេរ៉ិចសិន (Doug Ericksen) ដែល​ជា​ការ​ចាយ​វាយ​មិន​ចំណេញ​ដល់​ជាតិខ្មែរ​ទេ តែ​ចំណេញ​របប​នេះ ក្នុង​ការ​បំភ្លៃ​ព័ត៌មាន អំពី​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋអាមេរិក៖ «រដ្ឋាភិបាល​ខ្មែរ​ក៏បាន​ចំណេញ យក​រឿង​នេះ​ជា​ការ​ឃោសនា ទៅ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ គិត​ថា មាន​សមាជិក​ព្រឹទ្ធសភា​ជាតិ របស់​សហរដ្ឋអាមេរិក​ហ្នឹង ដែល​ថា​ខ្លួន​អាច​ទិញ​បាន យក​ទៅ​បម្រើ​គោលជំហរ​របស់​ខ្លួន​ហ្នឹង»

កុំថាឡើយ​ពលរដ្ឋ​ទូទៅ សូម្បីតែ​មន្ត្រី​ជាន់ខ្ពស់​ស្ថាប័ន​ព័ត៌មាន ដែល​ជា​ឧបករណ៍​ឃោសនា​ឱ្យ​របប​លោក ហ៊ុន សែន មួយ​ចំនួន រួម​ទាំង​មន្ត្រី​នាំ​ពាក្យ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន​ផង ក៏​លោក​យល់​ខុស អំពី​តួនាទី​របស់​សមាជិក​ព្រឹទ្ធសភា​ថ្នាក់​រដ្ឋ និង​សមាជិកសភា​ថ្នាក់​ជាតិ​របស់​អាមេរិក​នេះ​ដែរ៖ «សមាជិក​ព្រឹទ្ធសភា​អាមេរិក​នៅ​តាម​រដ្ឋ មិន​ថា​តូច​មិន​ថា​ធំ​ទេ គឺ​មាន​ពីរ​នាក់ៗ គ្រប់​រដ្ឋ​ទាំងអស់ គឺ​សរុប​មក​គឺ ១០០​នាក់។ ក៏ប៉ុន្តែ នៅ​ក្នុង​ការផ្សាយ​ដែល​មាន​លម្អៀង​ខាង​នយោបាយ គេ​ថា លោក ដាហ្គ អេរ៉ិចសិន ដែល​ជា​ព្រឹទ្ធ​សមាជិកសភា​ប្រចាំ​រដ្ឋ​វ៉ាស៊ីនតោន ថា ឋានៈ​ស្មើនឹង​ចៅហ្វាយស្រុក​ទៅវិញ។ ខ្ញុំ​មិន​យល់»

ការ​មិន​យល់​នេះ ធ្វើ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ​ពី​ប្រភព​របប​លោក ហ៊ុន សែន បង្កើត​ឱ្យ​មាន​ភាព​ភាន់ច្រឡំ ដែល​អាច​ចំណេញ​ដល់​របប​លោក ហ៊ុន សែន ក្នុង​ការ​បង្កើត​ចិត្តសាស្ត្រ​នយោបាយ​។ អ្នកវិភាគ​សង្គម និង​នយោបាយ លោក គឹម សុខ ចាត់​ទុក​ការ​ប្រវេប្រវា​ជួល​អ្នកនយោបាយ​កម្រិត​ទាប ដែល​គ្មាន​ឥទ្ធិពល​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​បែបនេះ ថា​ជា​ការ​បង្ហាញ​អំពី​ផ្លូវ​ទាល់ច្រក​របស់​របប​លោក ហ៊ុន សែន ដែល​កំពុង​រង​សម្ពាធ​កាន់តែ​ខ្លាំង និង​កាន់តែ​ខិត​កៀក​ទៅ​រក​ការ​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ​ផង៖ «ការ​ធ្វើ​បែប​ហ្នឹង គឺ​ជា​ទុច្ចរិត​នយោបាយ​សម្បើម​ណាស់ ដែល​មិន​​​​​​​​​​​​​​​​​​​​អាច​ទទួលយក​បានទេ ពីព្រោះ​រឿង​នេះ គឺ​ជា​ការ​ចាយ​លុយ​ជាតិ ៥០​ម៉ឺន​ដុល្លារ​នៅ​ក្នុង​មួយ​ឆ្នាំ ច្រើន​ណាស់ ក្នុង​ខណៈ​ពេល​ដែល​ប្រជាពលរដ្ឋ​អត់​ទាំង​ភ្លើង​ប្រើប្រាស់​ផង អត់​ទាំង​ទឹក​ធ្វើស្រែ​ផង ប្រជាពលរដ្ឋ​នៅ​តែ​មាន​ការ​លំបាក គ្រប់​បែប​យ៉ាង​ទាំងអស់ ក៏ប៉ុន្តែ គាត់​យក​លុយ ៥០​ម៉ឺន​ដុល្លារ​របស់​ជាតិ​ក្នុង​មួយ​ឆ្នាំ ទៅ​ចាយ ដើម្បី​បម្រើ​គំនិត​មហិច្ឆតា​នយោបាយ​របស់​គាត់ បំភាន់​ប្រជារាស្ត្រ​ឯង។ យក​លុយ​ជាតិ ទៅ​ចាយ​ដើម្បី​បំភាន់​ប្រជារាស្ត្រ​ឯង»

របប​លោក ហ៊ុន សែន ជួល​សមាជិក​ព្រឹទ្ធសភា​ថ្នាក់​រដ្ឋ​របស់​អាមេរិក ពី​ខាង​គណបក្ស​សាធារណៈ នៅ​រដ្ឋ​វ៉ាស៊ីនតោន លោក ដាហ្គ អេរ៉ិចសិន ដើម្បី​ពិគ្រោះ​យោបល់ និង​ជា​ភ្នាក់ងារ​បញ្ចុះបញ្ចូល​មួយ​រូប ដើម្បី​របប​ក្រុងភ្នំពេញ។

លោក ដាហ្គ អេរ៉ិចសិន ស៊ីឈ្នួល​ឱ្យ​របប​លោក ហ៊ុន សែន នេះ ក្នុង​នាម​ក្រុមហ៊ុន​មួយ​របស់​លោក​ឈ្មោះ ផែករិម ប្រ៊ិចជឹះស៍ (PacRim Bridges) ដែល​គិត​ថ្លៃ ៥០​ម៉ឺន (៥០០.០០០) ដុល្លារ​ក្នុង​មួយ​ឆ្នាំ ឬ ជាង ៤​ម៉ឺន​ដុល្លារ (៤១.៦៦៦ ដុល្លារ​) ក្នុង​មួយ​ខែ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក សុខ ឥសាន ពី​ដំបូង​ប្រកែក​ថា របប​នេះ មិន​បាន​ជួល​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ថ្នាក់​រដ្ឋ​រូប​នេះ​ទេ និង​បាន​ចោទ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ផ្សាយ​រឿង​នេះ ថា​លាប​ពណ៌​អាក្រក់​ឱ្យ​របប​លោក ហ៊ុន សែន។ លោក សុខ ឥសាន បាន​សរសេរ​នៅ​ក្នុង​ប្រព័ន្ធ Telegram យ៉ាង​ខ្លី​ថា ព័ត៌មាន​នេះ អាច​ជា​ការ​និយាយ​បន្តុះបង្អាប់ ចំពោះ​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា។

ប៉ុន្តែ​ក្រោយមក លោក​ព្រម​ទទួលស្គាល់​ថា របប​នេះ ពិតជា​បាន​ជួល​មន្ត្រី​អាមេរិក​រូប​នេះ​មែន ហើយ​គ្មាន​អ្វី​ខុស​ទាស់​នោះ​ដែរ។ លោក សុខ ឥសាន ថា​ការ​មើល​ឃើញ​តែ​កំហុស​រដ្ឋាភិបាល ប៉ុន្តែ មិន​មើល​ឃើញ​កំហុស​គណបក្សប្រឆាំង ដែល​ជួល​ក្រុមហ៊ុន​បរទេស​មួយ​ដែរ គឺ​មិន​យុត្តិធម៌​ទេ៖ «ខ្ញុំ​យល់ថា ការ​ពឹង​ពាក់​បរទេស​ណា​ក៏​ដោយ ឱ្យ​តែ​ការពារ​ផលប្រយោជន៍​របស់​ប្រទេស​កម្ពុជា និង ប្រជាជន ជាង​អំពើ​ដែល​ទៅ​ពឹង​បរទេស ឱ្យ​បំផ្លាញ​ផលប្រយោជន៍​ជាតិ​កម្ពុជា និង​ប្រជាជន​កម្ពុជា។ យើង​ពឹង​ពាក់​របៀប​ជួល​ក៏បាន​ដែរ​។ ចុះបើ​បក្ស​ប្រឆាំង ពួក​ឧទ្ទាម​ក្រៅច្បាប់ ទៅ​ជួល​រាប់​សិប​ម៉ឺន​ដុល្លារ ជួល​ជនជាតិ​អាមេរិកាំង​ណា​នោះ ដើម្បី​ធ្វើ​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល ឬ បំផ្លាញ​ផល​ប្រយោជន៍​កម្ពុជា សូម​ឱ្យ​លោក​ចាប់អារម្មណ៍​រឿង​ហ្នឹង​ផង»

គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ឆ្នាំ២០១៨ បាន​ជួល​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​មួយ​ឈ្មោះ ប៊ើលិនរ៉ូសិន (BerlinRosen) នូវ​ទឹកប្រាក់ ២៥០,០០០ ដុល្លារ ដែល​នៅ​ក្នុង​កិច្ចសន្យា បាន​ចែងថា​ដើម្បី​ធ្វើជា​ភ្នាក់ងារ​ផ្នែក​ទំនាក់ទំនង​សាធារណៈ និង​ប្រឹក្សា​យោបល់​ផ្នែក​ទំនាក់ទំនង​​សាធារណៈ និង សកម្មភាព​នយោបាយ ប៉ុន្តែ មិនមែន​ជួយ​កិច្ចការ​បញ្ចុះបញ្ចូល​ណាមួយ​នោះ​ទេ។ទោះជា​យ៉ាង​នេះ​ក្តី ប្រាក់​ដែល​គណបក្ស​ប្រឆាំង យក​មក​ប្រើ​សម្រាប់​ជួល​ក្រុមហ៊ុន​ឯកជន​នៅ​អាមេរិក​នេះ គឺជា​ប្រាក់​បាន​ពី​ការ​បរិច្ចាគ មិនមែន​ជា​ថវិកាជាតិ​ដូច​អ្វី​ដែល​របប​លោក ហ៊ុន សែន ចាយវាយ​នោះ​ទេ។ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី មូរ សុខ​ហួរ បដិសេធ​ការ​ចោទប្រកាន់​របស់​លោក សុខ ឥសាន ដែល​ចោទ​ថា គណបក្ស​នេះ​ជួល​ក្រុមហ៊ុន​ឯកជន ដើម្បី​ផ្តិល​រំលំ​រដ្ឋាភិបាល៖ «អត់​ទាល់តែសោះ​! ខ្ញុំ​សូម​បដិសេធ​ជា​ដាច់អហង្ការ​! ក្រុមហ៊ុន​ដែល​យើងខ្ញុំ​បាន​ទៅ​ជួល​នោះ អត់​មាន​ធ្វើ​សេវា ហៅថា​ឡប់ប៊ី (lobby) (​បញ្ចុះបញ្ចូល​) ចូល​ក្នុង​រដ្ឋាភិបាល​អាមេរិក​នោះ​ទេ​។ អត់​ជាដាច់ខាត​។ យើងខ្ញុំ​ជួល​ក្នុង​រឿង​សេវា​ជួយ​បច្ចេកទេស ក្នុង​ការ​ធ្វើ​ឱ្យ​មាន​គុណភាព ដាក់​ធ្វើ​វីដេអូ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ប៉ុណ្ណោះ»

ទោះបី​របប​លោក ហ៊ុន សែន អះអាង​ថា មិន​ឱន​ក្បាល​ចំពោះ​បរទេស រួម​ទាំង​សហរដ្ឋអាមេរិក​ផង ដែល​កំពុង​ដាក់​សម្ពាធ​ខ្លាំង​លើ​របប​នេះ ឱ្យ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​ក៏ដោយ ក៏​លោក​នៅតែ​ឆ្លៀត​បញ្ជូន​មន្ត្រី​របប​លោក និង​លោក​ខ្លួនឯង ក្នុង​ការ​ស្វះ​ស្វែងរក​ការចរចា​ជាមួយ​ភាគី​បរទេស ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​នេះ​។ ជាមួយគ្នា​ផង​ដែរ របប​លោក ហ៊ុន សែន ក៏បាន​ប្រវេប្រវា​ជួល​មន្ត្រី​បរទេស ក្នុងស្ថានភាព​ដែល​កំពុង​រង​សម្ពាធ​នេះ។

លោក ហ៊ុន សែន កំពុង​ខិតខំ​ផ្ដល់​តម្លៃ​ខ្ពស់ ដល់​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ ដែល​មាន​ឋានៈ​ត្រឹម​ចៅហ្វាយស្រុក​មួយ​រូប​នេះ ស្រប​ពេល​ដែល​លោក​ចាត់​ទុក​មន្ត្រី​ប្រតិភូ​សហភាព​អឺរ៉ុប ដែល​ចុះទៅ​ស្រុក​ខ្មែរ កាលពី​ខែ​មីនា ដើម្បី​ជា​ផ្នែក​មួយ​នៃ​នីតិវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA ថា​ជា​មន្ត្រី​តូចតាច មិន​សម​នឹង​លោក​ជួប។

លោក ហ៊ុន សែន រង​ការ​រិះគន់​ថា ចំណាយ​ថវិកា​ខ្ជះខ្ជាយ និង​ឥតប្រយោជន៍ ស្រប​ពេល​លោក ដាហ្គ អេរ៉ិកសិន ត្រឹមតែ​ជា ជា​សមាជិក​ព្រឹទ្ធសភា​ថ្នាក់​រដ្ឋ (State Senator) មួយ​រូប ដែល​គ្មាន​តួនាទី​អ្វី​ក្នុង​កិច្ចការ​ទំនាក់ទំនង​អន្តរជាតិ រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋអាមេរិក​ទាល់តែ​សោះ​។ លោក​មិនមែន​សមាជិកសភា​ថ្នាក់​ជាតិ (US senator) ទេ។

រដ្ឋ​នីមួយៗ មាន​សមាជិក​ព្រឹទ្ធសភា​ថ្នាក់​រដ្ឋ តិច​ឬ​ច្រើន ទៅតាម​របាយ​ប្រជាជន។ គ្រាន់តែ​រដ្ឋ​វ៉ាស៊ីនតោន ស្តេត​មួយ ដែល​លោក​រស់នៅ មាន​សមាជិក​ព្រឹទ្ធសភា​ថ្នាក់​រដ្ឋ ៤៩ នាក់ ដែល​ម្នាក់​តំណាង​ឱ្យ​ស្រុក​មួយ។ ជារួម​សមាជិក​ព្រឹទ្ធសភា​ថ្នាក់​រដ្ឋ​ម្នាក់ តំណាង​ពលរដ្ឋ​ប្រមាណ​ជាង ១​សែន​នាក់ ប៉ុណ្ណោះ ក្នុង​រដ្ឋ​នោះ។ ចំណែក​ឯ​សមាជិក​ព្រឹទ្ធសភា​ថ្នាក់​ជាតិ (US Senator) ឯណោះ​វិញ ទើប​មាន​តួនាទី​តំណាង​ឱ្យ​រដ្ឋ​នីមួយៗ នៅ​កម្រិត​ជាតិ គឺ​ត្រូវធ្វើ​ការ​នៅ​វិមាន​រដ្ឋសភា នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​។ រដ្ឋ​នីមួយៗ​មាន​សមាជិក​ព្រឹទ្ធសភា​ពីរ​រូប​ប៉ុណ្ណោះ ដើម្បី​តំណាង​នៅ​ថ្នាក់​ជាតិ​នោះ​។ ព្រឹទ្ធសភា​ជាតិ​របស់​អាមេរិក មាន​សមាជិក​ទាំងអស់ ១០០​នាក់ តំណាង​ឱ្យ​រដ្ឋ​ទាំង ៥០ នៅ​ទូទាំង​សហរដ្ឋអាមេរិក។ លោក ដាហ្គ អេរ៉ិកសិន មិន​ស្ថិត​ក្នុង​ចំណោម​អ្នក​ទាំង ១០០ នាក់​នោះ​ទេ ព្រោះ​លោក​មាន​ឋានៈ​ត្រឹមតែ​ជា​សមាជិក​ព្រឹទ្ធសភា​ថ្នាក់ក្រោម​ជាតិ​ប៉ុណ្ណោះ។ តួនាទី​លោក ដាហ្គ អេរ៉ិកសិន គឺ​ប្រហាក់ប្រហែល​តួនាទី​តំណាង​សង្កាត់ ឬ State Representative បន្តិចបន្តួច​ប៉ុណ្ណោះ​។ បើ​ប្រៀបធៀប​លោក ដាហ្គ អេរ៉ិកសិន ទៅ​នឹង​ពលរដ្ឋ​ខ្មែរ​អាមេរិក ដែល​ជាប់​ជា​តំណាង​សង្កាត់​មួយ នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត លោក មុំ រ៉ាឌី នោះ គឺ​ពួកគាត់ មាន​ឋានៈ​កម្រិត​ប្រហាក់ប្រហែល​គ្នា ដែល​គ្មាន​តួនាទី​កម្រិត​ទំនាក់ទំនង​អន្តរជាតិ អ្វី​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment