លោក​ ហ៊ុន សែន ​ប្រកាស​ជួប​ជាមួយ​ក្រុម​ជន​ជាតិ​ចិន​នៅ​កម្ពុជា​ឱ្យ​បាន​៩ឆ្នាំ​ទៀត​ក្នុង​តំណែង​ជា​នាយក​រដ្ឋ​មន្រ្តី​

ដោយ វណ្ណ សុគន្ធា
10/04/2019
RFI

media
រូបភាព​៖ ​លោក ​ហ៊ុន ​សែន
@facebook


លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ បាន​ជួប​សំណេះ​សំណាល និង​ទទួល​ទាន​អាហារ​ជាមួយ​ថ្នាក់​ដឹកនាំ និង​សមាជិក​សមាគម​សម្ព័ន្ធ​ខ្មែរ-ចិន​នៅ​មជ្ឈ​មណ្ឌល​កោះពេជ្រ​។ នៅ​ចំពោះ​មុខ​ជនជាតិ​ចិន​នៅ​កម្ពុជា លោក​នាយក​រដ្ឋ​មន្រ្តី​បាន​ប្រកាស​ថា នឹង​បន្ត​ជួប​ជាមួយ​ពួក​គេ​មិន​តិច​ជាង​៩ឆ្នាំ​ទៀត​នោះ​ទេ​ក្នុង​តំណែង​ជា​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​។

នៅ​ចំពោះ​មុខ​ជន​ជាតិ​ចិន និង​ខ្មែរ​ជាប់​សែ​ស្រឡាយ​ចិន លោក​នាយក​រដ្ឋ​មន្រ្តីហ៊ុន សែន បាន​លើក​ឡើង​ថា បើ​សិន​នៅ​ឆ្នាំ​២០២៣ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នៅ​តែ​បន្ត​ជាប់​ឆ្នោត នោះ​លោក​នឹង​បន្ត​ធ្វើ​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​ទៀត​។ លោក​នាយក​រដ្ឋ​មន្រ្តី​ចង់​នៅ​បន្ត​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​បាន​មិន​តិច​ជាង​រយៈ​ពេល​១០​ឆ្នាំ​ទៀត​នោះ​ទេ ជា​អ្វី​ដែល​លោក​អះអាង​ថា ធ្វើ​ឡើង​ដើម្បី​ការពារ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​។ ជាមួយ​នឹង​ការ​ប្តេជ្ញា​បន្ត​កាន់​អំណាច​មិន​ក្រោម​១​ទសវត្សរ៍​ទៀត​នេះ លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន ក៏​បាន​ប្រកាស​ថា លោក​នឹង​បន្ត​ជួប​ជាមួយ​ថ្នាក់​ដឹក​នាំ និង​សមាជិក​សមាគម​សម្ព័ន្ធ​ខ្មែរ-ចិន​ជា​រៀង​រាល់​ឆ្នាំ និង​មិន​តិច​ជាង​៩​ឆ្នាំ​ទៅ​មុខ​នោះ​ឡើយ​។

សូម​កត់​សម្គាល់​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ ទំនាក់​ទំនង​រវាង​កម្ពុជា និង​ចិន​បាន​ឈាន​ដល់​កម្រិត​ស្និត​ស្នាល​មែន​ទែន ហើយ​មន្រ្តី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​ទាំង​ពីរ​សុទ្ធ​តែ​ធ្លាប់​បាន​ផ្លាស់​ប្តូរ​ដំណើរ​ទស្សន​កិច្ច​គ្នា​ទៅ​វិញ​ទៅ​មក​។ ចំណែក ភ្ញៀវ​ទេសចរ​ចិន​ក៏​បាន​មក​លេង​កម្សាន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើងៗ​ថែម​ទៀត​។ ស្រប​ជាមួយ​គ្នា​នេះ អ្នក​វិនិយោគ​ចិន​ក៏​បាន​សម្រុក​មក​បណ្តាក់​ទុន​រក​ស៊ី​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ជា​ពិសេស នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​។

នៅ​ក្នុង​ជំនួប​ជាមួយ​សមាគម​សម្ព័ន្ធ​ខ្មែរ-ចិន​កាល​ល្ងាច​ថ្ងៃ​អង្គារ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​អំពាវ​នាវ​ដល់​អ្នក​រក​ស៊ី​ចិន​ឱ្យ​បន្ត​ពង្រឹង​ស្មារតី​នៃ​វប្បធម៌​បង់​ពន្ធ ដើម្បី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​មាន​លទ្ធភាព​កាន់​តែ​ច្រើន​ក្នុង​ការ​បម្រើ​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ និង​ពង្រឹង​ខឿន​ការពារ​ជាតិ​កម្ពុជា​។ លោក​នាយក​រដ្ឋ​មន្រ្តី​ក៏​បាន​ប្រកាស​អះអាង​ដែរ​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​គ្មាន​នយោបាយ​ដំឡើង​ពន្ធ​នោះ​ទេ តែ​ស្នើឱ្យ​បង្កើន​នូវ​ស្មារតី​បង់​ពន្ធ​តែ​ប៉ុណ្ណោះ​។

ជាមួយ​គ្នា​នេះ​ដែរ លោក​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា ក៏​បាន​អំពាវ​នាវ​ដល់​អ្នក​វិនិ​យោគ​ចិន និង​ខ្មែរ​ជាប់​សែ​ស្រឡាយ​ចិន​នៅ​កម្ពុជា​ទាំង​អស់ បន្ត​ចូល​រួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​រក្សាឱ្យ​បាន​នូវ​សុខ​សន្តិភាព​។ បើ​តាម​លោក​នាយក​រដ្ឋ​មន្រ្តីហ៊ុន សែន គឺ​សុខសន្តិ​ភាព​នេះ​ហើយ​ជា​មូល​ដ្ឋាន ដើម្បី​ធានារ​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​ជាតិ​៕

What Next?

Recent Articles

One Response to "លោក​ ហ៊ុន សែន ​ប្រកាស​ជួប​ជាមួយ​ក្រុម​ជន​ជាតិ​ចិន​នៅ​កម្ពុជា​ឱ្យ​បាន​៩ឆ្នាំ​ទៀត​ក្នុង​តំណែង​ជា​នាយក​រដ្ឋ​មន្រ្តី​"

  1. Sam says:

    ៩ឆ្នាំទៀត​តិចណាស់សម្តេចអើយ ​បើពិនិត្យ ប្រវត្តិសាស្ត្រចិន​​​ត្រូវការពេលវេលាយ៉ាងតិច៥០ឆ្នាំលើកផែនការណ៍និមួយៗ ចិននឹងឆ្លើយថាចុះទំនប់អគី្គសនីសន្យា ៥០ ទៅ​៩០ ឆ្នាំ យ៉ាងណាទៅវិញ ។​​​​​ សម្តេចប្រហែលឆ្លើយប្រាប់សមមិត្តចិនថា​ កុំភ័យកូនប្រុសខ្ញុំនឹងបន្តដំណែង។