អ្នក​ការពារ​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​តុលាការ​ពន្លឿន​សំណុំរឿង​ឃាតកម្ម​បណ្ឌិត កែម ឡី

ដោយ ហេង រស្មី
2019-04-10
RFA

លោក កែម ឡី អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​ចូលរួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo: RFA
លោក កែម ឡី អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​ចូលរួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo: RFA


អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​មើល​ឃើញ​ថា សំណុំរឿង​បណ្ឌិត កែម ឡី ហាក់​គ្មាន​អ្វី​វិវឌ្ឍ​ទៅមុខ​ឡើយ ក្រោយ​ពេល​តុលាការ​ប្រកាស​បំបែកសំណុំរឿង​នេះ​ជា​ពីរ កាល​ពី​ឆ្នាំ​២០១៧ កន្លង​ទៅ​នោះ។ ភាព​ស្ងប់ស្ងាត់​នៃ​សំណុំរឿង​ឃាតកម្ម​ដ៏​កក្រើក​នេះ ធ្វើ​ឱ្យ​សាធារណជន និង​អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា នៅតែ​រិះគន់​ថា តុលាការ​របប​ក្រុងភ្នំពេញ​គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ឡើយ

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា ភាព​ស្ងប់ស្ងាត់​នៃ​សំណុំរឿង​បណ្ឌិត កែម ឡី និង​សំណុំរឿង​ធំៗ​មួយចំនួន​ទៀត ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ និង​ក្រុម​គ្រួសារ​ជនរងគ្រោះ កាន់តែ​បាត់​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ និង​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា។ លោក​បន្ត​ថា ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី គឺជា​រឿង​ដែល​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ចង់​ដឹង​ចង់​ឮ ដូច្នេះ​លោក​ថា តុលាការ​គួរតែ​ផ្ដល់​ព័ត៌មាន ឬ​លទ្ធផល​ស៊ើបអង្កេត​ខ្លះៗ ដើម្បី​បង្ហាញ​ថា តុលាការ​ពិតជា​កំពុង​ចាត់ការ​រឿង​នេះ​មែន៖ «វា​គួរតែ​បង្ហាញ​ថា ចំណុច​ណា​ដែល​បង្ហាញ​ពី​ការ​វិវឌ្ឍ​នៃ​ការស៊ើបអង្កេត ឬ​ការស្រាវជ្រាវ​ហ្នឹង ដើម្បី​ឱ្យ​ក្រុម​គ្រួសារ និង​សាធារណជន​បាន​ដឹង​។ នេះ​មិនមែន​ថា ឱ្យ​បង្ហាញ​ទាក់ទង​នឹង​ការងារ​សម្ងាត់​របស់​តុលាការ​ហ្នឹង​ទេ ប៉ុន្តែ​វា​មាន​ព័ត៌មាន​មួយ​ចំនួន​គួរតែ​ធ្វើ​បច្ចុប្បន្នភាព កុំ​ឱ្យ​ជនរងគ្រោះ​មានការ​បាត់បង់​ជំនឿ ឬក៏​អស់​ជំនឿ​ទុកចិត្ត»

អ្នកស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់ កាលពី​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ ២០១៦ ដែល​គិត​ត្រឹម​ថ្ងៃ​ទី​១០ មេសា ឆ្នាំ​២០១៩​នេះ អំពើ​ឃាតកម្ម​នេះ​មាន​រយៈពេល​២ ឆ្នាំ ៩​ខែ​ហើយ។

ក្នុង​សំណុំរឿង​ដ៏​រសើប​មួយ​នេះ តុលាការ​បាន​នាំ​ខ្លួន​មនុស្ស​តែ​ម្នាក់​គត់ គឺ ជួប សម្លាប់ ដែល​មាន​ឈ្មោះ​ពិត​ថា អឿត អាង មក​ជំនុំជម្រះ និង​បាន​ផ្ដន្ទាទោស​ជន​នេះ ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត។

ទោះជា​យ៉ាងណា សាលក្រម​ផ្ដន្ទាទោស​នេះ​មិន​អាច​ធ្វើ​ឱ្យ​សាធារណជន​ស្ងប់ចិត្ត​នោះ​ឡើយ ដោយសារ​រឿង​នេះ​នៅ​មាន​ចំណុច​មន្ទិលសង្ស័យ និង​ភាព​មិន​ស៊ី​សង្វាក់​គ្នា​ជាច្រើន​ចំណុច ដែល​តុលាការ​ខកខាន​មិនបាន​សួរ​ដេញដោល​។ ក្រោយ​ផ្ទុះ​ការរិះគន់​ពី​សាធារណជន តុលាការ​ក្រុង​ភ្នំពេញ​ក៏បាន​បំបែកសំណុំរឿង​នេះ​ជា​ពីរ ដើម្បី​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត យក​មក​កាត់ទោស​។ ការស៊ើបអង្កេត​បន្ត​នោះ គឺ​ដើម្បី​រក​អ្នកលក់​កាំភ្លើង​ឱ្យ ជួប សម្លាប់ អ្នកទទួល​ឱ្យ ជួប សម្លាប់ ស្នាក់​នៅ​ក្នុង​ក្រុងភ្នំពេញ និង​អ្នក​នៅ​ពីក្រោយ​ខ្នង ជួប សម្លាប់​។ ក៏ប៉ុន្តែ​ជាច្រើន​ខែ​មកនេះ តុលាការ​មិនបាន​កោះហៅ ឬ​បើក​ការ​ជំនុំជម្រះ​សំណុំរឿង​នេះ​ឡើយ។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​ថា សំណុំ​រឿង​ឃាតកម្ម​បណ្ឌិត កែម ឡី កំពុង​ស្ថិត​ក្នុង​ដំណើរការ​​នីតិវិធី​របស់​តុលាការ។ លោក​ថា សំណុំ​រឿង​ទី​មួយ ​ដែល​ ជួប ​សម្លាប់ ​ប្តឹង​ទាស់​សាលក្រម​ផ្ដន្ទាទោស​អស់​មួយ​ជីវិត​នោះ កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​កំពូល ចំណែក​សំណុំ​រឿង​ទីពីរ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​អាវុធ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​ ជួប សម្លាប់ នោះ កំពុង​ស្ថិត​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ៖ «សំណុំរឿង​នេះ​ គឺ​ស្ថិត​ក្នុង​ដំណាក់កាល​នីតិវិធី​របស់​តុលាការ ហើយ​ការ​មិន​អាច​ផ្សព្វផ្សាយ​បាន ដោយ​សារ​ពាក់​​ព័ន្ធ​ទៅនឹង​ការ​សម្ងាត់នៃ​ដំណើរ​ការ​នៃ​ការ​ស៊ើបអង្កេត​មួយ​ចំនួន»

ទោះជា​យ៉ាងណា អ្នកការពារ​សិទ្ធិ​មនុស្សលោក អំ សំអាត ថ្លែង​ថា តុលាការ​មិន​អាច​យោង​លើ​ហេតុផល​នេះ ដើម្បី​អូស​បន្លាយ​សំណុំរឿង​នោះ​ទេ​។ លោក​ជំរុញ​ឱ្យ​តុលាការ​ពន្លឿន​ករណី​នេះ ដើម្បី​រក​យុត្តិធម៌​ពិតប្រាកដ​ជូន​ជនរងគ្រោះ និង​លុបបំបាត់​អំពើ​និទ្ទណ្ឌភាព​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "អ្នក​ការពារ​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​តុលាការ​ពន្លឿន​សំណុំរឿង​ឃាតកម្ម​បណ្ឌិត កែម ឡី"

  1. Anonymous says:

    there will be no justice for KEM LEY until the water in this small pond clear . at this moment the water in this pond is fill whit blood you can not even see the bottom of it. I still wonder how many human life that this guy has been murder.

Leave a Reply

Submit Comment