ទូត​អាមេរិក​​នៅ​​ភ្នំពេញ៖ វត្តមាន​លោក​ ហ៊ុន ម៉ាណែត នៅ អាមេរិក គឺ​ដើម្បី​ចូលរួម​សន្និសីទ​ក្នុង​កម្រិត​បច្ចេកទេស​បែប​ពហុ​ភាគី ​ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម

ដោយ មាន ឫទ្ធិ
2019-04-10
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន ម៉ាណែត ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​ឧត្ដមសេនីយ៍ត្រី ចនណាតាន់ ប្រាហ្គា (Jonathan Braga) មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ប្រតិបត្តិការ​ពិសេស តំបន់​ប៉ាស៊ីហ្វិក នៃ​កងទ័ព​សហរដ្ឋអាមេរិក នា​រដ្ឋ​ហាវ៉ៃ សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី៩ ខែ​មេសា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក Hun Manet
លោក ហ៊ុន ម៉ាណែត ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​ឧត្ដមសេនីយ៍ត្រី ចនណាតាន់ ប្រាហ្គា (Jonathan Braga) មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ប្រតិបត្តិការ​ពិសេស តំបន់​ប៉ាស៊ីហ្វិក នៃ​កងទ័ព​សហរដ្ឋអាមេរិក នា​រដ្ឋ​ហាវ៉ៃ សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី៩ ខែ​មេសា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក Hun Manet


មេបញ្ជាការ​កងទ័ព​ជើងគោក​ ​និង​ជា​កូនប្រុស​ច្បង​របស់​លោក​ ហ៊ុន ​សែន ​គឺ​លោក​ ហ៊ុន ម៉ាណែត​ ​កំពុង​មាន​វត្តមាន​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​ ​ដើម្បី​ចូលរួម​សន្និសីទ​ប្រចាំ​ឆ្នាំ​ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម ​ពី​ថ្ងៃ​ទី៨ ​ដល់​ថ្ងៃ​ទី១២ ​មេសា ​ឆ្នាំ ២០១៩។ មន្ត្រី​ផ្នែក​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ក្រុង​ភ្នំពេញ​ ​បញ្ជាក់​ថា ទស្សនកិច្ច​នេះ គឺ​ដើម្បី​ចូលរួម​សន្និសីទ​រយៈ​ពេល​ខ្លី កម្រិត​បច្ចេកទេស​បែប​ពហុ​ភាគី ​ដែល​សហរដ្ឋ​អាមេរិក​តែងតែ​ធ្វើជា​យូរ​ឆ្នាំ​មក​ហើយ។

មន្ត្រី​ផ្នែក​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ក្រុង​ភ្នំពេញ​ ​អ្នកស្រី​ ​អេមីលី ​ហ្ស៊ីប៊ឺក ​(Emily Zeeberg) បញ្ជាក់​ប្រាប់​អាស៊ី​សេរី​តាម​សារ​អេឡិចត្រូនិក​នៅ​ថ្ងៃ​ទី៩ មេសា​ថា លោក​ ហ៊ុន​ ​ម៉ាណែត​ ​កំពុង​មាន​វត្តមាន​នៅ​រដ្ឋ​ហាវ៉ៃ ​សហរដ្ឋ​អាមេរិក​ ​ដើម្បី​ចូលរួម​សន្និសីទ​ផ្ដោត​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​។ ​អ្នកស្រី​បញ្ជាក់​ថា​ ​លោក​ ហ៊ុន​ ​ម៉ាណែត ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​ចូលរួម​នេះ​ ​ក្នុងនាម​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ ​ក្នុង​ចំណោម​មេបញ្ជាការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម​ មកពី​ប្រទេស​ប្រមាណ​ ៣៦ ​ប្រទេស​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ​ហើយ​ថា​សន្និសីទ​នេះ​ ​ជា​សន្និសីទ​រយៈពេល​ខ្លី​ ​កម្រិត​បច្ចេកទេស​បែប​ពហុ​ភាគី​តែ​ប៉ុណ្ណោះ​។​

អ្នកស្រី អេមីលី ​ហ្ស៊ីប៊ឺក ​គូស​បញ្ជាក់​ថា កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ ​គឺជា​អាទិភាព​ជាតិ​ចម្បង​មួយ​របស់​សហរដ្ឋ​អាមេរិក​ ​ហើយ​ថា​ ​សហរដ្ឋ​អាមេរិក​ ​បាន​ធ្វើការ​ជាមួយ​មន្ត្រី​យោធា​កម្ពុជា​ ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ ​ផ្ដោត​លើ​បញ្ហា​ឆ្លង​ប្រទេស​ ​រួម​មាន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ ​សុវត្ថិភាព​ផ្លូវ​សមុទ្រ ​ការ​បណ្ដុះបណ្ដាល​នាយ​ទាហាន​ដើម្បី​ប្រតិបត្តិការ​ក្នុង​កង​រក្សា​សន្តិភាព​ ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​នានា ​ដល់​សន្តិសុខ​សមុទ្រ​អន្តរជាតិ​ ​និង​ដើម្បី​ឆ្លើយ​តប​ដល់​វិបត្តិ​គ្រោះ​ធម្មជាតិ​ ​និង​មនុស្សធម៌។

ក្រោយពេល​ដែល​របប​លោក​ ហ៊ុន ​សែន ​បាន​រៀបចំ​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ ​ដែល​ត្រូវ​គេ​ចាត់​ទុក​ថា​ ​ក្លែងក្លាយ​ ​និង​បាន​ជម្នះ​បង្កើត​រដ្ឋាភិបាល​ខ្វះ​ការ​ទទួល​ស្គាល់​ពី​ភាព​ស្រប​ច្បាប់​រួច​មក​ ​នេះ​គឺជា​លើក​ទី​ពីរ​ហើយ​ដែល​លោក​ ហ៊ុន​ ​ម៉ាណែត ​មាន​វត្តមាន​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក។ វត្តមាន​ទី​មួយ​ ​គឺ​នៅ​ពេល​ដែល​លោក​ ហ៊ុន​ ​ម៉ាណែត ​បាន​ហែហម​ឪពុក​របស់​លោក​ មក​ថ្លែង​ការណ៍​នៅ​អង្គការ​សហ​ប្រជាជាតិ​កាលពី​ខែ​កញ្ញា​ ​ឆ្នាំ ២០១៨ ។ ​មិន​ខុស​កាលពី​ពេល​ដែល​ឪពុក​របស់​លោក​មក​ចូលរួម​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​ វត្តមាន​ ​និង​ការ​អញ្ជើញ​លោក​ ហ៊ុន​ ​ម៉ាណែត ​ឲ្យ​មក​ចូលរួម​សន្និសីទ​នៅ​សហរដ្ឋ​អាមេរិក​លើក​នេះ​ ត្រូវ​បាន​សារព័ត៌មាន​ស្និទ្ធ​នឹង​របប​លោក​ ហ៊ុន ​សែន​ យក​ទៅ​ផ្សព្វផ្សាយ​ព្រោងព្រាត​ដើម្បី​អួត​អាង​ និង​យក​មុខ​មាត់​ថា​ ​សហរដ្ឋ​អាមេរិក​ ​នៅតែ​ធ្វើការ​ជាមួយ​មន្ត្រី​របប​លោក​ ហ៊ុន ​សែន ​និង​ថា​ លោក​ ហ៊ុន​ ​ម៉ាណែត ​អាច​ជាន់​ទឹក​ដី​អាមេរិក​បាន​ដដែល ​បើ​ទោះ​ជា​លោក​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​របស់​សហរដ្ឋ​អាមេរិក។ សារព័ត៌មាន​ទាំងនោះ​ ​ថែមទាំង​បាន​ចុះ​ផ្សាយ​នូវ​ខ្លឹមសារ​នៃ​លិខិត​អញ្ជើញ​របស់​មន្ត្រី​យោធា​សហរដ្ឋ​អាមេរិក​ ​ដល់​លោក​ ហ៊ុន ម៉ាណែត ផង។

ក្នុង​អាណត្តិ​ទី៦ នេះ លោក​ ហ៊ុន ​សែន ​ព្យាយាម​បង្ហាញ​មុខ​មាត់​កូនប្រុស​ច្បង​របស់​លោក​ ​គឺ​ ​លោក​ ហ៊ុន​ ​ម៉ាណែត ​នៅ​លើ​ឆាក​អន្តរជាតិ​ ​ឲ្យ​ជួប​ជាមួយ​មេដឹកនាំ​យោធា​ជាន់ខ្ពស់​នៃ​បណ្ដា​ប្រទេស​នានា​ក្នុង​តំបន់​ ​និង​ពិភពលោក​ ក្នុង​នោះ​ ​ថ្មីៗ នេះ​ ​នៅ​ប្រទេស​ថៃ​ និង​ប្រទេស​រុស្ស៊ី ​ជាដើម។ ក្រុម​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​ ​ហៅ​ការ​បង្ហាញ​មុខ​មាត់​របស់​លោក​ ហ៊ុន​ ​ម៉ាណែត ​នេះ​ ​ថា​លោក​ ហ៊ុន ​សែន​ ​កំពុង​រៀប​គម្រោង​សេណារីយ៉ូ​ ដើម្បីឲ្យ​លោក​ ហ៊ុន​ ​ម៉ាណែត​ ត្រៀម​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​បន្ត​វេន​ពី​លោក​នា​ពេល​អនាគត។

យ៉ាងណា​ក៏​ដោយ​ ​មន្ត្រី​ផ្នែក​ព័ត៌មាន​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ក្រុង​ភ្នំពេញ​ពន្យល់​ថា សហរដ្ឋ​អាមេរិក​ ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដល់​រដ្ឋាភិបាល​កម្ពុជា​ហើយ​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​ពង្រឹង​ស្ថាប័ន​ប្រជាធិបតេយ្យ និង​ការពារ​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ប្រសើរ​ ​នោះ​ទើប​កិច្ច​សហប្រតិបត្តិការ​វិស័យ​យោធា​រវាង​ប្រទេស​ទាំង​ពីរ​អាច​ឈាន​ដល់​កម្រិត​ពេញលេញ​ ​ឡើង​វិញ​បាន។

សេតវិមាន​សហរដ្ឋ​អាមេរិក​ ធ្លាប់​បាន​ប្រកាស​ថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ​គ្មាន​ភាព​សេរី​ ​ត្រឹមត្រូវ និង​យុត្តិធម៌​ ​ហើយ​មិន​បាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​ពលរដ្ឋ​កម្ពុជា​នោះ​ទេ។ ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ សហរដ្ឋ​អាមេរិក​ ​បាន​ប្រកាស​កាត់​ផ្តាច់​នូវ​ជំនួយ​ទាំង​អស់​មក​លើ​កម្ពុជា​ ​រួម​ទាំង​ជំនួយ​វិស័យ​បោះ​ឆ្នោត​ ​លើកលែង​តែ​ជំនួយ​វិស័យ​មនុស្ស​ចេញ​ ​និង​ប្រកាស​រឹតត្បិត​ការ​ចេញ​ទិដ្ឋាការ​ដល់​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ដែល​ស្និទ្ធ​នឹង​លោក​ ហ៊ុន ​សែន​។ ជាក់​ស្ដែង​ លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ​កង​អង្គរក្ស​លោក​ ហ៊ុន ​សែន​ ​កំពុង​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​បង្កក​ទ្រព្យសម្បត្តិ​ ​របស់​ក្រសួង​រតនាគារ​ជាតិ​អាមេរិក​ ​និង​ហាម​ជាន់​ទឹកដី​អាមេរិក។

តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ មកពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ ​និង​គណបក្ស​សាធារណៈ​រដ្ឋ​ ​បច្ចុប្បន្ន​កំពុង​ធ្វើ​ច្បាប់​ដើម្បី​ដាក់​ទណ្ឌកម្ម ​រួម​មាន​ការ​បង្កក​ទ្រព្យ​សម្បត្តិ ​និង​រឹត​ត្បិត​ទិដ្ឋាការ​មិន​ឲ្យ​ជាន់​ដី​អាមេរិក​ ​ចំពោះ​មន្ត្រី​មួយ​ចំនួន​នៃ​របប​លោក​ ហ៊ុន ​សែន ​ដែល​បាន​ចូល​ដៃ​ចូល​ជើង​ក្នុង​ការរម្លាយ​ប្រជាធិបតេយ្យ​ ​និង​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ទន្ទឹម​នឹង​នេះ​ ​ក៏​មាន​តំណាងរាស្ត្រ​អាមេរិក​មួយចំនួន​ ​បាន​តាក់តែង​ច្បាប់​ត្រៀម​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​កម្ពុជា​ ​ដូច​អ្វី​ដែល​សហភាព​អឺរ៉ុប​កំពុង​ធ្វើ​។ ​លោក​ ហ៊ុន​ ​ម៉ាណែត ​រួម​ទាំង​ឪពុក​របស់​លោក​ផង​ ​គឺ​លោក​ ហ៊ុន ​សែន ​ធ្លាប់​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​បង្កក​ទ្រព្យសម្បត្តិ​ ​និង​ហាមប្រាម​ជាន់​ដី​អាមេរិក​ ​នៅ​ក្នុង​ឧបសម្ពន្ធ​ស្នើ​បញ្ជី​ឈ្មោះ​ជន​ត្រូវ​រង​ទណ្ឌកម្ម​ ​នៃ​សេចក្ដី​ព្រាង​ច្បាប់​របស់​តំណាងរាស្ត្រ​អាមេរិក​ កាលពី​ឆ្នាំ ២០១៨។ ក្នុង​នោះ​លោក​គឺ​ ​ជា​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​ ក្នុង​ចំណោម​ ១៧ រូប ​នៃ​របប​ក្រុង​ភ្នំពេញ​ ​ដែល​បាន​ចូល​ដៃ​ចូល​ជើង​បំផ្លាញ​ប្រជាធិបតេយ្យ​ ​និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។ ក៏ប៉ុន្តែ​ ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ ​មិន​បាន​អនុម័ត និង​ចូល​ជា​ធរមាន​ឡើយ​ ​ដោយសារ​សភា​តំណាងរាស្ត្រ​អាមេរិក ​ផុត​អាណត្តិ​ ​ក្រោយ​ពី​មាន​ការ​បោះ​ឆ្នោត​តំណាងរាស្ត្រ​ថ្មី​។ ​បច្ចុប្បន្ន ​សេចក្ដី​ព្រាង​ច្បាប់​ស្រដៀង​គ្នា​នេះ​ ត្រូវ​បាន​តំណាងរាស្ត្រ​អាមេរិក​ ​ដាក់​បញ្ចូល​ជា​ថ្មី​ដើម្បី​ឲ្យ​សភា​អាមេរិក​ពិនិត្យ​ឡើងវិញ។

ជា​រឿយៗ មិន​ខុស​ពី​ឪពុក​របស់​លោក​ វត្តមាន​របស់​លោក​ ហ៊ុន​ ​ម៉ាណែត ​នៅ​លើ​ទឹកដី​បរទេស​ ​តែងតែ​បង្ក​នូវ​ការ​ប្រទាញប្រទង់​ក្នុង​ចំណោម​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ ​រួម​មាន​សហរដ្ឋ​អាមេរិក​ សហភាព​អឺរ៉ុប​ និង​អូស្ត្រាលី​ ​ហើយ​ពួក​គេ​តែងតែ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​របស់​លោក។ ពួក​គេ​ចោទ​ថា​ ​លោក​ ហ៊ុន​ ​ម៉ាណែត ​ជា​អ្នក​បំបែកបំបាក់​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ ​និង​ជា​អ្នក​ចូលរួម​បំផ្លាញ​ប្រជាធិបតេយ្យ និង​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ ​នៅ​កម្ពុជា។

មិន​មែន​មាន​តែ​ទស្សនកិច្ច​របស់​លោក​ ហ៊ុន ​សែន ​និង​លោក​ ហ៊ុន​ ​ម៉ាណែត ​ទេ ដែល​ត្រូវ​ប្រព័ន្ធ​ឃោសនា​លោក​ ហ៊ុន ​សែន​ យក​ទៅ​ផ្សព្វផ្សាយ​អួត​អាង​នោះ។ សូម្បីតែ​វត្តមាន​មន្ត្រី​ដទៃ​ការទូត​ដទៃ​ទៀត​នៃ​របប​លោក​ ហ៊ុន ​សែន ​ដូចជា​លោក អ៊ុច បូរិទ្ធិ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​ ​ដែល​ត្រូវ​សមាជិក​ព្រឹទ្ធសភា​ថ្នាក់​រដ្ឋ ប្រចាំ​រដ្ឋ​ Washington State ដែល​មិន​មែន​ជា​ថ្នាក់​រដ្ឋាភិបាល​សហព័ន្ធ​របស់​អាមេរិក ​អញ្ជើញ​ជា​លក្ខណៈ​បុគ្គល​ ​ក៏​ត្រូវ​សារព័ត៌មាន​លោក​ ហ៊ុន ​សែន​ យក​ទៅ​ផ្សព្វផ្សាយ​ឃោសនា​យក​មុខ​មាត់​ផង​ ​ដើម្បី​បំភ័ន្ត​សាធារណជន​ឲ្យ​យល់​ច្រឡំ​ថា ជា​ទស្សនកិច្ច​ផ្លូវ​រដ្ឋ និង​ថា អាមេរិក​ទទួល​ស្គាល់​របប​លោក ហ៊ុន សែន៕


What Next?

Recent Articles

One Response to "ទូត​អាមេរិក​​នៅ​​ភ្នំពេញ៖ វត្តមាន​លោក​ ហ៊ុន ម៉ាណែត នៅ អាមេរិក គឺ​ដើម្បី​ចូលរួម​សន្និសីទ​ក្នុង​កម្រិត​បច្ចេកទេស​បែប​ពហុ​ភាគី ​ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម"

  1. so chết says:

    hun manet is bombed from I do not know how many star, form to west point I doubt his intellectual ability Without his crimial stepfather hun sen Hun manet is like the young Khmer of his age even my uncle dub motorbike can beat him on the plane intellectual
    Why hun sen is stepfather his natural father is LE DUC THO
    But let these fans go watch watching the bio Pete Buttigiec American former military business man may be Trump’s next challenger