មន្ត្រី​អាមេរិក​ថា ច្បាប់​ដាក់ទណ្ឌកម្ម​មន្ត្រី​របប​លោក ហ៊ុន សែន នឹង​ត្រូវ​សភា​អនុម័ត​ក្នុង​ពេល​ឆាប់ៗ

ដោយ មួង ណារ៉េត
2019-04-11
RFA

លោក ថិត យ៉ូហូ (Ted YOHO) សមាជិកសភា​អាមេរិក​ពី​គណបក្ស​សាធារណរដ្ឋ ជា​តំណាង​រាស្ត្រ​ប្រចាំ​រដ្ឋ ហ្ល័រីដា (Florida)។ Screenshot from Ted Yoho facebok
លោក ថិត យ៉ូហូ (Ted YOHO) សមាជិកសភា​អាមេរិក​ពី​គណបក្ស​សាធារណរដ្ឋ ជា​តំណាង​រាស្ត្រ​ប្រចាំ​រដ្ឋ ហ្ល័រីដា (Florida)។ Screenshot from Ted Yoho facebok


មន្ត្រី​ទំនាក់ទំនង​តំណាងរាស្ត្រ​អាមេរិក ថា​ច្បាប់​ដាក់ទណ្ឌកម្ម​មន្ត្រី​របប​លោក ហ៊ុន សែន ឬ H.R. 526 នឹង​ត្រូវ​សភា​អនុម័ត​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ។ នាយក​ផ្នែក​ទំនាក់ទំនង នៃ​ការិយាល័យ​តំណាងរាស្ត្រ​របស់​លោក ថិត យ៉ូហូ (Ted YOHO) គឺ​លោក ប្រ៊ៃអិន ខាវ៉ិននី (Brian Kaveney) បាន​ឱ្យ​អាស៊ីសេរី​ដឹង​កាលពី​ថ្ងៃទី​១០ ខែ​មេសា តាមរយៈ​សារ​អេឡិចត្រូនិក ថា មិន​យូរ​ទេ​សេចក្ដី​ព្រាង​ច្បាប់​នេះ នឹង​ត្រូវ​សភា​អាមេរិក​អនុម័ត ជាមួយ​នឹង​សេចក្តី​ព្រាងច្បាប់​ជាង ១០​ផ្សេងទៀត ដែល​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​រដ្ឋសភា បាន​បោះឆ្នោត​សម្រេច បញ្ជូន​ទៅ​រដ្ឋសភា​កាលពី​ថ្ងៃទី៩ ខែ​មេសា។

លោក ប្រ៊ៃអិន ខាវ៉ិននី បន្ថែម​ថា សេចក្ដី​ជូន​ដំណឹង អំពី​កាលបរិច្ឆេទ​ជាក់លាក់ នៃ​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ នឹង​ជម្រាប​ជូន​នៅ​ពេល​ក្រោយ។

សេចក្ដី​ព្រាងច្បាប់​ដាក់ទណ្ឌកម្ម​មន្ត្រី​របប​លោក ហ៊ុន សែន ឬ H.R 526 នេះ ត្រូវ​បាន​ស្នើ​ឡើង​កាល​ថ្ងៃ​ទី​១១ ខែ​មករា ដោយ​សមាជិកសភា​ពី​ខាង​គណបក្ស​កាន់អំណាច​សព្វថ្ងៃ គឺ​លោក ថិត យ៉ូហូ។ គិត​មក​ត្រឹម​ថ្ងៃ​ទី៨ ខែ​មេសា ច្បាប់​នេះ មាន​សមាជិកសភា​ប្រាំមួយ​នាក់ មកពី​ខាង​គណបក្ស​កាន់អំណាច និង​គណបក្សប្រឆាំង ចុះហត្ថលេខា​គាំទ្រ (sponsor) រួមមាន​ទាំង​លោក អាឡាន់ ឡូវិនថល (Alan LOWENTHAL) និង លោក ស្ទីវ ឆាបុត (Steve Chabot) ផង។

លោក ថិត យ៉ូហូ ធ្លាប់​បាន​បង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់ ថា​ច្បាប់​នេះ​នឹង​ត្រូវ​សភា និង​ព្រឹទ្ធសភា​អនុម័ត ដោយ​គ្មាន​ជំទាស់ ឬ​អល់អែក​អ្វី​នោះ​ឡើយ។ លោក​បញ្ជាក់​ថា លោក​សង្ឃឹម១០០​ភាគរយ ច្បាប់​នេះ​នឹង​ត្រូវ​រដ្ឋសភា​យល់ព្រម​ជា​ឯកច្ឆន្ទ។ ហើយ​លោក​សង្ឃឹម​ស្ទើរ​តែ ១០០ភាគរយ ដែរ (៩៨%) ថា​ព្រឹទ្ធសភា នឹង​យល់​ស្របតាម​សំណើ​នេះ​ដែរ​។ លោក​រំពឹង​ថា នៅ ៦​ខែ ឬ​មួយ​ឆ្នាំ មុន​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក ច្បាប់​នេះ​នឹង​ចូល​ជា​ធរមាន។ ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក ធ្វើ​ឡើង​នៅ​ឆ្នាំ​២០២០។

ខ្លឹមសារ​ទាំងស្រុង​នៃ​សេចក្ដី​ស្នើ​ច្បាប់​នេះ គឺ​ដាក់ទណ្ឌកម្ម​លោក ហ៊ុន សែន និង​មន្ត្រី​របប​លោក និង​ជន​ឯទៀត ដែល​ចូល​ដៃ​ក្នុង​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​។ ទណ្ឌកម្ម​ទាំងនោះ រួមមាន​ពីរ​ធំៗ គឺ​ទី​មួយ បិទ​ទិដ្ឋាការ ដោយ​មិន​ឱ្យ​មន្ត្រី និង​អ្នក​ពាក់ព័ន្ធ​ទាំងនោះ ចូល​ទឹកដី​អាមេរិក និង​ពីរ បង្កក​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​មន្ត្រី និង​អ្នក​ពាក់ព័ន្ធ​ទាំងនោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles