អ្នក​វិភាគ​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ានី នាំ​ឪពុក​របស់​លោក​ប្រឈម​នឹង​មុខ​ច្បាប់

ដោយ ហេង រស្មី
2019-04-12
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន ម៉ានី (ឆ្វេង) សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក សោ ចាន់ដេត អតីត​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស ភ្លើង​ទៀន (រូប​ហ្វេសប៊ុក​រដ្ឋសភា និង​លោក សោ ចាន់ដេត)
លោក ហ៊ុន ម៉ានី (ឆ្វេង) សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក សោ ចាន់ដេត អតីត​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស ភ្លើង​ទៀន (រូប​ហ្វេសប៊ុក​រដ្ឋសភា និង​លោក សោ ចាន់ដេត)


អ្នក​វិភាគ​នយោបាយ និង​សង្គម​លោក គឹម សុខ​ ទាមទារ​ឱ្យ​លោក ហ៊ុន ម៉ានី នាំ​យក​ឪពុក​របស់​លោក​មក​ប្រឈម​មុខ​ច្បាប់​ដូច​គ្នា​ដែរ​ ចំពោះ​ការ​អត្ថាធិប្បាយ​របស់​លោក​ទាក់ទិន​នឹង​អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ភ្លើង​ទៀន។ កាល​ពី​ថ្ងៃ​ទី១០ មេសា លោក ហ៊ុន ម៉ានី បាន​ចាត់​ទុក​ការ​អត្ថាធិប្បាយ​របស់​លោក សោ ចាន់ដេត អតីត​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស ភ្លើង​ទៀន ថា​ជា​ការប្រមាថ​អាយុជីវិត​លោក​ ហ៊ុន សែន ក្រោយ​ពី​មន្ត្រី​គណបក្សប្រឆាំង​រូប​នេះ​បាន​បាន​បង្ហោះ​រូប​លោក ហ៊ុន សែន ភ្ជាប់​ជាមួយ​រូប​លោក សុខ អាន ដោយ​ការ​សរសេរ​អក្សរ​ថា «វាសនា​ត្រូវ​ជួប​គ្នា»

អ្នក​វិភាគ​នយោបាយ និង​សង្គម​លោក គឹម សុខ ដែល​កំពុង​ភៀស​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស បាន​ហៅ​ការ​លើក​ឡើង​របស់​លោក​ ហ៊ុន ម៉ានី ជា​កូន​ប្រុស​ពៅ​របស់​លោក ហ៊ុន សែន មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​ថា មាន​ភាព​លំអៀង និង​មិន​មាន​ភាព​ស្នើ​គ្នា​ចំពោះ​មុខ​ច្បាប់។ លោក​ទទូច​ដល់​លោក ហ៊ុន ម៉ានី ត្រូវ​តែ​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​ក្នុង​នាម​ជា​អ្នក​តំណាង​រាស្ត្រ​ម្នាក់ និង​ត្រូវ​តែ​ហ៊ាន​នាំ​យក​ឪពុក​របស់​លោក​មក​ប្រឈម​នឹង​ផ្លូវ​ច្បាប់​ដូច​គ្នា​នេះ​ដែរ ចំពោះ​ការ​ប្រមាថ​ដល់​លោក សោ ចាន់ដេត អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ភ្លើង​ទៀន៖ «ករណី​លោក​ ហ៊ុន សែន​ គំរាម​រហូត​ដល់​បាញ់​រ៉ុកកែត​ កម្ទេច​លោក​ សម រង្ស៊ី​ នឹង​មាន​ពាក្យ​មួយ​ចំនួន​ប្រកាស​ស្ដាយ​មិន​បាន​សម្លាប់​គេ​ផង​នោះ ក៏​ត្រូវ​តែ​ប្រឈម​ចំពោះ​មុខ​ច្បាប់​ដែរ​នោះ ទើប​សម​ជា​យោបល់​របស់​​តំណាង​រាស្ត្រ​ម្នាក់»

មិន​ខុស​គ្នា​ពី​ចរិត​ឪពុក លោក ហ៊ុន ម៉ានី កាល​ពី​ថ្ងៃ​ទី១០ មេសា បាន​ចេញ​មុខ​មក​គំរាម​​អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ភ្លើង​ទៀន​ម្នាក់ ដោយ​ប្រើ​ពាក្យ​ថា លោក​មិន​អាច​បំភ្លេច​បាន​នូវ​ពាក្យ​ប្រមាថ​របស់ សោ ចាន់ដេត បាន​ទេ ដោយ​លោក​ចាត់​ទុក​ថា នេះ​ជា​ទង្វើ​ស្មោកគ្រោក​មួយ ដែល​លោក​មិន​អាច​លើក​លែង​ឲ្យ​បាន​ឡើយ។

សមាជិក​សភា​តំណាង​រាស្ត្រ​ខាង​គណបក្ស​កាន់​អំណាច​ លោក​ ហ៊ុន ម៉ានី និង​ជា​កូន​ប្រុស​ពៅ​លោក​ ហ៊ុន សែន ​បាន​និយាយ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា សម្រាប់​គ្រួសារ​របស់​លោក និង​សម្រាប់​លោក​ជា​កូន​ប្រុស​ម្នាក់​នៅ​ក្នុង​គ្រួសារ​ លោក​ពិត​ជា​មាន​ភាព​តក់ស្លុត​ និង​មាន​ការ​ហួស​ចិត្ត​ជា​ពន់ពេក ក្រោយ​ពេល​អាន​សារ​សរសេរ​ដោយ​លោក សោ ចាន់ដេត។

អតីត​សមាជិក​ព្រឹទ្ធសភា​​គណបក្ស​ភ្លើង​ទៀន​លោក សោ ចាន់ដេត បាន​បង្ហោះ​តាម​គណនេយ្យ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ពេល​ថ្មីៗ នេះ ដោយ​បាន​ភ្ជាប់​រូប​លោក ហ៊ុន សែន ភ្ជាប់​ជាមួយ​រូប​លោក សុខ អាន ដោយ​មាន​សរសេរ​អក្សរ​ថា «វាសនា​ត្រូវ​ជួប​គ្នា» ក្រោយ​ពី​លោក សុខ អាន អតីត​រដ្ឋមន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នឹង​ជា​ដន្លង​លោក​ ហ៊ុន សែន​ បាន​ស្លាប់​បាត់បង់​ជីវិត កាល​ពី​ខែ​មីនា ឆ្នាំ២០១៧ ដោយ​សារ​ជំងឺ។

លោក ហ៊ុន ម៉ានី បាន​ចាត់​ទុក​ថា សារ​ដែល​លោក​ សោ ចាន់ដេត បាន​បង្ហោះ​នេះ ជា​ការ​ប្រមាថ​មួយ ដែល​លោក​មិន​អាច​បំភ្លេច​បាន។

អ្នក​តំណាង​រាស្ត្រ​របប​ក្រុង​ភ្នំពេញ​ និង​ជា​កូន​ប្រុស​ពៅ​ក្នុង​គ្រួសារ​ត្រកូល​ហ៊ុន គឺ​លោក ហ៊ុន ម៉ានី មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​បន្ថែម​ជុំវិញ​ការ​លើក​ឡើង​របស់​លោក​នៅ​ទំព័រ​ហ្វេសប៊ុក​ជាមួយ​វិទ្យុ​អាស៊ី​សេរី៖ «បង​រស្មី​ខ្ញុំ​បាន​ឃើញ និង​ទទួល​សារ​ពី​បង​តាម​តេឡេក្រាម​ហើយ ក៏​ប៉ុន្តែ​បទ​សម្ភាសន៍​ណា​ក៏​ដោយ​ខ្ញុំ​អត់​ទម្លាប់​សម្ភាសន៍​តាម​ទូរស័ព្ទ​ទេ»

អតីត​សមាជិក​ព្រឹទ្ធសភា​​គណបក្ស​ភ្លើង​ទៀន ដែល​របប​ឯក​បក្ស បង្ខំ​ឲ្យ​ចុះ​ចេញ​ពី​តំណែង លោក សោ ចាន់ដេត ធ្លាប់​បាន​រិះ​គន់​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន ម្ដង​រួច​ទៅ​ហើយ​ថា​ វាសនា​លោក​ ហ៊ុន សែន នឹង​ត្រូវ​កំបុត​ក្បាល។

ការ​បង្ហោះ​សារ​នេះ​បាន​បង្ក​អោយ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​លោក ហ៊ុន សែន ហើយ​បាន​បញ្ជា​ឱ្យ​មេធាវី​ដាក់​ពាក្យ​បណ្ដឹង​ពី​បទ​ប្រមាថ និង​ញុះញង់​ ព្រមទាំង​ព្រមាន​រឹបអូស​យក​ទ្រព្យសម្បត្តិ​លោក​ សោ ចាន់ដេត​ ទៀត​ផង។

អតីត​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ភ្លើង​ទៀន​លោក​ សោរ ចាន់ដេត​ បញ្ជាក់​ប្រាប់​អាស៊ី​សេរី​ថា ការ​ដាក់​រូប​ក្នុង​ទំព័រ​ហ្វេសប៊ុក​គ្មាន​ពាក្យពេចន៍​ណា​មួយ​ថា ជា​ការ​ប្រមាថ​លោក ហ៊ុន សែនទេ។

លោក​បញ្ជាក់​ថា អ្វី​ដែល​លោក​និយាយ​មិន​អាច​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ទេ តែ​សកម្មភាព​របស់​លោក​ ហ៊ុន សែន កន្លង​មក​ទេ ដែល​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់ ដែល​យើង​ត្រូវ​តែ​បញ្ឈប់​នយោបាយ​មួយ ដែល​គេ​ហៅ​ថា សម្លាប់​បំបាត់​ពូជ និង​ជីក​រំលើង​ឫស​គណបក្ស​ប្រឆាំង ដែល​ធ្វើ​ឡើង​ដោយ​របប​ក្រុង​ភ្នំពេញ៖ «ចង់​អោយ​លោក ហ៊ុន ម៉ានី គិតគូរ​ឡើង​វិញ គ្រាន់​តែ​ដាក់​រូប យើង​ឈឺ​ចាប់​ប៉ុណ្ណឹង ចុះ​យើង​គំរាម​កំហែង​ដល់​អាយុ​ជីវិត​លោក សម រង្ស៊ី បាញ់​គ្រាប់​បេ​ បាញ់​មីស៊ិល​ផង អា​ហ្នឹង​មិន​មែន​អាយុ​ជីវិត​តែ​លោក​ សម រង្ស៊ី​ ម្នាក់​ប៉ុណ្ណោះ​ទេ។ មាន​មនុស្ស​រាប់​រយ​នាក់​ រាប់​ម៉ឺន​នាក់​ ហើយ​មនុស្ស​ស្លាប់​ច្រើន​ណាស់​បង្ក​ហិង្សា​ច្រើន​ណាស់ អា​ហ្នឹង​វា​គួរ​តែ​គិត​មើល​ឡើង​វិញ»

ឪពុក​បង្កើត​លោក​ ហ៊ុន ម៉ានី​ គឺ​លោក​ ហ៊ុន សែន​ធ្លាប់​បាន​ប្រើ​ពាក្យ​ថា ​លោក​សោក​ស្តាយ​ថា ​មិន​បាន​សម្លាប់​មន្ត្រី​គណបក្ស​ប្រឆាំង​ ហើយ​ចុង​ក្រោយ​នេះ ​លោក​បាន​គំរាម​ថា ​នឹង​ប្រើ​កាំភ្លើង​យន្ត​ស្វ័យ​ប្រវត្តិ​បាញ់​កម្ទេច​លោក​ សម រង្ស៊ី​ ប្រធាន​ស្ដីទី​គណបក្ស​ សង្គ្រោះ​ជាតិ​ប្រសិន​បើ​ហ៊ាន​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​តាម​ច្រក​ព្រំដែន​កម្ពុជា ថៃ។

អ្នក​វិភាគ​នយោបាយ​ និង​សង្គម​លោក​ គឹម សុខ ថ្លែង​ថា លោក ហ៊ុន ម៉ានី ដែល​ជា​កូន​ប្រុស​ពៅ​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ ត្រូវ​តែ​មាន​ជំហរ​អព្យាក្រឹត្យ​ក្នុង​នាម​ជា​អ្នក​តំណាង​រាស្ត្រ​ចំពោះ​រាល់​ការ​គំរាម​ជា​សាធារណៈ​ណា ដែល​ធ្វើ​ឡើង​ដោយ​ឪពុក​របស់​លោក​កន្លង​មក មិន​មែន​ចាំ​តែ​រិះ​គន់​ទៅ​លើ​មន្ត្រី​គណបក្ស​ប្រឆាំង​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment