សុបិន​ក្លាយ​ជា​ផេះ​ផង់ ខណៈ​ប្រជាជន​កម្ពុជា​បន្ត​ស្លាប់​លើ​ដង​ផ្លូវ

កម្ពុជា


រូបថតកញ្ញា ឌុំ រីដា និស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យផារ៉ាហ្កន ជាយុវតីដែលបានបាត់បង់ជីវិតក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយនៅក្នុងទីក្រុងភ្នំពេញ។ (រូបភាព Facebook)


13 មេសា 2019
អូន ឆេងប៉រ
ខាន់ សុគុំមនោ
វីអូអេខ្មែរ

ឃុំព្រែកតាមាក់ ខេត្តកណ្តាល — ​ ដូច​នឹង​ម្តាយ​ដទៃ​ទៀត​ដែរ​ ​អ្នកស្រី​ ​ផាត់​ ​ពៅ​ ​មាន​ក្ដី​ស្រមៃ​សម្រាប់​កូនៗ​របស់​អ្នកស្រី។

ស្ត្រី​វ័យ​កណ្ដាល​រូប​នេះ ​រីក​ធំធាត់​ជា​មនុស្ស​ពេញវ័យ​នា​អំឡុង​ទសវត្សរ៍​ទី៨០។ កាលនោះ​អ្នកស្រី​មាន​ក្ដី​ប្រាថ្នា​ថា​ ​ចង់​សិក្សា​រៀនសូត្រ​ឱ្យ​បាន​ខ្ពង់ខ្ពស់។

ប៉ុន្តែ​ដូច​យុវតី​ដទៃ​ទៀត​ដែរ បន្ទាប់​ពី​របប​ខ្មែរ​ក្រហម អ្នកស្រី​ត្រូវ​ចំណាយ​ពេលវេលា​ប្រចាំថ្ងៃ​ជាច្រើន​ដើម្បី​ធ្វើការ​ក្នុង​ផ្ទះ​និង​ជួយ​ធ្វើ​ការងារ​ឪពុក​ម្តាយ។ គ្រួសារ​របស់​អ្នកស្រី​មិន​មាន​ថវិកា ដើម្បី​ជួយ​ទំនុក​បម្រុង​ការ​សិក្សា​របស់​អ្នកស្រី ដូច្នេះ​ហើយ ​អ្នកស្រី​ ​ផាត់​ ​ពៅ​ ​មិន​មាន​ឱកាស​សម្រេច​ក្ដី​ស្រមៃ​នោះ​ទេ ​ដោយ​អ្នក​ស្រី​ត្រូវ​ឈប់​រៀន​ត្រឹម​ថ្នាក់​មធ្យម​សិក្សា​បឋម​ភូមិ។

នៅ​ពេល​ដែល​អ្នកស្រី​ចាប់​ដៃ​កសាង​ជីវិត​និង​គ្រួសារ​ជាមួយ​ ​លោក​ ឌុំ​ ​វុទ្ធ​ ដែល​ជា​ស្វាមី​អ្នកស្រី​ ​ផាត់​ ​ពៅ​ ​មាន​ក្ដី​ស្រមៃ​ថា កូន​ប្រុស​ស្រី​របស់​អ្នកស្រី​នឹង​ទទួល​បាន​ឱកាស​រៀន​សូត្រ​បាន​វែង​ឆ្ងាយ​ជាង​អ្នកស្រី។

​នៅ​ឯ​គេហដ្ឋាន​របស់​អ្នកស្រី​ក្នុង​ឃុំ​ព្រែក​តាមាក់​ ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល​ ​ស្ត្រី​វ័យ​ ៥០ ឆ្នាំ​រូប​នេះ​បាន​ប្រាប់​ ​VOA​ ​យ៉ាង​ដូច្នេះ​ថា៖

​«ខ្ញុំចង់​ [រៀន​ឲ្យ​ចប់] ​ខ្ញុំ​ចង់​មែនទែន​បាន​ស៊ូ​ជាមួយ​កូន។ ​ខ្ញុំ​ថា​កូន ​និយាយ​ជាមួយ​កូន​ទាំងអស់​ថា ​កូនអើយ​ ម៉ែ​គ្មាន​អី​ចែក​កូន​ទេ អញ្ចឹង​កូន​ខំ​រៀន​ណា​កូន​ណា! ​មាន​តែ​កេរ្ត៍​វិជ្ជា​ទេ​ដែល​ខ្ញុំ​ចែក​ឲ្យ​កូន។​ ហើយ​កូន​ខ្ញុំ​តាម​ខ្ញុំ​ទាំងអស់»។

អ្នកស្រី ផាត ពៅ ម្តាយរបស់ ឌុំ រីដា និងលោក ឌុំ វុធ ជាឪពុក ផ្តល់ការសម្ភាសដល់វីអូអេនៅមុខផ្ទះរបស់ពួកគេ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)

អ្នកស្រី ផាត ពៅ ម្តាយរបស់ ឌុំ រីដា និងលោក ឌុំ វុធ ជាឪពុក ផ្តល់ការសម្ភាសដល់វីអូអេនៅមុខផ្ទះរបស់ពួកគេ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)


ឆ្លើយតប​ទៅ​នឹង​ការ​ទូន្មាន​និង​សេចក្តី​ប្រាថ្នា​របស់​អ្នកស្រី​ ផាត់​ ពៅ​ និង​ស្វាមី​ កូនៗ​ទាំងបួន​រូប​របស់​អ្នកស្រី​ ​ខិតខំ​រៀន​សូត្រ​ដោយ​រួមទាំងកូនស្រី​ទីបី​របស់​អ្នកស្រី​ផង​ដែរ​ ​គឺ​កញ្ញា​ ឌុំ រីដា។

កើត​ក្នុង​ឆ្នាំ ១៩៩៦​ ​ក្នុង​ភូមិ​មួយ តាម​បណ្ដោយ​មាត់ទន្លេ​មេគង្គ​ ​ដែល​ស្ថិត​នៅ​ភាគ​ខាងជើង​ឈាង​ខាងកើត​រាជធានី​ភ្នំពេញ ​យុវតី​ ​ឌុំ​ រីដា​ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កូនស្រី​ដែល​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​និង​ជា​សិស្ស​ល្អ​ក្នុង​សាលា​ដែល​សំភី​រៀនសូត្រ ​បើ​ទោះ​ជា​ជីវភាព​គ្រួសារ​មិន​សម្បូរ​ហូរហៀរ​ក៏ដោយ។ រីដា ចង់​បន្ត​ការ​រៀន​សូត្រ​ឱ្យ​បាន​ច្រើន​បំផុត​ដើម្បី​ធ្វើ​ឲ្យ​ក្តី​សុបិន​របស់​ម្ដាយ​របស់ ​រីដា​ បាន​សម្រេច។​ នេះ​បើ​យោង​តាម​អ្នកស្រី​ ​ផាត់​ ពៅ។

​ការ​ខិតខំ​នេះ​មិន​អសាបង់​នោះ​ទេ។​ យុវតី​ ​ឌុំ រីដា បាន​ក្លាយ​ជា​សិស្ស​ឆ្នើម​ ​ដែល​បាន​ឈ្នះ​តំណែង​ជា​សិស្ស​ពូកែ​ទូទាំង​ប្រទេស​លើ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​ ​អំឡុង​ពេល​ដែល​ខ្លួន​សិក្សា​នៅ​ថ្នាក់​មធ្យម​សិក្សា។ រីដា ក៏​បាន​ទទួល​អាហារូបករណ៍​រៀន​ឥត​បង់ថ្លៃ​នៅ​គ្រឹះស្ថាន​មធ្យម​សិក្សា​ដ៏​ល្បីល្បាញ​ និង​មាន​តម្លៃ​ខ្ពស់​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ ​កាលពី​ ៤ ឆ្នាំ​មុន។

កញ្ញា​ ​ឌុំ រីដា​ ​ដែល​នៅ​បន្ត​ភាព​ឆ្នើម​ផ្នែក​ការ​សិក្សាធិការ​ ​គ្រោង​នឹង​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​ ​និង​ទំនាក់​ទំនង​អន្តរជាតិ​ ​ក្នុង​ខែ​កក្កដា​ខាងមុខនេះ។ ព្រឹត្តិការណ៍​ដ៏​អកុសល​មួយ​នៅ​រសៀល​ថ្ងៃទី ២៦​ ខែមីនា​ ​ឆ្នាំ ២០១៩ កន្លង​ទៅ​បាន​ផ្លាស់ប្ដូរ ​និង​បញ្ចប់​ក្ដី​សង្ឃឹម និង​សុបិន​ទាំងនោះ។

​នៅ​រសៀលថ្ងៃ​នោះ​ ​អ្នកស្រី​ ​ផាត់​ ​ពៅ​ ​កំពុង​បំពេញ​កិច្ចការ​ងារ​ដ៏​មមាញឹក​ដូច​សព្វ​មួយ​ដង​នៅ​ឯ​គេហដ្ឋាន​របស់​អ្នកស្រី​ ​រួមមាន​ការ​ចិត​ផ្លែ​ល្ពៅ​ធ្វើ​ជា​ភេសជ្ជៈ​សម្រាប់​លក់​ជូន​អ្នកភូមិ​ផ្សែផ្សំ​ថវិកា​ទុក​គ្រាន់​ផ្គត់ផ្គង់​ការ​រៀនសូត្រ​របស់​កូនៗ​អ្នកស្រី។​ ​រំពេចនោះ​ ​អ្នកស្រី​ក៏​បាន​ទទួល​ការ​ហៅ​ទូរស័ព្ទ​ពី​ម្ចាស់ផ្ទះ​ជួល​ក្នុង​រាជធានី​ភ្នំពេញ​ ​ទី​ដែល​កញ្ញា​ ​ឌុំ​ រីដា​ ​ស្នាក់នៅ​សិក្សា​រៀនសូត្រ។ ម្ចាស់​ផ្ទះ​ជួល​បាន​ប្រាប់​អ្នកស្រី​ ថា​កូន​របស់​អ្នកស្រី​ ​បានប្រទះ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ប្រល័យ​មួយ។

​បើ​យោង​តាម​រូបភាព​ដែល​ត្រូវ​បាន​គេ​ចែកចាយ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​នានា​យុវតី​ ​ឌុំ រីដា​ ​កំពុង​ធ្វើដំណើរ​លើ​ទោចក្រយាន​យន្ត​ម៉ាក​គុប​របស់​កញ្ញា​ ​មក​ដល់​ផ្លូវជើង​ក្អែក​មួយ។ នៅ​ទីនោះ​ហើយ​ដែល​ម៉ូតូ​ ​និង​រូប​កញ្ញា​ផ្ទាល់​ ​ត្រូវ​បាន​បុក​ពេញ​ទំហឹង​ ​ដោយ​រថយន្ត​ទំនើប​ម៉ាក​ ​Range​ ​Rover​ ​មួយ​គ្រឿង​ ​ដែល​ធ្វើ​ដំណើរ​ពី​ទិសដៅ​កែង​ខាងស្ដាំ​នៃ​ម៉ូតូ​របស់​កញ្ញា។​ នៅ​ក្នុង​រូបភាព​នោះ​កញ្ញា​ត្រូវ​បាន​រថយន្ត​ទំនើប​នោះ​បុក​ប៉ើង​ខ្ទាត​ទៅកាន់​ទី​ចិញ្ចើម​ផ្លូវ​ម្ខាង។

​កញ្ញា ​ឌុំ រីដា​ ​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅនឹង​កន្លែង​កើតហេតុ។

ក្ដី​សម្រៃ​មួយ​ទៀត​របស់​អ្នកស្រី​ ​ផាត់​ ​ពៅ​ ​ជា​ម្ដាយ​ក៏​បាន​រលាយ​បាត់បង់​សា​ជា​ថ្មី​ម្ដង​ទៀត។​ ​អ្នកស្រី​ ​ផាត់​ ​ពៅ​ ​បាន​បន្ត​ប្រាប់​ពី​អារម្មណ៍​អ្នកស្រី​នៅ​ថ្ងៃ​កើត​ហេតុ​ថា៖

​«ខ្ញុំ​វិល​… ​វិល​…កូន​ខ្ញុំ​មួយ​ណា? កូន​ខ្ញុំ​ជិះ​ម៉ូតូ [ម៉ាក] អាគុប​មួយ​ណា? ខ្ញុំ​និយាយ​អត់​កើត​ហ្មង​ណា។ ​ខ្ញុំ​អត់​ដឹង​ថា​ម៉េច ​ហើយ​ខ្ញុំ​អត់​ចង់​ជឿ​ទៀត។ ខ្ញុំ​អត់​ចង់​ជឿ​ថា​កូន​ខ្ញុំ​ទៀត»។

​ហេតុការណ៍​សោកនាដកម្ម​នេះ​ ​បាន​នាំ​ឱ្យ​កញ្ញា​ ​ឌុំ​ រីដា​ ក្លាយ​ជា​ជន​រងគ្រោះ​ម្នាក់​នៅ​ក្នុង​ចំណោម​ប្រជាជន ៥១៣ នាក់​ ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​លើ​ដង​ផ្លូវ​នានា​ក្នុង​ប្រទេស​កម្ពុជា​ ក្នុងគ្រោះថ្នាក់​ចរាចរណ៍​រយៈពេល ៣ ខែ​ ដើម​ឆ្នាំ ​២០១៩ នេះ។​ ​បើ​យោង​តាម​ទិន្នន័យ​ស្ថិតិ​របស់ក្រ​សួង​មហាផ្ទៃ​ ​ដែល​បាន​កត់ត្រា​ចំនួន ​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ ​១៧៦១ នាក់​ ​ពេញ​មួយ​ឆ្នាំ ២០១៨ កន្លងទៅ។

ទីធ្លាមុខផ្ទះរបស់គ្រួសារកញ្ញា ឌុំ រីដា ជាទីកន្លែងដែលគ្រួសាររបស់ពួកគេអង្គុយជុំគ្នាធ្វើការងារផ្ទះនិងជជែកគ្នាលេង នៅស្រុកខ្សាច់កណ្តាល នៅខេត្តកណ្តាល នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)

ទីធ្លាមុខផ្ទះរបស់គ្រួសារកញ្ញា ឌុំ រីដា ជាទីកន្លែងដែលគ្រួសាររបស់ពួកគេអង្គុយជុំគ្នាធ្វើការងារផ្ទះនិងជជែកគ្នាលេង នៅស្រុកខ្សាច់កណ្តាល នៅខេត្តកណ្តាល នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)


សិស្សស្រីមួយរូបនៅក្នុងអគារនៃវិទ្យាល័យខ្សាច់កណ្តាល នៅខេត្តកណ្តាល នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)

សិស្សស្រីមួយរូបនៅក្នុងអគារនៃវិទ្យាល័យខ្សាច់កណ្តាល នៅខេត្តកណ្តាល នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)


​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​ស្ថាប័ន​ដៃគូ​ ​ក៏​បាន​ប៉ាន់​ប្រមាណ​ផង​ដែរ​ថា​ ​គ្រោះថ្នាក់​ចរាចរណ៍​ ​ក្រៅ​តែ​ពី​បាន​ប្រល័យជីវិត​អ្នក​ធ្វើ​ដំណើរ​ ​ក៏​បាន​បង្ក​ឱ្យ​មាន​ការ​បាត់បង់​តម្លៃ​សេដ្ឋកិច្ច​ប្រមាណ​ ​៣៥០ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ផង​ដែរ​ ​ក្នុង​មួយ​ឆ្នាំៗ។

​លោក​ ​គង់​ ​រតនៈ​ ​នាយក​ស្ដីទី​នៃ​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ បាន​ថ្លែង​ថា​ការ​គណនា​ទំហំ​ខូចខាត​ផ្នែក​សេដ្ឋកិច្ច​នេះ​ ​រាប់​បញ្ចូល​ទាំង​ការ​បាត់បង់​ធនធាន​មនុស្ស​ ​ដោយ​ពិការភាព​ ​ផលិតភាព​ផ្នែក​សេដ្ឋកិច្ច ចំណាយ​រដ្ឋបាល​ ​និង​ការថែទាំ​ផ្នែក​សុខា​ភិបាល​ក្រោយពី​មាន​គ្រោះថ្នាក់​ផង​ដែរ។

​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​បញ្ហា​សុវត្ថិភាព​តាម​ដង​ផ្លូវ​រូប​នេះ​ ​បាន​និយាយ​ថា​ ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ទំនង​ជា​មិន​អាច​ឱ្យ​កម្ពុជា​ ​សម្រេច​បាន​នូវ​គោលដៅ​កំណត់​ក្នុង​ឆ្នាំ ២០១១​ ​ដោយ​អង្គការ​សហ​ប្រជាជាតិ​ ​ក្នុង​ការ​បន្ថយ​អត្រា​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យ​បាន​ពាក់​កណ្ដាល​ ​ត្រឹម​ឆ្នាំ ២០២០ ឆ្នាំ​ក្រោយ​នេះ​បាន​ទេ។

​លោក​ ​គង់​ ​រតនៈ​ ​បាន​ប្រាប់ VOA​ ​ក្នុង​បទ​សម្ភាស​មួយ​តាម​ទូរស័ព្ទ​យ៉ាង​ដូច្នេះ​ថា៖​

«ពួក​ខ្ញុំ​តែងតែ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ហ្នឹង​ គឺ​យកចិត្ត​ទុកដាក់​ ​ហើយ​ព្យាយាម​ជជែក​អំពី​បញ្ហា​ការបាត់បង់​អាយុ​ជីវិត​នៅ​តាម​ដងផ្លូវ​ហ្នឹង​ដូចគ្នា។​ ​ហើយ​ខ្ញុំ​ក៏​ធ្លាប់​បាន​ប្រៀប​ធៀប​ដែរ​អំពី​មនុស្ស​ដូចគ្នា​ ​ជីវិត​ដូចគ្នា​ ​ប៉ុន្តែ​អ្នក​ស្លាប់​ដោយសារ​ការ​ធ្លាក់​យន្តហោះ-សុំទោស​ណា៎ – ការ​ធ្លាក់​យន្តហោះ​អី​ផ្សេងៗ​ហ្នឹង​ ​ដូចជា​គ្រោះថ្នាក់​ដូចគ្នា​ ​ក៏ប៉ុន្តែ​គ្រោះថ្នាក់​ហ្នឹង​ត្រូវ​បាន​បណ្ដាញ​សារព័ត៌មាន​ ​ឬក៏​ប្រជា​ពលរដ្ឋ​ហ្នឹង​ ​គាត់​និយាយ​ច្រើន​មែនទែន។​ ​ក៏ប៉ុន្តែ​បើ​យើង​មើល​ពី​រឿង​គ្រោះថ្នាក់​ចរាចរណ៍​វិញ​ ​បើ​យើង​គិតតែ​ត្រឹម​ស្រុកខ្មែរ​យើង​ទេ​ ​ក្នុង​មួយថ្ងៃ​ជា​មធ្យម​មាន ៥ នាក់​ ​ហើយ​បើ​យើង​និយាយ​ពី​ខែ​មីនា​កន្លង​ផុត​ទៅ​ហ្នឹង​ ​ជាមធ្យម​គឺ​ឡើង​ដល់ ៧ នាក់​ ​អីចឹង​ទៅ។​ ​ក៏ប៉ុន្តែ​ការណ៍​ដែល​យើង​និយាយ​ ​ឬក៏​សារព័ត៌មាន​ ​ឬក៏​បណ្ដាញ​សង្គម​ផ្សេងៗ​ ​ការណ៍​ដែល​គាត់​គិត​មើល​ទៅ​ ​គឺជា​ករណី​ដូចជា​រឿង​ស្រាល សម្រាប់​ករណី​ទូទៅ»។

​អ្នក​តាមដាន​រូប​នេះ​បាន​បន្ត​ថា៖

​«សម្រាប់​ពួក​ខ្ញុំ​ត្រឹម​ជា​សង្គម​ស៊ីវិល​អ៊ីចឹង​ ​គឺ​យើង​អាច​ត្រឹមតែ​អំពាវនាវ​ហើយ​និង​ចូលរួម​ផ្សព្វផ្សាយ​ ​អំពី​ផល​លំបាក​នេះ​ទេ​ ​ប៉ុន្តែ​យើង​ក៏​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ផង​ដែរ​ ​សុំ​ឱ្យ​គាត់​ព្យាយាម​រឹត​បន្តឹង​ច្បាប់​ហ្នឹង​ឱ្យ​ខ្លាំង»។

អ្នក​ជំនាញ​រូប​នេះ​ក៏បាន​បន្ថែម​ដែរ​ថា​ វា​មាន​ការពិបាក ​ក្នុងការ​អប់រំ​ផ្សព្វផ្សាយ​ទៅដល់​មហាជន​ ​ប្រកប​ដោយ​ប្រសិទ្ធភាព​ ​ដើម្បី​ឈាន​ទៅដល់​ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​អ្នក​បញ្ជា​យានយន្ត​ ​ដែល​ធានា​ធ្វើ​យ៉ាងណា​ឱ្យ​ការ​ធ្វើដំណើរ​មាន​និយាម​ ​និង​កម្រិត​សុវត្ថិភាព​ជាង​មុន។លោក​បន្ថែម​ថា​ ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក៏​នៅ​មាន​កម្រិត​នៅ​ឡើយ។

សិស្សានុសិស្សជិះកង់ជុំគ្នាធ្វើដំណើរទៅមករវាងសាលារៀន និងផ្ទះ នៅស្រុកខ្សាច់កណ្តាលជារូបភាពដែលម្តាយរបស់ កញ្ញា ឌុំ រីដា រំលឹកអំពីអតីតកាលនៅពេលដែលកូនស្រីរបស់អ្នកស្រីធ្វើដំណើរទៅសាលារៀន នៅខេត្តកណ្តាល នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)

សិស្សានុសិស្សជិះកង់ជុំគ្នាធ្វើដំណើរទៅមករវាងសាលារៀន និងផ្ទះ នៅស្រុកខ្សាច់កណ្តាលជារូបភាពដែលម្តាយរបស់ កញ្ញា ឌុំ រីដា រំលឹកអំពីអតីតកាលនៅពេលដែលកូនស្រីរបស់អ្នកស្រីធ្វើដំណើរទៅសាលារៀន នៅខេត្តកណ្តាល នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)


​ការ​បាត់បង់

​បើ​ទោះជា​មាន​ការ​គណនា​ប៉ាន់ប្រមាណ​ទំហំ​ខូចខាត​ផ្នែក​សេដ្ឋកិច្ច​ដោយសារ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាងណាក្ដី​ ​មិន​មាន​តួលេខ​ណាមួយ​អាច​បញ្ជាក់​ប្រាប់​បាន​នោះ​ទេ​ ​អំពី​ទំហំ​នៃ​ការខូចខាត​ផ្នែក​ស្មារតី​និង​សតិ​អារម្មណ៍​ដែល​កើតមាន​ក្នុង​ក្រុម​គ្រួសារ​ដែល​បាត់បង់​សមាជិក​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍។​ ​នេះ​បើ​យោង​តាម​ ​លោក​ គង់​រតនៈ។

​ការណ៍​នេះ​គេ​អាច​ពិនិត្យ​មើល​បាន​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ដែល​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​កញ្ញា​ ​ឌុំ រីដា​ដែល​នាំ​ឲ្យ​ក្រុម​គ្រួសារ​ ​និង​អ្នក​ស្រឡាញ់​ចូលចិត្ត​កញ្ញាត្រូវ​រង​ការ​ញាំញី​ និង​ភាព​សោកសៅ​ដោយ​ការ​ចាកចេញនៃ​យុវតី​រូប​នេះ។

​អ្នកស្រី​ ផាត់​ ពៅ​ ជា​ម្ដាយ​បាន​ត្រឹមតែ​អាច​រំឭក​ឡើងវិញ​នូវ​ជីវិត​តស៊ូ​ប្រឹងប្រែង​ជម្នះ​ការ​លំបាក​នៃ​កូនស្រី​របស់​ខ្លួន​តែប៉ុណ្ណោះ​ ​ក្នុង​បទ​សម្ភាស​ដែល​មាន​រយៈពេល​ ២៩ នាទី​ជាមួយ VOA នៅ​ឯ​គេហដ្ឋាន​របស់​អ្នកស្រី​ ​ក្នុង​ភូមិ​កំពង់ដំរី​ ​ឃុំ​ព្រែក​តាមាក់​ ​ស្រុក​ខ្សាច់កណ្ដាល​ ​ខេត្ត​កណ្ដាល។

​«អាណិត​កូន ​ត្រង់​ថា​កូន​អត់​ទាន់​បាន​ល្អ។​ កូន​អត់​ទាន់​បាន​សប្បាយ ​អត់​ទាន់​បាន​ឆ្ងាញ់ មិន​ដែល​ត្អូញ​ត្អែរ​ថា ម៉ែ​ម្ហូប​នេះ​ហូប​មិន​កើត​អី​អត់​ដែល​ទេ។ គឺ​ថា​[ល្អ] គ្រប់​ដប់​ហ្មង​កូន​ហ្នឹង»។

​ថ្លែង​ក្នុង​សំឡេង​ខ្សឹកខ្សួល​អួល​បំពង់ក​និយាយ​បណ្ដើរ​ទឹកភ្នែក​ហូរ​បណ្ដើរ​ អ្នកស្រី​ ​ផាត់​ ​ពៅ​ ​បាន​ប្រឹង​តាំង​ស្មារតី​បន្ត​ជា​ពាក្យ​ពេជន៍​យ៉ាង​ដូច្នេះ​ថា៖

​«ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់​ត្រង់​ថា ជា​បេះដូង​របស់​ខ្ញុំណា។​ ជា​បេះដូង​របស់​បង​ប្អូន ​ទាំង​ឪពុក​ម្តាយ ​សង្ឃឹម​លើ​គាត់​ហើយ»។

​បើ​យោង​តាម​អ្នកស្រី​ ​ផាត់​ ​ពៅ​ ​មុន​ពេល​ស្លាប់​កញ្ញា​ ឌុំ រីដា ធ្លាប់​បាន​ប្រាប់​អ្នកស្រី​ដែល​ជា​ម្ដាយ​ថា​ នាង​មាន​ក្ដី​បំណង​ស្វះស្វែង​រក​ឱកាស​បន្ត​ការសិក្សា​ថ្នាក់​ក្រោយ​ឧត្ដម​ទៅ​ក្រៅ​ប្រទេស​បន្ថែម​ទៀត​ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នា​ខែ​កក្កដា​ខាង​មុខ​នេះ។

​«អាណិត​កូនខ្លាំង​ត្រង់​ថា ​ស្តាយ!​ ស្តាយ…កូន​ជិត​មាន​អនាគត​ហើយ ​ជិត​បាន​សប្បាយ​ហ្នឹង​គេ​ហើយ តែ​បែរ​ជា​អញ្ចឹង​ទៅ​វិញ»។

​នៅ​ឯ​សាលា​បណ្ដុះ​វិជ្ជា​កាល​ពី​កុមារភាព​និង​វ័យ​ជំទង់​វិញ​ អតីត​គ្រូ​បង្រៀន​ម្នាក់​ដែល​ធ្លាប់​បាន​បង្ហាត់បង្ហាញ​កញ្ញា ​ឌុំ រីដា​ ដោយ​ផ្ទាល់​បាន​ថ្លែង​ថា អ្នកស្រី​អាច​ចងចាំ​នូវ​ភាព​រស់​រវើក​ និង​ឧស្សាហ៍​ព្យាយាម​របស់​យុវតី​រូប​នេះ​នៅ​នឹង​មុខ។ ហើយ​អ្នកស្រី​ក៏​ចាំ​ផង​ដែរ​ថា រីដា​ មាន​ទេព​កោសល្យ​ក្នុង​ការ​ចោទ​ជា​សំណួរ​មកកាន់​គ្រូ​ ដើម្បី​ពង្រីក​ចំណេះដឹង​របស់​ខ្លួន​និង​មិត្ត​រួម​ថ្នាក់។

​អ្នកស្រី​ ឡាយ​ សុវណ្ណី អាយុ ៦២ ឆ្នាំ​ ដែល​ធ្លាប់​បាន​បង្រៀន​មុខវិជ្ជា​អក្សរសាស្ត្រ​ខ្មែរ​ ​ដល់​កញ្ញា ​ឌុំ រីដា នៅ​ថ្នាក់​បញ្ចប់​វិទ្យាល័យ​កាលពី​អំឡុង​កន្លះ​ទសវត្សរ៍​មុន​ បាន​ថ្លែង​ប្រាប់ VOA តាម​ទូរស័ព្ទ​យ៉ាង​ដូច្នេះ​ថា៖

«គឺ​ចរិក​ល្អ! ចរិក​ល្អ…មាន​សេចក្តី​ព្យាយាម ​តស៊ូ​ខ្លាំង​បំផុត​កូន​ហ្នឹង។ កូន​អ្នក​ក្រ​មាន​ការ​តស៊ូ​ខ្លាំង​តស៊ូ​ណាស់​ចា តស៊ូ​ណាស់​នៅ​លើ​ការ​សិក្សា។ គាត់​យក​ពេល​វេលា​សម្រាក​ដើម្បី​សួរ​នាំ ​កន្លែង​ណា​គាត់​អត់​យល់​ធ្វើ​ឲ្យ​យើង​រំភើប​ចិត្ត​ ហើយ​អត់​មាន​ការ​លាក់​លាម​ទេ ពេញចិត្ត​បកស្រាយ​ជូន​គាត់​ហ្មង។​ កន្លែង​ហ្នឹង​ហើយ​ដែល​ខ្ញុំចាំ​ជាងគេ ​គឺប៉ុណ្ណឹង​ឯង»។

អ្នកគ្រូ​បង្រៀន​ចូលនិវត្តន៍​រូប​នេះ​ ​បាន​បន្ត​ទៀត​យ៉ាង​ដូច្នេះ​ថា៖​

​«ពេល​ហ្នឹង​ខ្ញុំ​ហាក់​ដូច​ជា​រន្ធត់​ចិត្ត​ខ្លាំង​ណាស់។ ​អាណិត​អាសូរ​ចំពោះ​គាត់​ដែល​ជា​ធនធាន​មនុស្ស​ម្នាក់​ល្អ​ប្រសើរ​ទៅ​អនាគត​ព្រោះ​គាត់​ប្រឹង​រៀន។​ ហើយ​គតិ​របស់​គាត់​គឺ​គាត់​ស្រលាញ់​ការ​រៀន​សូត្រ​តែ​ម្តង អញ្ចឹង​ខ្ញុំ​មាន​តែ​ការ​អាណិត​អាសូរ​ ហើយ​សោកស្តាយ​ជា​ទីបំផុត​ចា»។

រូបឯកសារ៖ ប៉ូលិស​ចរាចរណ៍​ កំពុង​ជួយ​សម្រួល​លំហូរ​ចរាចរណ៍​ជូន​ពលរដ្ឋ​កម្ពុជា ដែល​ធ្វើដំណើរ​ទៅកាន់​ស្រុក​កំណើត​ ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១៣ ខែ​មេសា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

រូបឯកសារ៖ ប៉ូលិស​ចរាចរណ៍​ កំពុង​ជួយ​សម្រួល​លំហូរ​ចរាចរណ៍​ជូន​ពលរដ្ឋ​កម្ពុជា ដែល​ធ្វើដំណើរ​ទៅកាន់​ស្រុក​កំណើត​ ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១៣ ខែ​មេសា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)


ការ​ក្រាញ​ននាល​នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍

អ្នក​ជំនាញ​ ​និង​អ្នក​តាមដាន​នានា​ បាន​អំពាវនាវ​ជា​បន្ត​បន្ទាប់​ ​ទៅដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឱ្យ​ធ្វើ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យ​មាន​សុវត្ថិភាព​ ​និង​អំពាវនាវ​ពលរដ្ឋ​ឱ្យ​មាន​ការ​ចូលរួម​អនុវត្ត​និង​ប្រតិបត្តិ​និយាម​សុវត្ថិភាព​ចរាចរណ៍​ឱ្យ​បាន​ខ្ជាប់ខ្ជួន។

​កម្ពុជា​បាន​សម្រេច​អនុម័ត​ចេញ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​មួយ​កាលពី​ឆ្នាំ ២០១៥​កន្លងទៅ​ ​ដោយ​បាន​បង្កើន​ទម្ងន់​ទោស​ ​និង​ការ​ផាក​ពិន័យ​ខ្លាំងក្លា​ជាង​មុន​ ​ទៅ​លើ​បទល្មើស​ចរាចរណ៍​នានា​ ​ដែល​ក្នុង​នោះ​ក៏បាន​តម្រូវ​ឱ្យ​អ្នក​បើកបរ​បញ្ជា​យានជំនិះ​ទាំងអស់​ ​រួម​ទាំង​ម៉ូតូ​ផង​ ​ត្រូវ​មាន​បណ្ណ​បើកបរ​ត្រឹមត្រូវ។

​យ៉ាងណាក្ដី​ ​ខណៈ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ ​សែន​ ​កំពុង​បង្កើន​នូវ​វត្តមាន​ ​និង​ប្រជាប្រិយ​ភាព​របស់​លោក​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​នៅដើម​ឆ្នាំ ២០១៦​ ​មាន​ការ​កែប្រែ​តាម​សំណើ​ដែល​ពលរដ្ឋ​មួយ​ចំនួន​បាន​ផ្ញើ​ជូន​លោក​ ដែល​នាំ​ឱ្យ​មានការ​បន្ធូរ​លក្ខខណ្ឌ​តម្រូវ​ឱ្យ​មាន​បណ្ណ​បើកបរ​ ​សម្រាប់​តែ​អ្នកបញ្ជា​ទោចក្រយាន​យន្ត​ដែល​ទំហំ​ស៊ីឡាំង​ម៉ាស៊ីន​ ១២៥ CC ឡើង​តែប៉ុណ្ណោះ។

​នៅ​ចុងឆ្នាំ ២០១៥​ ​លោក​ទេស​រដ្ឋមន្ត្រី​ ​ឱម​ ​យ៉ិនទៀង​ ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​រិះគន់​ទៅ​លើ​ស្ថាប័ន​នគរបាល​ ជាពិសេស​ផ្នែក​ចរាចរណ៍​អំពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ផាកពិន័យ​ ​និង​ត្រួតពិនិត្យ​ចរាចរណ៍។ លោក​បាន​ប្រើ​ពាក្យ​ថា៖ «គេ​គួរ​ប្រើប្រាស់ «ច្រាស​ដែក» ដើម្បី​ខាត់​ដុះ​សម្អាត​ស្ថាប័ន​មួយ​នេះ។ ក្រោយ​មក​លោក​បាន​សុំទោស​ចំពោះ​លោក​ ​ស​ ​ខេង​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ដែល​ជា​បុគ្គល​នយោបាយ​ថ្នាក់​ខ្ពស់​បំផុត ​ដែលមើល​ការ​ខុស​ត្រូវ​លើ​កម្លាំង​នគរបាល​ទូទាំង​ប្រទេស។

​កង្វះ​ការ​វិនិយោគ​សាធារណៈ ​ដើម្បី​លើកកម្ពស់​សុវត្ថិភាព​នៃ​ការ​ធ្វើដំណើរ​តាម​ដង​ផ្លូវ​ក៏​ត្រូវ​បាន​គេ​លើក​យក​មក​ពិ​ភាក្សា​ផង​ដែរ។​ ​លោក​ ​គង់​ ​រតនៈ​ ​នៃ​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ​បាន​ថ្លែង​ទៀត​ថា​ ​ការ​វិនិយោគ​មិនទាន់​គ្រប់គ្រាន់​ទៅ​លើ​បញ្ហា​សុវត្ថិភាព​ចរាចរណ៍​ បាន​ពន្យឺត​ការងារ​នេះ​ ​និង​នាំ​ឱ្យ​ការ​អនុវត្ត​ច្បាប់​នៅ​មាន​កម្រិត​ផង​ដែរ។

​លោក​ ​គង់​ ​រតនៈ​ ​បាន​ប្រាប់ VOA យ៉ាង​ដូច្នេះ​ថា៖

​«យើង​ឃើញ​ថា​ ទឹកលុយ​នៃ​ការ​វិនិយោគ​ហ្នឹង​វា​តិច​មែនទែន ​…​ គឺ​យើង​ឃើញ​ថា​វា​នៅតែ​មាន​កម្រិត​មួយ​ទាប​ ​ដែល​វា​មិន​អាច​ឆ្លើយតប​ទៅនឹង​បញ្ហា​ដែល​យើង​កើតឡើង​ ​អ៊ីចឹង​សម្រាប់​ខ្ញុំ​ ​ឱកាស​នៃ​ការ​ជោគជ័យ​ ​ក្នុង​ការ​កាត់បន្ថយ​ចំនួន​អ្នក​ស្លាប់​ហ្នឹង​ ​គឺ​យើង​ពិបាក​ខិត​ទៅ​រក​ជោគជ័យ​ហ្នឹង​ណាស់»។

​នៅក្នុង​សុន្ទរកថា​មួយ​ ​កាលពី​ថ្ងៃអង្គារ​ដើម​សប្ដាហ៍​នេះ​ ​ថ្លែង​ទៅកាន់​អង្គប្រជុំ​ប្រចាំ​ត្រី​មាស​ ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ​នៅ​ក្រសួង​មហាផ្ទៃ​ ​លោក​ ​ស៊ុន​ ​ចាន់ថុល​ ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ ​ក៏បាន​ឯកភាព​ដែរ​ថា​ ​ថវិកា​ជាតិ​ដែល​ត្រូវ​បាន​បែងចែក​ ​សម្រាប់​ការងារ​សុវត្ថិភាព​ចរាចរណ៍​នៅ​មានកម្រិត​ត្រឹម​៤០ ម៉ឺន​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំៗ​ ​ដែល​លោក​ថា​ ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ។

​លោក​ ​ស៊ុន​ ​ចាន់ថុល​ ​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖

«យើង​បាត់ ៣៥០ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ ​តែ​យើង​មិន​ហ៊ាន​ចាយ ១ លាន​ ​២ លាន​ ​ដើម្បី​ជួយ​កាត់ ៣៥០ លាន​ ​ខ្ញុំ​ថា​មិនទាន់​ ​មិនទាន់​ ​ត្រឹមត្រូវ។​ ​អ៊ីចឹង​គួរតែ​រក​ថវិកា​ឱ្យ​បាន​ច្រើន​បន្តិច​ទៀត​ ​ដើម្បី​យើង​មាន​សកម្មភាព​ច្រើន​ជាង​នេះ​យក​ទៅ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ»។

លោក​រដ្ឋមន្ត្រី​រូប​នេះ​ក៏​បាន​អំពាវនាវ​ ​និង​លើក​ជា​គំនិត​ផ្ដួចផ្ដើម​ឱ្យ​មាន​ការ​ចូលរួម​ពី​សំណាក់​គ្រឹះស្ថានសិក្សា​ ​និង​សហគ្រាស​ឯកជន​នានា​ ​ឱ្យ​មាន​ជាវ​គ្គ​បណ្ដុះ​បណ្ដាល​ជាប្រចាំ​ទៅដល់​សិស្សានុសិស្ស​ ​និង​និយោជិក​របស់​ខ្លួន​ ​នូវ​ប្រការ​ច្បាប់​ ​និង​និយាម​សុវត្ថិភាព​ចរាចរណ៍​តាម​ដងផ្លូវ។

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានចាប់ផ្តើមយុទ្ធនាការ #JusticeForRida ឬ #យុត្តិធម៌ចំពោះរីដា (គំនូរដោយ Hans Grey)

ដំណើរ​ដ៏​វែងឆ្ងាយ​ទៅ​រក​យុត្តិធម៌

ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ដាក់​ចំណាត់ថ្នាក់​លំដាប់​លេខ ១២៥​ ​ក្នុង​ចំណោម​ប្រទេស ១២៦​ ទូទាំង​ពិភពលោក​ដែល ​ត្រូវ​បាន​គេ​សិក្សា​ក្នុង​សន្ទស្សន៍​នីតិរដ្ឋ​ឆ្នាំ ២០១៩​ ​(Rule​ ​of​ ​Law​ ​Index​ ​2019) ដែល​អង្កេត​ដោយ​គម្រោង​យុត្តិធម៌​ពិភពលោក​ ​ដែល​ជា​អង្គការ​តស៊ូ​មតិ​លើ​ប្រព័ន្ធ​យុត្តិធម៌​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក។ ​

ប្រទេស​កម្ពុជា​ទទួល​បាន​ពិន្ទុ​ត្រឹម​តែ ០.២៣ ប៉ុណ្ណោះ​ ​ក្នុង​ចំណោម​ពិន្ទុ​ពេញ ១.០០​ ​លើ​ផ្នែក​យុត្តិធម៌​ស៊ីវិល។

​អ្នក​តាម​ដាន​ស្ថានការណ៍​នេះ​ក៏​បាន​លើកឡើង​ដែរ​ថា​ ការណ៍​នេះ​ក៏​មិន​មាន​អ្វី​ខុសគ្នា​ ​ចំពោះ​ដំណើរការ​យុត្តិធម៌​សម្រាប់​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ។

​លោក​ សន​ ជ័យ​ នាយក​ប្រតិបត្តិ​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​បាន​ថ្លែង​ថា ការអនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​មាន​កម្រិត​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ​រួមមាន​នគរបាល​និង​តុលា​ការ ​អាច​ជា​កត្តា​ដែល​នាំ​ឱ្យ​ការ​ប្រព្រឹត្ត​បទ​ល្មើស​ចរាចរណ៍​បន្ត​កើត​មាន​ ហើយ​អត្រា​អ្នក​ស្លាប់​នៅ​តែ​មាន​កម្រិត​ខ្ពស់។ លោកថា​ ​ការណ៍​នេះ​នាំ​ឱ្យ​យុត្តិធម៌​ពិតប្រាកដ​ហាក់​នៅ​កាន់តែ​ឆ្ងាយ​ពី​ជន​រងគ្រោះ​ផង​ដែរ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​ ​បាន​ប្រាប់ VOA យ៉ាង​ដូច្នេះ​ថា៖

​«គ្រោះថ្នាក់​ចរាចរណ៍​វា​ជា​រឿង​មួយ​ដែល​ប៉ះពាល់​ជាមួយ​នឹង​សមត្ថកិច្ច​ ​ដំបូង​គឺ​ប៉ូលិ​ស​ ​ហើយ​និង​ការ​បញ្ជូន​សំណុំរឿង​ហើយ​ និង​គេ​មើល​ទៅ​លើ​រឿង​ថា​តើ​តុលាការ​យកចិត្ត​ទុក​ដាក់​បាន​កម្រិត​ណា​ ​អ៊ីចឹង​តួអង្គ​ពីរ​ហ្នឹងហើយ​ដែល​ធ្វើ​ឱ្យ​ជនរងគ្រោះ​ហ្នឹង។​ ​ហើយ​ក្រៅ​ពី​នោះ​ ​បើសិន​ជា​គ្រួសារ​ជន​រងគ្រោះ​ហ្នឹង​ ​គាត់​មិនសូវ​មាន​ចំណេះ​ដឹង ​ឬ​ក៏​គ្មាន​ការ​ជួយ​ពី​ក្រុម​ណាមួយ​ទេ​ ​ឬក៏​គេ​ហៅថា​ ​គាត់​ត្រូវ​រក​មេធាវី​ខ្លួនឯង​ហ្នឹង​ ​វា​សុទ្ធតែ​ជា​រឿង​មួយ​ដែល​ធ្វើ​ឱ្យ​រឿង​នេះ​ ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ហ្នឹង​ វា​កាន់​ប៉ះពាល់​ ​ហើយ​អ្នក​រងគ្រោះ​ហ្នឹង​មិន​ងាយ​ទទួល​បាន​យុត្តិធម៌​ទេ»។

​លោក​ ​សន​ ​ជ័យ​ ​បាន​បន្ថែម​ប្រាប់​តាម​ទូរស័ព្ទ​យ៉ាង​ដូច្នេះ​ថា៖

​«បាទ​យើង​មើល​ទៅ​ការ​លើកឡើង​អំពី​ការ​អនុវត្ត​ច្បាប់​ស្ដង់ដារ​ពីរ​ ​ស្ដង់ដារ​ពីរ​ ​ដែល​គ្រោះថ្នាក់​ចរាចរណ៍​ហ្នឹង​ ​ក៏​យើង​មើល​ឃើញ​អំពី​កម្រិត​នៃ​ការ​ទទួល​បាន​យុត្តិធម៌​ខុសគ្នា​ដែរ។​ ​មាន​គ្រួសារ​ខ្លះ​មិន​ទទួល​បាន​យុត្តិធម៌​ទេ​ ​ហើយ​គេ​ហៅ​ថា​យូរៗ​ទៅ​ ​បាត់​ស្រមោល​យុត្តិធម៌»។

​លោក​ ​គង់ រតនៈ​ ​នាយក​ស្ដីទី​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ​បាន​លើក​ឡើង​ដែរ​ថា​ ​យុត្តិធម៌​ពេញលេញ​សម្រាប់​ជន​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ ​និង​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ពួកគេ​អាច​សម្រេច​បាន​ ​តាមរយៈ​ការ​នាំ​ជន​បង្ក​ហេតុ​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​ ​និង​តាម​រយៈ​សំណង​សមធម៌​សង្គម​សម្រាប់​ជន​រងគ្រោះ​និង​ក្រុម​គ្រួសារ​លើ​ផ្នែក​សេដ្ឋកិច្ច​និង​សតិ​អារម្មណ៍។

​ករណី​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​វិយោគ​កើតឡើង​ចំពោះ​ ​យុវតី​ ​ឌុំ ដារី ​បាន​ទទួល​ប្រតិកម្ម​ជាច្រើនពី​ជា​បន្តបន្ទាប់​ពី​សំណាក់​សាធារណជន ​ដែលឈាន​ទៅដល់​ការ​ចាប់ខ្លួន​អ្នកបញ្ជា​យានយន្ត​ម៉ាក​ ​Range​ ​Rover។ អ្នក​បង្ក​ហេតុ​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ថា ​មិនទាន់​គ្រប់​អាយុ​បើកបរ​នៅឡើយ​ ​ហើយ​ត្រូវ​បាន​សមត្ថកិច្ច បញ្ជូន​ទៅ​ប្រឈម​នឹង​ការ​កាត់ក្តី​របស់​ស្ថាប័ន​យុត្តិធម៌។

​ឪពុក​របស់​យុវតី​ខាងលើ​ ​គឺ​លោក​ ​យិន​ ​ងិច​ ​ដែល​ជា​អ្នក​នយោបាយ​គណបក្ស​កាន់​អំណាច​ប្រចាំ​ខេត្តសៀមរាប​ ​បាន​នាំ​យកកូន​ស្រី​របស់​ខ្លួន​មក​ប្រគល់​ជូន​សមត្ថកិច្ច​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់។ កូនស្រី​របស់​លោក​នឹង​ប្រឈម​នឹង​បទ​ចោទ​នៃ​ការ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដែល​នាំ​ឱ្យ​មាន​មនុស្ស​ស្លាប់។​ ហើយ​លោក​ក៏​ បាន​បង់​ប្រាក់​សំណង​ ​៧ម៉ឺន​ដុល្លារ​អាមេរិក​ ​ទៅ​ដល់​ក្រុម​គ្រួសារ​កញ្ញា​ ​ឌុំ ដារី ​ដែល​បាត់បង់​ជីវិត​ផងដែរ។

អ្នកស្រី ផាត ពៅ ម្តាយរបស់ ឌុំ រីដាផ្តល់ការសម្ភាសដល់វីអូអេនៅមុខផ្ទះរបស់ពួកគេ នៅស្រុកខ្សាច់កណ្តាល នៅខេត្តកណ្តាល នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)

អ្នកស្រី ផាត ពៅ ម្តាយរបស់ ឌុំ រីដាផ្តល់ការសម្ភាសដល់វីអូអេនៅមុខផ្ទះរបស់ពួកគេ នៅស្រុកខ្សាច់កណ្តាល នៅខេត្តកណ្តាល នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)


​លោក​ ​គង់​ ​រតនៈ​ ​បាន​ហៅ​ករណី​នេះ​ថា​ «កម្រ»​ ​ដែល​ជនរងគ្រោះ​ទទួល​បាន​សំណង​ច្រើន។ ចំណែក​លោក​ ​សន​ ​ជ័យ​ ​បាន​លើកឡើង​ដែរ​ថា​ ​បើសិន​ជា​មិន​មាន​ប្រតិកម្ម​យ៉ាង​ច្រើន​ពី​សំណាក់​សាធារណមតិ​ដែល​នាំ​ឱ្យ​មាន​ការ​លូកដៃ​ស្រែក​បញ្ជា​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​នោះ​ ​ក្រុម​គ្រួសារ​កញ្ញា​ ​ឌុំ ដារី ​ក៏​មិន​ងាយ​នឹង​ទទួល​បាន​យុត្តិធម៌​និង​សំណង​នោះ​ទេ។

​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​លោក​ ​ហ៊ុន​ ​សែន​ ​ដែល​ទើប​បាន​បង្កើត​ក្នុង​ពេល​ថ្មីៗ​នេះ​ ​បាន​ក្លាយ​ជា​តំណាង​ផ្លូវច្បាប់​របស់​ក្រុម​គ្រួសារ​កញ្ញា​ ​ឌុំ ដារី ​ក្នុង​ដំណើរការ​ផ្លូវច្បាប់​ដែល​នៅ​សេសសល់​នា​ពេល​ខាងមុខ។​ ​យ៉ាងណាក្ដី​សម្រាប់​អ្នកស្រី​ ​ផាត់​ ​ពៅ​ ​ជា​ម្ដាយ​ ​ទោះបី​មានការ​សង​សំណង​ ​ឬ​ដំណើរការ​យុត្តិធម៌​ពេញលេញ​យ៉ាងណា​ក៏ដោយ​ ​មិន​មាន​អ្វី​ដែល​អាច​ប្ដូរ​យក​កូន​ស្រី​ជា​ទី​ស្រឡាញ់​របស់​អ្នកស្រី​ត្រឡប់​មក​វិញ​បាន​ឡើយ។

​«ខ្ញុំ​ស្តាយ។ ខ្ញុំ​មាន​តែ​ស្តាយ។ ​បើ​ថា​ដូរ​ [ជីវិត]​ បាន​ខ្ញុំ​ដូរ​ហើយ។ ហើយ​បើ​ថា​ដូរ​អ្វី​ ដូច​ពាក្យ​ចាស់​ថា ​មាស​ប៉ុន​ដូង​ទុំ យក​មក​ដូរ​កូន ហ៊ាន​ដូរ​ដែរ? ខ្ញុំ​អត់​ដូរ​ទេ។​ ខ្ញុំ​អត់​ដូរ​ដាច់​ខាត​ហ្មង។ ក្រ​លំបាក​វេទនា​យ៉ាង​ណា​ ក៏​ខ្ញុំ​មិន​ដូរ​ដែរ‍»។

​ដោយ​មាន​ការ​ស្រណោះដល់​កូន​របស់​អ្នកស្រី​និយាយ​មក​ដល់​ចំណុច​នេះ​ ​អ្នកស្រី​ ​ផាត់​ ​ពៅ​ ​បាន​យំ​ខ្សឹកខ្សួល​ ​និង​បាន​ស្នើ​សុំ​ឱ្យ​បញ្ចប់​ការ​សម្ភាស​តែ​ត្រឹម​នេះ៕

What Next?

Recent Articles