ពលករ​ខ្មែរ​មួយ​ក្រុម​នៅ​កណ្ដាល​សមុទ្រ​លើ​ទូក​នេសាទ​ថៃ បំពេញ​ការងារ​​ក្នុង​ថ្ងៃ​ចូលឆ្នាំ

ដោយ យន់ សាមៀន
2019-04-13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទិដ្ឋភាព​ពលករ​ខ្មែរ​ធ្វើ​ការងារ​នៅ​លើ​ទូក​នេសាទ​ថៃ នៅ​ដែន​សមុទ្រ​ប្រទេស​ម៉ាឡស៊ី កាល​ពី​ខែ​មេសា ឆ្នាំ​២០១៩។ Photo Provided
ទិដ្ឋភាព​ពលករ​ខ្មែរ​ធ្វើ​ការងារ​នៅ​លើ​ទូក​នេសាទ​ថៃ នៅ​ដែន​សមុទ្រ​ប្រទេស​ម៉ាឡស៊ី កាល​ពី​ខែ​មេសា ឆ្នាំ​២០១៩។ Photo Provided


ពលករ​ខ្មែរ​មួយ​ក្រុម​ធ្វើការ​នៅ​លើ​ទូក​នេសាទ​របស់​ថៃ នៅ​ថ្ងៃ​ទី​១៣ មេសា នាំ​គ្នា​ទៅ​បំពេញការងារ​នៅ​កណ្ដាល​សមុទ្រ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ដោយ​មិនបាន​ទៅលេង​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​នៅ​ឯ​ស្រុកកំណើត​នោះ​ទេ​។ ពួកគាត់​សោកស្ដាយ​ដែល​មិនបាន​ទៅ​ចូលរួម​បុណ្យចូលឆ្នាំ​ជួបជុំ​ក្រុម​គ្រួសារ និង​នឹក​សាច់ញាតិ​នៅ​ឯ​ស្រុក​ខ្មែរ​។ ស្រប​ពេល​ដែល​បុណ្យ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​កំពុង​ចាប់ផ្ដើម​នៅ​ប្រទេស​ថៃ​នោះ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​បញ្ហា​នេះ​ថា ជា​ការ​រំលោភច្បាប់​ការងារ​របស់​ថៃ។

ពលករ​ខ្មែរ​ធ្វើការ​នៅ​លើ​ទូក​នេសាទ​ថៃ​ទាំងនោះ ថ្លែង​ទាំង​ចង់​ស្រក់​ទឹកភ្នែក​ថា ដោយសារតែ រវល់​ចុះទូក​ទៅ​នេសាទ​ត្រី​នៅ​កណ្ដាល​សមុទ្រ​ទើប​មិន​អាច​ចូលរួម​ពិធី​ឆ្នាំ​ថ្មី​នឹង​គេ។

ពលករ​ម្នាក់​រស់នៅ​ខេត្ត​កំពង់ធំ លោក ហឿន ស រៀបរាប់​ប្រាប់​ឱ្យ​ដឹង​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៣​មេសា​ថា ដោយសារ​ជីវភាព​ក្រីក្រ ជំរុញ​ឱ្យ​លោក​ចាក​ចេញ​ពី​ផ្ទះ​ទៅ​ធ្វើ​ការងារ​ជា​ពលករ​នៅ​ប្រទេស​ថៃ ហើយ​បាន​ធ្វើ​ការ​នៅ​លើ​ទូក​នេសាទ​ក្នុង​ខេត្ត​សមុទ្រសាខន ជិត​ទីក្រុង​បាងកក​ជាង​១០​ឆ្នាំ​ហើយ​។​លោក​បន្ត​ថា នៅ​ក្នុង​ទូក​នេសាទ​របស់​ពួកគាត់​មាន​ពលករ​ខ្មែរ​ចំនួន​៦​នាក់ ដោយ​បាន​ធ្វើដំណើរ​ចេញពី​ដីគោក​ជាប់​ទីក្រុង​បាងកក តាំងពី​ថ្ងៃ​ទី​៩ មេសា​មក ហើយ​ពេលនេះ​ទូក​នេសាទ​របស់​ពួកគាត់​ចត​នៅ​ដែនសមុទ្រ​ប្រទេស​ម៉ាឡេស៊ី៖ «ល្ងាច​ឡើង​នាំគ្នា​អង្គុយ​គិត​ហើយ​ថា ពេលនេះ​គេ​លេង​ចូលឆ្នាំ​ហើយ តែ​ចំពោះ​យើង​វិញ​មានអី​ទៅលេង​នឹង​គេ អង្គុយ​មើល​តែ​ផ្កាយ​នឹង​ឯង​។ មុនដំបូង​គាត់​ថា​កូន​ហើយ​ម៉េច​មិន​មក​សម្រាក​បាន​មួយ​ខែ​សិន បើ​មក​ដើម្បី​លេង​ចូលឆ្នាំ​នឹង​គេ ខ្ញុំ​ថា​ម៉ែ​ខ្ញុំ​ក៏​ទើបនឹង​សម្រាក​ដែរ ខ្ញុំ​ក៏​ទ្រាំ​នៅ​ធ្វើការ​នៅ​ទីនោះ​ធ្វើ​ម៉េច​បើ​ខ្ញុំ​មិន​មាន​ពេល ខ្ញុំ​បាន​ត្រឹមតែ​ផ្ញើ​លុយ​ឱ្យ​ម៉ែ​ធ្វើបុណ្យ​ធ្វើ​ទាន​ប៉ុណ្ណឹង​ឯង មិនបាន​ទៅ​ទេ គាត់​ថា​កូន​ហើយ​!​កូន ម៉ែ​ខំ​ចាំ​មើល​តែ​ផ្លូវ​ឃើញ​តែ​កូន​គេ​មក អា​កូន​ឯង​មិន​បាន​មក​អង្គុយ​គិត​ទៅ​ដូច​វា​អួល​ដើម​ក​ព្រោះ​ម្ដាយ​គេ​ម្ដាយ​យើង​ចង់​ឱ្យ​កូន​មក​លេង​ចូលឆ្នាំ»

ពលករ​រូប​នេះ​បន្ត​ថា ពួកគាត់​មិន​ចង់​ធ្វើការ​ថ្ងៃបុណ្យ​ជាតិ​នោះ​ទេ ក៏ប៉ុន្តែ​ដោយសារ​គ្មាន​ជម្រើស ព្រោះ​ជីវភាព​ក្រីក្រ ហើយ​បើ​ឈប់សម្រាក​នាំ​ឱ្យ​ប៉ះពាល់​ដល់​ការងារ ហើយ​ម្យ៉ាងទៀត​ក៏​មិន​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ចាយវាយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ដែរ។

ចំណែក​ពលករ​ម្នាក់ទៀត​រស់នៅ​ខេត្ត​កំពង់ធំ លោក ជា ខន ថ្លែង​ថា បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំនេះ​លោក​ខុស​បំណង​ធំៗ​២​យ៉ាង គឺ​ទី​មួយ​ធ្វើការ​នៅ​កណ្ដាល​សមុទ្រ​ឃ្លាតឆ្ងាយ​ពី​ប្រពន្ធ​ពោះ​ធំ ជិត​គ្រប់​ខែ​ដែល​កំពុង​ធ្វើ​ការ​នៅ​លើ​ដីគោក​ក្បែរ​ទីក្រុង​បាងកក និង​ទី​២ មិនបាន​ទៅ​ចូលរួម​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ជាមួយ​ក្រុម​គ្រួសារ៖ «ខ្ញុំ​គិត​ថា ចង់​ទៅ​លេង​ជុំ​ម៉ែ​ជុំ​ឪ​ដែរ តែ​ធ្វើ​ម៉េច​បើ​ទូក​ចេញ​មក​ខុសពេល​ទៅវិញ​មិនទាន់ គឺ​ខ្ញុំ​ចុះទូក​មួយ​ជើង​នេះ​ហើយ​ទើប​ជើង​ក្រោយ​បាន​ខ្ញុំ​សម្រាក​នៅ​ចាំ​ប្រពន្ធ​ពោះ​ធំ​ផង ប្រពន្ធ​បាន​សម្រាលកូន​ហើយ​បាន​សម្រាក​ចុះទូក ដល់ពេល​ខ្ញុំ​សម្រាក​ជើង​នេះ​ទៅលេង​ចូលឆ្នាំ​វា​ខូច​ពេល​វេលា​កាន់តែ​ច្រើន ទៅ​អា​នៅ​ទីនោះ​ក៏​មិនបាន​ធ្វើការ​អី​ហើយ​លុយ​ក៏​អស់​ទៀត ក៏​ខាត​ពេល​រកលុយ​ផង​ដោយ​គិត​ឃើញ​ដូច្នេះ​ក៏​ចុះទូក​មួយ​ជើង​ទៀត​តែម្ដង​ទៅ»

លោក​បន្ត​ថា ថៅកែ​ជនជាតិ​ថៃ​មិនបាន​បង្ខំ​ពួកគាត់​ឱ្យ​ធ្វើ​ការ​នោះ​ទេ ក៏ប៉ុន្តែ​ដោយសារ​ត្រូវ​វេន​ចុះទូក​ចំ​ថ្ងៃបុណ្យ​ចូលឆ្នាំ ហើយ​ប្រសិនបើ​ពួកគាត់​ឈប់សម្រាក​ក៏​មិនបាន​ប្រាក់ខែ​ដែរ ព្រោះ​ពុំ​មាន​អ្នក​ធ្វើការ​ជំនួស។

អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​ស្ថាន​ទូក​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក ទទួលបន្ទុក​ផ្នែក​ពលករ លោក លោក ចិន សំណាង ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃ​ទី​១៣ មេសា ដោយ​ទូរស័ព្ទ​ពុំ​មាន​អ្នកទទួល។

ទោះជា​យ៉ាងណា​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅថា​សង់​ត្រាល់​(CENTRAL)​លោក មឿន តុលា មាន​ប្រសាសន៍ថា ការ​បង្ខំ​ឱ្យ​ពលករ​ធ្វើការ​នៅ​ថ្ងៃ​បុណ្យជាតិ គឺជា​ការ​រំលោភច្បាប់​ការងារ​របស់​ប្រទេស​ថៃ ព្រោះ​ច្បាប់​ថៃ បាន​កំណត់​ឱ្យ​កម្មករ ឬ​ពលករ ឈប់សម្រាក​នៅ​ថ្ងៃ​បុណ្យជាតិ បើ​ទោះ​បី​ជា​ពួកគេ​ត្រឡប់​ទៅលេង​ស្រុកកំណើត ឬ​មិន​ទៅ​ក៏ដោយ ក៏​ពួកគេ​ត្រូវ​បាន​ឈប់សម្រាក​ដែរ៖ «ទោះជា​យ៉ាងណាក៏ដោយ​នេះ​ជា​ភស្តុតាង​មួយ​ថ្មី​ទៀត ដែល​បង្ហាញ​ថា​រដ្ឋាភិបាល​ថៃ​មិន​ទាន់​បាន​អនុវត្ត​អ្វី​ដែល​ខ្លួន​បាន​សន្យា​ជាមួយ​សហគមន៍​អឺរ៉ុប ពាក់ព័ន្ធ​ការ​កែសម្រួល​លក្ខខ័ណ្ឌ​ការងារ​របស់​ពលករ​នៅ​លើ​ទូក​នេសាទ​បាន​ពេញលេញ​នៅឡើយ​ទេ កន្លង​មក​យើង​តែងតែ​បាន​លើកឡើង​ពី​បញ្ហា​នេះ ហើយ​យើង​ឃើញ​មានការ​ប្រែប្រួល​ចំនួន ដូច​ថៃ​បាន​ផ្ដល់​សច្ចាប័ន​ទៅលើ​អនុសញ្ញា ស្ដីពី​ការពារ​សិទ្ធិ​ពលករ​នៅ​លើ​ទូក នេសាទ​ក៏ដោយ ក៏ប៉ុន្តែ​ការអនុវត្ត​ជាក់ស្ដែង​នៅ​មាន​រឿង​ច្រើន​ទៀត តាំងពី​លក្ខខ័ណ្ឌ​ការងារ លក្ខខ័ណ្ឌ​សុខភាព​សុវត្ថិភាព​និង​អនាម័យ​នៅ​លើ​ទូក​ជាដើម»

កន្លង​មក​ធនាគារ​ពិភពលោក​រាយការណ៍​ថា ប្រទេស​ថៃ​មាន​ចំនួន​កម្មករ​ចំណាកស្រុក​ខ្ពស់​ជាងគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ គឺ​ជិត ៤ លាន​នាក់ (.៧៦) នៅ​ក្នុង​ឆ្នាំ​២០១៥ ក្នុង​នោះ មាន​ពលករ​២១ ភាគរយ​មក​ពី​កម្ពុជា​។ ចំណែក​ទិន្នន័យ​របស់​រដ្ឋាភិបាល​ថៃ​វិញ បង្ហាញ​ថា ពលករ​ចំណាកស្រុក​កម្ពុជា ឡាវ និង​ភូមា​ដែល​បាន​ចុះឈ្មោះ​រួចរាល់​គិត​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ មាន​ចំនួន​ជិត ២​លាន​នាក់ (,៧២៦,៤១៥) ក្នុង​នោះ​ជិត ៥​ម៉ឺន​នាក់ ចុះ​ឈ្មោះ​ធ្វើការ​ក្នុង​ឧស្សាហកម្ម​នេសាទ។

ពលករ​ខ្មែរ​ឱ្យ​ដឹង​ថា ពួកគាត់​ទាំង​៦​នាក់​នឹង​ត្រឡប់​ទៅ​ដល់​ដីគោក​ក្នុង​ទឹកដី​ថៃ​វិញ​នៅ​ចុងខែ​មេសា​នេះ។ ពួកគេ​ជូនពរ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​បាន​ដើរលេង​កម្សាន្ត​សប្បាយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ឱ្យ​បាន​គ្រប់ៗ​គ្នា និង​សុំ​ឱ្យ​ទេវតា​ឆ្នាំ​ថ្មី​នេះ ជួយ​បីបាច់​ថែរក្សា​និង​ប្រសិទ្ធិ​ពរជ័យ​សិរី​សួស្ដី​ដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​មាន​សេចក្ដី​សុខ​ចំរើន​រុងរឿង​នៅ​ក្នុង​ក្រុម​គ្រួសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment