លោក ហ៊ុន សែន ជូនពរ​ពលរដ្ឋ​ធម្មតា ខណៈ​លោក កឹម សុខា ជូនពរ​ផង​សុំ​ដំណោះស្រាយ​នយោបាយ​ផង

ដោយ យន់ សាមៀន
2019-04-13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

(ឆ្វេង) លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ Photo courtesy of their Facebook
(ឆ្វេង) លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ Photo courtesy of their Facebook


មេដឹកនាំ​របប​ក្រុងភ្នំពេញ និង​មេដឹកនាំ​គណបក្សប្រឆាំង ផ្ញើ​សារ​របស់​ខ្លួន​បង្កប់​ន័យ​ផ្សេងៗ​គ្នា ជូន​ទៅ​ពលរដ្ឋ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ។ អ្នកវិភាគ និង​ព្រះសង្ឃ យល់​ថា ឆ្នាំ​ថ្មី​នេះ ជា​ឱកាស​ល្អ​សម្រាប់​មេដឹកនាំ​កម្ពុជា​ដោះស្រាយ​វិបត្តិ​នយោបាយ​ដែល​ប្រទេស​នេះ កំពុង​ជួបប្រទះ។

នៅមុន​បុណ្យចូលឆ្នាំ​ខ្មែរ​មួយថ្ងៃ លោក ហ៊ុន សែន សរសេរ​សារ​ជូនពរ​យ៉ាង​ខ្លី ដោយ​មិនបាន​លើកឡើង​ពី​បញ្ហា​វិបត្តិ របស់​ប្រទេសជាតិ ដែល​កំពុង​កើតមាន​ចម្រូងចម្រាស​និង​ថែមទាំង​មិន​បង្ហាញ​សារ​ដែល​ជា​ដំណោះ ស្រាយ​នយោបាយ​ទៀត​ផង។

ដោយឡែក លោក កឹម សុខា ដែល​ត្រូវ​របប​ឃុំឃាំង​ក្នុង​ផ្ទះ ក៏​បាន​យក​ឱកាស បុណ្យចូលឆ្នាំ​ខ្មែរ​ផ្ញើ​សារ​តាម​ហ្វេសប៊ុក ដោយ​បួងសួង​នូវ​ពរ​ពីរ​ប្រការ​ជា​សំខាន់ ចូល​កើតមាន​ដល់​ពលរដ្ឋ និង​ប្រទេស​កម្ពុជា​។ លោក​ចង់​កម្ពុជា មាន​សុខ​សន្តិភាព ការ​រីកចំរើន ស្ថិតស្ថេរ គង់វង្ស​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​ដែល​ជា​ម្ចាស់​ទឹកដី និង​សូម​ឱ្យ​កម្ពុជា​ចាក​ផុត​គ្រោះថ្នាក់​ទាំងឡាយ ដែល​បង្ក​ដោយ​ធម្មជាតិ ឬ​ដោយ​មហិច្ឆតា​អគតិ​របស់​មនុស្ស។ ហើយ ទី​២ លោក​សូម​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ រួមរស់​ជាមួយគ្នា ដោយ​សុខដុមរមនា ប្រកបដោយ​ព្រហ្ម​វិហារធម៌ (​មេត្តា ករុណា មុទិតា ឧបេក្ខា) និង​សូម​ឱ្យ​កម្ចាត់​ចេញពី​កាយ វាចា ចិត្ត​របស់​មនុស្ស ជាពិសេស​អ្នកនយោបាយ​ខ្មែរ​នូវ​អកុសល ធម៌​ទាំងឡាយ​(​លោភៈ ទោសៈ មោហៈ​) ដូច​ជា​ការ​លោភលន់​គ្មាន​ព្រំដែន ការ​រំលោភបំពាន ការ​គំរាមកំហែង អំពើ​ហិង្សា ការ​មួលបង្កាច់​ចោទប្រកាន់ ការ​លាប​ពណ៌ ការ​ជេរ​ប្រមាថ ការ​គុំកួន​សង សឹក​គ្នា ដែល​ជា​មូលហេតុ​នាំ​ឱ្យ​មានការ​ឈឺចាប់ ការ​បែកបាក់​ក្នុង​សង្គមជាតិ និង​នាំ​ឱ្យ​អាប់ឱន​នូវ​តម្លៃ ពូជសាសន៍ តម្លៃ​នៃ​អ្នកដឹកនាំ ជាពិសេស​កិត្យានុភាព​ជាតិ។

លោក កឹម សុខា សង្ឃឹមថា ឆ្នាំ​ថ្មី​នេះ​ជា​ឆ្នាំ​សេរី​សួស្តី ឆ្នាំ​ដែល​ខ្មែរ​វិល​មក​រក​ដំណោះស្រាយ​ជា​វិជ្ជមាន​វិញ។ ព្រះសង្ឃ និង​មន្ត្រី​សិទ្ធិមនុស្ស​ក៏​យល់ថា សម្រាប់​ឆ្នាំ​ថ្មី​នេះ ជា​ឱកាស​ល្អ​សម្រាប់​មេ​ដឹកនាំ​ខ្មែរ​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ​ដែល​កំពុង​មាន​វិបត្តិ។

ព្រះតេជព្រះគុណ លូន សុវ៉ាត ដែល​ជា​សកម្មជន​សង្គម​មួយ​អង្គ មាន​ថេរដីកា​ថា សារ​ជូនពរ​គ្នា​ទៅ វិញ​ទៅមក​គឺជា​រឿង​ធម្មតា​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំថ្មី ប៉ុន្តែ​ព្រះតេជព្រះគុណ កត់សម្គាល់​ថា សារ​ជូនពរ របស់​អ្នកនយោបាយ ជាពិសេស លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​មិន​បាន​ផុស​ចេញពី​បេះដូង និង​ផ្ទុយ​ពី​ទង្វើ​ជាក់ស្ដែង​ដែល​កើត​ចេញ​ពី កាយ វិចារ ចិត្ត ។ ព្រះ​អង្គ​បន្ត​ថា ប្រសិនបើ​មេ​ដឹកនាំ​បាត់បង់​នូវ​ព្រហ្ម​វិហារធម៌ និង​ទសពិធរាជធម៌ ឬ​ធម៌​ទាំង​១០​ដែល​មេដឹកនាំ​ត្រូវ​មាន​នោះ ទោះបី ជា​ផ្ញើ​សារ​ជូនពរ​យ៉ាងណា ក៏​ប្រជារាស្ត្រ​ក្នុង​នគរ​នោះ​គ្មាន​សេចក្ដី​សុខ​និង​រីកចម្រើន​ដែរ។ អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា មិន​ចង់​ធ្វើ​អត្ថាធិប្បាយ​ពី​ការ លើកឡើង​របស់​អ្នកនយោបាយ​នេះ​ទេ ប៉ុន្តែ ចង់ ឃើញ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ រក​ដំណោះស្រាយ​រួម មួយ ដើម្បី​ឱ្យ​មាន​បរិយាកាស​សង្គម​នយោបាយ ការ​គោរព​សិទ្ធិមនុស្ស និង​បញ្ហា​ប្រជាធិបតេយ្យ មាន​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​ចាស់។ លោក​បង្ហាញ​ការ​ព្រួយបារម្ភ​ថា សំពាធ​ផ្សេងៗ អាច​នឹង​កើតមាន​ក្នុង​ឆ្នាំ​ថ្មី​នេះ​តទៅ ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ សេដ្ឋកិច្ច និង​ការ​រីកចម្រើន​របស់​ជាតិ ប្រសិនបើ​បញ្ហា​ពិត​ដែល​អន្តរជាតិ​លើកឡើង នៅតែ​មិន​ត្រូវ​បាន​ដោះស្រាយ​នោះ​ទេ។ «»

រីឯ​អ្នកវិភាគ​នយោបាយ និង​សង្គម លោក បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ថា សារ លោក កឹម សុខា មាន​លក្ខណ​:​ជា​សារ ពី​រដ្ឋបុរស​ទៅកាន់​ប្រជាជាតិ​ទាំងមូល ព្រោះ​លោក​បួងសួង សុំ​ទេវតា​ថ្មី ជួយ​ដល់​ជីវភាព​រស់នៅ​និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ ឱ្យ​បាន​រស់​នៅ​សុខដុម​ជាមួយគ្នា រួច​ចាក​ពី​ការ​បែកបាក់​ទាស់ទែង​គ្នា។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ក៏​មាន​សារ​ជូនពរ​ផ្ទាល់ខ្លួន​ដែរ គឺ​សុំ​បងប្អូន​ខ្មែរ​រីករាយ​ក្នុង​ពិធីបុណ្យ ចូលឆ្នាំ​ខ្មែរ ដោយ​សុខ​សុវត្ថិភាព ហើយ​ចៀសវាង​ការ​សៅហ្មង ឬ​អរិភាព​រវាង​គ្នា​និង​គ្នា និង​ស្នើសុំ ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួម​ឧទ្ទិស​ដល់​ព្រលឹង​ជាតិខ្មែរ​ផង និង​ប្ដេជ្ញា​រួមគ្នា​ទប់ស្កាត់​កុំ​ឱ្យ​មាន​សោក នាដកម្ម ទោះ​កម្រិត​ណា​ក៏​ដោយ ដែល​ប្រជា​ជាតិខ្មែរ​ធ្លាប់​ទទួល​រងគ្រោះ ចាប់ពី​ថ្ងៃ​១៧ ខែ​មេសា ឆ្នាំ ១៩៧៥ គឺ​មួយថ្ងៃ​ក្រោយ​ចូល​ឆ្នាំថ្មី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment