សកម្មជន​បរិស្ថាន​ថា អាជ្ញាធរ​មិន​បាន​បិទ​មណ្ឌល​កម្សាន្ត ជីន ទីង នៅ​កោះរ៉ុង​សន្លឹម​នោះ​ឡើយ

ដោយ មួង ណារ៉េត
2019-04-14
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

​ទីតាំង​មជ្ឈមណ្ឌល​​​កម្សាន្ត​ ជីន ទីង (Jin Ding) ដែល​ស្ថិត​នៅ​ខាង​​ចុង​ឆ្នេរ​ភាគ​ខាង​ត្បូង​នៃ​កោះ​រ៉ុង​សន្លឹម (Photo courtesy of Mother Nature)
​ទីតាំង​មជ្ឈមណ្ឌល​​​កម្សាន្ត​ ជីន ទីង (Jin Ding) ដែល​ស្ថិត​នៅ​ខាង​​ចុង​ឆ្នេរ​ភាគ​ខាង​ត្បូង​នៃ​កោះ​រ៉ុង​សន្លឹម (Photo courtesy of Mother Nature)


សកម្មជន​បរិស្ថាន​អះអាង​ថា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​មិន​បាន​បិទ​អាជីវកម្ម​សណ្ឋាគារ និង​កាស៊ីណូ​មួយ​កន្លែង ដែល​ត្រូវ​បាន​រក​ឃើញ​ថា បាន​រំលោភបំពាន​ច្បាប់ និង​ធ្វើ​ឱ្យ​ខូចខាត​បរិស្ថាន​នៅ​លើ​កោះរ៉ុង​សន្លឹម​នោះ​ឡើយ។ ពួកគេ​សម្ដែង​ការ​ខកចិត្ត​ចំពោះ​ទង្វើ​បំភ័ន្ត​សាធារណជន​បែបនេះ ព្រោះ​កន្លង​មក អាជ្ញាធរ​បាន​ប្រកាស​ពី​វិធានការ​ក្ដៅ​លើ​អាជីវកម្ម​នោះ ប៉ុន្តែ​បែរជា​គ្មាន​ចំណាត់​ការ​ជាក់ស្ដែង​ទៅវិញ។

សកម្មជន​បរិស្ថាន លោក ម៉េង ហេង ថ្លែង​ថា មជ្ឈមណ្ឌល​កម្សាន្ត ជីង ទីង (JINGDING) ស្ថិត​ក្នុង​ភូមិ​កោះរ៉ុង​សន្លឹម សង្កាត់​កោះរ៉ុង​សន្លឹម ក្រុងព្រះសីហនុ នៅតែ​បើក​ដំណើរការ​ដូច​ធម្មតា មិន​មាន​ការ​បិទ​អាជីវកម្ម តាម​បទបញ្ជា​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​នោះ​ឡើយ។ លោក​ហ៊ាន​អះអាង​បែប​នេះ ព្រោះ​លោក​បាន​ចុះទៅ​ដល់​ទី​តាំង​នោះ​ដោយ​ផ្ទាល់ និង​បាន​ចូល​ទៅ​មើល​ដល់​ខាងក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​នោះ​ទៀត​ផង កាល​ពី​ពេល​ថ្មីៗ​នេះ។

យុវជន​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា ទីតាំង​អាជីវកម្ម​នោះ មិន​មាន​ការ​ផ្លាស់ប្តូរ​ឈ្មោះ​នោះ​ឡើយ គឺ​នៅតែ​ប្រើ​ឈ្មោះថា​ជា មជ្ឈមណ្ឌល​កម្សាន្ត ជីង ទីង ដដែល និង​បើក​ដំណើរការ​ជា​រៀងរាល់ថ្ងៃ ដោយ​ផ្ដល់​សេវា​សណ្ឋាគារ និង​កាស៊ីណូ។ យុវជន​រូប​នេះ ថ្លែង​ថា លោក និង​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ មានការ​ខកចិត្ត​ជា​ខ្លាំង​ចំពោះ​ចំណាត់ការ​ខ្យល់​របស់​អាជ្ញាធរ​នេះ៖ «ទោះបី​ជា​មាន​បទបញ្ជា​បញ្ឈប់​អាជីវកម្ម​ក៏ដោយ ប៉ុន្តែ​ជាក់ស្ដែង​យើង​ឃើញ​២៤ ម៉ោង​នៅ​លើ​កោះរ៉ុង​សន្លឹម​ហ្នឹង គឺ​មជ្ឈមណ្ឌល​កម្សាន្ត ជីង ទីង គាត់​នៅតែ​ដំណើរការ​ដដែល បាន​ន័យថា គាត់​សូក​លុយ មិន​ដឹង​? ឬមួយ​គាត់​ប្រឆាំង​នឹង​បទបញ្ជា មិន​ដឹង​? អាហ្នឹង​យើង​មិន​ដឹង​ច្បាស់ ប៉ុន្តែ​ជាក់ស្ដែង​វា​ខុសច្បាប់​។ ប្រសិនបើ​យើង​មិន​ចូលរួម​ទាំងអស់​គ្នា អាហ្នឹង​វា​កាន់តែ​រីក​រាលដាល​ទៅជា​ជំងឺ​មួយ​ដែល​មិន​អាច​ព្យាបាល​បាន​ទៅ​ថ្ងៃក្រោយ»

កាលពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លងទៅ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​ប្រកាស​បិទ​មជ្ឈមណ្ឌល​កម្សាន្ត ជីង ទីង ក្រោម​ហេតុផល​ថា ទីតាំង​អាជីវកម្ម​នោះ​មិន​បាន​អនុវត្ត​ត្រឹមត្រូវ​តាមច្បាប់ និង​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន​តំបន់​ឆ្នេរ។ វិធានការ​នេះ ធ្វើឡើង​ដោយ​ផ្អែកលើ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ ៧៧​នាក់ និង​ការ​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​ពី​មន្ត្រី​ជំនាញ។

សកម្មភាព​ល្មើសច្បាប់​ទាំងនោះ​រួមមាន ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​សមុទ្រ​ដោយ​មិនបាន​ឆ្លងកាត់​ការ​ចម្រោះ ការសាងសង់​ទីតាំង​កាស៊ីណូ​រំលោភ​លើ​ដី​ឆ្នេរសមុទ្រ ការ​ដាក់​ម៉ាស៊ីនភ្លើង​នៅ​លើ​ផែ​ធ្វើឱ្យមាន​ប្រេង​ហូរ​ចូល​សមុទ្រ​ប៉ះពាល់​ដល់​បរិស្ថាន និង​ការ​ចាក់​ធុងបាស​ខ្លាំង​បង្ក​ការ​រំខាន​ដល់​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរ។ ម្យ៉ាងវិញទៀត មជ្ឈមណ្ឌល​កម្សាន្ត​ចិន​មួយ​នេះ បាន​ប្រើប្រាស់​អាជ្ញាបណ្ណ​ល្បែងភ្នាល់​អនឡាញ​ដែល​ហួស​សុពលភាព និង​មាន​ករណី​បាញ់​បោះ​ហិង្សា ប្រព្រឹត្ត​ដោយ​អ្នកគ្រប់គ្រង​សន្តិសុខ​នៅ​ទីនោះ​ទៀត​ផង។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឱ សារឿន ថ្លែង​ថា អាជ្ញាធរ​បាន​ផ្អាក​អាជីវកម្ម​មជ្ឈមណ្ឌល​កម្សា​ន្ត ជីង ទីង និង​បាន​ណែ​នាំ​ឱ្យ​ម្ចាស់​ទីតាំង​នោះ អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​តម្រូវ​របស់​អាជ្ញាធរ​។ លោក​បន្ត​ថា ក្រោយពេល​អនុវត្ត​តាម​ការណែនាំ​រួច មជ្ឈមណ្ឌល​នោះ​អាច​បើក​ដំណើរការ​ឡើងវិញ បាន​ដូច​ធម្មតា។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​មិន​យក​ច្បាប់ មក​ធ្វើជា​ដំណោះស្រាយ​ដំបូង​នោះ​ទេ ព្រោះ​អាជ្ញាធរ​ចង់​បើកឱកាស​ឱ្យ​អ្នក​វិនិយោគ មក​បណ្ដាក់ទុន​នៅ​ក្នុង​ខេត្ត​នេះ​ឱ្យ​បាន​កាន់តែ​ច្រើន​ថែមទៀត៖ «យើង​ផ្អាក​ទៅ​ហើយ តម្រូវ​ឱ្យ​គាត់​គោរព​តាម​កិច្ចសន្យា និង​បំពេញ​តាម​លក្ខខណ្ឌ​ដែល​អាជ្ញាធរ មន្ត្រី​ជំនាញ​បាន​ដាក់​(​ចេញ​)​។ ពេល​ដែល​គាត់​បាន​គោរព​តាម​គោលការណ៍​ហ្នឹង គឺ​គាត់​អាច​ដំណើរការ​ឡើងវិញ​បាន»

ទោះជា​យ៉ាងណា យោង​តាម​លិខិត​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​ចុះ​ហត្ថលេខា​ដោយ លោក យន្ត មីន ជា​អភិបាលខេត្ត បញ្ជា​ឱ្យ​មាន​ការ​បិទ​មជ្ឈមណ្ឌល​កម្សាន្ត ជីង ទីង នេះ​តែម្ដង មិនមែន​ជា​ការ​ផ្អាក​បណ្ដោះអាសន្ន​នោះ​ទេ​។ អាជ្ញាធរ​តម្រូវ​ឱ្យ​ថៅកែ​ដែល​ជា​ជនជាតិ​ចិន បិទ​អាជីវកម្ម​របស់​ខ្លួន​នេះ ជា​កំហិត ត្រឹម​ថ្ងៃ​ទី​២២ មីនា។

អាស៊ីសេរី​មិន​អាច​ទាក់ទង​ម្ចាស់​សណ្ឋាគារ និង​កាស៊ីណូ ជីង ទីង ដើម្បី​សុំ​ការ​បំភ្លឺ​អំពី​បញ្ហា​នេះ​បាន​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីតសុន (Alejandro Gonzalez Davidson) ថ្លែង​ថា ករណី​នេះ​បង្ហាញ​ថា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ពិតជា​អសមត្ថភាព​ក្នុង​ការ​គ្រប់គ្រង និង​អនុវត្ត​ច្បាប់​លើ​ក្រុមហ៊ុន​ចិន។ លោក​សង្ស័យ​ថា រឿង​នេះ​អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​នៅ​ពីក្រោយ ព្រោះ​អាជ្ញាធរ​បាន​ប្រកាស​បិទ​អាជីវកម្ម​មជ្ឈមណ្ឌល​កម្សាន្ត ជីង ទីង រួច​ហើយ ក៏ប៉ុន្តែ​ទីតាំង​នោះ​បែរជា​អាច​បើក​ដំណើរការ​បាន​ដូច​ធម្មតា​ទៅវិញ៖ «លោក​អភិបាលខេត្ត យន្ត មីន ដូចជា​អត់​មាន​សមត្ថភាព​ទាល់តែសោះ​។ គាត់​កំពុងតែ​បរាជ័យ​នៅ​ក្នុង​ការគ្រប់គ្រង​ខេត្ត​របស់​គាត់ នេះ​ទីមួយ​។ ទី​ពីរ ខ្ញុំ​ឆ្ងល់​ចំណុច​មួយ​។ ប្រសិនបើ​រំលោភ​ដី​ឆ្នេរ រំលោភ​ដី​សាធារណៈ​មែន ហេតុអ្វី​មិន​មាន​វិធានការ​ពី​តុលាការ ពីព្រោះ​អាហ្នឹង​ជា​បទល្មើស​ជាក់ស្ដែង ដែល​កំពុងតែ​កើតឡើង មិនមែន​ត្រឹមតែ​កោះរ៉ុង​សន្លឹម នៅ​ទីរួម​ខេត្ត​ព្រះសីហនុ​ក៏​មាន​ដែរ»

សកម្មជន​បរិស្ថាន​រូប​នេះ បន្ត​ថា ការ​កៀរគរ​អ្នក​វិនិយោគ ឱ្យ​មក​បណ្ដាក់ទុន​នៅ​ខេត្ត​ព្រះសីហនុ ដាច់ខាត​ត្រូវតែ​ឈរ​លើ​គោលការណ៍​ច្បាប់​ជាធំ មិនមែន​ដូច​អ្វី​ដែល​អាជ្ញាធរ​ខ្មែរ​កំពុងតែ​ធ្វើ​នោះ​ទេ​។ លោក​ថា ករណី​មជ្ឈមណ្ឌល​កម្សាន្ត ជីង ទីង នេះបុណ្យចូលឆ្នាំ អាជ្ញាធរ​ត្រូវតែ​ហ៊ាន​អនុវត្ត​ច្បាប់ ព្រោះ​ក្រុមហ៊ុន​បាន​បំពាន​ច្បាប់​ធ្ងន់ធ្ងរ ហើយ​អាជ្ញាធរ​ផ្ទាល់ ក៏បាន​ដឹង​រឿង​នេះ​ដែរ៖ «កាស៊ីណូ ជីង ទីង ហ្នឹង គឺ​រំលោភ​ដី​ឆ្នេរ​មែន។ គេ​សាងសង់​នៅ​លើ​ដី​ឆ្នេរ​តែម្ដង អាហ្នឹង​ខុសច្បាប់​ធ្ងន់​ណាស់​។ ច្បាប់​ហាម​ដាច់ខាត ហើយក៏​អាច​ជាប់ពន្ធនាគារ តាម​ខ្ញុំ​ចាំ​គឺ​ពី​១ ឆ្នាំ ទៅ​៥ ឆ្នាំ អ៊ីចឹង​សួរ​ថា ចំណុច​ណា​ដែល​ផ្តល់​ឱកាស​ឱ្យ​គេ​កែ​ទម្លាប់ ដើម្បី​បន្ត​ការ​រកស៊ី​? វា​មិន​អាច​ធ្វើ​អ៊ីចឹង​បានទេ ទាល់តែ​កម្ទេច​ចោល​សណ្ឋាគារ​មួយ​ហ្នឹង ដើម្បី​គោរព​ច្បាប់»

តំបន់​ឆ្នេរ​នៃ​ខេត្ត​ព្រះសីហនុ​កំពុង​ចាក់ស្រេះ​ទៅ​ដោយ​បញ្ហា​បរិស្ថាន​ជាច្រើន ដូចជា រឿង​សំរាម ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​សមុទ្រ និង​ការ​ចាក់ដី​រំលោភ​យក​ឆ្នេរ​ធ្វើជា​កម្មសិទ្ធិឯកជន ជាដើម​។ ទាំង​អាជ្ញាធរ​ថ្នាក់​ជាតិ និង​ខេត្ត​ព្រះសីហនុ សុទ្ធតែ​បាន​អះអាង​ពី​វិធានការ​តឹងរ៉ឹង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំងនេះ​។ ទោះជា​យ៉ាងណា សកម្មជន​បរិស្ថាន​មើល​ឃើញ​ថា វិធានការ​ទាំងនោះ​គ្រាន់តែ​ជា​ការ​បំភ័ន្ត​ភ្នែក​សាធារណជន​ប៉ុណ្ណោះ ពីព្រោះ​ការអនុវត្ត​ជាក់ស្ដែង​មាន​តិចតួច​បំផុត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment