សហជីព​ស្នើសុំ​ក្រុមហ៊ុន​ H&M ជួយ​កម្មករ Roo Hsing ជាង​៤០០​នាក់ មាន​កិច្ចសន្យា​រយៈពេល​វែង

ដោយ មួង ណារ៉េត
2019-04-13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សហព័ន្ធ​សហជីព​កម្ពុជា​បាន​ដាក់​លិខិត​ទៅ​ក្រុមហ៊ុន​បញ្ជា​ទិញ ម៉ាក អេច.អែន.អែម (H&M) ឱ្យ​អន្តរាគមន៍ ទៅ​ភាគី​ថៅកែ​រោងចក្រ រ៉ូស៊ីង ហ្គាមិន (Roo Hsing Garment Co., Ltd. )។ Screenshot
សហព័ន្ធ​សហជីព​កម្ពុជា​បាន​ដាក់​លិខិត​ទៅ​ក្រុមហ៊ុន​បញ្ជា​ទិញ ម៉ាក អេច.អែន.អែម (H&M) ឱ្យ​អន្តរាគមន៍ ទៅ​ភាគី​ថៅកែ​រោងចក្រ រ៉ូស៊ីង ហ្គាមិន (Roo Hsing Garment Co., Ltd. )។ Screenshot


សហព័ន្ធ​សហជីព​កម្ពុជា​បាន​ដាក់​លិខិត​ទៅ​ក្រុមហ៊ុន​បញ្ជា​ទិញ ម៉ាក អេច.អែន.អែម (H&M) ឱ្យ​អន្តរាគមន៍ ទៅ​ភាគី​ថៅកែ​រោងចក្រ រ៉ូស៊ីង ហ្គាមិន (Roo Hsing Garment Co., Ltd. ) នៅ​រាជធានី​ភ្នំពេញ ឱ្យ​ទទួលស្គាល់​កម្មករ ដែល​មាន​អតីតភាព​លើស​ពី ២​ឆ្នាំ ជា​កម្មករ​មាន​កិច្ចសន្យា​វែង​មិន​កំណត់។ ការ​ធ្វើ​បែបនេះ ដើម្បី​ឱ្យ​កម្មករ​​ទទួល​បាន​អត្ថប្រយោជន៍​ពេញទី ដូច​ច្បាប់​ចែង។

ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រាប់​ថា ក្រុមហ៊ុន​បញ្ជា​ទិញ ម៉ាក​H&M មិនទាន់​ផ្ដល់​ចម្លើយ​បែប​ណា ដល់​សហជីព​ទេ​។ ប៉ុន្តែ អ្នកស្រី​ជឿ​ថា ក្រុមហ៊ុន​នឹង​អន្តរាគមន៍​ទៅ​ថៅកែ​រោងចក្រ ព្រោះ ក្រុមហ៊ុន​នេះ ធ្លាប់​ប្រកាស តាំង​ពី​ឆ្នាំ​២០១៥ ថា ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​សម្រាប់​ផលប្រយោជន៍​កម្មករ និយោជិក ត្រូវតែ​តម្រូវ​ឱ្យ​កម្មករ ដែល​ធ្វើការ​លើស​២​ឆ្នាំ​ឡើង​ទៅ ទទួល​បាន​កិច្ចសន្យាការងារ មិន​មាន​កំណត់​ថិរវេលា ឬ​ហៅថា កិច្ចសន្យាការងារ​រយៈ​ពេល​វែង៖ «សម្រាប់​លិខិត ដែល​ពួក​ខ្ញុំ​ចេញទៅ​ហ្នឹង គឺ​ស្នើ​ឱ្យ​ក្រុមហ៊ុន H&M ហ្នឹង ជំរុញ​មក​ក្រុមហ៊ុន Roo Hsing អនុវត្ត​សេចក្ដី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល»

សហព័ន្ធ​សហជីព​កម្ពុជា កាលពី​ថ្ងៃ​ទី​១២ មេសា បាន​ដាក់​លិខិត​ស្នើសុំ​ឱ្យ​ប្រធាន​ផ្នែក​និរន្តរភាព​នៃ​ក្រុមហ៊ុន​បញ្ជា​ទិញ ម៉ាក H&M អ្នកស្រី អានណា ហ្គេដដា (Anna Gedda) អន្តរាគមន៍​ទៅ​ថៅកែ​រោងចក្រ រ៉ូស៊ីង ហ្គាមិន ស្ថិតនៅ​សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ផ្ដល់​កិច្ចសន្យាការងារ​ថិរវេលា​មិន​កំណត់​ឱ្យ​កម្មករ​ចំនួន ៤០៨​នាក់ ដែល​មាន​អតីតភាព​ការងារ​លើស​២​ឆ្នាំ និង​កំពុង​រង់ចាំ​កិច្ចសន្យា​រយៈពេល​វែង។

ក្រៅ​ពី​នេះ អ្នកស្រី យ៉ាង សុភ័ណ្ឌ ឱ្យ​ដឹង​ទៀត​ថា ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល បាន​សម្រេច​រួចហើយ គឺ​បង្គាប់ ឱ្យ​ថៅកែ​រោងចក្រ រ៉ូស៊ីង ហ្គាមិន ចេញ​កិច្ចសន្យាការងារ​ថិរវេលា​មិន​កំណត់​ឱ្យ​កម្មករ​ទាំង​៤០៨​នាក់​នោះ តែ​ភាគី​ថៅកែ មិន​ព្រម​អនុវត្ត​សោះ។ តំណាង​សហជីព​រូប​នេះ បន្ត​ថា ការ​ដាក់​លិខិត​ទៅ​ក្រុមហ៊ុន​បញ្ជា​ទិញ ម៉ាក H&M ដោយសារ រោងចក្រ​របស់​ថៅកែ​ជនជាតិ​ចិន មួយ​នេះ បាន​ផលិត​សំលៀកបំពាក់​ម៉ាក H&M ច្រើន​ជាងគេ​។ ក្រៅ​ពី​នេះ យីហោ ផ្សេង គ្រាន់តែ​បន្ទាប់​បន្សំ។អាស៊ីសេរី គ្មាន​ប្រភព​ទាក់ទង​របស់​ថៅកែ​រោងចក្រ រ៉ូស៊ីង ហ្គាមិន​ទេ។ ចំណែក​អគ្គលេខាធិការ​សមាគម​កាត់ដេរ​នៅ​កម្ពុជា លោក ខេន លូ ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន នៅ​ថ្ងៃ​ទី​១៣ មេសា។ថៅកែ​រោងចក្រ​កាត់ដេរ​ភាគច្រើន​នៅ​កម្ពុជា ជា​ជន​ជាតិ​ចិន ហើយ ចូលចិត្ត​ប្រើប្រាស់​កិច្ចសន្យាការងារ​មាន​ថិរវេលា​កំណត់ ឬ​ហៅថា កិច្ចសន្យា​រយៈពេល​ខ្លី និង​ចូលចិត្ត​បន្ត​កិច្ចសន្យា​ខ្លីៗ នោះ​ឱ្យ​កម្មករ តាម​រយៈពេល​នីមួយៗ តាម​ការកំណត់​របស់​ថៅកែ​។ ក្រុម​សហជីព​ចាត់​ទុក​ការ​ធ្វើ​បែបនេះ គឺជា ការ​កេងប្រវ័ញ្ច​លើ​កម្មករ ព្រោះ​កម្មករ​នឹង​មិន​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន ឬ​ស្ទើរតែ​មិន​ទទួល​បាន​សោះ ពី​កិច្ចសន្យាការងារ​ខ្លីៗ ក្រៅពី​ប្រាក់​ឈ្នួល​ប្រចាំខែ។

មាត្រា ៧៣ និង​៧៤ នៃ​ច្បាប់​ស្ដីពី​ការងារ ឆ្នាំ​១៩៩៧ ចែង​ក្នុង​ន័យ​ថា កម្មករ​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​កិច្ចសន្យាការងារ​រយៈពេល​វែង ច្រើនជាង កិច្ចសន្យាការងារ​រយៈ​ពេល​ខ្លី ព្រោះ​ដើម្បី​រំលាយ​កិច្ចសន្យា​រយៈពេល​វែង និយោជក ឬ​ថៅកែ មិន​អាច​ធ្វើតាម​ចិត្ត​ឯង ជា​ឯកតោភាគី​បាន​ទេ ពុំ​ដូច្នេះ​ទេ នឹង​សងជំងឺចិត្ត​កម្មករ និង​អត្ថប្រយោជន៍​តាមច្បាប់ ឱ្យ​កម្មករ វៀរលែង​ករណី ការ​ផុត​រលត់​តាម​កាលកំណត់ កម្មករ​ប្រព្រឹត្តិ​កំហុស​ធ្ងន់ធ្ងរ ឬ​ករណី​ប្រធាន​ស័ក្ដិ (យថាហេតុ​)​។ ប៉ុន្តែ កិច្ចសន្យា​ការងារ​រយៈ​ពេល​ខ្លីៗ អាច​រំលាយ​ជា​ឯកតោភាគី​បាន ដោយ​គ្រាន់តែ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ ជាមុន ហើយ​កម្មករ មិន​ត្រូវ​ទទួល​បាន​អត្ថប្រយោជន៍​អ្វី​ទាំងអស់ ក្រៅ​ពី​ប្រាក់​ឈ្នួល សម្រាប់​ខែ​ចុងក្រោយ​ទេ។

សហព័ន្ធ​សហជីព​កម្ពុជា ក៏​រក​ឃើញ​ថា ក្រុមហ៊ុន​បញ្ជា​ទិញ ម៉ាក H&M បាន​បរាជ័យ​ក្នុង​ការ​សហការ​ជាមួយ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ ក្នុង​ករណី​រោងចក្រ រ៉ូស៊ីង ហ្គាមិន មិន​ព្រម​ផ្ដល់​កិច្ចសន្យាការងារ​វែង ឱ្យ​កម្មករ​ដែរ​។ ដូច្នេះ​ទាមទារ​ឱ្យ​មាន​ការ​សហការ​គ្នា ក្នុង​ករណី​នេះ ដើម្បី​ឱ្យ​កម្មករ​ជាង​៤០០​នាក់ ត្រូវ​ទទួល​បាន​អត្ថប្រយោជន៍​តាមច្បាប់​ចែង។ប្រធាន​សហព័ន្ធ​សហជីព​អ្នកស្រី យ៉ាង សុភ័ណ្ឌ ថា ក្រៅពី​ដាក់​លិខិតស្នើ​សុំ​ទៅ​ក្រុមហ៊ុន​បញ្ជា​ទិញ ដោយ​ផ្ទាល់ ខាង​សហជីព ក៏បាន​ដាក់​លិខិត​នេះ ស្នើសុំ​ទៅ​អង្គការ​ផ្នែក​សិទ្ធិ​ការងារ​ជាច្រើន​ទៀត ឱ្យ​ជួយ​អន្តរាគមន៍​ដែរ ដូចជា អង្គការ​ពលកម្ម​អន្តរជាតិ (ILO) អង្គការ​សង់ត្រាល់ (Central) មជ្ឈមណ្ឌល​អាមេរិក​ដើម្បី​សាមគ្គីភាព​ការងារ​អន្តរជាតិ (Acils) និង​ស្ថានទូត​ស៊ុយអ៊ែត (Sweden)។អ្នក​សម្របសម្រួល​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក ឃុន ថារ៉ូ ថា ខាង​អង្គការ​សង់​ត្រាល់ ជំរុញ​ឱ្យ​ក្រុមហ៊ុន​អ្នកបញ្ជា​ទិញ ត្រូវតែ​អន្តរាគមន៍ ទៅ​ថៅកែ​រោងចក្រ រ៉ូស៊ីង ហ្គាមិន ឱ្យ​ផ្លាស់ប្ដូរ​កិច្ចសន្យាការងារ​ពី​ខ្លី ទៅ​វែង ឱ្យ​កម្មករ​ទាំងនោះ។ តំណាង​សង្គម​ស៊ីវិល​ឃ្លាំមើល​សិទ្ធិ​ការងារ​រូប​នេះ ឱ្យ​ដឹង​ថា ថ្វីបើ មាន​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល តែ​ភាគី​ថៅកែ​រោងចក្រ​បាន​ប្ដឹង​ជំទាស់​។ ដូច្នេះ ក្រុមហ៊ុន​បញ្ជា​ទិញ ម៉ាក H&M ត្រូវ​មាន​សីលធម៌ ទទួលខុសត្រូវ ក្នុង​ករណី​នេះ៖ «គាត់​(​ក្រុមហ៊ុន​បញ្ជា​ទិញ H&M) ត្រូវតែ​ទទួលខុសត្រូវ​ក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម​របស់​គាត់។ ជាពិសេស​នោះ គឺ​ត្រូវ​ជំរុញ​ឱ្យ​(ថៅកែ​រោងចក្រ​) អនុវត្ត​តាម​សេចក្ដី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល»

អ្នកស្រី​ព្រមាន​ថា បើ​ក្រុមហ៊ុន​បញ្ជា​ទិញ ម៉ាក H&M និង​ភាគី​ពាក់ព័ន្ធ នៅតែ​មិន​អាច​ជំរុញ​ឱ្យ​ថៅកែ​រោងចក្រ រ៉ូស៊ីង ហ្គាមិន ទទួល​យក​កម្មករ​ចំនួន​៤០៨​នាក់ បាន​ក្លាយ​ជា​កម្មករ មាន​កិច្ចសន្យាការងារ​រយៈពេល​វែង​ទេ ក្រុម​កម្មករ​នឹង​ពិចារណា​សិទ្ធិ​ធ្វើ​កូដកម្ម ដើម្បី​ទាមទារ​ឱ្យ​អនុវត្ត​តាម​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment