សាច់ញាតិ​អ្នក​ជាប់ឃុំ​ក្នុង​រឿង​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ​ខកចិត្ត​ដែល​តុលាការ​មិន​ឱ្យ​នៅ​ក្រៅ​ឃុំ

ដោយ សេក បណ្ឌិត
2019-04-14
RFA

ពលរដ្ឋ​ពីរ​នាក់​ជាប់​ខ្នោះ រស់នៅ​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ មាន​ជម្លោះ​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន មេត្រីភាព។ រូបថត៖ សមាគម អាដហុក (ADHOC)
ពលរដ្ឋ​ពីរ​នាក់​ជាប់​ខ្នោះ រស់នៅ​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ មាន​ជម្លោះ​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន មេត្រីភាព។ រូបថត៖ សមាគម អាដហុក (ADHOC)


សាច់ញាតិ​អ្នក​ជាប់ឃុំ​ក្នុង​រឿង​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ រំពឹង​ថា អាជ្ញាធរ​នឹង​ជួយ​អន្តរាគមន៍​ទៅ​ស្ថាប័ន​តុលាការ ដើម្បី​ឱ្យ​ប្ដី​និង​កូនប្រុស​ពួកគាត់ នៅ​ក្រៅ​ឃុំ ហើយ​ជួប​គ្រួសារ​វិញ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ ប៉ុន្តែ​ក្ដី​រំពឹង​នេះ មិនបាន​ដូច​ក្តី​ប្រាថ្នា​ឡើយ។ អាជ្ញាធរ​លើកឡើង​ថា ការ​ដោះលែង​អ្នក​ជាប់ឃុំ មិន​អាច​ធ្វើ​ទៅ​បាន​តាម​ការ​ចង់បាន​របស់​ពលរដ្ឋ​នោះ​ទេ គឺ​ត្រូវ​ប្រើ​ពេល​វេលា និង​ទៅតាម​ផ្លូវច្បាប់។

អ្នកភូមិ​ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​មេត្រីភាព នៅ​ខេត្ត​ព្រះវិហារ ឱ្យ​ដឹង​ថា អាជ្ញាធរ​បាន​សន្យា​ថា​ ​រក​មធ្យោបាយ​ដោះលែង​អ្នកភូមិ​១៤​នាក់​ដែល​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ឱ្យ​បាន​មុន​ចូលឆ្នាំ​ខ្មែរ នៅ​ពេល​រក​ឃើញ​លោក ស៊ុំ ម៉ឺន វិល​មកវិញ​។ អ្នកភូមិ​ថា អាជ្ញាធរ​មិនបាន​គោរព​ការសន្យា​របស់​ខ្លួន​ឡើយ ដោយ​គ្រាន់តែ​និយាយ​ឱ្យ​ពួកគាត់​ស្បើយ​ចិត្ត​ពី​មួយ​ពេល​ទៅ​មួយ​ពេល​ប៉ុណ្ណោះ ខណៈ​កូន​និង​ប្ដី​ពួកគាត់ មកដល់ពេលនេះ​នៅ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ដដែល។

លោកស្រី ភឹម ម៉ៅ គឺជា​ម្ដាយ លោក ម៉ឺន មៀន អាយុ​២៦​ឆ្នាំ ដែល​កំពុង​ជាប់ឃុំ​។ គិតដល់​ថ្ងៃ​ទី​១​នៃ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​នេះ លោកស្រី ភឹម ម៉ៅ ថា អាជ្ញាធរ​និង​តុលាការ​នៅតែ​មិន​ព្រម​ដោះលែង​កូនប្រុស​គាត់​និង​អ្នកភូមិ​ផ្សេងទៀត ឱ្យ​មាន​សេរីភាព និង​ជួបជុំ​គ្រួសារ​ទេ​។ លោកស្រី ភឹម ម៉ៅ ថ្លែង​ថា ជាង​៣​ខែ​មកនេះ កូនប្រុស​របស់​គាត់​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់ នៅ​ក្នុង​ពន្ធនាគារ រហូតដល់​យកចេញ​ទៅ​ព្យាបាល​នៅ​មន្ទីរ​បង្អែក​ខេត្ត​។ និយាយ​លាយឡំ​នឹង​ទឹកភ្នែក ស្ត្រី​វ័យ​ជាង​៥០​ឆ្នាំ​ប្លាយ​រូប​នេះ មិន​ដឹង​ថា តុលាការ​បន្ត​ឃុំខ្លួន​កូនប្រុស​គាត់​រហូតដល់​ពេលណា​នោះ​ទេ ៖ «រឿង​សប្បាយ ខ្ញុំ​អត់​មាន​សប្បាយ​ទេ លោកគ្រូ គឺ​មានតែ​ទឹកភ្នែក​និង​ថ្ងៃ​មានទុក្ខ​។ អត់​មានអី​សប្បាយ​ទេ ព្រោះ​កូន​ជាប់​នៅ​ពន្ធនាគារ អត់​មានអី​សប្បាយ​ទេ​។ មិន​ឱ្យ​ខ្ញុំ​និយាយ​អី​អញ្ចឹង មក​បិទ​សិទ្ធិ​ខ្ញុំ​អញ្ចឹង​ក៏​មិនកើត​ដែរ​។ បើ​ថា​មិន​ឱ្យ​ខ្ញុំ​ប្ដឹង មិន​ឱ្យ​ខ្ញុំ​តវ៉ា​អី ហេតុ​អី​ក៏​ព្រម​ដោះលែង​កូន​ខ្ញុំ​សោះ កូន​ខ្ញុំ​ខុស​អី​ខ្លាំង​ម្ល៉េះ​។ ហើយ​ដោះលែង​គ្នា​មុន​ចូលឆ្នាំ ហើយ​ឥឡូវ​ដល់​ចូលឆ្នាំ​ហើយ អត់​ដោះលែង​ទៀត​។ ហើយ​ឱ្យ​ម៉ែ​និង​ឪ​ឱ្យ​សប្បាយចិត្ត​ប៉ុណ្ណា មិនដែល​បាន​បាយ​ចូល​ពោះ ហើយ​ទឹកភ្នែក​ដោយសារ​កូន ថ្នាំ​ក៏​គ្មាន​លេប​គ្មាន​អី»

លោកស្រី ភឹម ម៉ៅ ទទូច​អង្វរ​ក ដល់​អាជ្ញាធរ​និង​តុលាការ​ខេត្ត​ព្រះវិហារ ជួយ​ដោះលែង​កូនប្រុស​គាត់​ឱ្យ​បាន​ទោ​ជួបជុំគ្នា និង​ព្យាបាល​ជំងឺ​ឱ្យ​បាន​ជះ​ស្បើយ​ឡើងវិញ ៖ «ខ្ញុំ​សំណូមពរ​ឱ្យ​ចៅហ្វាយស្រុក និង​ចៅហ្វាយខេត្ត ជួយ​ដោះលែង​កូន​ខ្ញុំ​ផង ហើយ​នឹង​តុលាការ​ហ្នឹង​។ គ្នា​វា​ឈឺ​ហើយ ហើយ​ធ្វើ​ម៉េច​ថា​ឱ្យ​ខ្ញុំ​រក​ប្ដី​ឱ្យ​ឃើញ ដើម្បី​ដោះស្រាយ ដោះលែង​អ្នក​ជាប់ពន្ធនាគារ​។ ឥឡូវ អត់​ទាន់​លែង​អ្នកណា ឱ្យ​លែង​កូន​ខ្ញុំ​វា​ឈឺ​រ៉ាំរ៉ៃ​ក៏​អត់​ដោះលែង​ដែរ។ អត់​ឃើញ​ដោះលែង​សោះ ថ្ងៃ​ណា​ក៏​ទឹកភ្នែក​។ ក្រឡេក​រក​កូន​បាត់​ឈឹង កូន​ឃើញ​គេ​បាត់​កូន​ឯង ព្រោះ​កូន​មិនដែល​បាត់​ពី​ដើមទ្រូង​ម្ដាយ»

កូនប្រុស​លោកស្រី ភឹម ម៉ៅ វ័យ​២៦​ឆ្នាំ ត្រូវ​ក្រុម​ទាហាន​ការពារ​ដី​ឱ្យ​ក្រុមហ៊ុន​មេត្រីភាព ចាប់ខ្លួន​ជាមួយ​ឪពុក យក​ទៅ​ឃុំ​នៅ​ការិយាល័យ​ការពារ​ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្ម​ទេព កាលពី​ថ្ងៃទី​២០ មករា ខណៈដែល​ពួកគាត់​បរ​គោយន្ត​ដឹង​ឥ​វ៉ាន់​លក់ដូរ​ធ្វើដំណើរ​កាត់​តាម​ដី​ក្រុមហ៊ុន​។​

ហេតុការណ៍​ស្រដៀង​គ្នា​នេះ ក៏បាន​កើតឡើង​ចំពោះ​កូន​អ្នកភូមិ​ម្នាក់ទៀត ឈ្មោះ ភាព ភណ្ឌ អាយុ​២១​ឆ្នាំ ខណៈដែល​យុវជន​រូបនេះ បរ​គោយន្ត​ដឹក​ដំឡូង​។ លោកស្រី ភឹម ផន ដែល​ត្រូវជា​ម្ដាយ យុវជន​ឈ្មោះ ភាព ភណ្ឌ ថ្លែងថា អ្នកភូមិ​ផ្សេងទៀត​គេ​សប្បាយរីករាយ​ជួបជុំ​គ្រួសារ ក្នុងពេល​ចូលឆ្នាំថ្មី ប៉ុន្តែ​រូបគាត់ បែរជា​ត្រូវ​រស់នៅ​លាយឡំ​នឹង​ទឹកភ្នែក​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយ​បារម្ភ​ពី​កូនប្រុស​ដែល​ជាប់​ក្នុង​ពន្ធនាគារ មិន​ដឹង​ថា​ចេញ​វិញ​នៅ​ថ្ងៃ​ណា​។ លោកស្រី ភឹម ផន ថា កូនប្រុស​គាត់ គឺជា​ជំហរ​គ្រួសារ ដែល​ជួយ​រក​ចំណូល​ចិញ្ចឹម​ប្អូន​ៗ​២​នាក់​ទៀត ៖ «កាល​ពេល​កូន​នៅ​ជុំគ្នា​ហ្នឹង សប្បាយ​ណាស់​លោកគ្រូ​អើយ ដល់​កូន​ទៅ​បាត់​អ៊ីចឹង​ទៅ ដល់ពេល​មានបុណ្យ​មាន​ទាន ទឹកភ្នែក​បាត់​កូន​។ ហើយ​ឥឡូវ​ដល់ពេល​ចូលឆ្នាំ​នេះ កូន​មិន​ឃើញ​មក​ទៀត ខ្ញុំ​វេទនា​ចិត្ត​ណាស់​។ វេទនា​នឹង​បាត់​កូន​បាត់​ចៅ​ហើយ ណាមួយ​ជំពាក់​គេ​កាន់តែ​ច្រើន​ឡើង គ្មាន​អី​ជាទី​ពឹង​។ ឃើញ​តែ​កូន​គេ បាត់​កូន​ឯង។ វេទនា​ចិត្ត ទឹកភ្នែក​ហូរ​រហាម​រហូត​។ ការងារ​ទាំងអស់​កូន​ខ្ញុំ​រត់​មុខ​រហូត ការងារ​ធ្ងន់​ស្រាល​អី មិនដែល​ឱ្យ​ខ្ញុំ​ពិបាក​ទេ។ ដល់ពេល​អត់​ពី​កូន​ដូច​ដាច់​ដៃ​ដាច់​ជើង អ៊ីចឹង​រាល់​ថ្ងៃនេះ» ។​

លោកស្រី ភឹម ផន ក៏​អង្វរ​សុំ​ដល់​តុលាការ​ជួយ​ដោះលែង​កូនប្រុស​គាត់​ឱ្យ​មាន​សេរីភាព​វិញ ៖ «​សូម​សំណូមពរ​លោក​តុលាការ ជួយ​ដោះស្រាយ​កូន​ខ្ញុំ​ផង វា​គ្មាន​កំហុស​អី​ទេ​។ វា​បរ​គោយន្ត​ដឹក​ដំឡូង​សោះ វា​គ្មាន​ធ្វើ​អី​ខុសច្បាប់​នោះ​ទេ​។ ឱ្យ​លោក​ជួយ​ដោះលែង​កូន​ខ្ញុំ​ផង»

ចំណែក លោកស្រី ផុន ភួន ត្រូវជា​ភរិយា​លោក ឈិន រ៉ន អាយុ ៤៥​ឆ្នាំ ថ្លែង​ថា ឆ្នាំនេះ គ្រួសារ​របស់​គាត់ រង​ទុក្ខ​ផ្ទួនៗ​គ្នា រឿង​ដីធ្លី​ត្រូវ​បាត់​បង់​ហើយ ប្ដី​ត្រូវ​គេ​ចាប់​ឃុំខ្លួន​ទៀត​។ លោក ស្រី ផុន ភួ​ន ឱ្យ​ដឹងថា ពេល​ទៅ​ជួប​ប្ដី​គាត់ នៅក្នុង​ពន្ធនាគារ​ម្ដងៗ គ្មានអ្វី​ក្រៅ​ឃើញ​មុខ​គ្នា​ហើយ​អង្គុយ​យំ​នោះទេ​។ លោកស្រី ស្នើសុំ​តុលាការ​ដោះលែង លោក ឈិន រ៉​ន ឱ្យ​មាន​សេរីភាព និង​បាន​វិល​មក​ប្រកប​របរ​ធ្វើ​ចម្ការ​ចិញ្ចឹម​គ្រួសារ​គាត់​វិញ ៖ «​គាត់​និយាយ​ថា ឯង​អើយ ថ្ងៃ​ណា​បាន​អង្គការ​ដោះស្រាយ​។ ថ្ងៃ​ណា ខ្ញុំ​ទៅផ្ទះ​។ ខ្ញុំ​ថា​អត់​ដឹង​ដែរ ចាំ​មើល​អង្គការ​ដោះស្រាយ​។ ហើយ​នាំគ្នា​អង្គុយ​យំ​ទៅ​។ គាត់​យំ​ឃើញ​កូន​។ ខ្ញុំ​ក៏​យំ កូន​ក៏​យំ គាត់​ក៏​យំ​។ ជួប​មួយ​ភ្លែត​មិនបាន​ប៉ុន្មាន​នាទី​ផង ដល់​ម៉ោង​គេ​ចេញ»

ក្នុង​កំឡុង​ខែ​មករា ពលរដ្ឋ​ឱ្យ​ដឹង​ថា អ្នកភូមិ​១៤​នាក់ ត្រូវ​កង​ទាហាន​វារៈ​អន្តរាគមន៍​លេខ​២៦១ ដឹកនាំ​ដោយ​ឈ្មោះ លុយ សម្បត្តិ ហៅ រឹម ខេន ចាប់ខ្លួន​ជា​បន្តបន្ទាប់ ហើយ​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ក្រោម​បទ​ចោទ​ពី​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ព្រះវិហារ ថា​ពួកគេ បាន​រុករាន​និង​កាប់​ទន្ទ្រាន​ដីព្រៃ​រដ្ឋ​ដោយ​ខុសច្បាប់​» ខណៈ​ពលរដ្ឋ​ថា​មិន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ទេ។

អភិបាលស្រុក​ជាំ​ក្សាន្ត លោក ជា គឹមសេង ឱ្យ​ដឹងថា អាជ្ញាធរ កំពុង​ធ្វើ​ការ​លើ​សំណើ​ពលរដ្ឋ​ដែល​សុំ​ឱ្យ​ដោះលែង​អ្នក​កំពុង​ជាប់ឃុំ ដោយ​យកចិត្តទុកដាក់​ហើយ​។ ប៉ុន្តែ លោក ជា គឹមសេង យល់ថា អ្នកភូមិ​គួរ​យោគយល់​ដល់​អាជ្ញាធរ ព្រោះថា​ដំណោះស្រាយ​ក្នុង​រឿង​នេះ ត្រូវការ​ពេលវេលា និង​ធ្វើ​ទៅតាម​នីតិវិធី ៖ «​យើង​មិនបាន​និយាយ​បោកប្រាស់​គាត់​ទេ​។ ហើយ​អ្វី​ដែល​យើង​និយាយ​ជាមួយ​គាត់ គឺ​បាន​ន័យ​ថា វា​ជា​លក្ខណៈ​ផ្លូវច្បាប់​មួយ​ទៅ​ហើយ​។ ថ្នាក់ដឹកនាំ​កំពុងតែ​យកចិត្តទុកដាក់​ណា៎​បង​។ រឿង​ដោះលែង​ត្រូវតែ​ដោះលែង​ប្រជាពលរដ្ឋ​នោះ​។ គាត់​និយាយ​ហើយ គាត់​នឹង​ធ្វើ​នីតិវិធី​ដោះលែង​។ ជា​សំណូមពរ​របស់​គាត់ ចង់​ស្នើសុំ​ថ្ងៃ​ហ្នឹង ដោះលែង​ថ្ងៃ​ហ្នឹង គឺ​តាម​នីតិវិធី​អត់​បានទេ​បង​។ អ៊ីចឹង​!​ឯកឧត្ដម​អភិបាលខេត្ត ក៏​ដូច​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ កំពុង​គិតគូរ​ផ្លូវច្បាប់​ដើម្បី​ដោះលែង​ណា​បង​។ រឿង​នីតិវិធី​នេះ យើង​ត្រូវ​ប្រើ​ពេល​បន្តិច​បង​។ អ៊ីចឹង​! ឯកឧត្ដម​អភិបាលខេត្ត កំពុង​យកចិត្តទុកដាក់​រឿង​នេះ​ហើយ»

ចំណែក អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc)ប្រចាំខេត្ត​ព្រះវិហារ លោក ឡោ ចាន់ យល់ថា​អាជ្ញាធរ​អាច​ប្រើ​យន្តការ​ក្រៅ​ពន្ធ​តុលាការ​បាន ប្រសិនបើ​អាជ្ញាធរ​ពិត​ជា​មាន​ឆន្ទៈ​ចង់​ឱ្យ​អ្នក​ជាប់ឃុំ​បាន​នៅ​ក្រៅ​ឃុំ និង​ជួប​ក្រុម​គ្រួសារ​របស់​ពួកគេ​វិញ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ ៖ «​ខ្ញុំ​មិន​ហ៊ាន​ថា​មិច​ទេ តែ​អាជ្ញាធរ សំខាន់​លើ​គាត់​ដែរ​ទេ បើ​គាត់​ចង់​ឱ្យ​រឿង​ធំ​ក្លាយជា​រឿង​តូច អាហ្នឹង​គាត់​ក៏​ធ្វើបាន អា​រឿង​តូច​ទៅជា​អស់រឿង គាត់​ក៏​ធ្វើបាន ។ ហើយ​បើ​ចង់​រឿង​តូច​ទៅជា​រឿង​ធំ​វិញ ក៏​គាត់​ធ្វើ​បាន មាន​ទី​អី​ពិបាក​។ អ៊ីចឹង​! បាន​ថា​រឿង​ដោះ​មិន​ដោះ ជា​នីតិវិធី​របស់​ខាង​សាលាដំបូង​ក៏​ពិតមែន ក៏ប៉ុន្តែ​បើ​មានការ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ​ណាមួយ ក៏​ធ្វើ​បាន វា​អ៊ីចឹង​ណា៎»

ទោះបីជា​យ៉ាងណា អភិបាលស្រុក​ជាំ​ក្សាន្ត លោក ជា គឹមសេង បញ្ជាក់​ថា ការ​ដោះលែង​ពលរដ្ឋ​១៤​នាក់ អាច​នឹង​ធ្វើឡើង​នៅ​ក្រោយ​ពេល​ចូលឆ្នាំ​ខ្មែរ​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment