សារ​ជូនពរ​ឆ្នាំ​ថ្មី​របស់​អាមេរិក​ដល់​កម្ពុជា​ផ្ដោត​លើ​សេរីភាព​របស់​ពលរដ្ឋ​ដែល​រង​ការ​រឹតត្បិត

ដោយ មួង ណារ៉េត
2019-04-13
RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ចាប់​ដៃ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុង​ពិធី​ជប់លៀង​អបអរ​ខួប​លើក​ទី​៥០ របស់​អាស៊ាន កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៧។ Photo courtesy of SPM
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ចាប់​ដៃ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុង​ពិធី​ជប់លៀង​អបអរ​ខួប​លើក​ទី​៥០ របស់​អាស៊ាន កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៧។ Photo courtesy of SPM


ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ​ដែរ រដ្ឋាភិបាល​សហរដ្ឋអាមេរិក ផ្ញើ​សារ​ជូនពរ​ឆ្នាំ​ថ្មី ដោយ​ផ្ដោត​ន័យ លើ​សេរីភាព​ពលរដ្ឋ​ខ្មែរ ដែល​រង​ការ​រឹតត្បិត។

រដ្ឋាភិបាល​សហរដ្ឋអាមេរិក តាមរយៈ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស អ្នកស្រី ម័រហ្គិន អ៊ថាហ្គឹះស៍ (Morgan Ortagus) ចេញ​សេចក្ដី​ថ្លែងការណ៍ កាលពី​ថ្ងៃ​ទី១២ ខែ​មេសា ដោយ​ជូនពរ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ឲ្យ​មាន​សុខភាព​ល្អ សុខ​មង្គល និង ភាព​ចម្រុងចម្រើន​គ្រប់ៗ​គ្នា។

អ្នកស្រី​រម្លឹក​ថា ទំនាក់ទំនង​ល្អ​រវាង​ប្រជាជន​ទាំងពីរ​ប្រទេស​នេះ គឺ​ផ្អែកលើ​ស្មារតី​ខិតខំ​ប្រឹងប្រែង លើកស្ទួយ​សុខ​សន្តិភាព វិបុលភាព និង សេរី​ភាពជា​មូលដ្ឋាន។

ដូច្នេះ​អ្នកស្រី​បួងសួង​សុំ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ មាន​ភាព​ល្អ​ប្រសើរ ចាប់ពី​ឆ្នាំ​ថ្មី​នេះ​ទៅ ដោយ​ឈរ​លើ​ស្មារតី​លើកកម្ពស់​ប្រជាធិបតេយ្យ​នេះ។

រយៈពេល​ជិត​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក និង​របប​លោក ហ៊ុន សែន ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ក្រោយ​របប​នេះ​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ពន្ធនាគារ រម្លាយ​គណបក្សប្រឆាំង រៀបចំ​ការបោះឆ្នោត​ក្លែងក្លាយ និង​បណ្ដេញ​អង្គការ​អាមេរិក NDI ជាដើម។រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​ថ្កោលទោស​ចំណាត់​ការ​ទាំងនេះ និង​បាន​ដាក់​ទណ្ឌកម្ម​របប​នេះ ដោយ​ផ្តាច់​ជំនួយ​ទាំងស្រុង លើកលែងតែ​ជំនួយ​មនុស្សធម៌​។ មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិក ក៏បាន​ដាក់ទណ្ឌកម្ម​មន្ត្រី​ជាន់ខ្ពស់​នៃ​កង​អង្គរក្ស​លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង។ ចំណែក​ឯ​សមាជិកសភា​អាមេរិក កំពុង​ស្នើ​ច្បាប់​ដាក់ទណ្ឌកម្ម​បន្ថែម ដែល​អាច​ឈាន​ទៅដល់​ការ​ដក​ការ​អនុគ្រោះ​ពន្ធ​ទូទៅ​ផង បើ​របប​លោក ហ៊ុន សែន មិន​ស្ដារ​ស្ថាន​ការរំលោភ​សិទ្ធិ និង ប្រជាធិបតេយ្យ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles