អាជ្ញាធរ​បាត់ដំបង​រៀបចំ​សង្ក្រាន្ត​ចូលឆ្នាំ​ថ្មី ៤ថ្ងៃ​នៅ​បរិវេណ​វិទ្យាល័យ​ នេត យ៉ង់

ដោយ ហេង រស្មី
2019-04-14
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទិដ្ឋភាព​ពលរដ្ឋ​លេង​បុណ្យចូលឆ្នាំ​នៅ​ក្នុង​ពិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី នៅ​មុខ​វិទ្យាល័យនេត យ៉ង ជាប់​រង្វង់មូល​លោកតា​ដំបងក្រញូង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី១៣ ខែ​មេសា ឆ្នាំ​២០១៩។ photo provided
ទិដ្ឋភាព​ពលរដ្ឋ​លេង​បុណ្យចូលឆ្នាំ​នៅ​ក្នុង​ពិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី នៅ​មុខ​វិទ្យាល័យនេត យ៉ង ជាប់​រង្វង់មូល​លោកតា​ដំបងក្រញូង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី១៣ ខែ​មេសា ឆ្នាំ​២០១៩។ photo provided


ពិធី​សង្ក្រាន្ត​ស្វាគមន៍​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នៅ​ខេត្ត​បាត់ដំបង​ប្រារព្ធ​ឡើង នៅ​ក្នុង​បរិវេណ​វិទ្យាល័យ ​នេត យ៉ង់ ជាប់​រង្វង់​មូល​លោកតា​ដំបងក្រញូង​ក្រុង​បាត់ដំបង កាលពី​យប់​ថ្ងៃ​ទី​១៣ មេសា។ អាជ្ញាធរ​ខេត្ត​បាត់ដំបង​រៀបចំ​ពិធី​នេះ​ចំនួន​ ៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ​មេសា។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ប្រចាំ​ខេត្ត​នេះ​អះអាង​ថា សង្ក្រាន្ត​ឆ្នាំនេះ​មាន​អ្នក​ទៅលេង​កម្សាន្ត​តិច​ជាង​ឆ្នាំមុន ស្រប​ពេល​ដែល​ទំនិញ​ចំនួន​ក៏បាន​ឡើងថ្លៃ​ជាង​ថ្ងៃ​ធម្មតា​ដែរ។

អាជ្ញាធរ​ខេត្ត​បាត់ដំបង រៀបចំ​ពិធី​សង្ក្រាន្ត​នៅ​ខេត្ត​បាត់ដំបង និង​ពិធី​ខាង​សាសនា តាម​ប្រពៃណី​ជាតិ ចាប់ពី​ម៉ោង​ ១​រសៀល ដោយមាន​លេងល្បែង​ប្រជាប្រិយ ដូចជា វាយក្អម ទាញព្រ័ត្រ បោះ​ឈូង និង​លាក់កន្សែង និង​មាន​លែង​កញ្ញា​ធ្លាក់ទឹក​ជាដើម។

អភិបាលក្រុង​បាត់ដំបង លោក ផែង សិទ្ធី មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​១៤ មេសា​ថា អាជ្ញាធរ​បាន​ត្រៀម​រថយន្ត​ពន្លត់​អគ្គីភ័យ​ជាច្រើន​គ្រឿង​បាញ់​ទឹក​ជួយ​កាត់បន្ថយ​កម្ដៅ​ថ្ងៃ​ ដើម្បី​ឱ្យ​ពលរដ្ឋ​បាន​រាំ​សប្បាយ និង​ប្រគំ​តន្ត្រី​រាំ​ចង្វាក់​ប្រពៃណី​ខ្មែរ​ចែក​ជូន​អ្នកចូលរួម​រាំ​លេង​កម្សាន្ត​រហូតដល់​ម៉ោង​ ១១​យប់៖ «បាទ​មាន​រាំ​ជា​ប្រពៃណី​ដូចជា​រាំវង់​រាំក្បាច់​ឡាំ​ឡាវ បើ​និយាយ​រួម​បូរាណ​ខ្មែរ​គឺ​យក​ទៅ​ធ្វើ​នៅ​ទីនោះ​ទាំងអស់។ ហើយ​ពាក់ព័ន្ធ​នឹង​សន្តិសុខ​វិញ​ គឺថា​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច​​ដាក់​ទាំង​នៅ​ក្នុង​ពិធី​សង្ក្រាន្ត​ និង​នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​បាត់ដំបង គឺ​ធ្វើ​យ៉ាងណា​រក្សា​សន្តិសុខ​ជូន​ពលរដ្ឋ​ឱ្យ​បាន ដូច្នេះ​ក៏​សូម​ឱ្យ​ប្រជាពលរដ្ឋ​អញ្ជើញ​មក​សូម​កុំ​ឱ្យ​មាន​ការ​ភិតភ័យ​ទៅលើ​បញ្ហា​សន្តិសុខ​គឺ​យើង​បាន​រៀបចំ​ល្អ​ណាស់»

លោក​បន្ត​ថា សង្ក្រាន្ត​ថ្ងៃ​ដំបូង​មាន​ពលរដ្ឋ​ចូល​លេង​កម្សាន្ត​ច្រើន​កុះករ​មិន​ចាញ់​កាលពី​ឆ្នាំ​២០១៨​ នោះ​​ទេ។

សង្ក្រាន្ត​នៅ​ខេត្ត​បាត់ដំបង​រៀបចំ​នៅ​វិទ្យាល័យ ​នេត យ៉ង់ និង​សាលាបឋមសិក្សា​ជាស៊ីម​ជាប់​រង្វង់​មូល​លោកតា​ដំបូង​ក្រញូង​ក្រុង​បាត់ដំបង​។ លោក ផែង សិទ្ធី បញ្ជាក់​ថា ពិធី​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ពលរដ្ឋ​បាន​កម្សាន្ត​សប្បាយ​ដោយ​មិនបាច់​ធ្វើដំណើរ​ទៅលេង​កន្លែង​ឆ្ងាយ និង​ជា​ការ​រក្សា​ប្រពៃណី​ខ្មែរ​ឱ្យ​បាន​គង់វង្ស។

ទោះជា​យ៉ាងណា​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក ​(Adhoc) ខេត្ត​បាត់ដំបង​​លោក យិន ម៉េងលី ដែល​បាន​ទៅ​ទស្សនា​ពិធី​សង្ក្រាន្ត​ក្នុង​ថ្ងៃ​ដំបូង​អះអាង​ថា សង្ក្រាន្ត​នៅ​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ដំបូង​មាន​មនុស្ស​ទៅលេង​កម្សាន្ត​តិច​ជាង​ឆ្នាំ​កន្លងទៅ ហើយ​តម្លៃ​ទំនិញ​ក៏បាន​ឡើងថ្លៃ​​ទ្វេ​​​ដង ក្នុង​នោះ​គុយទាវ​បាន​ឡើងថ្លៃ​មួយ​ចាន​តម្លៃ ១​ម៉ឺន ៥​ពាន់​រៀល ​(១៥.០០០) ដែល​ខុស​ពី​ថ្ងៃ​ធម្មតា​មួយ​ចាន​តម្លៃ​ ៨​ពាន់​រៀល​ (.០០០)​ ប៉ុណ្ណោះ។ លោក​បន្ត​ថា ទិដ្ឋភាព​នៅ​ថ្ងៃ​ទី​១៤ មេសា នៅ​ក្រុង​បាត់ដំបង​មាន​សភាព​ស្ងប់ស្ងាត់​ជាង​ថ្ងៃ​ធម្មតា ដោយ​ពលរដ្ឋ​ភាគច្រើន​និយម​ជួបជុំគ្នា​នៅ​តាម​ផ្ទះ​រៀងៗ ​ខ្លួន៖ «យើង​ឃើញ​ការ​ចាយវាយ​របស់​ពលរដ្ឋ​នៅ​តាម​រមណីយដ្ឋាន គឺ​ពួកគាត់​មានការ​សន្សំសំចៃ មាន​ការ​យក​ម្ហូបអាហារ​ផ្ទាល់ខ្លួន​ពី​ផ្ទះ​ទៅ​ហូប ហើយ​អ្នកខ្លះ​គាត់​ដើរ​ដែរ​ តែ​គាត់​មិនសូវ​ចំណាយ​លុយ​ទៅលើ​ទិញ​របស់​ទេ គឺ​​គាត់​​គ្រាន់​តែ​​ទៅ​​មើល​ ដើម្បី​​សប្បាយ ​ឬ​ក៏​​គាត់​​ចំណាយ​​តិចតួច»

ចំណែក​មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​លោក អ៊ិន គង់ជិត ដែល​រស់នៅ​ខេត្ត​បាត់ដំបង​ដែរ​អះអាង​ថា បើ​ទោះ​បី​ជា​អាជ្ញាធរ​រៀបចំ​ពិធី​សង្ក្រាន្ត​យ៉ាង​នេះ​ក្ដី ក៏ប៉ុន្តែ​នៅ​តាម​ទី​វត្ត​អារាម និង​នៅ​តាម​ភូមិ​ក្នុង​ខេត្តបាត់ដំបង​មិន​សូវ​មាន​ប្រជាពលរដ្ឋ​លេងល្បែង​ប្រជាប្រិយ​ដូច​កាល​ពី​សម័យ​ទសវត្ស​ឆ្នាំ​១៩៩០ ​នោះ​ទេ​។ លោក​កត់​សម្គាល់​​ថា បញ្ហា​នេះ​ដោយសារ​អាជ្ញាធរ​ពាក់ព័ន្ធ​មិនបាន​យកចិត្តទុកដាក់​រៀបចំ​អភិរក្ស​ឱ្យ​មាន​ការ​លេង​ល្បែង​ប្រជាប្រិយ​នៅ​តាម​មូលដ្ឋាន​ឱ្យ​បាន​ទូលំទូលាយ៖ «ហើយ​យើង​ឃើញ​ថា មានការ​ស្ដាយ​ដែល​របាំ​ប្រជាប្រិយ​ខ្មែរ​មួយ​ចំនួន​បណ្ដុះ​គំនិត​ប្រាជ្ញា និង​បង្កប់​នូវ​អត្ថន័យ​នៃ​ការ​សាមគ្គីភាព​បង្កើត​បរិយាកាស​សប្បាយ​រីករាយ ហើយ​បណ្ដុះ​ប្រាជ្ញា​ស្មារតី​ត្រូវ​បាន​ថមថយ ដែល​មួយ​រយៈ​ចុង​ក្រោយ​​នេះ​​មិន​សូវ​មាន​ការដឹកនាំ ខណៈ​ដែល​យុវជន​សម័យថ្មី​នេះ​គាត់​បែរជា​ចូលចិត្ត​រាំ​កម្សាន្ត​វិញ»

អាជ្ញាធរ​ក្រុង​បាត់ដំបង​ឱ្យ​ដឹង​ថា នៅ​តាម​សណ្ឋាគារ​នៅ​ក្នុង​ក្រុង​មួយ​នេះ​នៅ​ដដែល​មិន​មាន​អ្វី​ប្រែប្រួល​ខុស​ថ្ងៃ​ធម្មតា​នោះ​ទេ ហើយ​អ្នកទេសចរ​ជាតិ​ និង​អន្តរជាតិ​កក់​បន្ទប់​ស្នាក់នៅ ដើម្បី​លេង​កម្សាន្ត​ពិធី​សង្ក្រាន្ត និង​នៅ​រមណីយដ្ឋាន​នានា ​ក្នុង​ខេត្ត​មួយ​នេះ​ជិត​ពេញ​អស់ហើយ។ អភិបាលក្រុង​បាត់ដំបង​រំពឹង​ថា ពិធី​សង្ក្រាន្ត​ឆ្នាំនេះ​នឹង​មាន​អ្នក​ទៅ​កម្សាន្ត​រាប់សែន​នាក់ ដោយសារ​ខេត្ត​បាត់ដំបង​មាន​រមណីយដ្ឋាន​ច្រើន​កន្លែង និង​មាន​ពិធី​សង្ក្រាន្ត​ធំ សម្រាប់​ស្វាគមន៍​អ្នកទេសចរ ស្រប​ពេល​ពុំ​មាន​អង្គរ​សង្ក្រាន្ត​នៅ​ខេត្ត​សៀមរាប​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment