អ្នក​ធ្លាប់​រស់​នៅ​ប៊ូឌីង​មិន​ពេញចិត្ត​ការ​ប្ដូរ​ក្រុមហ៊ុន​វិនិយោគ​​ឱ្យ​​បន​ល្បែង​ណាហ្គា

ដោយ មួង ណារ៉េត
2019-04-14
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទិដ្ឋភាព​នៅ​តំបន់​អគារ​ប៊ូឌីង ស្ថិត​ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA
ទិដ្ឋភាព​នៅ​តំបន់​អគារ​ប៊ូឌីង ស្ថិត​ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA


អតីត​ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីង ឬ​ហៅថា​អគារ​”​ស​”​បង្ហាញ​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​ផ្លាស់ប្តូរ​ក្រុមហ៊ុន​វិនិយោគ​ពី​ក្រុម​ជប៉ុន​មក​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គា នោះ​ទេ។ ប៉ុន្តែ​មន្ត្រី​អ្នកនាំពាក្យ​រដ្ឋាភិបាល​នៃ​របប​ក្រុងភ្នំពេញ​ថា ការ​មិន​ពេញ​ជា​រឿង​បុគ្គល ប៉ុន្តែ​ការ​វិនិយោគ​នេះ​នឹង​បង្កើត​ការងារ​ដល់​ពលរដ្ឋ និង​ធ្វើ​ឱ្យ​រដ្ឋ​កើន​ចំណូល​បន្ថែម​ទៀត។

អតីត​ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីង និង​មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ទៅ​របប​ក្រុងភ្នំពេញ​បកស្រាយ​ពី​មូលហេតុ​នៃ​ការ​ប្ដូរ​អ្នក​វិនិយោគ​លើ​អតីត​អគារ​ប៊ូឌីង ខណៈ​កាល​ពី​ចរចា​សម្រួល​ឱ្យ​ពួកគេ​ចាកចេញ​គឺ មាន​ការធានា​អះអាង​ថា ក្រុមហ៊ុន​ជប៉ុន ប៉ុន្តែ​នៅ​ពេល​ពលរដ្ឋ​យល់ព្រម​ចាកចេញ​រួចហើយ បែរ​ជា​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គា (Naga) ជា​អ្នក​វិនិយោគ​ទៅវិញ។

អតីត​ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីង លោក កា សីហា ប្រាប់​អាស៊ីសេរី​ថា លោក​មិន​ពេញ​​ចិត្ត​ទេ នៅពេល​ដឹង​ថា ណាហ្គា​វិនិយោគ​លើ​ដី​អតីត​អគារ​ប៊ូឌីង​នេះ។ លោក​បន្ត​ថា បើ​សិន​ក្នុង​ការចរចា កន្លងមក​ប្រាប់​ថា យក​ដី​មក​ឱ្យ​ក្រុមហ៊ុន​បន​ល្បែង​វិនិយោគ​ដូចនេះ​លោក​មិន​ព្រម​ចាកចេញ​ទេ។ «»

ចំណែក អតីត​ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីង​ម្នាក់ទៀត លោក ស៊ឹម វណ្ណៈ និយាយ​ថា ក្នុងនាម​លោក​ជា​ពលរដ្ឋ​ម្នាក់​ដែល​យល់ព្រម​ទទួល​សំណង​រួច​ហើយ​គ្មាន​អ្វី​ត្រូវ​តវ៉ា ឬ​ជំទាស់​លើ​កា​រវិន​យោគ​លើ​ដី អតីត​អគារ​ប៊ូឌីង​នេះ​ទេ ប៉ុន្តែ​លោក​ក៏​បង្ហាញ​ការ​មិន​ពេញចិត្ត​ដែរ។ ពលរដ្ឋ​រូប​នេះ ចង់​ឱ្យ​រដ្ឋាភិបាល​ចេញមុខ​ពន្យល់​ពលរដ្ឋ​ឱ្យ​ដឹង​ពី​មូលហេតុ​នៃ​ការ​ផ្លាស់ប្ដូរ​ក្រុមហ៊ុន​វិនិយោគ​ដូចនេះ។ «»

កាលពី​ឆ្នាំ​២០១៧ ក្រុមហ៊ុន​របស់​ជប៉ុន​ឈ្មោះ អារ៉ាកាវ៉ា (Arakawa) ទទួល​បាន​សិទ្ធិ​សាងសង់​អគារ​កម្ពស់​២១​ជាន់ នៅ​ទីតាំង​អគារ​ប៊ូឌីង ដោយ​ក្រុមហ៊ុន​នេះ​អះអាង​ថា ត្រូវ​ចំណាយ​ពេល​ប្រមាណ ៤​ឆ្នាំ ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៨០​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម​និង​សំណង់ លោក ជា សុផារ៉ា ជា​អ្នក​សម្របសម្រួល​ដើម្បី​ឱ្យ​ពលរដ្ឋ​យល់ព្រម លក់​បន្ទប់​របស់​ពួកគេ។

ប៉ុន្តែ​កាលពី​ថ្ងៃទី​៣ ខែ​មេសា ២០១៩ ក្រុមហ៊ុន NagaCorp Ltd បាន​ប្រកាស​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​នេះ​នឹង​វិនិយោគ​នូវ​ទឹកប្រាក់​ប្រមាណ ៤​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដើម្បី​សាងសង់​សណ្ឋាគារ និង​កាស៊ីណូ Naga World3 លើ​អតីត​ដី​ប៊ូឌីញ​នេះ​ទៅវិញ។

ជុំវិញ​ការ​ផ្លាស់ប្តូរ​ក្រុមហ៊ុន​វិយោគ​នេះ​អាស៊ីសេរី​បាន​ព្យាយាម​ទូរស័ព្ទ​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួង​ដែនដី លោក សេង ឡូត ពី​ថ្ងៃ​ទី​១២ និង​ថ្ងៃ​ទី​១៣ ខែ​មេសា ប៉ុន្តែ​លោក​មិន​ទទួល​ទូរស័ព្ទ។ ចំណែក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុរិយោដី និង​ភូមិសាស្ត្រ​នៃ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ឡោ ដាវុធ ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ ដោយ​លោក​ប្រាប់​ថា លោក​កំពុង​នៅ​ក្រៅ​ប្រទេស។

អ្នកនាំពាក្យ​រដ្ឋាភិបាល​នៃ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ឱ្យ​ដឹង​ថា លោក​មិន​ទាន់​ទទួល​ព័ត៌មាន​ផ្លូវ​ពី​ក្រសួង​ដែនដី​ជុំវិញ​ការ​ផ្លាស់ប្តូរ​ក្រុមហ៊ុន​វិនិយោគ​លើ​ដី​អតីត​អគារ​ប៊ូឌីង​នេះ​នៅឡើយ​ទេ។ ប៉ុន្តែ​លោក​យល់ថា បើសិនជា​អតីត​ដី​អគារ​ប៊ូឌីង​ត្រូវ​ក្រុមហ៊ុន​ណាហ្គា​វិនិយោគ នឹង​ជួយ​ផ្តល់​ការងារ​ដល់​ពលរដ្ឋ និង​ធ្វើ​ឱ្យ​រដ្ឋ​ទទួល​បាន​ចំណូល​ពី​ការ​បង់ពន្ធ​បន្ថែម​ទៀត។ អ្នកនាំពាក្យ​រូប​នេះ​យល់​ថា ការ​មិន​ពេញចិត្ត​របស់​អតីត​ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីង​គឺជា​សិទ្ធិ របស់​បុគ្គល។ «»

ប៉ុន្តែ​អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា យល់ថា ការ ផ្លាស់ប្តូរ​ក្រុមហ៊ុន​វិនិយោគ​បែបនេះ​គឺ​ធ្វើ​ឱ្យ​សាធារណជន និង​អតីត​ពលរដ្ឋ​ប៊ូឌីង​មាន​មន្ទិលសង្ស័យ​។ លោក​បន្ត​ថា បញ្ហា​នេះ​បើ​មានការ​វិនិយោគ​តំបន់​ផ្សេង​អាច​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​មាន​ទំនុក​ចិត្ត​លើ​ដំណោះ​ស្រាយ​របស់​រដ្ឋាភិបាល។ «»

អតីត​ពលរដ្ឋ​ប៊ូឌីង​ជិត​៥០០​គ្រួសារ​សម្រេចចិត្ត​លក់​បន្ទប់​របស់​ខ្លួន​ឱ្យ​ក្រុមហ៊ុន​របស់​ជប៉ុន ឈ្មោះ អារ៉ាកាវ៉ា (Arakawa) ក្រោម​ការ​សម្របសម្រួល​ពី​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា តាម​តម្លៃ​កំណត់​របស់​ក្រសួង​ដែនដី​គឺ​មួយ​ម៉ែត្រការ៉េ​តម្លៃ ១.៤០០ ដុល្លារ។ ប៉ុន្តែ​អ្នក​ជំនាញ​អចលនទ្រព្យ​ថា តំបន់​នេះ​មានតម្លៃ​ពី​៣.០០០​ដុល្លារ ទៅ ៥.០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles