ពលករ​ខ្មែរ​នៅ​ថៃ​រួម​គ្នា​ធ្វើ​ពិធី​សង្ក្រាន្ត​ឆ្លង​បុណ្យ​ចូលឆ្នាំ​​រក្សា​ប្រពៃណី​ខ្មែរ​

ដោយ អាស៊ីសេរី
2019-04-15

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​ពលករ​ខ្មែរ​ធ្វើ​ពិធី​សង្ក្រាន្ត​ឆ្លង​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នៅ​ខេត្ត​សមុទ្រ​ប្រាកាន ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី១៤ ខែ​មេសា ឆ្នាំ២០១៩។ រូប៖ ពលករ​ខ្មែរ​នៅ​ថៃ
ក្រុម​ពលករ​ខ្មែរ​ធ្វើ​ពិធី​សង្ក្រាន្ត​ឆ្លង​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នៅ​ខេត្ត​សមុទ្រ​ប្រាកាន ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី១៤ ខែ​មេសា ឆ្នាំ២០១៩។ រូប៖ ពលករ​ខ្មែរ​នៅ​ថៃ


ពលករ​ខ្មែរ​ធ្វើការ​ងារ​នៅ​ឯ​ប្រទេស​ថៃ​ឯណោះ​វិញ​ ដោយ​បាន​រួម​គ្នា​​​រៀបចំ​ពិធី​សង្ក្រាន្ត​ឆ្លង​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នៅ​ខេត្ត​សមុទ្រ​ប្រាកាន (Samut Prakan) ជាប់​ទីក្រុង​បាងកក​ប្រទេស​ថៃ ​ចាប់​ផ្ដើម​ពី​ម៉ោង៩ព្រឹក ​រហូត​ដល់​រសៀល​ថ្ងៃ​ទី១៤ មេសា ហើយ​មាន​ពលករ​ខ្មែរ​ប្រមាណ ១០០នាក់​ចូលរួម​លេង​កម្សាន្ត។

ប្រធាន​រៀប​ចំ​ពិធី​សង្ក្រាន្ត​របស់​ពលករ​ លោក វិន មករា ថ្លែង​ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី១៤ មេសា​ថា មូលហេតុ​ដែល​មិន​សូវ​មាន​​ពលករ​ចូល​រួម​ច្រើន​ ដោយសារ​នេះ​ជា​លើក​ដំបូង​ដែល​ពួក​គាត់​នាំ​គ្នា​ប្រារព្វ​ឡើង​នៅ​ខេត្ត​សមុទ្រ​ប្រាកាន។ ពលករ​រូប​នេះ​បន្ថែម​ទៀត​ថា​ នៅ​ពេល​ព្រឹក​មាន​និមន្ត​ព្រះសង្ឃ​ខ្មែរ​នៅ​ប្រទេស​ថៃ​ធ្វើ​ពិធី​តាម​បែប​ព្រះពុទ្ធ​សាសនា ដូច​ជា​ ការ​សូត្រ​មន្ត​សុំ​សេចក្ដី​សុខ និង​ពូន​ភ្នំខ្សាច់​ជា​ដើម។ ចំណែក​នៅ​ពេល​រសៀល​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ រួម​មាន​ការ​វាយ​ក្អម លេង​លាក់​កន្សែង ទាញព្រ័ត្រ បោះ​ឈូង និង​មាន​ការ​ចាក់​ធុងបាស​រាំង​ចង្វាក់​ប្រពៃណី​ខ្មែរ​​​​ស្វាគមន៍​ឆ្នាំ​ថ្មី​យ៉ាង​សប្បាយ​រីករាយ៖ «ខ្ញុំ​អត់​បាន​ទៅ​លេង​ស្រុក​ខ្មែរ​ទេ​ឆ្នាំ​នេះ ព្រោះ​ខ្ញុំ​ទើប​ទៅ​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​រួច​ហើយ ដូច្នេះ​ហើយ​ដោយ​មាន​ពលករ​ជា​ច្រើន​ផ្សេង​ទៀត​មិន​បាន​ទៅ​ខ្មែរ​ដែរ​ក៏​នាំ​គ្នា​ធ្វើ​កម្មវិធី​មួយ​ ដើម្បី​រាំ​លែង ​និង​ថែរក្សា​ប្រពៃណី។ អ្វី​ដែល​ខ្ញុំ​ធ្វើ​នេះ​ ដើម្បី​បង្ក​ការ​សប្បាយ​ជុំ​គ្នា ហើយ​ពួក​ខ្ញុំ​នឹង​ធ្វើ​ពិធី​នេះ​នៅ​ឆ្នាំ​ក្រោយៗ ទៀត»

លោក​បន្ត​ថា​ ពិធី​នេះ​ធ្វើ​ឡើង​​ដើម្បី​រក្សា​ប្រពៃណី​ខ្មែរ​ឱ្យ​បាន​គង់វង្ស​យូរ​អង្វែង​ទៅ​មុខ និង​ជា​ការ​រួម​សាមគ្គី​គ្នា​បង្កើត​ភាព​ស្និទ្ធស្នាល​របស់​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ដែល​មិន​បាន​ត្រឡប់​ទៅ​លេង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​ស្រុក​កំណើត​បាន​រាំ​លេង​កម្សាន្ត​សប្បាយ ដើម្បី​បំបាត់​ការ​នឿយ​ពី​ការងារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment