លោក សម រង្ស៊ី ប្រធាន​​ស្ដីទី​គណបក្ស​សង្រ្គោះ​ជាតិ ​បង្ហោះ​សារ​​​​​វីឌីអូ​ឃ្លីប​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ ​​ជូន​ពរ​ប្រជាពលរដ្ឋ​​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

ដោយ ទីន ហ្សាការីយ៉ា
2019-04-15
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។ រូបថត៖ ហ្វេសប៊ុក Sam Rainy
លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។ រូបថត៖ ហ្វេសប៊ុក Sam Rainy


លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បាន​បង្ហាញ​វីឌីអូ​ឃ្លីប​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក នា​ថ្ងៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ថ្ងៃ​ទី១ គឺ​កាល​ពី​ថ្ងៃ​ទី១៤ មេសា ជូន​ពរ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ឲ្យ​មាន​តែ​សេចក្ដី​សុខ សុខភាព​ល្អ ចម្រុងចម្រើន​ដូច​ក្ដី​ប្រាថ្នា និង​រួច​ផុត​ពី​អំណាច​ផ្ដាច់ការ។

លោក សម រង្ស៊ី បញ្ជាក់​ថា កម្ពុជា​មិនមែន​ជា​កម្មសិទ្ធិ​របស់​បុគ្គល​ណា ឬ​ក្រុម​គ្រួសារ​ណា​ទេ កម្ពុជា គឺ​ជា​កម្មសិទ្ធិ​ខ្មែរ​គ្រប់​រូប។ លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​រួម​គ្នា ងើបឈរឡើង ដើម្បី​រំដោះ​ប្រទេស​កម្ពុជា​ចេញ​ពី​របប​ផ្ដាច់ការ ហ៊ុន សែន៖«»

ពិធី​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នៅ​ថ្ងៃ​ទី១ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​សរសេរ​លើ​ហ្វេសប៊ុក​ជូន​ពរ ពលរដ្ឋ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ សូម​ជួប​តែ​សេចក្តី​សុខ ចម្រុងចម្រើន សំណាងល្អ ព្រម​ទាំង​ពុទ្ធពរ ៥ ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណ កុំបី​ឃ្លៀងឃ្លាត​ឡើយ។

ព្រះតេជព្រះគុណ លូន សុវ៉ាត ដែល​ជា​សកម្មជន​សង្គម​មួយ​អង្គ មាន​ថេរ​ដីកា​ថា សារ​ជូនពរ​របស់​អ្នក​នយោបាយ គឺ​ជា​រឿង​ធម្មតា​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប៉ុន្តែ​ព្រះតេជព្រះគុណ កត់​សម្គាល់​ថា សារ​ជូនពរ​របស់​អ្នក​នយោបាយ ជា​ពិសេស លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​មិន​បាន​ផុស​ចេញ​ពី​បេះដូង និង​ផ្ទុយ​ពី​ទង្វើ​ជាក់ស្ដែង​ដែល​កើត​ចេញ​ពី កាយ វិចារ ចិត្ត​ទេ ។ ព្រះ​អង្គ​បន្ត​ថា ប្រសិនបើ​មេ​ដឹក​នាំ​បាត់បង់​នូវ​ព្រហ្ម​វិហារធម៌ និង​ទសពិធ​រាជធម៌ ឬ​ធម៌​ទាំង១០​ ដែល​មេ​ដឹក​នាំ​ត្រូវ​មាន​នោះ ទោះ​បី ជា​ផ្ញើ​សារ​ជូនពរ​យ៉ាង​ណា ក៏​ប្រជារាស្ត្រ​ក្នុង​នគរ​នោះ​គ្មាន​សេចក្ដី​សុខ​និង​រីក​ចម្រើន​ដែរ។

ចំពោះ​លោក កឹម សុខា ដែល​របប​លោក ហ៊ុន សែន ឃុំ​ខ្លួន​ក្នុង​ផ្ទះ​វិញ ក៏​យក​ឱកាស បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ផ្ញើ​សារ​តាម​ហ្វេសប៊ុក ​បួងសួង​នូវ​ពរ​ពីរ​ប្រការ​ជា​សំខាន់ ចូល​កើត​មាន​ដល់​ពលរដ្ឋ និង​ប្រទេស​កម្ពុជា​។ ទី១ គឺ លោក​ចង់​កម្ពុជា មាន​សុខ​សន្តិភាព ការ​រីកចម្រើន ស្ថិតស្ថេរ គង់វង្ស​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ដែល​ជា​ម្ចាស់​ទឹកដី និង​សូម​ឱ្យ​កម្ពុជា​ចាក​ផុត​គ្រោះថ្នាក់​ទាំង​ឡាយ ដែល​បង្ក​ដោយ​ធម្មជាតិ ឬ​ដោយ​មហិច្ឆតា​អគតិ​របស់​មនុស្ស។ ទី​២ លោក​សូម​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ រួមរស់​ជាមួយគ្នា ដោយ​សុខដុមរមនា ប្រកបដោយ​ព្រហ្ម​វិហារធម៌ (មេត្តា ករុណា មុទិតា ឧបេក្ខា) និង​សូម​ឱ្យ​កម្ចាត់​ចេញពី​កាយ វាចា ចិត្ត​របស់​មនុស្ស ជាពិសេស​អ្នកនយោបាយ​ខ្មែរ​នូវ​អកុសល ធម៌​ទាំងឡាយ (លោភៈ ទោសៈ មោហៈ) ដូច​ជា​ការ​លោភលន់​គ្មាន​ព្រំដែន ការ​រំលោភ​បំពាន ការ​គំរាម​កំហែង អំពើ​ហិង្សា ការ​មួល​បង្កាច់​ចោទ​ប្រកាន់ ការ​លាប​ពណ៌ ការ​ជេរ​ប្រមាថ ការ​គុំកួន​សង សឹក​គ្នា ដែល​ជា​មូលហេតុ​នាំ​ឱ្យ​មាន​ការ​ឈឺចាប់ ការ​បែក​បាក់​ក្នុង​សង្គម​ជាតិ និង​នាំ​ឱ្យ​អាប់ឱន​នូវ​តម្លៃ ពូជ​សាសន៍ តម្លៃ​នៃ​អ្នក​ដឹក​នាំ ជា​ពិសេស​កិត្យានុភាព​ជាតិ។

លោក កឹម សុខា សង្ឃឹមថា ឆ្នាំ​ថ្មី​នេះ​ជា​ឆ្នាំ​សេរី​សួស្ដី ឆ្នាំ​ដែល​ខ្មែរ​វិល​មក​រក​ដំណោះ​ស្រាយ​ជា​វិជ្ជមាន​វិញ។

លោក សម រង្ស៊ី ក៏​សំដែង​សុទិដ្ឋិនិយម​ដែរ​ថា ឆ្នាំ​ថ្មី​នេះ គឺ​ជា​ឆ្នាំ​ផ្លាស់​ប្ដូរ ដោយ​លោក និង អ្នក​ស្នេហា​ជាតិ​ទាំង​អស់ ខិតខំ​អស់​ពី​កម្លាំង​កាយ​ចិត្ត ដើម្បី​ឲ្យ​កម្ពុជា មាន​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន ឲ្យ​ប្រជា​ពលរដ្ឋ​ស្គាល់ នូវ​សិទ្ធិ​សេរីភាព និង​ជា​ប្រទេស​នីតិរដ្ឋ​ពិត​ប្រាកដ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment