អ្នកតាមដាន៖ការសម្លាប់រង្គាលនៃរបបក្រោយ១៧មេសាកើតចេញពីការបែកបាក់ជាតិនិងឥទ្ធិពលកុម្មុយនីស្ត


|
https://www.vodhotnews.com

ពួក​ខ្មែរក្រហម (រូបភាពឯកសារដោយ Monatio)

អ្នកតាមដានសង្គមមួយចំនួន បង្ហាញការយល់ឃើញថា របបកាប់សម្លាប់រង្គាលខ្មែរក្រហម ដែលបានឡើងកាន់អំណាចពីថ្ងៃ១៧មេសា ឆ្នាំ១៩៧៥នោះ បានផ្តល់បទពិសោធន៍ធំៗពីរ ទុកជាមេរៀនកុំឲ្យអ្នកនយោបាយជំនាន់ក្រោយដឹកនាំប្រទេសទៅរកភាពវិនាសកម្មដូចពីអតីតកាល។

មេដឹកនាំខ្មែរក្រហម សាឡុត ស ហៅ ប៉ុល ពត ឡើងកាន់អំណាច បានជាង៣ឆ្នាំ តែត្រូវដួលរំលំទៅវិញ ពោលគឺចាប់ពីថ្ងៃ១៧មេសាឆ្នាំរហូតដល់ថ្ងៃ៧មករាឆ្នាំ១៩៧៩។

ប៉ុន្តែការកាន់អំណាចតែមួយរយៈខ្លីរបស់ ប៉ុល ពត នេះ បានសម្លាប់មនុស្សអស់ជាង១លាន៧សែននាក់ តាមរយៈធ្វើទារុណកម្ម បង្ខំឲ្យធ្វើការលើសម្លាំងបង្អត់អាហារ និងលុបបំបាត់ជំនឿសាសនា បែងចែកវណ្ណះ រវាងអ្នកមាននិង អ្នកក្រ បញ្ញវន្តនិងកសិករជាដើម។

អ្នកវិភាគនយោបាយ លោក បណ្ឌិត ឡៅ ម៉ុងហៃ ពន្យល់ថា ការសម្លាប់មនុស្ស និងធ្វើឲ្យប្រទេសជាតិជួបវិនាសកម្ម ដោយសារឥទ្ធិពលកុម្មុយនីស្ត ហើយអ្នកនយោបាយខ្មែរពេលនោះបានដើរតួនាទីសំខាន់ជាភ្នាក់ងារអនុវត្តលទ្ធិកុម្មុយនីស្ត។លោកថា បញ្ហាចំបងមួយទៀត គឺអ្នកនយោបាយប្រកួតអំណាចការពារតែប្រយោជន៍បក្ខពួក មិនខ្វល់ពីចរន្តបែកបាក់ជាតិ។

អ្នកវិភាគជើងចាស់រូបនេះបង្ហាញការព្រួយបារម្ភថា របត់នយោបាយបច្ចុប្បន្នកំពុងតែរុញកម្ពុជា ឲ្យរំកិលទៅរកអតីតកាល បើគ្មានអ្វីប្រែប្រួល។

លោកថា ៖ «ត្រូវជៀសវាងសកម្មភាពណាដែលប៉ះពាល់ដល់រូបរាងកាយ សន្តិសុខនិងជីវិតរបស់បុគ្គលខ្មែរគ្រប់រូប ទាំងបច្ចុប្បន្ននេះ និងទៅអនាគត។ហើយត្រូវយល់ថាសោកនាដ្ឋកម្មរួមគ្នាគឺជាកត្តាបង្រួបបង្រួមយើងនិងជាកត្តាបង្រួបបង្រួមជាតិ»។

បើតាមលោក ឡៅ ម៉ុងហៃ ចរន្តកំពុងដើរទៅរកគន្លងចាស់នោះ គឺគម្លាត រវាងអ្នកមាននិងអ្នកក្រ
អំពើអយុត្តិធម៌សង្គម អ្នកធំ រំលោភសិទ្ធិអ្នកទន់ខ្សោយ និងការលាភពណ៌ក្នុងសង្គមជាដើម។

អ្នកវិភាគនយោបាយលោក បណ្ឌិត មាស នី​ កត់សម្គាល់ថា របប១៧មេសា បានបង្កើតបញ្ហាពីរ ជាមេរៀនដល់​មេដឹកនាំបច្ចុប្បន្នកុំឲ្យពួកគេជាន់ដានចាស់ នាំប្រទេសធ្លាក់ចូលទៅក្នុងវាលពិឃាត ដូចពីអតីតកាល។

លោកថា កត្តាទី១ ដោយសារតែរដ្ឋាភិបាលខ្មែរក្រហមពេលនោះ បាត់បង់នូវជំហរឯករាជ្យ ជំរុញប្រទេសធ្លាក់ចូលប្លុកកុម្មុយនីស្ត និងទី២របបនេះ បានយកពលរដ្ឋធ្វើជាទាសករនយោបាយ បំបែកមនុស្សជាច្រើនក្រុមហើយ  បង្កើតប្រព័ន្ធតាមដានគ្នាទៅវិញទៅមក បង្កើតជាភាពផុយស្រួយនៃការបែកបាក់ជាតិ។

លោក មាស នី វិភាគថា កម្ពុជានឹងជួបបញ្ហានេះម្តងទៀត បើមេដឹកនាំមិនយកបទពិសោធន៍នេះ មកធ្វើជាកត្តាវាស់វែង ដោយបន្តវាយប្រហាចំៗទៅលើប្លុកលោកសេរិ ហើយបង្កើនភាពលំអៀងកាន់តែខ្លាំងទៅរកមហាអំណាចចិននោះ។

លោកថា៖«បើកាលណាយើងផ្អៀងខ្លួនកាត់តែខ្លាំងទៅៗ[ទៅរកចិន]ពេលនោះ វានឹងអាចថាបទពិសោធន៍អាក្រក់ និងវិលត្រឡប់មកកម្ពុជាវិញបើសិនជាយើងមិនបានប្រុងប្រៀបខ្លួននោះ»។

សាស្ត្រចារ្យប្រវត្តិសាស្ត្រលោក វង់ សុធារ៉ា មានប្រសាសន៍ថា បើគេមើលពីប្រវត្តិសាស្ត របប១៧មេសាខ្មែរក្រហម សាហាវឃោរឃៅ ជាងរបស់ណាៗទាំងអស់ពាក់ព័ន្ធទៅនឹងការសម្លាប់រង្គាល។សាស្ត្រាចារ្យប្រវត្តិសាស្ត្ររូបនេះ ពន្យ​ល់ថា​​​ ដើម្បីបញ្ចៀសកម្ពុជាកុំឲ្យវិលទៅរករបបឃោរឃៅនេះជាថ្មី លោកផ្តល់ជាយោបលថា អ្នកនយោបាយត្រូវស្វែងរ​កដំណោះស្រាយ ដោយតម្កល់ប្រយោជន៍ជាតិជាធំ។

លោកថា៖«វាជាអំពើយង់ឃ្នងមួយអំពីមេរៀនប្រវត្តិសាស្ត្រ ដែលគប្បីជៀសវាងទៅថ្ងៃអនាគក។ជាពិសេសការឈ្លោះ​​​​​​គ្នា​ដោយប្រដាប់អាវុធ របស់អ្នកដឹកនាំខ្មែរ ហើយមិនត្រូវរងចាំដល់ម្ខាងចាញ់ដាក់ ហើយម្ខាងទៀតឈ្នះដាច់ដូច១៧មេសាឆ្នាំ១៩៧៥ហ្នឹងទេ ។គួរតែមានការបង្រួបបង្រួមជាតិ ដើម្បីបានសុខសន្តិភាព»។

អ្នកនាំពាក្យគណបក្សប្រជាជនក​ម្ពុជាដែលកំពុងកាន់អំណាចលោក សុខ ឥសាន មានប្រសាស​ន៍ថា​ ឥទ្ធិពលចិនពេលនេះមិនដូចពីអតីតកាលទេ ហើយថា រដ្ឋាភិបាលកំពុងទប់ស្កាត់ក្រុមបដិវត្តពណ៌នូវអ្វីដែលលោក​​អះអាងថាដើម្បីកុំឲ្យប្រទេសធ្លាក់ទៅក្នុងរបបវាលពិឃាតដូចសម័យខ្មែរក្រហម។

លោកថា៖«ប្រវត្តិសាស្ត្រអត់មានជាន់ដានចាស់ទេដោយសារអី ដោយសារមានគណបក្សប្រជាជនកម្ពុជាជាបង្គោ​ល​​ដែ​លជាគណបក្សតែមួយគត់ក្នុងការដឹកនាំកម្ពុជាហ្នឹង មិនឲ្យរបបប្រល័យពូជសាសន៍កើតជាថ្មីឡើងវិញ»។

ទោះជាយ៉ាងណាសាលាក្តីកូនកាត់ ហៅថាសាលាក្តីខ្មែរក្រហម បានកាត់ទោសមេដឹកនាំកំពូលៗមួយចំនួន របស់ខ្មែរក្រហម មាន ខៀវ សំផង និងកាំង ហ្គេចអ៊ាវ ហៅឌុច ជាដើម ឲ្យជាប់គុកអស់មួយជីវិត បើទោះបីមហាអំណាចខ្លះដែលពាក់ព័ន្ធ តុលាការនេះគ្មានអំណាចលូកដៃចូលក៏ដោយ។


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles