​រដ្ឋាភិបាល​ថា​​សារព័ត៌មាននៅកម្ពុជា​មានសេរីភាព​ហើយ​រិះគន់​ចំណាត់ថ្នាក់ដែល​ផ្តល់​ដោយអង្គការ RSF


|
https://www.vodhotnews.com

ក្រុមអ្នកសារព័ត៌មាននៅក្នុងកម្មវិធីមួយនៅទីក្រុងភ្នំពេញកាលពីពេលកន្លងទៅ។ (រូបថត៖ ជន ចាន់រ៉ែន)

មន្រ្តីរាជ​រដ្ឋាភិបាលកម្ពុជាលើកឡើង​ថា​សារព័ត៌មាន​នៅកម្ពុជា​មានការ​រីកចម្រើន​ ហើយ​រិះគន់​ការ​​ចេញ​ផ្សាយ​របាយការណ៍របស់​អង្គការ​អ្នក​សារព័ត៌មានគ្មានព្រំដែន(RSF) ដែល​ដាក់​ចំណាត់​ថ្នាក់កម្ពុជា​លេខ​១៤៣ ថាមើល​ឃើញតែពី​ចំណុច​អវិជ្ជមាន​របស់កម្ពុជា។​

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជាលោក​ សុខ ឥសាន ​សរសេរ​នៅក្នុង​បណ្តាញទំនាក់ទំនងសង្គម​តេឡេក្រាម(Telegram)​​នៅ​ថ្ងៃព្រហបស្បតិ៍នេះ​ថា​ ប្រព័ន្ធ​ផ្សព្វផ្សាយនៅកម្ពុជា​មានការរីកចម្រើនហើយ​មានសេរីភាព​ក្នុងការ​ផ្សាយ​ដោយ​គ្មានការ​​ត្រួតពិនិត្យ។

លោក សុខ ឥសាន មានប្រសាសន៍ថា៖ «ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាបានរីកចម្រើននិងដុះដាលច្រើនដូចផ្សិត។ ក្នុងការផ្សាយ ​មានសិទ្ធិផ្សាយដោយសេរី​ ដោយគ្មានការត្រួតពិនិត្យខ្លឹមសារផ្សាយជាមុន​ដូចនៅប្រទេសមួយចំនួន​ឡើយ។​»

យោងតាម​របាយការណ៍ស្តីពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ២០១៩ ដែល​ចេញ​ដោយ​អង្គការ​RSF នៅ​ថ្ងៃ​ព្រហស្បត្តិ៍ ទី​១៨ ខែ​មេសា ឆ្នាំ​២០១៩ អង្គការ​ដែលមានមូលដ្ឋាន​នៅ​ប្រទេស​បារាំង​នេះ បាន​ដាក់​ចំណាត់​ថ្នាក់ប្រទេសកម្ពុជា​លេខ​១៤៣ក្នុង​ចំណោម​ប្រទេស​១៨០ក្នុង​ពិភពលោក។ យោងតាម​ពិន្ទុនេះ​ធ្វើ​ឲ្យ​ប្រទេសកម្ពុជា​បន្តធ្លាក់​ចុះ​មួយលេខ​ទៀត​បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០១៨ ដែល​ត្រូវ​បាន​ចាត់​ចំណាត់​ថ្នាក់​លេខ​១៤២។

សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេសកម្ពុជា​បានធ្លាក់​ចុះ​ជាបន្ត​បន្ទាប់ក្នុង​រយៈ​​ពេល​៣ឆ្នាំចុងក្រោយនេះ។ អង្គការRSF​បាន​ដាក់​ចំណាត់​ថ្នាក់ប្រទេសកម្ពុជា​លេខ​១៣២ក្នុង​ឆ្នាំ​២០១៧ក្នុង​ចំណោម​១៨០ប្រទេស។​

ថ្លែង​ប្រាប់​អ្នក​យកព័ត៌មាន​VODតាម​ទូរស័ព្ទ​​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែមេសា​នេះ

 អ្នក​នាំ​ពាក្យ​ និង​ជាអនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ លោក អ៊ុក គឹ​មសេង មាន​ប្រសាសន៍​​ថា ​​​អង្គការ​អ្នក​សារព័ត៌មានគ្មាន​ព្រំដែន(RSF) មិន​ដែល​មើលឃើញ​ពី​ចំណុចវិជ្ជមាន​ដែល​រដ្ឋាភិបាល​បាន​ធ្វើសម្រាប់​សេរីភាព​សារព័ត៌មាន​ និង​សេរីភាព​បញ្ចេញ​មតិ​នៅកម្ពុជាទេ។

លោកមាន​ប្រសាសន៍ថា«អញ្ចឹងទេ​វា​អត់មានអីចំឡែកទេ គ្រាន់ថា​នៅកម្ពុជា​យើង​ចេះ​តែ​ខិត​ខំ​ទាំងអស់គ្នា​ធ្វើ​យ៉ាងណា​ឲ្យ​សេរីភាព​សារព័ត៌មាន​ និង​សេរីភាព​បញ្ចេញមតិ​ដែលធានា​ដោយ​រដ្ឋធម្មនុញ្ញដើរ​តាម​របៀបខ្មែរចឹងទៅ។ សម្រាប់​ពួកគេ​ យើង​ដឹងហើយ​ថា​គាត់មើល​ឃើញ​អវិជ្ជមានរហូត​ហ្នឹង។ សម្រាប់យើង​គឺ​យើង​កំពុង​ប្រើ​ប្រាស់​សេរីភាព​សារព័ត៌មាន​ហ្នឹង​គឺ​អាចទទួលយក​បាន​ហើយ។»

ក្នុងរបាយការណ៍​របស់ខ្លួន RSF បាន​កត់សំគាល់​អំពីភាព​ស្ងៀម​ស្ងាត់​នៅក្នុងការ​បោះឆ្នោត​ឆ្នាំ២០១៨​ ក្រោយ​ពេល​ស្ថានីយ៍វិទ្យុ​ប្រមាណជា​៣០​ត្រូវ​បាន​បិទ​កាលពី​ចុង​ឆ្នាំ២០១៧។ របាយការណ៍ក៏បានកត់​ត្រា​បញ្ចូល​នូវ​ការ​បង្ខំ​ឲ្យ​បិទ​ទ្វា​កាសែតខេមបូឌាដេលី និងការ​ផ្លាស់ប្តូរ​ម្ចាស់​សារព័ត៌មានភ្នំពេញប៉ុស្តិ៍។

លោក សុខ​ ឥសាន​សរសេរ​នៅ​ក្នុង​បណ្តាញទំនាក់ទំនង​សង្គម​តេឡេក្រាម​ថា ករណី​នៃការ​បិទ​កាសែត​ឌឹខេមបូឌាដេលី គឺជាការ​អនុវត្ត​ច្បាប់។​ លោក​បន្ត​ថា​ករណីវិទ្យុអាស៊ីសេរីបាន​បិទ​ការិយាល័យខ្លួន​ឯង និង​ករណី​វិទ្យុសំឡេងសហរដ្ឋអាមេរិក​VOA គឺជា​ការរអើលខ្លួនឯង។​ លោក​ សុខ ឥសាន​ ចាត់ទុក​ការបិទ​ស្ថានីយ៍វិទ្យុ​​ជាង​៣០នោះ ថា​ដោយ​សារ​ម្ចាស់​ស្ថានីយ៍វិទ្យុទាំងនោះ​មិនគោរព​កិច្ច​សន្យា​ជាមួយក្រសួង​ព័ត៌មាន។

នាយក​ប្រតិបត្តិ​អង្គការសម្ព័ន្ធ​អ្នក​សារព័ត៌មាន​អាស៊ី​អាគ្នេយ៍ហៅគាត់​ថា​(SEAPA) ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​បាំងកក ប្រទេសថៃ លោកស្រី តេស បាកាឡា(Tess Bacalla)ប្រាប់​អ្នកយកព័ត៌មានVODតាមរយៈសារអេលិចត្រូនិចនៅ​ថ្ងៃព្រហស្បតិ៍នេះថា សន្ទស្សន៍ថ្មីបំផុតស្តីពីសេរីភាពសារព័ត៌មានក្នុងពិភពលោកដែលចេញផ្សាយដោយ RSF គឺជាការអះអាងប្រកបដោយការឈឺចាប់ថ្មីមួយទៀតដែលថា ការធ្វើសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានឯករាជ្យ ដែលជាសេចក្តីរាយការណ៍ផ្ទុយនឹងការឃោសនាឥតឈប់ឈររបស់រដ្ឋាភិបាល ត្រូវបាន​ចាត់​ថា​ជាទង្វើខុសច្បាប់។

លោកស្រី តេស បាកាឡាមានប្រសាសន៍បន្តថា៖ «ការគាបសង្កត់របស់រដ្ឋាភិបាលលើបណ្តាញព័ត៌មានហាក់ដូចជាគ្មានភាពបន្ធូរបន្ថយ។»

របាយការណ៍​របស់​RSF​បាន​សរសេរថាជាលទ្ធផល​នៃការ​បោសសំអាតលើ​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យប្រជាពលរដ្ឋ​កម្ពុជា​នៅ​ពេល​បច្ចុប្បន្នអាច​ត្រឹម​តែ​ទទួលបាន​ព័ត៌មានដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​សំខាន់​ៗមួយចំនួន​ដែលត្រូវ​បាន​ភ្ជាប់​ទំនាក់ទំនងទៅ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន​ សែន ដូចជាភ្នាក់​ងារ​ព័ត៌មាន​អនឡាញFresh Newsដែលជា​ប្រព័ន្ធ​ឃោសនាការ​របស់​រដ្ឋាភិបាល។»

ប្រធានក្លឹប​អ្នកកាសែតកម្ពុជា​ លោក ប៉ែន ប៊ុណ្ណា មាន​ប្រសាសន៍​ថា​ វា​ហាក់​ដូចជា​មិនមានការ​យល់គ្នា​រវាង​អ្នកធ្វើ​របាយការណ៍នេះ និង​ការបិទ​វិទ្យុខ្លះ​ដោយ​សារតែ​បញ្ហា​បច្ចេកទេស។ លោក​ ប៉ែន ប៊ុណ្ណា​ទទូចទៅ​ភាគីពាក់ព័ន្ធ​ចូលរួម​លើកស្ទួយសេរី​ភាព​សារព័ត៌មាន។​​

លោក​មានប្រសាសន៍ថា៖« ទី១គឺ​យើងជម្រុញស្ថាប័នពាក់ព័ន្ធ​គ្រប់ផ្នែក​គោរព​និង​ផុ្តល់​សេរីភាព​ដល់សារព័ត៌មាន។ ទី២គឺយើង​ជម្រុញ​ដល់​អ្នក​សារព័ត៌មានយើង​គ្រប់គ្នា​ជួយ​ធ្វើម៉េចគោរព​ក្រម​សីលធម៌វិជ្ជាជីវៈ​និង​បំពេញលក្ខខណ្ឌ​ច្បាប់​ឲ្យ​បាន​ត្រឹម​ត្រូវ។ មានតែ​វិធីនេះទេដែលយើង​អាច​​ជួយ​លើកកំពស់​សេរីភាព​សារព័ត៌មាន​នៅ​ស្រុក​យើង​បានបាទ។»

យោងតាម​ RSF សេរីភាពសារព័ត៌មាននៅកម្ពុជា​មានភាពល្អប្រសើរ​ជាង​ប្រទេស​សមាជិក​អាស៊ាន៤គឺ វៀតណាម ឡាវ ប្រ៊ុយណេ និង​សឹង្ហបូរី។ RSFដាក់ចំណាត់ថ្នាក់​​ប្រទេស​វៀតណាមលេខ​១៧៦ ប្រទេសឡាវលេខ១៧១ ប្រ៊ុយណេលេខ១៥២ និង​សឹង្ហបូរីលេខ១៥១។ ប្រទេសសមាជិក​អាស៊ាន​ដែលមានចំណាត់ថ្នាក់ល្អជាងកម្ពុជារួមមាន មីយ៉ាន់ម៉ាលេខ​១៣៨ ប្រទេសថៃ​លេខ​១៣៦ ហ្វីលីពីនលេខ១៣៤ ឥណ្ឌូនេស៊ីលេខ១២៤ និងម៉ាឡេស៊ីលេខ១២៣។ ប្រទេសទីម័រខាងកើតដែល​មិនទាន់​បាន​ចូលជាសមាជិក​អាស៊ាន​ត្រូវ​បានផ្តល់ចំណាត់ថ្នាក់​លេខលេខ៨៤ ដែល​ប្រសើជាង​ប្រទេសសមាជិក​អាស៊ាន​ទាំងអស់។​

ប្រទេស​បី​ដែលទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​ជាង​គេ​ក្នុងពិភពលោក​គឺ​ប្រទេស​ន័រវ៉ែស(Norway) ហ្វាំងឡង់​(Finland)ជាប់ចំណាត់​ថ្នាក់លេខ២ និង​ប្រទេស​ស៊ុយអែត(Sweden)ជាប់ចំណាត់​ថ្នាក់លេខ៣។​ ប្រទេស​កូរ៉េខាងជើង​​ដែល​ស្ថិតនៅ​ទ្វីអាស៊ី​ជាប់​ចំណាត់​ថ្នាក់​លេខ​១៧៩លើ​១៨០ប្រទេស​។ ​ប្រទេស​ចិន​ដែល​នៅជាប់គ្នា​នោះជាប់​ចំណាត់ថ្នាក់លេខ​១៧៧៕​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles