ពលករ​ខ្មែរ​ដែល​សម្រុក​ចូល​ទៅ​ធ្វើ​ការ​នៅ​ថៃ​វិញ​ត្រូវ​អាជ្ញាធរ​ព្រំដែន​ច្រក​ដូង​ទារ​លុយ

ដោយ ទីន ហ្សាការីយ៉ា
2019-04-19
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលករ​ខ្មែរ​ត្រៀម​ឆ្លង​ដែន​តាម​ច្រក​ព្រំដែន​ក្ដឹបថ្ន ក្នុង​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ​២០១៨។ Photo Provided
ពលករ​ខ្មែរ​ត្រៀម​ឆ្លង​ដែន​តាម​ច្រក​ព្រំដែន​ក្ដឹបថ្ន ក្នុង​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ​២០១៨។ Photo Provided


តំណាង​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ លោក ស៊ុន សីហា បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​១៧ មេសា​មក ពលករ​ខ្មែរ នាំគ្នា​ចេញពី​ស្រុកកំណើត​រៀងៗ​ខ្លួន សម្រុកចូល​ទឹកដី​ថៃ​វិញ​រាប់ពាន់​នាក់​ក្នុង​មួយ​ថ្ងៃៗ ក្រោយពី​ពិធី​ចូល​ឆ្នាំ​ថ្មី​បាន​បញ្ចប់​ភ្លាមៗ កាលពី​ថ្ងៃ​ទី​១៦ មេសា មក តាម​ច្រក​ព្រំដែន​ដូង ឬ​ច្រក​បានឡែម ក្នុង​ខែត្រ​បាត់ដំបង និង​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ខែត្រ​បន្ទាយមានជ័យ។

លោក សីហា បញ្ជាក់​ថា ការ​វិល​ត្រលប់​មក​ថៃ​វិញ​នេះ មន្ត្រី​នគរបាល​ច្រក​ដូង តម្រូវ​ឱ្យ​ពលករ​ទិញ​សំបុត្រ​ចូល​ម្នាក់​តម្លៃ ១​ពាន់​រៀល​ទេ ប៉ុន្តែ​ពេល​ដូរ​ចូល​ទឹកដី​ខ្មែរ​មាន​មនុស្ស​ជួយ​រៀបចំ​សណ្ដាប់ធ្នាប់​ពេល​ដើរចូល​ទឹកដី​ថៃ តម្រូវ​ឱ្យ​បង់លុយ​ម្នាក់​៦០​បាត ឬ​ស្មើ​៦​ពាន់​រៀល​ទៀត​។ លោក​បន្ថែម​ថា បុគ្គល​ដែល​តម្រូវ​ឱ្យ​ពលករ​បង់លុយ​នោះ​និយាយ​ភាសា​ខ្មែរ និង​ស្លៀក​ស៊ីវិល៖ «មកដល់​ច្រក​ដូង​ហ្នឹង គឺ​ទិញ​ពី​មន្ត្រី​អន្តោប្រវេសន៍​ខ្មែរ មក​ដល់​ទឹកដី​ថៃ មាន​មន្ត្រី​ខ្មែរ​ផង ថៃ​មក​ប្រាប់​ពលករ​ឱ្យ​បង់លុយ​ម្នាក់​៦០​បាត មិន​ដឹង​ជា​ថ្លៃ​អ្វី ហើយ​មិន​ឱ្យ​ពលករ​ប្រើ​ទូរ​សព្ទ​ដៃ ឬ​ថតរូប​អ្វី​នោះ​ទេ»

អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ច្រក​ដូង ដើម្បី​សុំ​ការ​ឆ្លើយ​បំភ្លឺ ជុំវិញ​ការ​ចោទប្រកាន់​នេះ បាន​នៅឡើយ​ទេ កាលពី​ថ្ងៃ​ទី​១៨ មេសា។

កាល​ពី​មុន​ចូល​ឆ្នាំថ្មី ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​រាប់ពាន់​នាក់ ដណ្ដើម​គ្នា​សម្រុក​ឆ្លងដែន​នៅ​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ដូង​ក្នុង​ខេត្ត​បាត់ដំបង និង​ច្រក​ព្រំដែន​អន្តរជាតិ ខេត្ត​បន្ទាយមានជ័យ ដើម្បី​ត្រឡប់​ទៅ​ឱ្យ​ទាន់​លេង​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ។ ប៉ុន្តែ​ពេលនោះ ពលករ​ត្អូញត្អែរ​ថា ប៉ូលិស​ខ្មែរ​យក​លុយ​ពួកគាត់​ម្នាក់​១០០​បាត ឬ​ស្មើ​១​ម៉ឺន​រៀល និង​ប៉ូលិស​ថៃ​ប្រចាំ​ច្រកព្រំដែន យក​លុយ​ក្រៅផ្លូវការ​ពី​ពួកគាត់​ម្នាក់ ២០០​បាត ឬ​ស្មើ​២​ម៉ឺន​រៀល​ទៀត ដើម្បី​ជា​ថ្នូរ​បើក​ឱ្យ​ឆ្លងដែន​ទៅលេង​ស្រុកកំណើត ទោះបីជា​រដ្ឋាភិបាល​កម្ពុ​ជា និង​ថៃ បាន​ប្រកាស​មិន​អនុញ្ញាតិ​ឱ្យ​យក​លុយ​ក្រៅផ្លូវការ​បែប​នេះ​ក្ដី។

ពល​ការិនី​ម្នាក់​មាន​ស្រុកកំណើត​នៅ​ខែត្រ​បាត់ដំបង អ្នកស្រី អ៊ួ វាសនា បញ្ជាក់​ថា អ្នកស្រី វិល​ត្រលប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ​ភ្លាមៗ កាល​ថ្ងៃ​ទី​១៨ មេសា ក្រោយពី​បាន​ជួបជុំ​ក្រុម​គ្រួសារ បងប្អូន នៅ​ឯ​ស្រុកកំណើត ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ។ អ្នកស្រី​បញ្ជាក់​ថា អ្នកស្រី មិន​អាច​បង្អង់​យូរ​នៅ​ស្រុកកំណើត​ទេ ត្រូវ​ទៅ​ធ្វើ​ការ​វិញ ដោយសារតែ​កត្តា​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ ហើយ​នៅ​ស្រុក​កំណើត​គ្មាន​ការងារ​ធ្វើ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles