សមាជ​អ្នក​ប្រជាធិបតេយ្យ​និង​បាតុកម្ម​ភ្លើង​ទៀន​នៅ​កូរ៉េ​ខាងត្បូង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី១៩​មេសា

ដោយ ជី វិតា
2019-04-19
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សមាជ​អ្នក​ប្រជាធិបតេយ្យ​ដែល​រៀបចំ ដោយ​ចលនា​យុវជន​ខ្មែរ នៅ​ប្រទេស​កូរ៉េខាងត្បូង សហការ​ជាមួយ​អង្គការ​ប្រជាធិបតេយ្យ​អាស៊ី និង​វេទិកា​សិទ្ធិមនុស្ស (Democracy Asia and HRs Forum) នៅ​ថ្ងៃ​ទី១៩ ខែ​មេសា ឆ្នាំ​២០១៩ ដែលធ្វើឡើង​នៅ​ក្នុង​អគារ​សាលាក្រុង ទីក្រុង​ក្វាងជូ (Qwangju) ប្រទេស​កូរ៉េ​ខាងត្បូង។ RFA/Jeevita
សមាជ​អ្នក​ប្រជាធិបតេយ្យ​ដែល​រៀបចំ ដោយ​ចលនា​យុវជន​ខ្មែរ នៅ​ប្រទេស​កូរ៉េខាងត្បូង សហការ​ជាមួយ​អង្គការ​ប្រជាធិបតេយ្យ​អាស៊ី និង​វេទិកា​សិទ្ធិមនុស្ស (Democracy Asia and HRs Forum) នៅ​ថ្ងៃ​ទី១៩ ខែ​មេសា ឆ្នាំ​២០១៩ ដែលធ្វើឡើង​នៅ​ក្នុង​អគារ​សាលាក្រុង ទីក្រុង​ក្វាងជូ (Qwangju) ប្រទេស​កូរ៉េ​ខាងត្បូង។ RFA/Jeevita


សមាជ​អ្នក​ប្រជាធិបតេយ្យ​ដែល​រៀបចំ ដោយ​ចលនា​យុវជន​ខ្មែរ នៅ​ប្រទេស​កូរ៉េខាងត្បូង សហការ​ជាមួយ​អង្គការ​ប្រជាធិបតេយ្យ​អាស៊ី និង​វេទិកា​សិទ្ធិមនុស្ស (Democracy Asia and HRs Forum) នៅ​ថ្ងៃ​ដំបូង​នេះ ធ្វើឡើង​នៅ​ក្នុង​អគារ​សាលាក្រុង ទីក្រុង​ក្វាងជូ (Qwangju)

វាគ្មិន​ចូលរួម​ថ្លែង​ក្នុង​សមាជ​នេះ មាន​ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​អាស៊ី និង​វេទិកា​សិទ្ធិមនុស្ស និង​តំណាង​ចលនា​ស្ត្រី​ប្រចាំ​ទីក្រុង​ក្វាងជូ តំណាង​សង្គម​ស៊ីវិល​ប្រចាំ​ប្រទេស​កូរ៉េ។ ភាគី​ពី​កម្ពុជា​វិញ រួមមាន លោក សម រង្សី ប្រធាន​ស្ដីទី​គណបក្ស​ស​ង្គ្រោះជាតិ លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា និង​អ្នកវិភាគ​នយោបាយ និង​សង្គម​លោក គឹម សុខ ព្រមទាំង​អ្នកចូលរួម​ស្ដាប់ សុទ្ធ​សឹង​ជា​មន្ត្រី និង​សកម្ម​ជ​នគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ សរុប​ជិត ៨០​នាក់។

ដោយឡែក​អតីត​តំណាងរាស្ត្រ នៃ​គណបក្ស​សង្គ្រោះជាតិ​ពីរ​រូប គឺ​លោក អ៊ូ ច័ន្ទរ័ត្ន និង លោក ជីវ កត្តា ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ពី​របប​ក្រុងភ្នំពេញ ហើយ​បាន​មកដល់​ប្រទេស​កូរ៉េ​ទៅ​ហើយ​នោះ​មិន​បាន​ចូលរួម​ទេ បន្ទាប់ពី​លោក ស្រី មូរ សុខហួរ ប្រកាស​មិន​ស្វាគមន៍​មក។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​អាស៊ី និង​វេទិកា​សិទ្ធិមនុស្ស លោក ឆេ យ៉ុង វ៉ាន់ ថ្លែង​បើកឆាក​ស្វាគមន៍ លោក សម រង្សី និង​អ្នកចូលរួម​ទាំងអស់​ថា ទីក្រុង​ក្វាងជូ គឺជា​ទីក្រុង​ប្រវត្តិសាស្ត្រ នៃ​ការ​ប្រយុទ្ធ​តស៊ូ ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​របស់​ប្រទេស​កូរ៉េខាងត្បូង។ លោក​ថា ការ​តស៊ូ​ដើម្បី​សេរីភាព​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ពោល​ប្រជាជន​កូរ៉េ បាន​លះបង់​ញើស​ឈាម​របស់​ខ្លួន។ លោក​ថ្លែងប្រាប់​ទៅ​អ្នកចូលរួម​ថា ទោះជា​មានការ​ពិបាក ក៏​មិន​ត្រូវ​បោះបង់ ការ​តស៊ូ​សម្រាប់​ការ​គោរព​សិទ្ធិមនុស្ស នៅ​កម្ពុជា​ដែរ ពីព្រោះ​របស់​នេះ មិន​អាច​ទទួល​បាន ដោយ​ងាយៗ​នោះ​ទេ។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្សី បាន​ថ្លែងអំណរគុណ​ដល់ លោក ឆេ យ៉ុង វ៉ាន់ ហើយ​ស្នើ​ឱ្យ​ប្រទេស​កូរ៉េ បន្ត​គាំទ្រ​ចលនា​តស៊ូ​ខ្មែរ នៅ​ប្រទេស​កូរ៉េ ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បន្ត​ទៀត។

ចំណែក​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល តំណាង​ឱ្យ​សង្គម​ស៊ីវិល​ពី​ប្រទេស​កម្ពុជា​វិញ មានប្រសាសន៍ថា បើ​ទោះ​ជា​ប្រជាធិបតេយ្យ​មានការ​ធ្លាក់​ចុះ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ក្តី ក៏​លោក​នៅតែ​សង្ឃឹមថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា អាច​ត្រូវ​ស្តារ​ឡើងវិញ​បាន ដោយសារតែ​ពលរដ្ឋ​ខ្មែរ មាន​ចំណេះដឹង​ច្រើន ពី​សិទ្ធិ​របស់​ខ្លួន ហើយ​យុវជន និង​អ្នកនយោបាយ​នៅ​ក្រៅ​ស្រុក បាន​ចូលរួម​យ៉ាងសកម្ម ទាមទារ​ឱ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា​នេះ។

ប្រតិភូ​តំណាង​ចូលរួម​ក្នុង​សមាជ​អ្នក​ប្រជាធិបតេយ្យ និង​បាតុកម្ម​ភ្លើង​ទៀន​នេះ មាន​មក​ពី​ប្រទេស​ធំៗ​មួយ​ចំនួន ដូចជា​សហរដ្ឋអាមេរិក អូស្ត្រាលី បារាំង អូទ្រីស អាល្លឺម៉ង់ ហ្វាំងឡង់ ហ្វីលីពីន និង ជប៉ុន​ជាដើម។

លោក ឈុន ប៊ុនឃាន មក​ពី​រដ្ឋ Minnesota សហរដ្ឋអាមេរិក និង​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ជាប់ឆ្នោត​នៅ​ខេត្ត​ពោធិ៍សាត់ មាន​ប្រសាសន៍​ថា លោក​មាន​ការ​ឈឺចាប់ ដែល​របប​លោក ហ៊ុន សែន បាន​រឹប​យក​តំណែង​ក្រុមប្រឹក្សា​សង្កាត់​របស់​លោក ដូច្នេះ​ការចូលរួម​ក្នុង​សមាជ​អ្នក​ប្រជាធិបតេយ្យ​នេះ វា​មាន​សារសំខាន់​សម្រាប់​លោក។ «»

មក​ពី​អឺរ៉ុប​វិញ ប្រធាន​ចលនា​ស្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បណ្ដាញ​សាកល ប្រចាំ​ប្រទេស​អាល្លឺម៉ង់ លោកស្រី ភូ ធីតា មាន​ប្រសាសន៍ថា លោកស្រី​រំភើប ដែល​បាន​ឃើញ​យុវជន​ខ្មែរ នៅ​ប្រទេស​កូរ៉េ មាន​ទឹកចិត្ត​មុតមាំ និង​សកម្ម​ក្នុង​ការ​ជួយ ឱ្យ​កម្ពុជា​មាន​គន្លង​ប្រជាធិបតេយ្យ​ឡើងវិញ។ «»

ប្រតិភូ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ពី​ប្រទេស​អូទ្រីស​ឯណោះ​វិញ គឺ​លោក កែ សវឌ្ឍនា មាន​ប្រសាសន៍​ថា លោក​មក​ចូលរួម​សមាជ​នេះ តាម​ការ​អញ្ជើញ​របស់​ចលនា​យុវជន​ខ្មែរ​នៅ​ប្រទេស​កូរ៉េ ដើម្បី​រួមគ្នា​ស្វែងរក​ដំណោះស្រាយ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ «»

ចំណែក​អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ ដែល​បាន​ភៀសខ្លួន ទៅ​ជ្រោក​កោន​នយោបាយ​នៅ​ប្រទេស​ហ្វាំងឡង់ បន្ទាប់ពី​ជាប់ពន្ធនាគារ ១៨​ខែ ដោយសារ​រិះគន់​លោក ហ៊ុន សែន​នោះ មាន​ប្រសាសន៍​ថា សមាជ​ប្រជាធិបតេយ្យ និង​បាតុកម្ម​ភ្លើង​ទៀន​នេះ គឺ​ជា​ការ​តស៊ូ​មួយ​ផ្នែក​ទៀត ដើម្បី​ឱ្យ​មាន​សេរីភាព​បញ្ចេញមតិ​ផ្នែក​នយោបាយ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ក្រៅពី​កោតសរសើរ​យុវជន​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​លោក គឹម សុខ ក៏​ព្រមាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា ពួកគេ​ត្រូវតែ​រួបរួម​គ្នា ទើប​អាច​យកឈ្នះ​របប​ផ្ដាច់ការ​បាន។

សមាជ​អ្នក​ប្រជាធិបតេយ្យ និង​បាតុកម្ម​ភ្លើង​ទៀន មាន​រយៈពេល​បី​ថ្ងៃ​។ សម្រាប់​ថ្ងៃ​ទី​២ ថ្ងៃ​គឺ​សៅរ៍​ទី​២០ មេសា គេ​រំពឹង​ថា នឹង​មាន​ពលករ​រាប់​ពាន់​នាក់​ចូលរួម ក្នុង​មហា​បាតុកម្ម​ភ្លើង​ទៀន នៅ​ពេល​ល្ងាច​នៅ​ខាងមុខ​សាលាក្រុង​ក្វាងជូ។

មហា​បាតុកម្ម​ភ្លើង​ទៀន រៀបចំ​ដោយ​ចលនា​យុវជន​ខ្មែរ នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​នេះ គឺជា​ការ​យក​លំនាំ​តាម​ប្រជាជន​កូរ៉េ​រាប់​សែន​នាក់ ដែល​បាន​ធ្វើ​មហា​បាតុកម្ម​ភ្លើង​ទៀន កាលពី​ចុង​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ ក្នុង​បុព្វហេតុ ទាមទារ​ទម្លាក់​អតីត​ប្រធានាធិបតី​កូរ៉េ គឺ​លោកស្រី ផាក គុនហេ ពី​អំណាច​ដោយសារ​អំពើពុករលួយ និង​រំលោភ​អំណាច។ បាតុកម្ម​ពេលនោះ បាន​ជោគជ័យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles