អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន​អ្នក​តវ៉ា​ដីធ្លី​៦​នាក់​បន្ថែម​ទៀត​ដែល​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ៤

ដោយ សុ ជីវី
2019-04-19
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មភាព​បិទផ្លូវ​ជាតិ​លេខ៤ តវ៉ាប្រឆាំង​នឹង​ការ​រុះរើ​ផ្ទះ ពលរដ្ឋ​នៅ​ឃុំបិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី១៩ ខែ​មេសា ឆ្នាំ​២០១៩។ Screenshot
សកម្មភាព​បិទផ្លូវ​ជាតិ​លេខ៤ តវ៉ាប្រឆាំង​នឹង​ការ​រុះរើ​ផ្ទះ ពលរដ្ឋ​នៅ​ឃុំបិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី១៩ ខែ​មេសា ឆ្នាំ​២០១៩។ Screenshot


អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន​អ្នក​តវ៉ា​ដីធ្លី​ចំនួន​៨​នាក់ ក្រោយ​មាន​ព្រឹត្តិការណ៍​ប៉ះទង្គិច​គ្នា​ក្នុង​វិបត្តិ​ដីធ្លី​មួយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មេសា ស្ថិត​ក្នុង​ស្រុក​ព្រៃនប់។ ការ​តវ៉ា​ឈាន​ទៅ​ដល់​ការ​បិទ​ផ្លូវជាតិ​លេខ​៤​នេះ បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ចុះ​រុះរើ​កម្ទេច​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៦០០​ខ្នង និង​បណ្ដេញ​ពួកគាត់​ចេញ​ដើម្បី​យក​ដី​នោះ​ឱ្យ​ពលរដ្ឋ​ផ្សេងទៀត។ ពលរដ្ឋ មាន​ទំនាស់​ដីធ្លី និង​សង្គម​ស៊ីវិល​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​រឿង​ដីធ្លី​ដោយ​តម្លាភាព និង​ដោះលែង​ពលរដ្ឋ​ទាំងនោះ​វិញ ដើម្បី​កុំ​ឱ្យ​ពួកគាត់​រងគ្រោះ​បាត់បង់​ផ្ទះសម្បែង​ហើយ​ថែមទាំង​ត្រូវ​ជាប់ទោស​ទៀត។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​លោក ជួន ណារិន្ទ ប្រាប់​អាស៊ីសេរី​ថ សមត្ថកិច្ច​កំពុង​សួរនាំ​អ្នក​តវ៉ា​ដីធ្លី​ទាំង​៦​នាក់​បន្ថែម​ទៀត នៅក្នុង​ស្នងការ​នគរបាល​ខេត្ត។ លោក​បន្ត​ថា ការ​ឃាត់ខ្លួន​នេះ​ដោយ សារ​ពួកគេ​បាន​ដឹកនាំ​តវ៉ា​បិទ​ផ្លូវ និង​ចូលរួម​ប្រើ​ហិង្សា​ទៅលើ​មន្ត្រី​នគរបាល និង​ប្រជា​ការពារ​ខណៈ​ដែល​ចុះទៅ​អន្តរាគមន៍​ឱ្យ​ពួកគេ​បើកផ្លូវ​ឡើងវិញ បន្ទាប់ពី​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី បាន​យក​ដុំ​ថ្ម​និង​មែក​ឈើ​ទៅ​ដាក់​បិទ​ផ្លូវ​ជាតិ​លេខ​៤ នៅ​ចំណុច​ភូមិ​ចំណោត​រាម ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​បណ្ដាល​ឱ្យ​កកស្ទះ​ចរាចរណ៍​ប្រហែល ១​ម៉ោង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មេសា៖ «យើង​កំពុង​រើ​ដុំ​ថ្ម​ដែល​ពួកគាត់​ដាក់​បិទ​ផ្លូវ​នោះ ស្រាប់តែ​មានការ​ហ៊ោ​កញ្ជ្រៀវ​គឺ​មាន​ក្រុម​យុវជន​មួយ​ចំនួន​បាន​យក​ដុំ​ថ្ម​គប់​លើ​សមត្ថកិច្ច​បង្ក​ឱ្យ​របួស​ស្នាម ៦​នាក់ និង​ខូច​ខាត់​រថយន្ត​៣​គ្រឿង។ សមត្ថកិច្ច​មិន​បាន​ទៅ​ប្រឆាំង ឬ​តបត​ជាមួយ​ប្រជាពលរដ្ឋ​ទេ គឺ​ទៅ​រំដោះ​ផ្លូវ​សាធារណៈ ព្រោះ​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ​និង​អន្តរ​ជាត​ត្រូវ​ការ​ចេញ​ចូល។ ព្រឹក​មិញ​នេះ​យើង​ឃាត់ ៦​នាក់​សុទ្ធតែ​ប្រុស​ហើយ​យើង​យក​មក​សួរនាំ​។​អ្វី​ដែល​មិន​ពាក់ព័ន្ធ គឺ​យើង​នឹង​ពិចារណា​អប់រំ​ណែនាំ​ឱ្យ​ទៅ​វិញ។ ចំពោះ​អ្វី​ដែល​ពាក់ព័ន្ធ​គឺ​យើង​អនុវត្ត​តាម​ផ្លូវច្បាប់»

លោក​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា អាជ្ញាធរ​ក៏បាន​ឃាត់ខ្លួន​ពីរ​នាក់​ដែរ​ដូច្នេះ​សរុប​ទាំងអស់ ៨​នាក់​ហើយ ពាក់ព័ន្ធ​ការ​តវ៉ា​បិទ​ផ្លូវ និង​ប្រើ​ហិង្សា​លើ​សមត្ថកិច្ច។ លោក​អះអាង​ថា កម្លាំង​សមត្ថកិច្ច​មិន​បាន​ប្រើ​អំពើ​ហិង្សា ឬ​តបត​ជាមួយ​ប្រជាពលរដ្ឋ​បណ្ដាល​ឱ្យ​រង​បួស​នោះ​ទេ៖ «ការ​ឃាត់​ខ្លួន​ព្រឹក​មិញ​នេះ មិនមែន​ឃាត់ខ្លួន​ក្នុងនាម​ការ​ទាមទារ​តវ៉ា​ឬមួយ​ស្អីៗ​ផ្សេងៗ​ទេ គឺ​ឃាត់ខ្លួន​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ដែល​ប្រើ​អំពើ​ហិង្សា​លើ​សមត្ថកិច្ច​ដែល​បំពេញ​តួនាទី​ជា​អ្នក​ដោះស្រាយ​ចរាចរណ៍​តាម​ដង​ផ្លូវ។ អ្វី​ដែល​ពាក់ព័ន្ធ​រឿង​ផ្សេងៗ​ទៀត​នោះ​ខាង​អាជ្ញាធរ​ខេត្ត​កំពុងតែ​ធ្វើ​ការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ»

ផ្ទុយ​ពី​ការ​លើកឡើង​នេះ ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​មួយ​រូប​លោកស្រី សេង សុភី រៀបរាប់​ថា មូលហេតុ​ដែល​ពលរដ្ឋ​រាប់​សិប​នាក់​នាំគ្នា​តវ៉ា​បិទ​ផ្លូវ​ពីរ​ថ្ងៃ​ជាប់​គ្នា​នេះ ដោយសារតែ​អាជ្ញាធរ​ស្រុក​ព្រៃនប់​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​កម្ទេច​ផ្ទះ​ពលរដ្ឋ​អស់ ៦០០​ខ្នង​តាំងពី​ម៉ោង​៤​ព្រឹក ថ្ងៃ​ទី​១៨​មេសា ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ដោយ​គ្មាន​ជូនដំណឹង​អ្វី​ទាំងអស់។

តំណាង​ពលរដ្ឋ​រូប​នេះ បន្ត​ទៀត​ថា អាជ្ញាធរ ក៏បាន​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ពលរដ្ឋ​បណ្ដាល​ឱ្យ​រង​របួស​ដែរ ហើយ​ការ​ឃាត់ខ្លួន​អ្នក​តវ៉ា​ដីធ្លី​នេះ​គឺជា​គំរាម​កំហែង​កុំ​ឱ្យ​ពលរដ្ឋ​តវ៉ា​ដីធ្លី​ទៀត៖ «អាជ្ញាធរ​បាន​ប្រតាយប្រតប់​ជាមួយ​ប្រជាពលរដ្ឋ​ហើយ​ប្រជាពលរដ្ឋ ក៏​រង​របួស​ដូចគ្នា។ ដោយឡែក​មួយទៀត​បងស្រី​ដែល​នៅ​ភូមិ​ជាមួយ​ខ្ញុំ​នេះ​គឺ​គេ​ចាប់​គាត់ តាំងពី​ម្សិលមិញ​អត់​ទាន់​បាន​ដោះលែង​គាត់​ទេ​ដោយ​គេ​ឱ្យ​គាត់​ផ្តិត​មេដៃ​ថា ឈប់​តវ៉ា​ពាក់ព័ន្ធ​ជាមួយ​ដី​នេះ​ទៀត។ គាត់​អត់​ព្រម​សរសេរ​អត់​ព្រម​ផ្តិត​មេដៃ​ដោយ​គាត់​ថា គាត់​រស់នៅ​លើ​ដី​នោះ បាន​យក​លុយ​ទៅ​ទិញ​ដី​នោះ​ហើយ​មាន​ផ្ទះ​មាន​សម្បែង​និង​ដាំ​ដំណាំ។ ហេតុ​អី​បាន​ឱ្យ​ចេញ​ដោយ​គ្មាន​ក្រដាស​ស្នាម​គ្មាន​បង្ហាញ​ប្លង់​កម្មសិទ្ធិ​ថា ជា​របស់​អ្នក​ណាមួយ​ឱ្យ​ពិតប្រាកដ។ ខាង​ខ្ញុំ​អត់​សុខចិត្ត​ហើយ​តវ៉ា​ទើប​គេ​ចាប់ខ្លួន»

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ចេញ​សេចក្ដី​ជូនដំណឹង​ថា អាជ្ញាធរ​បាន​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​អស់ ៦០០​ខ្នង នៅ​ចំណុច​ចំណោត​អូរត្រាវ ក្នុង​ភូមិ​ចំណោត​រាម ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ដោយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ចាត់ទុកថា ជា​ខ្ទម និង​សំណង់​ក្រុម​អនាធិបតេយ្យ​ដែល​ប្រជាជន​មកពី​តំបន់​ផ្សេងៗ​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត​លួច​សាងសង់​ដោយ​ខុសច្បាប់​នៅ​លើ​ដី​មាន​ម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់​ក្នុង​រយៈពេល​ថ្មីៗ​កន្លង​មក​នេះ។ អាជ្ញាធរ​អះអាង​ថា គេ​បាន​ចុះទៅ​អប់រំ​ណែនាំ​ជាច្រើនលើក​ប៉ុន្តែ​ប្រជាជន​ទាំងនោះ​មិន​ស្ដាប់​ការណែនាំ​របស់​អាជ្ញាធរ​ឡើយ​។​

តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​លើកឡើង​ថា ពលរដ្ឋ​ទាំងអស់​មាន​ជាង​៨០០​គ្រួសារ​ហើយ​អ្នកខ្លះ បាន​រស់នៅ​តំបន់​នោះ​ជាង ១​ឆ្នាំ និង​ខ្លះ​ទៀត​ទើបតែ​ជាង ៣​ខែ​កន្លង​មក​នេះ។ លោកស្រី​បន្ត​ថា ពលរដ្ឋ​មួយ​ចំនួន​បាន​ទិញ​ដី​ត​ពី​ពលរដ្ឋ​ផ្សេងទៀត​ដោយ​គ្មាន​ឯកសារ​ទទួលស្គាល់​ពី​អាជ្ញាធរ​នោះ​ទេ។ ចំណែក​ពលរដ្ឋ​ខ្លះ​ទៀត​ចេះតែ​ចូល​ទៅ​រស់នៅ​ដោយ​លឺ​តៗ​គ្នា​ថា ដី​តំបន់​នោះ​ជា​ដី​របស់​រដ្ឋ​សម្រាប់​សម្បទាន​ជូន​ពលរដ្ឋ​ក្រីក្រ៖ «សូម​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ឱ្យ​ពួក​ខ្ញុំ​បាន​ដី​នៅ​ធ្វើ​ផ្ទះ​នឹង​គេ​ទៅ​មិន​ថា​តិច​ឬ​ច្រើន ព្រោះ​អី​ពួក​ខ្ញុំ​ពិតជា​អត់។ ពួក​ខ្ញុំ​ខំ​ធ្វើ​ការ​សន្សំ​លុយ​បាន ១​ពាន់ ២​ពាន់ (ដុល្លារ) មក​ធ្វើ​ផ្ទះ​នៅ ដោយ​សង្ឃឹមថា អត់​មានការ​រុះរើ​ព្រោះ​លឺ​ថា​ជា​ដី​សម្បទាន»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​មេឃុំ​បិតត្រាំង​លោក មៀច ចាន់ អភិបាលស្រុក​ព្រៃនប់​លោក សរ កក្កដា និង​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​លោក ឱ សារឿន ជាច្រើនលើក​ប៉ុន្តែ​ពួក​លោក មិន​ទទួល​ទូរស័ព្ទ​ខណៈ​ទូរស័ព្ទ​របស់​អភិបាលខេត្ត​ព្រះសីហនុ​លោក យន្ត មីន មិន​អាច​ទាក់ទង​បាន។មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំខេត្ត​ព្រះសីហនុ​អ្នកស្រី ជៀប សុធារី ដែល​បាន​ចុះ​ស៊ើបអង្កេត​ករណី​ដីធ្លី​នេះ​មានប្រសាសន៍ថា ថ្វីត្បិតតែ​អាជ្ញាធរ​ចុះ​រុះរើ​ផ្ទះ​របស់​ពលរដ្ឋ​ក្រោម​ហេតុផល ថា​សាងសង់​លើ​ដី​មាន​ម្ចាស់​កម្មសិទ្ធិ​ក្តី ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​មិន​បាន​បង្ហាញ​ថា​ម្ចាស់​កម្មសិទ្ធិ​នោះ​ជា​នរណា​ហើយ​ទំហំ​ដី​ប៉ុណ្ណា​នោះ​ទេ ប៉ុន្តែ​ការអនុវត្ត​វិធានការ​របស់​អាជ្ញាធរ​នោះ​គឺ នៅ​លើ​ផ្ទៃដី​មាន​ទំហំ​ធំធេង។ អ្នកស្រី​ទទួល​ស្គាល់​ថា​ប្រជាជន​ភាគច្រើន ទើប​ចូល​ទៅ​រស់នៅ​លើ​ដី​នោះ​តាមរយៈ​ការ​លក់​ទិញ​គ្នាឯង​ក្នុង​តម្លៃ​ថោកៗ​និង​ជឿ​តាម​ការ​បំផុស​បំផុល​ថា ដី​តំបន់ សម្រាប់​ចែក​ឱ្យ​ពលរដ្ឋ​ក្រីក្រ។ អាជ្ញាធរ​ក៏បាន​ណែ​នាំ​ឱ្យ​ពលរដ្ឋ​ចាកចេញ​ដែរ ប៉ុន្តែ​ពលរដ្ឋ​ទាំងនោះ​គ្មាន​ជម្រើស​ក្នុង​ការ​ចាកចេញ​នោះ​ទេ ដោយសារតែ​ជីវភាព​ក្រីក្រ។ អ្នកស្រី​ជំរុញ​ឱ្យ​អាជ្ញាធរ​ខិតខំ​សម្របសម្រួល​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ដោយ​សន្តិវិធី និង​តម្លាភាព ព្រមទាំង​យោគយល់​ដោះលែង​ពលរដ្ឋ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ទាំង ៨​នាក់​នោះ ដើម្បី​កុំ​ឱ្យ​ពួកគាត់​បាត់បង់​ផ្ទះ​ហើយ​ជាប់គុក​ថែមទៀត៖ «ប្រជាពលរដ្ឋ​គាត់​ចាញ់បោក​គេ ២​ដង​ហើយ។ ទី​១​គាត់​ចាញ់បោក​គេ​ដែល​ទៅ​បំផុស​បំផុល​ឱ្យ​គាត់​មក​កាប់​ដី​កន្លែង​នោះ​ហើយ​រងគ្រោះ​ម្ដងទៀត​នៅ​ពេល​អាជ្ញាធរ​ដឹកនាំ​កម្លាំង​ទៅ​រុះរើ​ផ្ទះ​ធ្វើ​ឱ្យ​ពួកគាត់​ខាតបង់​លុយ​កាក់។ អ្នកខ្លះ​ទិញ​គេ​អ្នកខ្លះ​អត់​ទិញ តែ​ចំណាយ​លុយ​សាងសង់។ អ្នកខ្លះ​គេ​រុះរើ​ផ្ទះ​អស់ហើយ​បន្ទាប់​មក​ប្តី​ត្រូវ​គេ​ចាប់ខ្លួន​ទៀត។ យើង​មិន​ដឹង​ថា​ជួយ គាត់​របៀប​ម៉េច​ទេ គ្រាន់តែ​ថា បើ​អាច​ធ្វើ​ការយោគយល់​អធ្យាស្រ័យ​បាន​គួរតែ​ដោះលែង​ពួកគាត់​ដែរ ក្រោយពី​ការអប់រំ​ណែនាំ​រួច​ព្រោះ​អី​យើ​ង​មិន​ប្រាកដ​ថា ពួកគាត់​ជា​អ្នក​ប្រព្រឹត្ត​បទល្មើស​ដែរ​ព្រោះ​ព្រឹក​មិញ​ពេល​ជ្រួលច្របល់​នោះ​ក៏​មាន​មនុស្ស​ច្រើន​ដែរ»

ម៉្លោះ​ដីធ្លី​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​បាន​កើត​ឡើងជា​ច្រើន​កន្លែង ស្រប​ពេល​ដែល​តម្លៃ​ដី​នៅ​ខេត្ត​មួយ​នេះ​កំពុង​តែ​មាន​ហាងឆេង​ខ្លាំង​ដោយសារ​កំណើន​វិនិយោគ​ជនជាតិ​ចិន។ កន្លែង​ខ្លះ អាជ្ញាធរ​បាន​ចាប់​ម្ចាស់​ដី​ដាក់គុក ហើយ​កន្លែង​ខ្លះ​អាជ្ញាធរ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ដោយ​បង្ខំ និង​យក​ដី​ពី​ប្រជាពលរដ្ឋ​ស្រស់ៗ​ដើម្បី​យក​ឱ្យ​អ្នកមាន​លុយ​និង​អ្នក​មានអំណាច។ កាល​ពី​ដើម​ឆ្នាំ​២០១៩​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ ៣​រយ​នាក់​បាន​បើក​ការ​បាញ់​ប្រហារ​ដោយ​កាំភ្លើង​គ្រាប់​ពិត​ឡើងលើ​មេឃ​និង​ទៅកាន់​ក្រុម​អ្នក​តវ៉ា​ដីធ្លី​បណ្ដាល​ឱ្យ​ពលរដ្ឋ​ម្នាក់​ត្រូវ​គ្រាប់កាំភ្លើង​ធ្លាក់ខ្លួន​ពិការ​ដល់​សព្វថ្ងៃ ដើម្បី​យក​ដី​ទំនាស់​ជាង ៧០​ហិកតារ​ដែល​មាន​ពល​រដ្ឋ​ជាច្រើន​រយ​គ្រួសារ​កំពុង​រស់នៅ​នោះ​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន ៩​គ្រួសារ​ផ្សេងទៀត​ដែល​គេ​សង្ស័យ​ថា ឈរ​ឈ្មោះ​ឱ្យ​ឧកញ៉ា ស៊ីវ គង់ទ្រីវ និង​ប្រពន្ធ​ឈ្មោះ ហុង សួន។

ទោះ​យ៉ាង​ណា​ក្តី​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​តំបន់​ចំណោត​អូរ​ត្រាវ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់​អះអាង​ថា ពួកគាត់​នឹង​បន្ត​តវ៉ា​ទៀត​ដើម្បី​ឱ្យ​មាន​ដំណោះស្រាយ​ដីធ្លី និង​ដោះលែង​ពលរដ្ឋ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ទាំង​៨​នាក់​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles