ពលករ​ខ្មែរ​ត្អូញត្អែរ​ថា សមត្ថកិច្ច​ខ្មែរ​ និង​ថៃ​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​ យក​លុយ​ពី​ពួកគាត់​ ដើម្បី​​​ឱ្យ​បាន​ឆ្លងដែន ទៅ​ធ្វើ​ការងារ​នៅ​ថៃ​ឲ្យ​ឆាប់​រហ័ស

ដោយ ជាតិ ចំណាន
2019-04-19
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលករ​ខ្មែរ​អង្គុយ​តម្រង់​ជួរ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ឡែម​ខាង​ទឹក​ដី​ថៃ រង់ចាំ​ឆ្លង​ដែន​ចូល​ច្រក​ដូង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ថ្ងៃ​ទី៧ ខែ​មេសា ឆ្នាំ២០១៩ ត្រឡប់​មក​លេង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ រូបថត៖ ពលករ
ពលករ​ខ្មែរ​អង្គុយ​តម្រង់​ជួរ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ឡែម​ខាង​ទឹក​ដី​ថៃ រង់ចាំ​ឆ្លង​ដែន​ចូល​ច្រក​ដូង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ថ្ងៃ​ទី៧ ខែ​មេសា ឆ្នាំ២០១៩ ត្រឡប់​មក​លេង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ រូបថត៖ ពលករ


ពលករ​ខ្មែរ​ត្អូញត្អែរ​ថា សមត្ថកិច្ច​ខ្មែរ​ និង​ថៃ​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​ បាន​បង្ខំ​យក​លុយ​ពី​ពួកគាត់​ម្នាក់​ពី​ ៤​ ទៅ​ ៦ម៉ឺន​រៀល ដើម្បី​ជា​ថ្នូរ​បាន​ឆ្លងដែន ទៅ​ធ្វើ​ការងារ​នៅ​ថៃ​ឲ្យ​ឆាប់​រហ័ស​ ក្នុង​ពលករ​ខ្មែរ​រាប់ពាន់​នាក់ កំពុង​សម្រុក​ចូល​ថៃ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នៅ​បន្ទាយមានជ័យ​ចាត់​ទុក​បញ្ហា​នេះ​ថា ជា​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ដើម្បី​បាន​ប្រាក់​ពី​ពលករ​ដោយ​ខុស​ច្បាប់។​

ពលករ ​លោក​ ជឹង វណ្ណា​ ថ្លែង​ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី​១៩​មេសា​ថា លោក​នៅ​លេង​បុណ្យ​ចូលឆ្នាំ​ខ្មែរ​​ឯ​ស្រុក​កំណើត​បាន​៦ថ្ងៃ​ប៉ុណ្ណោះ ​ហើយ​ក៏​ប្រញាប់​ត្រឡប់​ទៅ​ធ្វើ​ការ​​​នៅ​លើ​ទូក​នេសាទ​របស់​ថៃ​នៅ​ខេត្ត​សមុទ្រ​សាខន (Samut Sakhon) វិញ​ភ្លាម​ ព្រោះ​ប្រសិន​បើ​នៅ​យូរ​នាំ​ឱ្យ​​ខាត​ការងារ​និង​គ្មាន​បាត់​បង់​ប្រាក់​ចំណូល​ ព្រោះ​នៅ​ផ្ទះ​គ្មាន​ការងារ​ធ្វើ​នោះ​ទេ។ ពលករ​រូប​នេះ​អះអាង​ទៀត​ថា ទម្រាំ​តែ​ឆ្លង​ផុត​ច្រក​ព្រំដែន​ត្រូវ​ចំណាយ​ពេល​អស់​​​មួយ​ថ្ងៃ និង​ត្រូវ​ស្នាក់​នៅ​ព្រំដែន​ខាង​ដី​ថៃ​មួយ​យប់​ ដោយសារ​ពលករ​សម្រុក​ឆ្លងដែន​ច្រើន​​រាប់​ពាន់​នាក់​ រហូត​ដល់​អស់​រថយន្ត​ឈ្នួល​ធ្វើ​ឱ្យ​មិន​អាច​បន្ត​ដំណើរ​ទៅ​ទី​ក្រុង​បាងកក​បាន​ទេ។ លោក​បន្ត​ថា ប៉ូលិស​អន្តោប្រវេសន្ត​ខ្មែរ​​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បាន​យក​ប្រាក់​ពី​លោក​​ចំនួន ១០០បាត ឬ​ស្មើ ១២.៧០០រៀល ដើម្បី​ជា​ថ្នូរ​ប្រថាប់ត្រា​លើ​លិខិត​ឆ្លង​ដែន។ លោក​ថា ពេល​ទៅ​ដល់​ដី​ថៃ ត្រូវ​តម្រង់​ជួរ​រង់ចាំ​ឱ្យ​ប៉ូលិស​ថៃ​ប្រថាប់​ត្រា​លើ​លិខិត​ឆ្លងដែន​អស់​ជាង ៤ម៉ោង​ទៀត ហើយ​ទម្រាំ​រួច​រាល់ គឺ​ម៉ោង ៦ល្ងាច៖ «ខាង​ខ្មែរ គឺ​ជា​ទម្លាប់​គេ ហើយ​ត្រូវ​បង់​លុយ​ឱ្យ​ប៉ូលិស ១០០បាត គឺ​ពេល​យើង​ប្រថាប់ត្រា​ចូល​ថៃ គឺ​អស់ ១០០បាត គឺ​យើង​តែ​ឱ្យ​គេ ព្រោះ​ពេល​គេ​ប្រថាប់​ត្រា​លិខិត​ឆ្លងដែន​ហើយ គេ​មិន​ទាន់​ឱ្យ​យើង​វិញ​ទេ គឺ​ទារ​លុយ​ពី​យើង ១០០បាត​សិន​ បាន​គេ​ហុច​លិខិត​ឆ្លង​ដែន។ ខ្ញុំ​អន់​ចិត្ត​ណាស់ ព្រោះ​អី​អ្នក​ធ្វើ​ការ​មាន​ប្រាក់​រដ្ឋ​ហើយ​យក​លុយ​ពី​ខ្ញុំ​ទៀត»

ចំណែក​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ក្រុង​ប៉ោយប៉ែត លោក ឆាំ បារាំង ដែល​បាន​ទៅ​ពិនិត្យ​នៅ​ព្រំដែន​ប៉ោយប៉ែត​ ថ្លែង​ថា ចាប់​តាំង​ពី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​រួច​មក គឺ​នៅ​ច្រក​ព្រំដែន​មួយ​នេះ​ មាន​ពលករ​ខ្មែរ​ឆ្លងដែន​យ៉ាង​ណែនណាន់​តាន់តាប់​តាំង​ពី​ព្រឹក​ដល់​យប់។ លោក​បន្ត​ថា ការ​ឆ្លង​ដែន​នេះ​ពលករ​មាន​ជម្រើស ២យ៉ាង គឺ​ឆ្លងដែន​ដោយ​ឆាប់ ត្រូវ​បង់​ប្រាក់​ប៉ូលិស​ខ្មែរ ២៥.០០០រៀល​ក្នុង​ម្នាក់ ហើយ​ខាង​ប៉ូលិស​ថៃ​ពី ៤ម៉ឺន​ទៅ ៦ម៉ឺន ៥ពាន់​រៀល ក្នុង​ម្នាក់ និង​ជម្រើស​ទី២ គឺ​ឆ្លងដែន​តាម​ធម្មតា ត្រូវ​រង់ចាំ​យូរ​តាម​លេខ​រៀង​ដោយ​មិន​មាន​ការ​បង់​ប្រាក់​នោះ​ទេ តែ​ត្រូវ​រង់ចាំ​រយៈ​ពេល​ជា​ច្រើន​ម៉ោង៖ «ពលករ​នៅ​ហៀ​កន្លែង​​ប៉ូលិស​ខ្មែរ​នៅ​ច្រក​ព្រំដែន​ ខាង​ថៃ​កន្លែង​គេ​ធំ​ផង​នៅ​មាន​មនុស្ស​រាប់​រយ​នាក់។ ខាង​ខ្មែរ​អ្នក​ខ្លះ​ចេញ​ទៅ​មិន​កើត​នៅ​ដេក​ផ្ទះ​សំណាក់​ខ្លះ​នៅ​ចិញ្ចើម​ផ្លូវ​ខ្លះ។ អ្នក​ខ្លះ​បើ​គ្រាន់​តែ​សរសេរ​អស់​តែ ៤០បាត​ទេ ដូច​អ្នក​ដែល​ចូល​បាន​មុខ​គេ​រង់ចាំ​តាំង​ពី​យប់។ អ្នក​ខ្លះ​អង្គុយ​ផ្ដុំ​គ្នា​រាប់​លុយ​ក៏​មាន ហើយ​ខ្ញុំ​ឈរ​ថត​ពួក​គាត់ តែ​ខាង​ថៃ​គេ​មក​ដេញ​ខ្ញុំ​មិន​ឱ្យ​ថត ហើយ​គេ​យក​ទូរស័ព្ទ​ពី​ខ្ញុំ​លុប​រូប​ថត​អស់ នៅ​ទី​នោះ​មាន​ខ្មែរ​ធ្វើ​ការ​ឱ្យ​ថៃ​ជិត ១០នាក់។ ពួក​គេ​ជា​អ្នក​ដើរ​យក​លុយ​ពី​ពលករ​ខ្មែរ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​នាយរង​ប៉ូលិស​អន្តោប្រវេសន្ត​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត លោក នឹម វុត្ថា មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​ថា ចាប់​ពី​រួច​បុណ្យ​ចូលឆ្នាំ​ខ្មែរ​មក គឺ​មាន​ពលករ​ឆ្លងដែន​ទៅ​ធ្វើ​នៅ​ប្រទេស​ថៃ​តាម​ច្រក​ព្រំដែន ដែល​លោក​ប្រចាំ​ការ​យ៉ាង​ច្រើន​កុះករ។ ក៏​ប៉ុន្តែ​លោក​អះអាង​ថា ប៉ូលិស​ខ្មែរ​មិន​បាន​យក​លុយ​ពី​ពលករ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ៖ «បាន​ដឹង​ថា​ច្រើន​ ក៏​ប៉ុន្តែ​ការ​ដំណើរ​ជូន​ពលរដ្ឋ គឺ​បាន​ទាន់​ពេល ជា​ពិសេស គឺ​ខ្ញុំ​បាន​ជួយ​ផ្នែក​ស្ត្រី និង​ផ្នែក​ចាស់​ជរា គឺ​ជួយ​សម្រួល​ប្រថាប់​ត្រា​ជូន​ពួក​គាត់​មុន។ ខាង​ខ្ញុំ​ប្រមូល​កម្លាំង​ទៅ​ទាំង​អស់ ដើម្បី​ជួយ​សម្រួល​ពលករ​បាន​ឆ្លងដែន​ឆាប់»

កន្លង​មន្ត្រី​ប៉ូលិស​ទទួល​ស្គាល់​ថា ពួក​គេ​បាន​យក​លុយ​ពី​ពលករ​ខ្មែរ ប៉ុន្តែ​មិនមែន​ជា​លុយ​ពុករលួយ​នោះ​ទេ។ លុយ​នោះ​ជា​លុយ​ទឹកតែ​តែប៉ុណ្ណោះ ទោះ​បី​ជា​យ៉ាង​ណា សង្គម​ស៊ីវិល​ថា លុយ​ទឹក​តែ​នេះ ជា​លុយ​ពុក​រលួយ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគា មន្ត្រី​ប៉ូលិស​តាម​ច្រក​ព្រំដែន​មិន​ត្រឹម​តែ​យក​លុយ​ក្រៅ​ផ្លូវ​ការ​ពី​ពលករ​ប៉ុណ្ណោះ​ទេ គឺ​បាន​ហាម​ឃាត់​ពលករ​មិន​ពួក​គេ​ថត​រូប​នៅ​ពេល​ឆ្លងដែន​នោះ​ទៀត​ផង។ លោក​ចាត់​ទុក​ការ​យក​លុយ​ក្រៅ​ផ្លូវ​ការ​នេះ​ថា ជា​ក្រុម​សមត្ថកិច្ច​ឱកាស​និយម​ក្នុង​ការ​កេង​ចំណេញ​ប្រាក់​ពី​ពលករ និង​ការ​រួម​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយ​ខុស​ច្បាប់៖ «ការ​និយាយ​របស់​ប្រមុខ​រដ្ឋាភិបាល​ ដែល​ថា ការ​អនុវត្ត​តាម​ច្បាប់​ ហាក់​ដូច​មន្ត្រី​ដែល​គិត​គូរ​ពី​លុយ​ដាក់​ក្នុង​ហោប៉ៅ​របស់​ខ្លួន​ លែង​គិត​អំពី​ច្បាប់​ហើយ។រឿង​នេះ​ខ្ញុំ​គិត​ថា គួរ​តែ​ដក​មន្ត្រី​ប្រចាំ​ការ​តាម​ច្រក​ព្រំដែន​ទាំង​នោះ​ចេញ​ឱ្យ​អស់​ទៅ​ ហើយ​រក​អ្នក​ណា ដែល​ឈាម​ថ្មី​របស់​ពលរដ្ឋ​ ស្រលាញ់​ពលរដ្ឋ​ខ្មែរ​ចេះ​ជួយ​ចេះ​ដឹង​អំពី​ទុក្ខ​ធុរៈ​របស់​ពលរដ្ឋ​ខ្មែរ​គួរ​តែ​ដាក់​គាត់​ជំនួស​វិញ​ ព្រោះ​តួនាទី​របស់​គាត់​ការពារ​បំពេញ​បន្ថែម​ធ្វើ​ឱ្យ​ជីវភាព​ពលរដ្ឋ​ប្រសើរ​ឡើង​ អ៊ីចឹង​តើ​មន្ត្រី​ទាំង​នោះ​បាន​បំពេញ ឬ​បាន​បន្ថែម​ធ្វើ​បាប​ដល់​ពលរដ្ឋ»

លោក​បន្ត​ថា ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​ចាត់​វិធាន​ទៅ​លើ​មន្ត្រី​ខិលខូច​ទាំង​នេះ​តាម​ផ្លូវ​ច្បាប់​ជា​បន្ទាន់ និង​មិន​ត្រូវ​លើក​លែង​ឱ្យ​រួច​ខ្លួន​ជា​ដាច់​ខាត ព្រោះ​មន្ត្រី​ទាំង​នេះ​គាប​សង្កត់​ធ្វើ​បាប​ដើម្បី​យក​​លុយ​ពី​ពលករ​ខ្មែរ។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​លោក​ ឱម យ៉ិនទៀង និង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័ក្រ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១៩ មេសា​ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​លើក​តែ​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​ថ្មីៗ នេះ លោក ខៀវ សុភ័ក្រ ផ្ដល់​សម្ភាសន៍​ដល់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ប៉ូលិស​មិន​មាន​ទោស​ទេ ព្រោះ​រឿង​នេះ​ជា​កំហុស​របស់​ពលករ ដោយសារ​ពួក​គាត់​ចង់​បាន​ឆ្លង​ដែន​ឆាប់​រហ័ស។

ប៉ុន្តែ​លោក ស៊ុំ ច័ន្ទគា លើក​ឡើង​ថា​ បញ្ហា​នេះ​គ្រាន់​តែ​ការ​ឆ្លើយ​ដោះសា​យក​រួច​ខ្លួន​ប៉ុណ្ណោះ ព្រោះ​ព្រោះ​សមត្ថកិច្ច​បាន​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​មន្ត្រី​រាជការ ដែល​ហាម​ឃាត់​មិន​ឱ្យ​មន្ត្រី​របស់​រដ្ឋ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នោះ​ ហើយ​សមត្ថកិច្ច​​ត្រូវ​សម្រួល​ធ្វើ​យ៉ាង​ឱ្យ​ពលករ​ឆ្លងដែន​បាន​ឆាប់​រហ័ស​ទៀត​ផង គឺ​មិន​មែន​ឆ្លៀត​ឱកាស​មាន​ពលករ​ឆ្លងដែន​ច្រើន ហើយ​នាំ​យក​លុយ​ពី​ពលករ ដោយ​យក​លេស​រត់​ការ​ឱ្យ​ឆាប់​រហ័ស​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles