លោក ​ហ៊ុន ​សែន ​ពន្យុះ​បន្ថែ​ម​ឱ្យ ​លោក​ សម រង្ស៊ី ចូល​មក​ប្រទេស​កម្ពុជា​វិញ​

ដោយ វណ្ណ សុគន្ធា
22/04/2019
RFI

media
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា
@SPM page


លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​ចូល​រួម​ពិធី​ចាក់​បេតុង​ត​ភ្ជាប់​មុខ​តំណ​ស្ពាន​មិត្ត​ភាព​កម្ពុជា-ថៃ និង បើក​ការ​ដ្ឋាន​សាង​សង់​អគារ​ច្រក​ទ្វារ​ព្រំ​ដែន អន្តរ​ជាតិ​ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវ​ជាតិ​លេខ​៥ នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​។ ក្នុង​ពិធី​នោះ លោក​ ហ៊ុន សែន បាន​ថ្លែង​ចំអក​ដាក់​លោក​ សម រង្ស៊ី រឿង​ញុះ​ញង់​ឱ្យ​មាន​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​រូប​លោក​។ ជាមួយ​គ្នា​នេះ លោក​ក៏​បាន​ពន្យុះ​បន្ថែម​ឱ្យ​លោក​ សម រង្ស៊ី​ចូល​មក​ប្រទេស​កម្ពុជា​វិញ​ថែម​ទៀត​។

ពី​វេទិកា​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន បាន​ប្រកាស​ប្រាប់​លោក​ សម រង្ស៊ី ឱ្យ​សម្រុក​ចូល​មក​ប្រទេស​កម្ពុជា​វិញ​មក ព្រោះ​លោក​ក៏​កំពុង​តែ​រង់​ចាំ​វត្ត​មាន​របស់​អតីត​ប្រធាន​គណ​បក្ស​ប្រឆាំង​ផង​ដែរ​។ ការ​ប្រកាស​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​លោក​សម រង្ស៊ី កាល​ពី​យប់​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​បបួល​ពលករ​ខ្មែរ​នៅ​ទីនោះ​ឱ្យ​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ជាមួយ​លោក​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។ បើ​តាម​លោក ​សម រង្ស៊ី ការ​នាំ​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ចូល​មក​ប្រទេស​កម្ពុជា​វិញ​នេះ គឺ​ដើម្បី​មក​បំផុស​បំផុល​ប្រជាពល​រដ្ឋ​នៅ​ក្នុង​ស្រុក​រំដោះ​ប្រទេស​កម្ពុជា​ពី​កណ្តាប់​ដៃ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន និង ក្រុម​គ្រួសារ​។

លោក​អតីត​ប្រធាន​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​រូប​នេះ ថែម​ទាំង​ហ៊ាន​និយាយ​ដដែល​ជា​ដដែល​ទៀត​ថា ការ​មក​កម្ពុជា​វិញ​នេះ គឺ​មក​ដើម្បី​ចាប់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន មិន​មែន​មក​ដើម្បី​ឱ្យ​លោក​ ហ៊ុន សែន ចាប់​ខ្លួន​លោក​ដាក់​ពន្ធនាគារ​នោះ​ទេ​។ ក៏​ប៉ុន្តែ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន បាន​ចំអក​ទៅ​វិញ​ថា ការ​ប៉ុន​ប៉ង​របស់​លោក ​សម រង្ស៊ី ហាក់​ដូច​ជា​ងាយ​ស្រួល​ពេក​ហើយ​។ លោក​ថា ក្រុម​ប៉ុល​ពត​ដែល​មាន​កង​ទ័ព​ជា​ច្រើន​កង​ពល​ធ្វើ​អ្វី​លោក​មិន​ទាំង​បាន​ផង កុំ​ថា​ឡើយ​ត្រឹម​ក្រុម​លោក​ សម រង្ស៊ី ​នោះ​។ ដូច្នេះ​ហើយ លោក​ថា លោក​ សម រង្ស៊ី គិត​ខុស​ហើយ​ដែល​ចង់​មក​ចាប់​រូប​លោក​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

សូម​បញ្ជាក់​ថា ម្តង​ជា​ពីរ​ម្តង លោក​ សម រង្ស៊ី ពី​ក្រៅ​ប្រទេស​តែង​តែ​ប្រកាស​ថា លោក​នឹង​ចូល​មក​ស្រុក​វិញ​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ដើម្បី​ដឹក​នាំ​ការ​ផ្លាស់​ប្តូរ​ការ​ដឹក​នាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ក្រុម​ការងារ​របស់​លោក​ សម រង្ស៊ី ក៏​មាន​គម្រោង​រៀប​ចំ​ឱ្យ​មាន​អ្នក​ទៅ​ទទួល​រូប​លោក​នៅ​ព្រលាន​យន្ត​ហោះ​ពេល​លោក​មក​ដល់​ប្រទេស​វិញ​ផង​ដែរ​។ ប៉ុន្តែ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ធ្លាប់​បាន​ព្រមាន​ជា​មុន​ហើយ​កុំ​ឱ្យ​អ្នក​ណា​មក​ពាក់​ព័ន្ធ​ជាមួយ​លោក​ សម រង្ស៊ី ក្រែង​លោ​ចូល​ពន្ធ​នាគារ​ជា​មួយ​គ្នា ហើយ​នៅ​ថ្ងៃ​នេះ​ទៀត​សោត លោក​នាយក​រដ្ឋ​មន្រ្តី​ក៏​បាន​ណែ​នាំ​ជា​ថ្មី​ដល់​អាជ្ញាធរ​ឱ្យ​ត្រៀម​ចាត់​ការ​ទៅ​តាម​ច្បាប់​ទៅ​លើ​អ្នក​ណា​ដែល​ចង់​ងើប​បះ​បោល​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​៕

What Next?

Recent Articles

3 Responses to "លោក ​ហ៊ុន ​សែន ​ពន្យុះ​បន្ថែ​ម​ឱ្យ ​លោក​ សម រង្ស៊ី ចូល​មក​ប្រទេស​កម្ពុជា​វិញ​"

  1. so chết says:

    លោកហ៊ុនសែនអ្នកនឹងត្រូវធ្វើការងារបន្តិចបន្តួចសម្រាប់ជនជាតិខ្មែរអ្នកចំណាយពេលវេលារបស់អ្នកសុំជំនួយ
    អ្នកធ្វើឱ្យខ្មាស់អៀនដល់ប្រជាជនខ្មែរ

  2. Target says:

    នេះជានយោបាយកូរទឹកមិនអោយរងថ្លា !បើ ហ៊ុនសែន នៅតែឆ្លើយតបក្ដីសង្ឃឹមរបស់ខ្មែរយើងនៅតែមាន ពិភពលោកនៅតែបន្តជួយខ្មែររកសិទ្ធិសេរីភាពនិងលិទ្ធិប្រជាធិបតេយ្យជូនមហាជនខ្មែរជាក់មិនខានឡើយ។

  3. Anonymous says:

    HUN SEN have to be more responsible for this nation . we Cambodian will not accepting HUN SEN take his personal matter to hurt this nation one more. we Cambodian knew after the sadness of this poor people we got into another bad situation . HUN SEN should have known what he is doing is a dictator regime . Cambodian around the world knew all about it . as a Cambodian born I knew after the dark cloud the sky should be clear but I’M sorry another dark cloud cam whit storm may destroy this sad nation. my last massage to HUN SEN is>>> show us your true color .