​អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​​ព្រមាន​ថា​ ​កម្ពុជា​ពុំ​អាច​ដក​ខ្លួន​រួច​ចេញ​ពី​គម្រោង​មហិច្ឆតា​ប្រចាំ​សតវត្ស​របស់​ចិន​បាន​ឡើយ​

ដោយ មាន ឫទ្ធិ
2019-04-24
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ផែនទី​បង្ហាញ​ពី​ប្រទេស​ដែល​ប្រឈម​ហានិភ័យ​ជាមួយ​គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ​របស់​ចិន។ ពណ៌​ក្រហម​បង្ហាញ​ថា ប្រទេស​ដែល​មាន​ហានិភ័យ​ខ្ពស់ ពណ៌​លឿង​បង្ហាញ​ពី​ការ​ប្រឈម​ហានិភ័យ​គួរ​ឱ្យ​កត​សម្គាល់ ហើយ​ពណ៌​ខៀវ​មាន​ហានិភ័យ​ទាប។ រូបភាព​ពី​របាយការណ៍​របស់​មជ្ឈមណ្ឌល ដើម្បី​ការ​អភិវឌ្ឍ​សាកល (Center for Global Development-CGD)
ផែនទី​បង្ហាញ​ពី​ប្រទេស​ដែល​ប្រឈម​ហានិភ័យ​ជាមួយ​គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ​របស់​ចិន។ ពណ៌​ក្រហម​បង្ហាញ​ថា ប្រទេស​ដែល​មាន​ហានិភ័យ​ខ្ពស់ ពណ៌​លឿង​បង្ហាញ​ពី​ការ​ប្រឈម​ហានិភ័យ​គួរ​ឱ្យ​កត​សម្គាល់ ហើយ​ពណ៌​ខៀវ​មាន​ហានិភ័យ​ទាប។ រូបភាព​ពី​របាយការណ៍​របស់​មជ្ឈមណ្ឌល ដើម្បី​ការ​អភិវឌ្ឍ​សាកល (Center for Global Development-CGD)


អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​ព្រមាន​ថា កម្ពុជា​ពុំ​អាច​ដក​ខ្លួន​រួច ​ចេញ​ពី​គម្រោង «គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ» របស់​មហា​យក្ស​ចិន​បាន​ឡើយ ដោយសារ​តែ​កម្ពុជា​ពុំ​មាន​ជម្រើស​ជាក់ស្ដែង​ដទៃ​ទៀត ក្រៅតែ​ពី​ពឹង​ផ្អែក​តែ​ទៅលើ​ចិន​តែ​មួយ​នោះ​។ ​ការ​លើក​ឡើង​នេះ​ ស្រប​ពេល​ដែល​មហា​យក្ស​ចិន កំពុង​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​ជា​លើក​ទី​ពីរ​របស់​ខ្លួន​នៅ​ចុង​ខែ​មេសា​នេះ ហៅ​ថា វេទិកា​ស្ដីពី​គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ ឬ​វិថី​សូត្រ​ថ្មី ដោយ​មាន​ការចូលរួម​ពី​សំណាក់​បណ្ដា​មេ​ដឹក​នាំ​ពិភព​លោក​ជាង ៤០រូប​ ក្នុង​នោះ​ក៏​មាន​លោក​ ហ៊ុន ​សែន ​ផង។

បណ្ឌិត​ ​ខាល ​ថៃ​យ័រ ​(Carle Thayer) ​សាស្ត្រាចារ្យ​កិត្តិយស​បណ្ឌិត​សភា​កងទ័ព​ការពារ​ជាតិ​អូស្ត្រាលី​ ​នៃ​សាកលវិទ្យាល័យ​ New South Wales ​ប្រាប់​អាស៊ី​សេរី​តាម​សារ​អេឡិចត្រូនិក​ថា​ ​ទំនាក់ទំនង​រវាង​កម្ពុជា​ ​និង​ចិន​ ក្រោម​គម្រោង​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​ ​មាន​ផ្សារភ្ជាប់​ទៅ​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល​កម្ពុជា​ ​នៃ​ការអភិវឌ្ឍន៍​ជាតិ​។ ​លោក​ថា​ ​ទំនាក់ទំនង​ទ្វេ​ភាគី​នេះ​ ​មាន​ទ្រង់ទ្រាយ​ធំ​ ​ហើយ​រួមបញ្ចូល​នូវ​វិស័យ​សំខាន់​ៗ​ចំនួន​ ៧ ​ក្នុង​នោះ​រួមមាន​៖​ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ កសិកម្ម​ ហិរញ្ញវត្ថុ​ ​ការអភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​ ការ​កសាង​សមត្ថភាព​ វប្បធម៌​ ​និង​ទេសចរណ៍​ ​និង​ការ​ការពារ​បរិស្ថាន​។ ​លោក​បន្ត​ថា ចំណែក​នៃ​ការ​ផ្ដល់​មូលនិធិ​ដ៏​ធំ​សម្បើម​នេះ​ ​មាន​នៅ​ក្នុង​វិស័យ​ហេដ្ឋារចនាសម័្ពន្ធ ​ដូចជា ផ្លូវថ្នល់​ល្បឿន​លឿន​ ស្ពាន​ ​កំពង់ផែ ​ព្រះលាន​យន្តហោះ​ និង​ផ្លូវ​រថភ្លើង​ល្បឿន។ ឧទាហរណ៍​ ​ដូចជា​កាលពី​ឆ្នាំ២០១៦ ​ប្រធានាធិបតី​ចិន ​លោក​ ស៊ី ​ជីន​ពីង ​(Xi Jinping) ​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​ភ្នំពេញ​ ​ហើយ​បាន​សន្យា​ផ្ដល់​ប្រាក់​កម្ចី​ចំនួន​ ២ពាន់​លាន​ដុល្លារ ឬ ២ប៊ីលាន​ដុល្លារ​អាមេរិក​ ក្រោម​គម្រោង​គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ​នេះ ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​ដល់​ប្រព័ន្ធ​ផ្លូវថ្នល់​នៅ​កម្ពុជា។

បណ្ឌិត​ ​ខាល ​ថៃ​យ័រ ​ព្រមាន​ថា​ ​សម្រាប់​ពេល​បច្ចុប្បន្ន​នេះ​ កម្ពុជា​គ្មាន​មធ្យោបាយ​ដក​ខ្លួន​រួច​ចេញ​ពី​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​របស់​ចិន​នេះ​បាន​ឡើយ​ ពី​ព្រោះ​ថា បើ​ហ៊ាន​ធ្វើ​ដូច្នេះ​មែន នោះ​ក្រុង​ប៉េកាំង​នឹង​ចាត់​ទុក​ហេតុការណ៍​នេះ​ថា​ជា​ដំណើរ​វិវឌ្ឍន៍​អវិជ្ជមាន​មួយ។

អ្នកនាំពាក្យ​របប​ក្រុង​ភ្នំពេញ​ ​លោក​ ​ផៃ​ ស៊ី​ផាន ​ចាត់​ទុក​ការ​ព្រមាន​ពី​សំណាក់​អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​នេះ​ថា ជា​ការ​វិភាគ​ដែល​មាន​និន្នាការ​នយោបាយ​រួច​ទៅ​ហើយ។ លោក​និយាយ​ការពារ​ថា កម្ពុជា​មិន​បាន​យក​បរទេស​ណា​មួយ​ធ្វើ​ជា​ចៅហ្វាយ​នាយ​នោះ​ទេ៖ «យើង​ត្រូវ​ក្រឡេក​មើល​នយោបាយ​ការបរទេស​របស់​យើង​ ​ហើយ​នឹង​រដ្ឋធម្មនុញ្ញ​របស់​យើង។ គឺ​យើង​ប្រកាន់​ខ្ជាប់​ខ្ជួន​ទៅ​នឹង​គោលការណ៍​នយោបាយ​ការបរទេស​របស់​យើង​ ​គឺ​ចម្រុះ​ពណ៌​។ ជា​ការ​រក​ទទួលទាន​គ្រប់​កន្លែង​ទាំង​អស់ ដោយ​យើង​ចូល​ទៅ​ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ហើយ​ការងារ​បរទេស​របស់​យើង​ ​គឺ​យើង​អត់​មាន​ជា​ខ្ញុំ​នរណា​មួយ​នោះ​ទេ​។ ​យើង​ស្ថិត​នៅ​ជា​លក្ខណៈ​អធិបតេយ្យ​ ​និង​ឯករាជ្យ​នេះ​ឯង​។ ​យើង​មិន​យក​ចិន ឬ​អាមេរិកាំង​ ធ្វើជា​ចៅហ្វាយ​នាយ​នោះ​ទេ»

ផ្ទុយពី​ការ​អះអាង​នេះ​ ​អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​មួយ​រូប​ទៀត បណ្ឌិត អៀ សុផល សាស្ត្រាចារ្យ​ផ្នែក​ការទូត​ ​និង​កិច្ចការ​ពិភពលោក​នៃ​មហាវិទ្យាល័យ​ Occidental College ​នៃ​រដ្ឋ​កាលីហ្វ័រញ៉ា ​សហរដ្ឋ​អាមេរិក​ ​ប្រាប់​អាស៊ី​សេរី​តាម​សារ​អេឡិចត្រូនិក​ថា ជា​ការវាយតម្លៃ​របស់​លោក​ ​កម្ពុជា​កំពុង​ផុង​ខ្លួន​កាន់តែ​ជ្រៅ​ស្រាប់​រួច​ទៅ​ហើយ​ទៅ​ក្នុង​គម្រោង​ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ​របស់​ចិន​នេះ​។ ​លោក​ថា បើ​និយាយ​ពី​ស្តង់ដារ​នៃ​គម្រោង​ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ​របស់​ចិន​នេះ គម្រោង​នៅ​កម្ពុជា​របស់​ចិន​មាន​ទំហំ​តូច ហើយ​មាន​តម្លៃ​ទាប ​ផ្អែក​លើ​តម្រូវ​ការ​ទឹក​ប្រាក់។ បណ្ឌិត អៀ ​សុផល​ ថា​ របប​ក្រុង​ភ្នំពេញ មិន​ចង់​ដក​ខ្លួន​ចេញ​ពី​គម្រោង​ការ​របស់​ចិន​នេះ​ទេ ​តែ​មាន​តែ​ផុង​ខ្លួន​ចូល​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​គម្រោង​នេះ ដោយ​ថែមទាំង​ចង់ឲ្យ​មាន​ការ​ចាយ​ប្រាក់កាស​យ័ន​របស់​ចិន​ទូទៅ​ដូច​ប្រាក់​ដុល្លារ​អាមេរិក​ទៀត​ផង។

បណ្ឌិត​ ​ខាល ​ថៃ​យ័រ ​ពន្យល់​ថា​ ​កម្ពុជា​ពុំ​មាន​ជម្រើស​អ្វី​ជាក់ស្ដែង​ណាមួយ​ ក្រៅតែ​ពី​ពឹងផ្អែក​តែ​ទៅលើ​ប្រទេស​ចិន​នោះ​ឡើយ។ ចិន​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​ ​ជា​អ្នក​វិនិយោគ​បរទេស​សំខាន់​ជាង​គេ​ ​និង​ជា​អ្នក​ផ្គត់ផ្គង់​ជំនួយ​អភិវឌ្ឍន៍​ចម្បង​មួយ​របស់​កម្ពុជា។ ​លោក​ថា​ ​ទំនាក់ទំនង​នេះ​ជា​ទំនាក់ទំនង​កេង​ចំណេញ​ផល​ប្រយោជន៍​ពី​គ្នា​ទៅវិញទៅមក​។ ​ចិន​មាន​ប្រទេស​ក្នុង​តំបន់​ ដែល​ខ្លួន​អាច​ពឹង​ផ្អែក​បាន​ ដើម្បីឲ្យ​ជួយ​គាំទ្រ​ដល់​អត្ថប្រយោជន៍​គោល​របស់​ខ្លួន​ចំណែក​ឯ​កម្ពុជា​វិញ​ ​ក៏​ត្រូវការ​ការ​គាំទ្រ​វិស័យ​នយោបាយ ការទូត និង​សេដ្ឋកិច្ច​ពី​ប្រទេស​ចិន​វិញ​ដែរ។

ការព្រមាន​របស់​អ្នក​ជំនាញ​ជាបន្តបន្ទាប់​នេះ​ ​កើត​មាន​ឡើង​ស្រប​ពេល​ដែល​មហា​យក្ស​ចិន​ ​កំពុង​រៀបចំ​ព្រឹត្តិការណ៍​ដ៏​សំខាន់​នៅ​ចុង​ខែ​មេសា​នេះ​ ​ជា​វេទិកា​លើក​ទី​ពីរ​ ស្ដីពី​គម្រោង​ផ្ដួចផ្ដើម​ផ្លូវ​មួយ​ខ្សែ​ក្រវ៉ាត់​មួយ​ ​ដែល​មាន​មេដឹកនាំ​មកពី​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក​ ​ប្រមាណ​ ៤០ នាក់​ចូលរួម​។ ​ក្នុង​នោះ​ លោក​ ហ៊ុន ​សែន ​ក៏​ជា​មេដឹកនាំ​ម្នាក់​ដែល​ទៅ​ចូលរួម​ព្រឹត្តិការណ៍​នេះ​ដែរ​ ​ចាប់ពី​ថ្ងៃ​ទី២៥ ​ដល់​ថ្ងៃ​ទី២៩ ​មេសា​នេះ​ ​អម​ដោយ​ការ​ហែហម​រដ្ឋមន្ត្រី​គ្រាក់ៗ មួយ​ចំនួន​របស់​លោក។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ឲ្យដឹង​ថា ក្នុង​អំឡុង​ពេល​ចូលរួម​វេទិកា​នេះ​ លោក​ ហ៊ុន ​សែន ​ក៏​គ្រោង​នឹង​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ មួយ​ចំនួន​ ស្ដីពី​ជំនួយ​របស់​ចិន​ ​ព្រមទាំង​គម្រោង​កិច្ច​សហប្រតិបត្តិការ​នានា​ផង ក៏​ប៉ុន្តែ​ពុំ​បាន​បង្ហើប​ឲ្យ​ដឹង​ពី​តម្លៃ​ទឹក​ប្រាក់ ដែល​ចិន​គ្រោង​ជួយ​ ​ឬ​កម្ពុជា​គ្រោង​ខ្ចី​បុល​បន្ថែម​ពី​ចិន​នា​ពេល​នេះ​ទេ។

ជុំវិញ​ដំណើរ​ទស្សនកិច្ច​ទៅ​ចូលរួម​ព្រឹត្តិការណ៍​សំខាន់​របស់​ចិន​នេះ​ ​បណ្ឌិត​ ​ខាល ​ថៃ​យ័រ ​មានប្រសាសន៍​ថា កម្ពុជា​របស់​លោក​ ហ៊ុន ​សែន ​គឺជា​អ្នកគាំទ្រ​ដំបូង​គេ​ចំពោះ​គម្រោង​គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ​នេះ។ លោក​ថា ការចូលរួម​របស់​កម្ពុជា​ក្នុង​វេទិកា​នេះ​ ​នឹង​គូស​បញ្ជាក់​សារ​ឡើងវិញ​ថា​ ​ខ្លួន​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​វិថី​សូត្រ​ថ្មី​ដែល​ជា​កេរ​ដំណែល​របស់​លោក​ប្រធានាធិបតី​ ស៊ី ​ជីន​ពីង ​នេះ​ ​ហើយ​បន្ថែម​ការ​គាំទ្រ​គោល​នយោបាយ​ចំពោះ​ចិន​ ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង។ លោក​ថា ​ជា​លទ្ធផល​ ក្រុង​ប៉េកាំង​នឹង​បន្ត​ផ្ដល់​រង្វាន់​ឲ្យ​កម្ពុជា​វិញ​ ​ឲ្យ​ពង្រីក​ការ​គាំទ្រ​ផ្នែក​ការទូត​ និង​នយោបាយ​ ​បន្ត​ទំនាក់ទំនង​វិស័យ​សេដ្ឋកិច្ច​ ​និង​កិច្ច​សហប្រត្តិការណ៍​វិស័យ​យោធា​។ ​រីឯ​បណ្ឌិត​ ​អៀ ​សុផល​ វិញ​ ​មានប្រសាសន៍​ថា​ ​ដោយ​ធ្វើដំណើរ​ទៅ​ចូលរួម​វេទិកា​នេះ​ ​មាន​ន័យ​ថា​ ​លោក​ ហ៊ុន ​សែន​ ប្ដេជ្ញា​ចិត្ត ១០០ភាគរយ​ ​ក្នុង​ការ​បន្ត​ដើរ​ចូល​វិថី​ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ​ ដែល​ចិន​កំពុង​គូសវាស​នេះ។ លោក​បន្ត​ថា​ ​វា​ក៏​មាន​ន័យ​ផង​ដែរ​ថា​ ​នឹង​មាន​នយោបាយ​ការទូត​បែប​អន្ទាក់​បំណុល​ ​កំពុង​រង់ចាំ​កម្ពុជា​នៅ​ខាងមុខ​បន្ត​ទៀត​ ​ដែល​លោក​ព្រមាន​ថា​ ​កម្ពុជា​ ​ត្រូវតែ​យល់​ឲ្យបាន​ច្បាស់​ពី​បញ្ហា​នេះ​ ​ដោយ​យក​ករណី​ដែល​បាន​កើតឡើង​នៅ​ប្រទេស​ស្រីលង្កា​ និង​ប៉ាគីស្ថាន​ជា​គំរូ​ស្រាប់​។​

បណ្ឌិត​ ​ខាល ​ថៃ​យ័រ ​ក៏​យល់​ស្រប​ទៅ​នឹង​អំណះអំណាង​របស់​បណ្ឌិត​ ​អៀ ​សុផល ​ដែរ។ លោក​ថា ​ចិន​ជា​អ្នក​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ភាគ​ច្រើន​ដល់​កម្ពុជា​ ​ក្នុង​ទម្រង់​ជា​កម្ចី​ ​ដែល​ចាំបាច់​ត្រូវតែ​សង​ទៅ​ឲ្យ​ចិន​វិញ។ លោក​ពន្យល់​ថា បើ​ទោះបីជា​ចិន​ផ្ដល់​ហិរញ្ញប្បទាន​ភាគ​ច្រើន​ដល់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ដែល​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​កម្ពុជា​ក៏​ពិត​មែន​ តម្លៃ​ជួសជុល​ ​និង​ថែទាំ​នូវ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​នេះ​ ​គឺជា​បន្ទុក​របស់​ប្រទេស​ម្ចាស់​ផ្ទះ។ ការពឹងផ្អែក​ទៅលើ​ចិន​ខ្លាំង​ពេក ​ដោយសារតែ​ត្រូវ​សង​លុយ​ទៅ​ចិន​វិញ​ផង​ និង​ចេញ​ថ្លៃ​ចំណាយ​លើ​ការ​ថែទាំ​ ​និង​សេវា​ជួសជុល​ផង​ ហេតុការណ៍​នេះ​ ​អាច​បណ្ដាល​ឲ្យ​កម្ពុជា​ធ្លាក់​ផុង​ចូល​ក្នុង​អន្ទាក់​បំណុល​វ័ណ្ឌក​របស់​ចិន។ ពេល​នោះ​ លោក​ពន្យល់​ថា​ ​កម្ពុជា​ ​នឹង​មិន​មាន​លទ្ធភាព​ចេញ​លុយ​សង​ចិន​ជា​ប្រក្រតី​បាន​ឡើយ​ ​ហើយ​កម្ពុជា​នឹង​ត្រូវ​ក្ស័យ​ធន ​មិន​ខុស​ពី​ករណី​នៅ​ប្រទេស​ប៉ាគីស្ថាន ​ដែល​បច្ចុប្បន្ន​កំពុង​ត្រូវការ​ការ​ជួយ​ស្រោចស្រង់​ ​ពី​អាមេរិក​ ​និង​សហគមន៍​អន្តរជាតិ​។​បណ្ឌិត​ ​ខាល ​ថៃ​យ័រ ​ពន្យល់​បន្ត​ថា​ ​ក្រុមហ៊ុន​របស់​ចិន​ជាច្រើន​ ​មាន​ជាប់ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​សេវា​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​នេះ​ ​ហើយ​នឹង​យក​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​ទៅ​ធ្វើ​ការគ្រប់គ្រង​វិញ។ ជា​សម្មតិកម្ម​ចិន​អាច​នឹង​ក្លាយ​ជា​ម្ចាស់​នៃ​កំពង់ផែ​រ ​និង​ថែមទាំង​ព្រះលាន​យន្តហោះ​របស់​កម្ពុជា​បាន​នា​ពេល​អនាគត​។​

គិត​ត្រឹម​ដំណាច់​ឆ្នាំ២០១៨ កម្ពុជា​ជាប់​ជំពាក់​បំណុល​មហា​មិត្ត​ចិន​ជាង​ ៤ពាន់ ៦រយ​លាន​ដុល្លារ​អាមេរិក​ ​ស្មើនឹង​ជាង​ ៤០ភាគរយ ឬ​ជិត​ពាក់កណ្ដាល​នៃ​បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស​សរុប។ ​នេះ​មាន​ន័យ​ថា​ ​ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ ដែល​សូម្បីតែ​ទារក​ទើប​កើត​មក​ភ្លាម​ ​កំពុង​ជាប់​ជំពាក់​បំណុល​ចិន​ក្នុង​ម្នាក់ៗ ជិត​ ៣០០ដុល្លារ​អាមេរិក​។​

គំនិត​ផ្ដួច​ផ្ដើម​ «​ផ្លូវ​មួយ ខ្សែ​ក្រវាត់​មួយ​» ​ឬ​ ​ហៅ​ថា «វិថី​សូត្រ​ថ្មី» នេះ​ ​គឺជា​មហិច្ឆតា​ប្រចាំ​សតវត្ស​របស់​ចិន​ដើម្បី​ពង្រីក​ឥទ្ធិពល​សេដ្ឋកិច្ច​ ​ភូមិសាស្ត្រ​នយោបាយ​ និង​វប្បធម៌​របស់​ខ្លួន​ស្រប​ពេល​ដែល​ចិន​កំពុង​ឡើង​គ្រង​តំណែង​ជា​មហាអំណាច​មួយ​នៅ​លើ​ពិភព​លោក។ ក្រោម​ការគ្រប់គ្រង​របស់​ប្រធានាធិបតី​ ស៊ី ​ជីង​ពីង (Xi Jinping) ចិន​បាន​លាត​ត្រដាង​ ​គំនិត​ផ្ដួច​ផ្ដើម​នេះ​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ២០១៣ ក្រោម​ហេតុផល​ថា​ ​ដើម្បី​ផ្សារ​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​សម្រួល​ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​ រវាង​ប្រទេស​ក្នុង​ទ្វីប​អាស៊ី​ទៅ​កាន់​ទ្វីប​អាហ្វ្រិក​ និង​អឺរ៉ុប​ និង​ទៅ​កាន់​តំបន់​ផ្សេង​ពី​នេះ​ក្នុង​ពិភព​លោក។ ដើម្បី​សម្រេច​មហិច្ឆតា​នេះ​ ​ចិន​អាច​នឹង​ចំណាយ​ទឹក​ប្រាក់​សរុប​រហូត​ដល់​ទៅ​ជិត ១០០ពាន់​លាន​ដុល្លារ ឬ​ ១ទ្រីលាន​ដុល្លារ។

តាមរយៈ​គំនិត​ផ្ដួច​ផ្ដើម​នេះ ​គម្រោង​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​ដ៏​គួរ​ឲ្យ​ទាក់ទាញ​ជា​ច្រើន ​ត្រូវ​បាន​លាត​ត្រដាង និង​អនុវត្ត​នៅ​កម្ពុជា​ជា​បន្ត​បន្ទាប់​រួម​មាន​ការ​សាងសង់​ផ្លូវថ្នល់​ល្បឿន​លឿន​ផ្លូវ​រត់​ភ្លើង​ភ្ជាប់​ទៅ​នឹង​ប្រទេស​ក្នុង​តំបន់​ ​កំពង់ផែ​ទឹក​ជ្រៅ​ ​កំពង់ផែ​ស្ងួត​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​ព្រះលាន​យន្តហោះ​អន្តរជាតិ​ជា​ដើម​ ​ដែល​គម្រោង​ទាំងនេះ​ធ្វើឡើង​ក្រោម​រូបភាព​ជា​ជំនួយ​អភិវឌ្ឍន៍​ និង​កម្ចី​បរទេស។ ចិន​ក៏​បាន​លាតត្រដាង​ពី​ផែនការ​ដែល​ថា​នឹង​ជំរុញ​ឲ្យ​កម្ពុជា​អភិវឌ្ឍន៍​ផ្លូវថ្នល់​ល្បឿន​លឿន​ ​ឲ្យ​បាន​ប្រវែង​ ២.២៣០គីឡូម៉ែត្រ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ​គិត​ត្រឹម​ឆ្នាំ២០៤០ ក្នុង​តម្លៃ​ជា​ទឹក​ប្រាក់​រហូត​ដល់​ទៅ​ជាង​ ២៦ពាន់​លាន​ដុល្លារ​។​

មជ្ឈមណ្ឌល​ ​ដើម្បី​ការ​អភិវឌ្ឍ​សាកល (Center for Global Development-CGD) ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន ​សហរដ្ឋ​អាមេរិក​ កាលពី​ឆ្នាំ២០១៨ ​បាន​ដាក់បញ្ចូល​ប្រទេស​កម្ពុជា​ទៅ​ក្នុង​ចំណោម​ក្រុម​ប្រទេស​គោលដៅ​ចំនួន​ ២៣ប្រទេស​ ​ដែល​កំពុង​ប្រឈម​នឹង​ «ហានិភ័យ​បំណុល​គួរ​ឱ្យ​កត់​សម្គាល់» នា​ពេល​បច្ចុប្បន្ន​នេះ។ បន្ថែម​ពី​លើ​នេះ​ ​ការ​សិក្សា​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល ដើម្បី​សន្តិសុខ​អាមេរិកាំង​ថ្មី​ ​ឬ​ Center for a New American Security ​ដែល​ធ្វើ​ការ​វាយតម្លៃ​លើ​គម្រោង​គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ​នេះ​ ​ចេញ​ផ្សាយ​នៅ​ដើម​ខែ​មេសា​នេះ​ ​ដែល​ធ្វើ​ការ​សិក្សា​ឧទាហរណ៍​នៅ​ប្រទេស​ចំនួន ១០ ក្រោម​គម្រោង​របស់​ចិន​នេះ​ រក​ឃើញ​ថា​ ​គម្រោង​របស់​មហា​យក្ស​ចិន​នេះ​ ធ្វើ​ឲ្យ​ប្រទេស​ជា​ម្ចាស់​ផ្ទះ​ ​បាត់បង់​ភាព​ជា​ម្ចាស់​ ​មិន​មាន​ភាព​ច្បាស់លាស់​ ​ជាប់​ផុង​ក្នុង​អន្ទាក់​បំណុល​ ​កើន​ឡើង​អំពើ​ពុករលួយ​ ​និង​តែងតែ​ត្រូវ​ចិន​ យក​ទៅ​គ្រប់គ្រង​ធ្វើ​ជា​ទ្រព្យ​សកម្ម​របស់​ខ្លួន​វិញ។ របាយការណ៍​ផ្ដល់​អនុសាសន៍​ជា​ជម្រើស​ជំនួស​ឲ្យ​គម្រោង​វិថី​សូត្រ​របស់​មហា​យក្ស​ចិន​វិញ​ថា​ ​សហរដ្ឋ​អាមេរិក​ ​ផ្ដល់​នូវ​ជំនួយ​អភិវឌ្ឍន៍​ដែល​មិន​ធ្វើឲ្យ​ប្រទេស​ម្ចាស់​ផ្ទះ​ជាប់​ផុង​ក្នុង​បំណុល​នោះ​ទេ​ ​ហើយ​សហរដ្ឋ​អាមេរិក​ផ្ដោត​លើ​ពាណិជ្ជកម្ម​ដែល​មាន​លក្ខណៈ​សេរី ​ត្រឹមត្រូវ​ និង​យុត្តិធម៌​ទាំង​សង្ខាង​ចំពោះ​ភាគី​ពាក់ព័ន្ធ​ ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​វិនិយោគ​វិស័យ​ធុរកិច្ច​ផ្នែក​ឯកជន ដល់​ទៅ​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ ​ហើយ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រទេស​ទាំង​សង្ខាង គឺ​ទាំង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ទទួល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles