ក្រុម​យុវជន​ និង​ពលរដ្ឋ​ស្នើ​របប​ក្រុងភ្នំពេញ ឱ្យ​បង្ហាញ​ពី​ការ​កំណត់​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម​ជា​សាធារណៈ

ដោយ ទីន ហ្សាការីយ៉ា
2019-04-25
RFA

បង្គោល​ព្រំដែន​លេខ​១៦៩​ថ្មី​ដែល​ទើប​បោះ​នៅ​ជាប់​ផ្លូវ​កំពង់​ស្ពាន ស្ថិត​នៅ​ភូមិ​តាបឹប សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Tha Kitya
បង្គោល​ព្រំដែន​លេខ​១៦៩​ថ្មី​ដែល​ទើប​បោះ​នៅ​ជាប់​ផ្លូវ​កំពង់​ស្ពាន ស្ថិត​នៅ​ភូមិ​តាបឹប សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Tha Kitya


ក្រុម​យុវជន​ និង​ពលរដ្ឋ​ស្នើ​ឲ្យ​របប​លោក​ហ៊ុន​សែន​ បង្ហាញ​លទ្ធផល​ពី​ដំណើរការ​បោះ​បង្គោល​ព្រំដែន​គោក​ ជាមួយ​វៀតណាម​ជា​សាធារណៈ​ និង​ផ្ដល់​លទ្ធភាព​ឲ្យ​ពួកគេ​ចូលរួម​តាមដាន​ និង​ស្វែងយល់​ ឲ្យបាន​ពេញលេញ​ ពី​ដំណើរ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម។ ការ​លើកឡើង​នេះ​ ក្រោយពី​ពួកគេ​សង្កេតឃើញ​ថា​ គណៈកម្មការ​កិច្ចការ​ព្រំដែន​កម្ពុជា និង​វៀតណាម​បាន​បោះ​បង្គោល​ព្រំដែន​ ធ្វើ​ឡើង​ដោយ​សម្ងាត់​ និង​មិន​បាន​បង្ហាញ​ពី​ស្ថានភាព​ព្រំដែន​ ជា​សារធារណៈ​នោះ​ទេ​ នាំ​ឲ្យ​ពួក​គេ​មន្ទិល​ និង​បារម្ភ​ខ្លាច​របូត​ដីស្រែ​ទៅ​វៀតណាម​ទៀត។

ក្រុម​យុវជន​ និង​ពលរដ្ឋ​ សង្កេតឃើញ​ថា​ របប​ក្រុងភ្នំពេញ​មិនបាន​លើកទឹកចិត្ត​ និង​បើក​លំ​ហរ​សេរីភាព​ ឲ្យ​យុវជន​ និង​ ពលរដ្ឋ​ចូលរួម​ការពារ​ព្រំដែន​ និង​ ដឹងឮ​ពី​បញ្ហា​ព្រំដែន​ឲ្យបាន​ពេញលេញ​នោះ​ទេ​ ថែមទាំង​គំរាម​ពលរដ្ឋ​ និង​យុវជន​ណា​ ដែល​ឈឺឆ្អាល​រឿង​បញ្ហា​ព្រំដែន​ថា​ ជា​ក្រុម​បក្ស​ប្រឆាំង​ និង​ព្យាយាម​រារាំង​មិន​ឲ្យ​នរណា​និយាយ​ពី​បញ្ហា​នេះ។

ការ​លើក​ឡើង​នេះ​ ក្រោយ​ពី​ គណៈកម្មការ​កិច្ចការ​ព្រំដែន​កម្ពុ​ជា​ថ្មីៗ នេះ បាន​ត្រៀម​ឯកសារ​ទទួល​ស្គាល់​បង្គោល​ព្រំ​ដែន​កម្ពុជា​វៀតណាម​ ដែល​បាន​បោះ​សម្រេច​បាន​ជាង​ ៨០ភាគ​រយ (៨៤%) ក្នុង​ទិសដៅ​ឲ្យ​អន្តរជាតិ​ទទួល​ស្គាល់​បង្គោល​ព្រំ​ដែន​ទាំង​នោះ។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញា​វន្ត​ខ្មែរ​ និង​ជា​សមាជិក​ក្រុម​ការងារ​ ១០០រាត្រី​លោក​ មួង​ សូ​នី​ ដែល​ចុះ​ស្រាវជ្រាវ​បញ្ហា​ព្រំដែន​ ឲ្យដឹង​នៅ​ថ្ងៃ​ទី២៤ មេសា​ថា ក្រុម​យុវជន​ និង​ពលរដ្ឋ​ នៅ​តែ​មិនទាន់​ជ្រាប​ច្បាស់​ ពី​ការ​ប្រើ​ប្រាស់​ផែនទី​របស់​រដ្ឋាភិបាល​ ក្នុង​ការកំណត់​បង្គោល​ព្រំ​ដែន​កម្ពុជា​វៀតណាម​នៅ​ឡើយ​ទេ​ ហើយ​ក៏​គ្មាន​នរណា​មាន​សិទ្ធិ​ ផ្ដល់​យោបល់​ឲ្យ​រដ្ឋាភិបាល​ដែល​ ទាក់ទិន​ការ​បោះ​បង្គោល​ព្រំដែន​ និង​ការ​ដោះស្រាយ​វិបត្តិ​ព្រំដែន៖ «ក្រុម​ការងារ ១០០រាត្រី​យើង​នៅ​មិន​ទាន់​យល់​ច្បាស់​ ពី​ការ​ប្រើ​ប្រាស់​ផែនទី​ រដ្ឋាភិបាល​ថា​ យ៉ាង​ម៉េច​ទេ​ ពី​ព្រោះ​វា​ជា​នយោបាយ​លាក់​សម្ងាត់​តែ​ម្តង? ហើយ​អ្វី​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​តទៅមុខ​ គឺ​គ្មាន​នរណា​អាច​ហាម​ឃាត់​ និង​ផ្ដល់​យោបល់​បាន​ទេ។ ខ្ញុំ​ជឿ​ជាក់​តែ​ ការ​បង្គោល​ព្រំ​ដែន​ គឺ​កម្ពុជា​មិន​ប្រាក​ថា​ មិន​បាត់​បង់​ទឹក​ដី​ទេ​ មាន​កន្លែង​ខ្លះ​ពលរដ្ឋ​ប្រាប់​ថា​ ការ​បោះ​បង្គោល​ព្រំដែន​ ធ្វើ​ឲ្យ​បាត់​បង់​ដី​ស្រែ​គាត់»

លោក​ មួង​ សូ​នី​ បន្ថែម​ថា​ ដំណើរការ​នៃ​ការ​បោះ​បង្គោល​ព្រំដែន​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ជាប់​វៀតណាម​ រដ្ឋាភិបាល​ហាក់​អនុវត្ត​នយោបាយ​ បិទមាត់​ពលរដ្ឋ​ និង​លាក់បាំង​មិន​ឲ្យ​សាធារណៈ​ជន​ដឹង​ឮ។ លោក​អះអាង​ថា​ ការ​ស្រាវជ្រាវ​របស់​ក្រុម​ការងារ​ ១០០រាត្រី​ រក​ឃើញ​ថា​ ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ព្រំដែន​ ត្អូញត្អែរ​ពី​ការ​បាត់​បង់​ទឹកដី​ស្រែ​របស់​ពួក​គេ​ទៅ​វៀតណាម​គ្រប់គ្រង។ លើស​ពី​នេះ​ បើ​ទោះ​បី​ជា​ ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​បាត់​បង់​ដី​ស្រែ​ចម្ការ​ជា​ច្រើន​ហិកតារ​ក្ដី​ ក៏​មិន​ត្រូវ​បាន​រដ្ឋាភិបាល​ដោះ​ស្រាយ​ដែរ រហូត​មក​ទល់​ពេល​នេះ។ លោក​អះអាង​ថា​ ដី​ខ្មែរ​ដែល​វៀតណាម​ បាន​បំពាន​យក​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ អាជ្ញាធរ​វៀតណាម​បាន​ក្ដាប់​យ៉ាង​ណែន​ និង​បញ្ជូន​ពលរដ្ឋ​គេ​ឲ្យ​រស់​នៅ​ ថែម​ទាំង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​ច្រើន៖ «ការ​បោះ​បង្គោល​ព្រំដែន​ គឺ​ប្រព្រឹត្តទៅ​ដោយ​សម្ងាត់​ជាមួយ​វៀតណាម​ រដ្ឋាភិបាល គឺ​គាត់​មិន​បាន​បង្ហាញ​ពី​ស្ថានភាព​ពិត​នៃ​ព្រំដែន​ ចំណោះ​ដឹង​ពី​បញ្ហា​ព្រំដែន​ និង​ការ​វិវឌ្ឍ​ស្ថាន​ការ​តាម​ព្រំដែន​ ជូន​ពលរដ្ឋ​យើង​ឲ្យ​បាន​ដឹង​ឮ​ និង​បាន​ចូលរួម​ ដែល​វា​ខុស​គ្នា​ទាំង​ស្រុង​ ពី​ប្រទេស​ថៃ​ វៀតណាម​ជា​ដើម​ ដែលគេ​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​គេ​ចូលរួម»

ឆ្លើយ​តប​រឿង​នេះ​ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេ​សកម្ម​ពិសេស​កិច្ចការ​ព្រំដែន​ លោក វ៉ា គឹមហុង​ ឲ្យ​ដឹង​ថា​ កម្ពុជា​កំពុង​ធ្វើ​ឯកសារ​ទទួល​យក​លទ្ធផល​ដែល​គណៈកម្មការ​ព្រំដែន​ប្រទេស​ទាំង​ពីរ​ បោះ​បង្គោល​រួច​ សម្រេច​បាន ៨៤ភាគ​រយ។ លើស​ពី​នេះ​ គណៈកម្មការ​ព្រំដែន​កម្ពុជា​សម្រេច​ ទទួលយក​លទ្ធផល​នេះ​ នឹង​ធ្វើ​ឯកសារ​ ជា​ពិធី​សារ​មួយ​ទៀត​ ដោយ​ផ្អែក​តាម​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​ ២០០៥។ លោក​បញ្ជាក់​ថា​ ឯកសារ​ទី២​ កម្ពុជា​នឹង​ធ្វើឲ្យ​ចប់​សព្វ​គ្រប់​ នៅ​អំឡុង​ខែ​មិថុនា ឆ្នាំ​ ២០១៩​ ដើម្បី​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​លទ្ធផល​ក្នុង​ការ​កំណត់​បន្ទាត់​ព្រំដែន​នេះ។ ចំពោះ​សំនួរ​ដែល​សួរ​ថា​ យុវជន​ និង​ពលរដ្ឋ​ ចង់​ឲ្យ​រដ្ឋាភិបាល​ផ្សាយ​ជា​សាធារណៈ​ ពី​ការ​កំណត់​បង្គោល​ព្រំ​ដែន​ លោក​ វ៉ា​ គឹមហុង​ ឆ្លើយ​ថា​ គណៈកម្មការ​ជំនាញ​នឹង​ផ្សព្វផ្សាយ​ នៅ​គ្រា​ដែល​បង្គោល​ព្រំ​ដែន​បោះ​រួចរាល់​ និង​ទទួលស្គាល់​ដោយ​អន្តរជាតិ៖ «បើ​ចុះ​ហត្ថលេខា​ហើយ​ និង​សុំ​សច្ចាប័ន​អី​ទៅ​ គេ​ផ្សព្វផ្សាយ​ហើយ​ មិន​ទាន់​រួច​ផង​គេ​ផ្សព្វផ្សាយ​ម៉េច​ កំពុង​ចរចា​គ្នា​ ឲ្យ​ផ្សព្វផ្សាយ​ដែរ? នាយករដ្ឋមន្ត្រី​ផ្សាយ​ ៤ម៉ោង​ ទៅ​ ៥ម៉ោង​ នៅ​តែ​មិន​ស្ងប់​ចិត្ត​ នៅ​តែ​គាត់​មិន​ដឹង​ថា យើង​លាក់លៀម​ វា​អត់​មាន​អី​លាក់លៀម​ទេ។ រដ្ឋាភិបាល​មាន​តួនាទី​ជម្រាប​ទៅ​សាធារណៈ​ជន​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក។ អត់​មាន​អី​លាក់លៀម​ទេ​បាទ»

ចំណែក​ពលរដ្ឋ​ដែល​ធ្លាប់​ចុះ​ទៅ​ពិនិត្យ​មើល​បញ្ហា​ព្រំដែន​ នៅ​ខេត្ត​ស្វាយរៀង​ ហើយ​ត្រូវ​វៀតណាម​ វាយ​ឲ្យ​របួស​ ថ្លែង​មិន​ហាន​បញ្ចេញ​ឈ្មោះ​ប្រាប់​អាស៊ី​សេរី​ថា​ រដ្ឋាភិបាល​ គ្មាន​ឆន្ទៈ​ និង​គោល​នយោបាយ​ច្បាស់លាស់​ បង្ហាញ​ពលរដ្ឋ​ឲ្យ​ស្វែង​យល់​ពី​បញ្ហា​ព្រំដែន​នោះ​ទេ​ ថែម​ទាំង​គំរាម​កំហែង​ យុវជន​ និង​ពលរដ្ឋ​ណា​ ដែល​ឈឺ​ឆ្អាល​រឿង​ព្រំដែន​ ត្រូវ​បាន​អាជ្ញាធរ​ចោទ​ថា​ ជា​ក្រុម​បក្ស​ប្រឆាំង។ លោក​ថា​ កន្លង​ទៅ​អាជ្ញាធរ​ខ្មែរ​បាន​រារាំង​ ក្រុម​យុវជន​ និង​ពលរដ្ឋ​មិន​ឲ្យ​ទៅ​ពិនិត្យ​បង្គោល​ព្រំ​ដែន​កម្ពុជា​វៀតណាម​ នៅ​ខេត្ត​ស្វាយរៀង​ នៅ​គ្រា​ដែល​ពលរដ្ឋ​នៅ​តំបន់​នោះ អះអាង​ថា​ អាជ្ញាធរ​ប្រទេស​ទាំងពីរ​បាន​ឯកភាព​គ្នា​ បោះ​បង្គោល​ព្រំដែន​ចូល​ដីខ្មែរ​ច្រើន​គីឡូម៉ែត្រ៖ «យើង​ប្រជា​ប្រជាជន​កម្ពុជា​យើង​ត្រូវ​យល់​ដឹង​ថា​ ព្រំដែន​យើង​នៅ​ត្រង់​ណា? ហើយ​ផែនទី​យើង​ ដែល​ស្រប​ច្បាប់​ ដែល​បន្សល់​នៅ​អង្គការ​សហប្រជាជាតិ​នៅ UN យើង​មាន​ខ្នាត​អី? ហើយ​ទំហំ​ប៉ុន្មាន? អ៊ីចឹង​យើង​បោះ​តាម​ហ្នឹង​មក។ យើង​អត់​អាច​ត្រូវ​កែប្រែ​ពី​ព្រំដែន​គេ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ កែ​មក​ដាក់​ព្រំ​ដែន​មួយ​ បាត់បង់​ទឹកដី​ អា​ហ្នឹង​វា​អត់​ត្រូវ​ទេ»

សមាជិក​ក្រុម​ការងារ ១០០រាត្រី​ លោក​ មួង​ សូនី​ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ ក្នុង​ការ​សម្រេច​ចិត្ត​កំណត់​បង្គោល​ព្រំ​ដែន​ជាមួយ​វៀតណាម​ ព្រោះ​រឿង​នេះ​ មិន​មែន​ជា​រឿង​លេង​សើច​ទេ​ ជា​បញ្ហា​អធិបតេយ្យ​ជាតិ​ ដែល​បុព្វបុរស​ខ្មែរ​ លះបង់​ជីវិត​ការពារ​ទឹក​ដី​ឲ្យ​កូន​ខ្មែរ​ថែរក្សា​ មិន​គូរ​បណ្ដោយ​ឲ្យ​បរទេស​រំលោភ​យក​ដោយ​ងាយៗ​ នៅ​សម័យ​នេះ​នោះ​ទេ។ លោក​រក​ឃើញ​ថា ដី​ខ្មែរ​តាម​បណ្ដោយ​ព្រំដែន​មួយ​ចំនួន​ នៅ​ខេត្ត​តាកែវ​ និង​ខេត្ត​ព្រៃវែង​ជាដើម​ មាន​ប្រជាជន​វៀតណាម​រស់នៅ​ច្រើន​ស្អេកស្កះ​ ដែល​ជាហេតុ​ធ្វើឲ្យ​ពួកគេ​ បារម្ភ​ខ្លាចក្រែង​ តំបន់​នោះ​បាត់បង់​ទៅ​វៀតណាម​ទៀត​នៅ​ថ្ងៃ​អនាគត។

ទោះ​យ៉ាងណា​ របាយការណ៍​របស់​ក្រុមការងារ​ ១០០រាត្រី​ រក​ឃើញ​ថា​ ខេត្ត​ជាប់​ប្រទេស​វៀតណាម​រួមមាន​ ខេត្ត​ស្វាយរៀង​ ព្រៃវែង​ ខេត្ត​កណ្ដាល​ តាកែវ​ ត្បូងឃ្មុំ​ ខេត្ត​ក្រចេះ​ និង​តំបន់​អូរ​ហុច​ ក្នុង​ស្រុក​អូរ​រាំង​ខេត្ត​មណ្ឌលគិរី​ មាន​ប្រជាជន​រាប់​សិប​គ្រួសារ​ត្អូញត្អែរ​ពី​ការ​បាត់​បង់​ដីខ្មែរ​ទៅ​វៀតណាម​ មាន​តំបន់​ខ្លះ​បាត់បង់​រាប់​សិប​គីឡូម៉ែត្រ​ក្រឡា​ និង​តំបន់​ខ្លះ​បាត់​ដីស្រែ​ពលរដ្ឋ​ខ្មែរ​ដែល​អាស្រ័យ​ផល​តាំង​ពី​បុរាណ​មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles