តំណាង​ UN​ អ្នកស្រី ​រ៉ូណា ស្មីត ​នឹង​ទៅ​​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​នៅ​សប្តាហ៍​ក្រោយ

តំណាង​ UN​ អ្នកស្រី ​រ៉ូណា ស្មីត ​នឹង​ទៅ​​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​នៅ​សប្តាហ៍​ក្រោយ


By

ឌឹ ខេមបូឌា ដេលី

អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​អ្នកស្រី​ Rhona Smith​ នឹង​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​នៅ​សប្តាហ៍​ក្រោយ។ ​ដំណើរ​ទស្សន​កិច្ច​នេះ​មាន​រយៈ​ពេល​១១​ថ្ងៃ​ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃទី​២៩​ ខែ​មេសា ​ដល់​ថ្ងៃទី​៩ ​ខែ​ឧសភា។​

សេចក្តី​ជូន​ដំណឹង​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ កាល​ពីថ្ងៃ​ម្សិលមិញ​ឱ្យ​ដឹង​ថា ​ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ ​អ្នកស្រី​ រ៉ូណា ស្មីត​ នឹង​ផ្តោត​បេសក​កម្ម​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នា​ពេល​បច្ចុប្បន្ន​ និង​តាម​ដាន​អំពី​ការ​វិវត្ត​ នានា​ចាប់​តាំង​ពី​បេសក​កម្ម​របស់​អ្នកស្រី​កាលពី​ខែ​វិច្ឆិកា​កន្លង​មក។​

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ​អ្នកស្រី ​រ៉ូណា ស្មីត ​មាន​បំណង​បន្ត​ការ​ពិនិត្យ​ទៅ​លើ​វិស័យ​សិទ្ធិ​មនុស្ស​ ទាក់​ទង​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព ​ដោយ​ពិនិត្យ​ជាពិសេស​ទៅលើ​ការ​មិន​រើសអើង​ និង​សមភាព ​ព្រម​ទាំង​ការ​ចូលរួម​​ប្រកប​ដោយ​គណនេយ្យ​ភាព​ផង​ដែរ។​

ក្នុង​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​១១​ថ្ងៃ​នេះ ​​អ្នកស្រី​ រ៉ូណា ស្មីត ​គ្រោង​នឹង​ជួបជា​មួយ​មន្ត្រី​ជាន់ខ្ពស់​រាជ​រដ្ឋាភិបាល​ តំណាង​អង្គការ​សង្គម​ស៊ីវិល ​​និង​សមាជិក​សហគមន៍​ការ​ទូត​នានា​ ព្រម​ទាំង​ការ​ចុះ​ប្រមូល​ព័ត៌មាន​ដោយ​ផ្ទាល់​នៅ​តាម​តំបន់​ផ្សេងៗ​ ប៉ុន្តែ​ក្នុង​លិខិត​នេះ​មិន​បាន​លើក​ឡើង​ពី​គម្រោង​ជួប​ជាមួយ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក ​​កឹម សុខា​​ ដែល​កំពុង​ជាប់​ឃុំ​​ក្នុង​ផ្ទះ​នោះ​ទេ។​

ដំណើរ​ទស្សន​កិច្ច​នេះ​ធ្វើឡើង​នៅ​ចំពេល​ដែល​ស្ថាន​ភាព​នយោបាយ​នៅ​កម្ពុជា​កាន់​តែ​អាក្រក់​ទៅៗ​ ក្រោយ​ពេល​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ឥត​ឈប់​ឈរ​ ជា​ពិសេស​ករណី​ចាប់​ខ្លួន​មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​ថ្នាក់​មូល​ដ្ឋាន​ជា​បន្ត​បន្ទាប់​ ក្រោយ​ពេល​ពួក​គេ​ធ្វើការ​រិះគន់​រដ្ឋាភិបាល។​

ក្រោយ​ពេល​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​ជាង​១១​ថ្ងៃ​អ្នក​រាយ​ការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​រូប​នេះ​នឹង​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​ស្តីពី​លទ្ធផល​ស្រាវជ្រាវ​បឋម​នៅ​ថ្ងៃ​ទី​៩​ខែ​ឧសភា៕​


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles