មន្ត្រី​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ គ្រោង​ទៅ​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុង​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​តែ​អាក្រក់

ដោយ មួង ណារ៉េត
2019-04-25
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Cheu Sideth
អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Cheu Sideth


អ្នកស្រី រ៉ូណា ស្ម៊ីត ត្រូវបានបដិសេធជាលើកទីបីក្នុងការចូលជួបលោក កឹម សុខា


មន្ត្រី​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ គ្រោង​ទៅ​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​តែ​អាក្រក់។ បេសកកម្ម​ត្រួត​ពិនិត្យ​ស្ថានភាព​សិទ្ធិមនុស្ស របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) មាន​រយៈពេល ១១​ ថ្ងៃ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៩ ខែ​មេសា ដល់​ថ្ងៃ​ទី៩ ខែ​ឧសភា។

អ្នកស្រី​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាល​ពី​ថ្ងៃ​ទី២៤ ខែ​មេសា​ថា បេសកកម្ម​លើក​នេះ គឺ​ផ្ដោត​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​បច្ចុប្បន្ន ដោយ​ពិនិត្យ​មើល ជា​ពិសេស លើ​ភាព​មិន​រើសអើង សមភាព ការ​ចូលរួម​ពី​គ្រប់​ភាគី និង ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល

អ្នកស្រី រ៉ូណា ស្មីត គ្រោង​នឹង​ជួប​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​របប​លោក ហ៊ុន សែន តំណាង​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​ទូត​បរទេស​ប្រចាំ​នៅ​កម្ពុជា​ផង។ អ្នកស្រី​ក៏​នឹង​ចុះ​ទៅ​ប្រមូល​ព័ត៌មាន​ដោយ​ផ្ទាល់​ដល់​មូលដ្ឋាន សហគមន៍​ដែល​រងគ្រោះ ដោយ​សារ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ផង​ដែរ។ ប៉ុន្តែ អ្នក​ស្រី​មិន​បាន​បញ្ជាក់​ថា អ្នកស្រី​នឹង​ទៅ​ជួប​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ​ដែរ​ឬ​យ៉ាង​ណា​នោះ​ទេ។

អាស៊ី​សេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺពី​អ្នកស្រី រ៉ូណា​ ស្មីត ជុំវិញ​រឿង​នេះ បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ ក្នុង​ដំណើរ​ទស្សនកិច្ច លើក​មុនៗ អ្នកស្រី​មិន​អាច​ជួប​លោក កឹម សុខា បាន​ទេ ដោយសារ​តែ​អាជ្ញាធរ​កម្ពុជា​មិន​អនុញ្ញាត។

អ្នកស្រី រ៉ូណា ស្ម៊ីត ធ្លាប់​ថ្លែងប្រាប់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស នៃ​អង្គការ​សហប្រជាជាតិ ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី៣៩ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាល​ពី​ខែ​កញ្ញា ឆ្នាំ២០១៨ ថា របប​លោក ហ៊ុន សែន គ្មាន​ប្រជាធិបតេយ្យ និង​ក្លាយ​ជា​របប​ឯក​បក្ស​ទៅ​ហើយ​ ព្រោះ​អ្វីៗ ស្ថិត​ក្រោម​ការ​ត្រួតត្រា ​របស់​គណបក្ស​កាន់​អំណាច​តែ​ម្នាក់​ឯង។ អ្នកស្រី​រិះគន់​ថា ការ​បោះ​ឆ្នោត​ឆ្នាំ២០១៨ កន្លង​ទៅ​នេះ ជា​ការ​បោះ​ឆ្នោត​មួយ ​ងាក​ចាក​ឆ្ងាយ​ចេញ​ពី​គន្លង​នៃ​ប្រជាធិបតេយ្យ។

អ្នកស្រី​ស្នើ​ឲ្យ​របប​នេះ ​ស្ដារ​ស្ថានភាព​អាក្រក់​បច្ចុប្បន្ន ឲ្យ​វិល​ត្រឡប់​ទៅ​រក​សភាព​ដើម​វិញ ដោយ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ។

ទោះ​ជា​យ៉ាង​នេះ​ក្តី របប​លោក ហ៊ុន សែន នៅ​តែ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​លើ​សំឡេង​ប្រឆាំង ដោយ​បន្ត​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ ដោយសារ​តែ​ការ​បញ្ចេញ​មតិ​តា​ម​បណ្ដាញ​សង្គម និង ចេញ​ដីកា​ចាប់​ខ្លួន​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្ត​បន្ទាប់។ មិន​តែ​ប៉ុណ្ណោះ លោក ហ៊ុន សែន បន្ត​គំរាម​កម្ទេច​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​នៅ​សេសសល់​​របស់​ របស់​បក្ស​ប្រឆាំង ស្រប​ពេល​ដែល​របប​នេះ នៅ​តែ​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​ខាង​សហជីព​ជា​ដើម​។

អ្នកស្រី រ៉ូណា ស្មីត នឹង​ត្រូវ​រាយការណ៍ ​ជូន​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ អំពី​ស្ថានភាព​សិទ្ធិមនុស្ស​បច្ចុប្បន្ន​នេះ នៅ​ខែ​កញ្ញា ឆ្នាំ២០១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "មន្ត្រី​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ គ្រោង​ទៅ​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុង​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​តែ​អាក្រក់"

  1. so socheath says:

    ខ្ញុំពិតជាខ្មាសអៀនណាស់ ដែលធ្លាប់បម្រើការឲ្យវិទ្យុអាស៊ីសេរី!
    (ភ្នំពេញ)៖ ទោះបីជាខ្ញុំឈប់ពីវិទ្យុអាស៊ីសេរីយូរដែរហើយក៏ដោយ ក៏ខ្ញុំនៅតែនឹកឃើញអៀនខ្មាសខ្លួនឯងជាខ្លាំងជាពិសេសនៅ ពេលដែលបានឃើញអត្ថបទជាសំណេរនិងជាសំឡេងដែលវិទ្យុនេះបានផ្សាយនៅរយៈពេលចុងក្រោយនេះ។ ថាកាលពីពេលដែលខ្ញុំ នៅបម្រើការជាមួយអាស៊ីសេរីទៅចុះវាអាក្រក់ទៅហើយ ប៉ុន្តែចាប់តាំងពីវិទ្យុនេះបិទការិយាល័យដោយខ្លួនឯងពីកម្ពុជាហើយនៅបន្តផ្សាយតាមអនឡាញពី វ៉ាស៊ីនតោន វាហាក់ដូចជាមិនគួរឲ្យជឿថា វិទ្យុនេះក្លាយខ្លួនជាឧបករណ៍បម្រើនយោបាយដាច់ថ្លៃរបស់ក្រុមប្រឆាំងដល់ថ្នាក់ ហ្នឹងសោះ?
    អ្វីដែលខ្ញុំមិនអស់ចិត្តនោះគឺ ហេតុអ្វីបានជាវិទ្យុបរទេសមួយទាំង មូល បែរជាបណ្តោយឲ្យខ្មែរមួយក្រុមប្រើប្រាស់ខុសវិជ្ជាជីវៈទាំងស្រុងយ៉ាងដូច្នេះ?
    ហេតុផលដែលខ្ញុំសម្រេចចិត្តសរសេរអត្ថបទនេះហើយសុំឲ្យបណ្តាញផ្សាយព័ត៌មានក្នុងស្រុកជួយចុះផ្សាយគឺបន្ទាប់ពីបាន ឃើញអត្ថបទមួយចុះផ្សាយក្នុង ហ្វេសប៊ុករបស់អាស៊ីសេរីថ្ងៃនេះក្រោមចំណងជើងថា «ហង្សសេដ្ឋកិច្ច«របស់លោក ហ៊ុន សែន ដាច់ភ្លើង? ពេលឃើញអត្ថបទនេះនិងពេលអានចប់ ខ្ញុំមានអារម្មណ៍ថា ហាក់មិនជឿខ្លួនឯងថា នេះជាសំណេររបស់អ្នកកាសែត? បើជាសំណេររបស់អ្នកនយោបាយប្រឆាំងប្រហែលខ្ញុំមិនចាត់ទុកជារឿងចម្លែកទេ ប៉ុន្តែនេះជាអត្ថបទរបស់អ្នកកាសែតនិងចុះផ្សាយលើហ្វេសប៊ុកផ្លូវការរបស់វិទ្យុបរទេសមួយ? ឯណាទៅក្រមសីលធម៌វិជ្ជាជីវៈ? ឯណាទៅសេចក្តីថ្លៃថ្នូរក្នុងអាជីព? ឯណាទៅពាក្យថា ព័ត៌មានពិត, ឯណាទៅពាក្យថា អព្យាក្រឹត្យ ឥតលម្អៀង ដែលអ្នកកាសែតត្រូវប្រកាន់យក? កោតតែក្រុមអ្នកកាសែតដែល បម្រើការឲ្យវិទ្យុមួយនេះមិនដែលខ្មាស់អៀនក្នុងការធ្វើសកម្មភាពក្នុងនាមជាសកម្មជននយោបាយបែបនេះ។ ទាំងអាកប្បកិរិយា ទាំងសម្តីសំដៅ ទាំងសំណេរ គឺពោរពេញដោយទោសៈ ញុះញង់ អុជអាល បញ្ឆេះកំហឹងបង្កើតសំអប់ និងការលាបពណ៌។ ល។
    អ្វីជាការកត់សម្គាល់ទី១គឺ អ្នកសរសេរអត្ថបទនេះប្រើអារម្មណ៍ខ្លួនឯងមិនដឹងថាជាអត្ថបទ ព័ត៌មានឬការបញ្ចេញមតិ? តាមដែលខ្ញុំធ្លាប់បានរៀនសូត្រចេះដឹងពីអាជីពអ្នកសារព័ត៌មាន គេហាមមិនឲ្យធ្វើព័ត៌មានដោយប្រើអារម្មណ៍ផ្ទាល់ខ្លួនលាយឡំជាមួយអត្ថបទព័ត៌មានទេ។ ប៉ុន្តែ រាល់អត្ថបទរបស់វិទ្យុអាស៊ីសេរីគឺបង្ហាញពីនិន្នាការរបស់អ្នកកាសែតយ៉ាងពេញបន្ទុក។ ជាក់ស្តែង រាល់ពេលសម្ភាសន៍ ឬឆ្លើយឆ្លងព័ត៌មាន លោក ជុន ច័ន្ទបុត្រ ដែលគេស្គាល់ថាជាមេក្លោងធ្វើឲ្យវិទ្យុនេះបាត់បង់វិជ្ជាជីវៈទាំងស្រុងនោះ តែងតែ ប្រើអារម្មណ៍ចំអកឡកឡឺយ ស៊កសៀត ចាក់ដោត ដែល មិនមែនជាចរិតរបស់អ្នកកាសែតឡើយ។
    ងាកមកមើលអត្ថបទដែលខ្ញុំលើកខាងដើមវិញ, ក្រៅពីការបញ្ចេញអារម្មណ៍ផ្ទាល់ខ្លួននិងការលើក ហេតុផលដាច់ភ្លើងភ្ជាប់ជាមួយរដ្ឋាភិបាលអាមេរិកឯណាឯណី ដោយមិនសមរម្យហើយនោះ អ្នកសរសេរអត្ថបទនេះហាក់មិនបានគិតវែងឆ្ងាយក្នុងការលើក យកបញ្ហាដាច់ភ្លើង និងគ្រោះថ្នាក់ចរាចរណ៍មកធ្វើជាកម្មវត្ថុនៃការរិះគន់វាយប្រហារទៅលើរដ្ឋាភិបាលលោក ហ៊ុន សែន ឡើយ។
    សម្រាប់ខ្ញុំ ពេលអានអត្ថបទនេះចប់ ខ្ញុំមានអារម្មណ៍ថា អាស៊ីសេរី ហាក់ដូចជាអស់តម្រិះក្នុងការ លើកបញ្ហាមករិះគន់រដ្ឋាភិបាល ហើយក៏លើកបញ្ហាដែលមិនជាធ្ងន់ធ្ងរអីផងមកកាឡៃឲ្យទៅជារឿងមើលទៅគួរឲ្យអស្ចារ្យ! ដល់ពេលខំពន្លើសពេកទៅបែរទៅជាភ្លេចគិតថា អត្ថបទនេះគឺហាក់ដូចជាផ្តល់តម្លៃគាំទ្រដល់រដ្ឋាភិបាលទៅវិញ។
    ជាក់ស្តែង ការដាក់ចំណងជើងថា «ហង្សសេដ្ឋកិច្ច«របស់លោក ហ៊ុន សែន ដាច់ភ្លើង? គឺជាការទទួលស្គាល់របស់វិទ្យុអាស៊ីសេរីថា កម្ពុជាបច្ចុប្បន្នគឺជា«ហង្សសេដ្ឋកិច្ច»មួយនៅអាស៊ីអាគ្នេយ៍ ទៅវិញទេ។ ម្យ៉ាងទៀត ខ្វះភ្លើងបញ្ជាក់ថា កម្ពុជាកំពុងតែស្គាល់ការអភិវឌ្ឍន៍ខ្លាំង។ ជាក់ស្តែង
    គ្រាន់តែវិស័យសំណង់កើនឡើងដល់ទៅ ៧០០% ដូចដែលអត្ថបទខាងលើបានទទួលស្គាល់ស្រាប់។ ការដ្ឋានសំណង់ធំៗ ដែលសាងសង់អគារខ្ពស់កប់ ពពក, សំណង់អគារលំនៅដ្ឋាន និងសំណង់ផ្សេងៗទៀតដែល កំពុងរីកដុះដាលព្រោងព្រាតដូចផ្សិតត្រូវទឹកភ្លៀងបញ្ជាក់ថា នោះហើយជាសកម្មភាពរបស់«ហង្សសេដ្ឋកិច្ច»។
    ដូច្នេះ បញ្ហាដាច់ភ្លើងដោយអន្លើៗ ដោយសារកង្វះថាមពលអគ្គិសនីជាពិសេសក្នុងរដូវក្តៅមិនមែនជារឿងចម្លែកគួរឲ្យចំអក ឡកឡឺយទេ។ រដ្ឋាភិបាល និងអាជ្ញាធរអគ្គិសនីក៏បានពន្យល់អស់ហើយដែរ។ ម្តេចក៏អាស៊ីសេរី មិនយកត្រចៀកស្តាប់សោះបែបនេះ?
    ខ្ញុំពិតជាទទួលស្គាល់ការរិះគន់ ឬការរអ៊ូរទាំរបស់ប្រជាពលរដ្ឋមួយចំនួនចំពោះបញ្ហាដាច់ភ្លើងនេះ ពីព្រោះបច្ចុប្បន្ននេះ មនុស្សសម័យនេះត្រូវការផាសុកភាពខ្ពស់ជាងមុន។
    ហេតុដូច្នេះហើយបានជាពេលដាច់ភ្លើងម្តងៗ ទាំងគេ ទាំងខ្ញុំមានអារម្មណ៍ថា ពិបាក។ ប៉ុន្តែ យើងពិតជាយល់បាននូវហេតុផល ដែលបណ្តាលឲ្យកម្ពុជាជួបបញ្ហានេះ ហើយវាជាបញ្ហាបណ្តោះអាសន្នរយៈពេលខ្លីតែប៉ុណ្ណោះ។ ដូច្នេះ វាមិនមែនជាកម្មវត្ថុនៃការជាន់ពន្លិចរដ្ឋាភិបាលដោយសារ រឿងដាច់ភ្លើងក្នុងរដូវក្តៅនោះឡើយ។ ចំណែកឯរឿងគ្រោះថ្នាក់ចរាចរណ៍វិញ ក៏មិនមែនជារឿងធំដុំដែរពីព្រោះប្រទេសណាក៏កើតមានគ្រោះថ្នាក់ ចរាចរណ៍ដែរនៅពេលដែលស្រុកទេសមានការអភិវឌ្ឍន៍។ សូម្បីប្រទេសថៃក៏មានអ្នកស្លាប់ច្រើនជាងកម្ពុជាឆ្ងាយណាស់ដោយសារតែគ្រោះថ្នាក់ ចរាចរណ៍។ បញ្ហានេះក៏មិនមែនជាកំហុសរបស់អាជ្ញាធរ រដ្ឋាភិបាលទាំងស្រុងនោះដែរ តែវាជាអាកប្បកិរិយារបស់អ្នកបើកបរច្រើនជាង។ ដូច្នេះ ក្នុងតួនាទីជាអ្នកសារ ព័ត៌មាន អាស៊ីសេរីគួរជួយអប់រំ បញ្ហាចរាចរណ៍ដល់ពលរដ្ឋទើបជាដំណោះស្រាយ និងការចូលរួមយ៉ាងល្អពីសំណាក់ បណ្តាញផ្សាយព័ត៌មាន។
    ប៉ុន្តែ អាស៊ីសេរីក្រោមការដឹកនាំរបស់លោក ជុន ច័ន្ទបុត្រ ពិតជា មិនចោលចរិតនោះឡើយ។
    ខ្ញុំនៅចាំបានថា កាលពីខ្ញុំនៅ បម្រើការនៅវិទ្យុអាស៊ីសេរី លោក ជុន ច័ន្ទបុត្រ នេះហើយ ដែលបានណែនាំមិនឲ្យអ្នកកាសែតនិយាយរកនិងស្និទ្ធស្នាលជាមួយមន្ត្រីរដ្ឋាភិបាល។ លោក សុខ សេរី ត្រូវបានគេស្តីបន្ទោស និងបណ្តេញចេញពីការងារដោយគ្រាន់តែលោកចាប់ដៃជាមួយមន្ត្រីរដ្ឋាភិបាលម្នាក់។ ប៉ុន្តែ លោក ជុន ច័ន្ទបុត្រ ខ្លួនឯងបែរជាលួចទៅជួបមន្ត្រីជាន់ខ្ពស់យោធាដោយស្ងាត់ៗទៅវិញ។
    ខ្ញុំនៅចាំបានទៀតថា អ្នកកាសែតអាស៊ីសេរីណាដែលសរសេរអត្ថបទហ៊ានដកស្រង់សម្តីល្អៗរបស់មន្ត្រីរដ្ឋាភិបាលមកដាក់ក្នុងអត្ថបទរបស់ខ្លួន ឬអ្នកកាសែតណាដែលធ្វើអត្ថបទឲ្យមានតុល្យភាពតាមវិជ្ជាជីវៈ ដែលមិនស្របតាមគោលការណ៍របស់ ជុន ច័ន្ទបុត្រ នឹងទទួលការស្តីបន្ទោស ឬការព្រមានពីលោក ជុន ច័ន្ទបុត្រភ្លាម។
    ដោយសារហេតុផលនេះហើយបានជាមានអ្នកកាសែតអាស៊ីសេរីជាច្រើនបានលាឈប់ពីការងារ ឬត្រូវបានគេបណ្តេញចេញទាំងបំពានដោយគ្មានសំណងអ្វីទាំងអស់។
    បច្ចុប្បន្ននេះ អាស៊ីសេរីកាន់តែ យ៉ាប់ជាងមុនរាប់រយដង។ វិទ្យុនេះលែងខ្វល់ហើយពីវិជ្ជាជីវៈ លែងខ្វល់ហើយពីភាពថ្លៃថ្នូរ និងពីភាពសមរម្យក្នុងអាជីពអ្នកសារព័ត៌មានអ្វីទាំងអស់។ អ្នកដែលបន្តធ្វើការជាមួយអាស៊ីសេរីគឺសុទ្ធតែជាអ្នកមាននិន្នាការនយោបាយផ្កាប់មុខ ហើយភាគច្រើនមិនមែនជាអ្នកកាសែតអាជីពទេ។ ពួកគេគ្រាន់តែហារមាត់ចេញមកគឺបង្ហាញពីអារម្មណ៍ និងនិន្នាការនយោបាយយ៉ាងច្បាស់ក្រឡែត។ ការយកវិទ្យុបរទេស មួយទៅធ្វើជាឧបករណ៍ នយោបាយផ្កាប់មុខបែបនេះជារឿងគួរឲ្យខ្មាស់អៀនណាស់។
    រហូតមកដល់ថ្ងៃនេះ ខ្ញុំនៅតែ មានអារម្មណ៍ខ្មាស់អៀនខ្លួនឯង ដែលធ្លាប់បម្រើការងារឲ្យវិទ្យុនេះអស់ជាច្រើនឆ្នាំ។
    ទោះយ៉ាងណា ខ្ញុំក៍បានឈប់ពីវិទ្យុនេះយូរហើយដោយសារ តែខ្ញុំបានមើលឃើញថា អាស៊ីសេរីមិនមែនជាស្ថាប័នសារព័ត៌មានទេ ប៉ុន្តែជាឧបករណ៍បម្រើនយោបាយដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែមួយមុខគត់។ ក្នុងនាមអ្នកសារព័ត៌មានម្នាក់ ខ្ញុំសូមឲ្យអ្នកបម្រើការងារនៅវិទ្យុអាស៊ីសេរីគិតគូរពីវិជ្ជាជីវៈ និងភាពថ្លៃថ្នូរក្នុងអាជីពផង ដោយ មិនត្រូវបន្តធ្វើជាឧបករណ៍ នយោបាយដាច់ថ្លៃបែបនេះទេ។ សព្វថ្ងៃនេះ វិទ្យុអាស៊ីសេរីអាចបំពេរបានតែអ្នកគាំទ្រក្រុមប្រឆាំងផ្កាប់មុខតែប៉ុណ្ណោះ។ ចំណែកអ្នកមាននិន្នាការកណ្តាលនិយមនិងអ្នកគាំទ្របក្សផ្សេង គេមិនអាចស្តាប់ចូលនោះឡើយ។
    ដូច្នេះ ខ្ញុំសុំឲ្យអ្នកកាសែតដែល នៅបន្តបម្រើការងារឲ្យវិទ្យុនេះចេះខ្មាស់អៀន ហើយកុំដើម្បីតែស្វែងរកសិទ្ធិជ្រកកោននៅអាមេរិកនិងដើម្បីតែ
    ផលប្រយោជន៍នយោបាយ បែរជាយកស្ថាប័នសារព័ត៌មានមួយទៅធ្វើបាយឡុកបាយឡរដូច្នេះ។ ការធ្វើរបៀបនេះ គឺវាគ្មានតម្លៃអ្វីឡើយក្រៅពីការបំផ្លាញជាតិឯងនិងខ្លួនឯងនៅទីបំផុត៕