លោក ស ខេង ថាអ្នកស្នេហាជាតិពិតប្រាកដ ជាអ្នកព្រមនៅស្លាប់រស់ជាមួយពលរដ្ឋពេលមានទុក្ខ


|
https://www.vodhotnews.com

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៧៩គ្រួសារ ស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ វេបសាយ sarkheng.com

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ​អ្នកនៅក្រៅប្រទេសខ្លះ ​ដែលទំនងសំដៅទៅក្រុមបក្សប្រឆាំង ថាបានតែស្រែករិះគន់ ដោយមិនព្រមធ្វើអ្វីជួយដល់ពលរដ្ឋនៅពេលពួកគេមានទុក្ខឡើយ ហើយតែងអួតថាខ្លួន ឯងជាអ្នកស្នេហាជាតិ។

ថ្លែងក្នុងពិធី​សំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅខេត្តបាត់ដំបង នាព្រឹកនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង លើកឡើងថា​ អ្នកស្នេហាជាតិពិតប្រាកដ គឺជាអ្នកព្រមនៅស្លាប់រស់ជាមួយពលរដ្ឋ ដោយមិនព្រមរត់ចោល​ពលរដ្ឋពេលមានទុក្ខឡើយ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍បន្តថា ក្រុមលោកនៅក្នុងប្រទេសធ្វើការងារជូនពលរដ្ឋរាល់ថ្ងៃ ប៉ុន្តែ ត្រូវបានអ្នករិះគន់នៅក្រៅប្រទេសចោទថា ជាមនុស្សមិនស្រលាញ់ជាតិ ខណៈពួកគេ​មិនបានធ្វើអ្វីសោះសម្រាប់ពលរដ្ឋ តែលើកខ្លួនឯងថា ជាមនុស្សស្នេហាជាតិ។

លោកថា៖ «អ្នកស្នេហាជាតិ គឺចង់និយាយថា ពេលជាតិមានទុក្ខ ប្រជាជនមានទុក្ខ យើងត្រូវនៅជាមួយប្រជាជន ហើយត្រូវការពារប្រជាជន ការពារទឹកដីរបស់ខ្លួនឱ្យបាន ការពារឯករាជ្យភាពរបស់ខ្លួនឱ្យបាន។ ធ្វើម៉េចឱ្យប្រទេសជាតិមានសុខសន្តិភាព មានស្ថិ​រភាព មានការអភិវឌ្ឍ។ អាហ្នុងហើយដែលហៅថា ស្នេហាជាតិ។ មិនមែនស្នេហាជាតិ ​គ្រាន់តែស្រែកតែមាត់ ឬសរសេរនៅលើក្រដាសទេ គឺការក្រាញននៀល សុខចិត្តស្លាប់រស់ជាមួយប្រជាពលរដ្ឋឯណេះទេ។ អ្នកនោះឯង ទើបហៅថា អ្នកស្នេហាជាតិពិតប្រាកដ»។

អតីតមន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក លោក មាជ សុវណ្ណារ៉ា លើកឡើងថា នរណាក៏ចង់រស់នៅស្រុកកំណើតដែរ ប៉ុន្តែ ដោយសារនៅកម្ពុជា បច្ចុប្បន្ន ស្ថានភាពនយោបាយអាក្រក់ ការចាប់ចង ការគំរាមកំហែង ភាពអយុត្តិធម៌ ជាដើម ទើបបង្ខំឱ្យពួកគាត់ត្រូវរស់នៅក្រៅប្រទេស។

លោក មានប្រសាសន៍​ថា ជំនួយជាច្រើនដែលពលរដ្ឋខ្មែរនៅក្រៅប្រទេស អង្គការជាតិ អន្តរជាតិបានផ្តល់ឱ្យរដ្ឋាភិបាល និងពលរដ្ឋក្នុងស្រុកផងដែរ។ លោកបន្តថា អ្នកនៅក្នុងប្រទេសខ្លះក៏ជាអ្នកធ្វើឱ្យពលរដ្ឋឈឺចាប់ ធ្វើឱ្យជាតិមានវិបត្តិ តាមរយៈការបំផ្លិចបំផ្លាញធនធានធម្មជាតិ ភាពអយុតិ្តធម៌ និងអំពើពុករលួយ ជាដើម។

លោកបន្តថា៖ «មិនអាចចោទពួកគាត់ថា អ្នកស្នេហាជាតិទាល់តែនៅក្នុងប្រទេស អ្នកនៅក្រៅប្រទេសសុទ្ធតែជាអ្នកក្បត់ជាតិ ហើយមិនបានជួយជាតិ និងស្នេហាជាតិ អាហ្នឹងវាមិនមែនទេ សំខាន់លើរដ្ឋាភិបាលធានា ​​ការពារយុត្តិធម៌ និងសេរីភាពសម្រាប់ប្រជាពលរដ្ឋ ទៅ អាហ្នឹងគេទៅ (នៅ) ហើយ»។

លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការជួយពលរដ្ឋ ឬជួយប្រទេសជាតិមួយ ពេលខ្លះគឺ ​គេប្រើសកម្មភាពផ្សេងៗពីក្រៅប្រទេស​ ហើយវាក៏មានលទ្ធផលអាចដោះស្រាយវិបត្តិទាំងនោះផងដែរ។

សម្រាប់លោកបណ្ឌិត ឡៅ ម៉ុងហៃ ឱ្យនិយមន័យពាក្យស្នេហាជាតិពិតប្រាកដថា ជាការជាប់ជំពាក់នឹងទឹកដី ព្រមទាំងប្រជាជនរបស់ខ្លួន ដោយរិះរកវិធីជួយប្រជាជាតិខ្លួនឱ្យខ្លាំក្លា ជាដើម។

លោក មានប្រសាសន៍ថា៖ «ហើយមានគំនិតចង់ជួយទឹកដីហ្នឹង ហើយប្រជាពលរដ្ឋហ្នឹង ឱ្យមានជីវភាពរស់នៅល្អប្រសើរ សុខភាពល្អ និងសុខដុមរមនាជាមួយគ្នា។ ហើយធ្វើឱ្យប្រទេសហ្នឹងទៅជាចម្រើនលូតលាស់ និងខ្លាំងពូកែ នៅក្នុងតំបន់ ឬក្នុងពិភពលោក»។

ក្រោយការចាប់ខ្លួនប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា និងរំលាយគណបក្សប្រឆាំងនេះ កាលពីចុងឆ្នាំ២០១៧ វិបត្តិនយោបាយនៅកម្ពុជានៅមិនទាន់វិលទៅរកភាពប្រសើរនៅឡើយទេ។ ទាំងមន្ត្រីគណបក្សប្រឆាំង និងគណបក្សកាន់អំណាច នៅតែបន្តចោទប្រកាន់គ្នាជុំវិញរឿងស្នេហាជាតិ និងបំផ្លាញជាតិឥតឈប់ឈរ។

ចំណែកសហគមន៍អន្តរជាតិដែលមានសហភាពអឺរ៉ុប និសហរដ្ឋអាមេរិក បានជំរុញឱ្យអ្នកដឹកនាំខ្មែរវិលទៅរកដំណោះស្រាយជាតិរួមមួយដោយឈរនៅលើគោលការណ៍ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សព្រមទាំងតម្កល់ផលប្រយោជន៍ជាតិជាធំ។

សហគមន៍អន្តរជាតិខាងលោកសេរីបានព្រមានថា ប្រសិនបើកម្ពុជាមិនព្រមវិលទៅរកគន្លងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សទេរដ្ឋាភិបាលនឹងរងទណ្ឌកម្មសេដ្ឋកិច្ចពីពួកគេ តាមរយៈការព្យួរប្រព័ន្ធអនុគ្រោះពន្ធជាជំហានដំបូង៕

What Next?

Recent Articles