សកម្មជន​បរិស្ថាន និង​កូន​ប្រុស​លោក ឈុត វុទ្ធី ទាមទារ​ឲ្យ​សមត្ថកិច្ច​រក​យុត្តិធម៌​ជូន​លោក ឈុត វុទ្ធី

ដោយ វ៉ែន សុមេធ
2019-04-25
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​បរិស្ថាន លោក ឈុត វុទ្ធី (រូប​អង្គុយ​លើក​ដៃ) ក្នុង​ឈុត​មួយ​នៃ​វីដេអូ​ឯកសារ “I am Chut Wutty" ឬ "ខ្ញុំ​ជា ឈុត វុទ្ធី"។ RFA Screenshot
សកម្មជន​បរិស្ថាន លោក ឈុត វុទ្ធី (រូប​អង្គុយ​លើក​ដៃ) ក្នុង​ឈុត​មួយ​នៃ​វីដេអូ​ឯកសារ “I am Chut Wutty” ឬ “ខ្ញុំ​ជា ឈុត វុទ្ធី”។ RFA Screenshot


កូនប្រុសលោក ឈុត វុទ្ធី ទាមទារឲ្យសមត្ថកិច្ចរកយុត្តិធម៌ជូនឱពុកលោក


សកម្មជន​បរិស្ថាន និង​កូន​ប្រុស​សកម្មជន​បរិស្ថាន​ដ៏​ល្បី​ឈ្មោះ លោក ឈុត វុទ្ធី យល់ថា សមត្ថកិច្ច​នៃ​របប​ក្រុង​ភ្នំពេញ​មិន​ទាន់​រក​យុត្តិធម៌ ឬ​ចាប់​ឃាតក​សម្លាប់​លោក ឈុត វុទ្ធី បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​នគរបាល​អះអាង​ថា សមត្ថកិច្ច នៅ​ពុំ​ទាន់​បិទ​សំណុំ​រឿង​នេះ​នៅ​ឡើយ​ទេ។

កូន​ប្រុស​សកម្មជន​ការពារ​ព្រៃ​ឈើ​លោក ឈុត វុទ្ធី និង​ជា​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ គឺ លោក ​ ឆឺយ ឧត្តមរស្មី និយាយ​ថា ៧ឆ្នាំក្រោយការស្លាប់ឪពុក​របស់​លោក ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាល​ពី​​ឆ្នាំ​២០១២នោះ មិនទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ​ទេ។

ការ​រម្លឹក​អំពី​ឃាតកម្ម​លើ​ឪពុក​របស់​លោក ដែល​ពុំ​ទាន់​ទទួល​យុត្តិធម៌​នេះ នៅ​គ្រា​ដែល​ការ​ប្រារព្ធ​ខួប ៧ឆ្នាំ​ជិត​ចូល​មក​ដល់ គឺ​នៅ​ថ្ងៃ​ទី២៦​ ខែ​មេសា​ខាង​មុខ។

លោក​ទទូច​ឲ្យ​ពលរដ្ឋ សកម្មជន​បរិស្ថាន មន្រ្តី​សង្គម​ស៊ីវិល ឬ​មហាជន​ទូទៅ​ចូលរួម​ពិធី បុណ្យ​រម្លឹក​ខួប​នៃ​ការ​ស្លាប់​របស់​លោក ឈុត វុទ្ធី។

ព្រះតេជព្រះគុណ អូន ឡុង ដែល​សកម្ម​នឹង​ការងារ​សង្គម និង​កិច្ច​ការពារ​បរិស្ថាន​មាន​ថេរ​ដីកា​ថា លោក ឈុត វុទ្ធី ជា​វីរបុរស​ការពារ​ព្រៃ​មុន​គេ ដែល​ព្រះតេជព្រះគុណ​កោត​សរសើរ និង​យក​គំរូ​តាម ។ ព្រះអង្គ​បន្ត​ថា ព្រះអង្គ​នឹង​ចូលរួម​ពិធី​បុណ្យ​គម្រប់ ៧ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី៖ «ដោយសារ​អាត្មា​ឃើញ​ឆន្ទៈ​របស់​គាត់ (លោក ឈុត វុទ្ធី) គាត់​បាន​ធ្វើ ដើម្បី​ផល​ប្រយោជន៍​ជាតិ​ជា​ធំ ហើយ​អាត្មា​បាន​ឃើញ​គាត់​លះបង់ ក៏​អាត្មា​មាន​ចិត្ត​មួយ គឺ​អាត្មា​ចូលរួម​សកម្មភាព​ក្នុង​ការងារ​ហ្នឹង (ការពារ​បរិស្ថាន

លោក ឈុត វុទ្ធី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ក្នុង​រថយន្ត​របស់​លោក កាល​ពី​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ២០១២ នៅ​ចំណុច​វាល​បី ឃុំ​បាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង បន្ទាប់​ពី​លោក និង​អ្នក​កាសែត​ពីរ​រូប​ទៀត បាន​ចូល​ទៅ​ថត​រូបភាព​គំនរ​ឈើ​នៅ​ក្នុង​ក្រុមហ៊ុន​កាប់​ឈើ ដែល​គេ​ស្គាល់​ឈ្មោះ​ថា ក្រុមហ៊ុន ធីមប៊ឺ ហ្គ្រីន (Timber Green) ដែល​ទទួល​បាន​សិទ្ធិ​ពី​រដ្ឋាភិបាល​ក្នុង​ការ​ស្ដារ​បាត​អាង ដើម្បី​ធ្វើ​វារី​អគ្គិសនី​ក្នុង​ស្រុក​ថ្ម​បាំង ខេត្ត​កោះកុង។

លោក ឈុត វុទ្ធី ដែល​ជា​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​យ៉ាង​ស្វិតស្វាញ​ត្រូវ​ខ្មាន់​កាំភ្លើង បាញ់​សម្លាប់​នៅ​កន្លែង​ពោរពេញ​ដោយ​បទ​ល្មើស​ព្រៃ​ឈើ។ របាយការណ៍​របស់​សមត្ថកិច្ច​បង្ហាញ​ថា ឃាតក​បាញ់​សម្លាប់​លោក ឈុត វុទ្ធី គឺ​ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ​ម្នាក់​ឈ្មោះ អ៊ិន រតនា ដោយ​របាយការណ៍​នោះ​បញ្ជាក់​ថា ក្រោយ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី រួច​ហើយ​គេ​ក៏​បាន បាញ់​សម្លាប់​ខ្លួន​ឯង​ចំនួន ២គ្រាប់។

ប៉ុន្តែ​ក្រុម​គ្រួសារ​លោក ឈុត វុទ្ធី និង​មន្រ្តី​សង្គម​ស៊ីវិល​មិន​ជឿ​លើ​ការ​អះអាង​នេះ​ទេ និង​ទាម ទារ​ឲ្យ​របប​ក្រុង​ភ្នំពេញ​បង្កើត​ក្រុម​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី ដើម្បី​រក​ឃាតក​ពិត និង​អ្នក​នៅ​ពី​ក្រោយ៖ «ខ្ញុំ​ទាមទារ​រយៈ​ពេល ៧ឆ្នាំ​ហើយ​មក​ដល់​ថ្ងៃ​ទី២៦ ខែ​មេសា​នេះ មិន​បាន​ឃើញ​ពន្លឺ​យុត្តិធម៌​សោះ សម្រាប់​ឪពុក​ខ្ញុំ។ ខ្ញុំ​គិត​ថា រដ្ឋាភិបាល​គាត់​មិន​មាន​ចេតនា​ពិត​ប្រាកដ​ដើម្បី​រក​យុត្តិធម៌​ឲ្យ​ឪពុក​ខ្ញុំ​ទេ»

អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក ឆាយ គឹមខឿន ឲ្យ​អាស៊ី​សេរី​ដឹង​ថា សមត្ថ កិច្ច​នៅ​តែ​ស្រាវជ្រាវ​ករណី​នេះ​ដដែល ហើយ​សមត្ថកិច្ច​មិន​ទាន់​បិទ​សំណុំ​រឿង​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា សមត្ថកិច្ច​ត្រូវ​ការ ពេល​វេលា​ប៉ុន្មាន​ទៀត ដើម្បី​បញ្ចប់​រឿង​នេះ​ទេ៖ «នៅ​ក្នុង​នីតិវិធី​ស្រាវជ្រាវ​ស៊ើបអង្កេត យើង​អត់​ទាន់​បិទ​ទេ យើង​អត់​ទាន់​បិទ​ទេ យើង​មិន​អាច​ព្យាករ​ការស៊ើបអង្កេត​ទេ អ្នក​ណា​ព្យាករ​ការ​ស៊ើប​អង្កេត​ដូច​មុខ​របរ​រក​ស៊ី​វិនិយោគ​ទុន​នោះ»

សកម្មជន​ការពារ​បរិស្ថាន​ជំនាន់​ថ្មី លោក​ សាន់ ម៉ាឡា និយាយ​ថា លោក​សោក​ស្ដាយ និង​ខក​ចិត្ត​ចំពោះ​សមត្ថកិច្ច​ដែល​មិន​ទាន់​រក​យុត្តិធម៌​ជូន​ដល់​វិញ្ញាណក្ខន្ធ​លោក ឈុត វុទ្ធី និង​គ្រួសារ​លោក ​ឈុត វុទ្ធី។ យុវជន​ដដែល​បន្ត​ថា សកម្មភាព​របស់​លោក ឈុត វុទ្ធី កន្លង​មក​បាន​ជំរុញ ទឹក​ចិត្ត​លោក​ឲ្យ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​ការពារ​ធនធាន​ធម្មជាតិ៖ «ខ្ញុំ​សង្កេត​ឃើញ​ថា លោក ឈុត វុទ្ធី គាត់​ធ្វើ​ការ​ដោយ​មាន​សេចក្ដី​ក្លាហាន​ឆន្ទៈ​មោះមុត អ្វី​ដែល​លោក ឈុត វុទ្ធី បាន​ធ្វើ​ជំរុញ​ឲ្យ​ពួក​យើង​ក្នុង​នាម​យុវជន​ចង់​បន្ត​ធ្វើ​ឲ្យ​បាន​ដូច​គាត់»

ករណី​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី ក៏​មិន​ខុស​ពី​ករណី​ឃាតកម្ម​លើ​អ្នក​កាសែត អ្នក​សិល្បៈ មន្រ្តី​សិទ្ធិ​មនុស្ស និង​មន្ត្រី​គណបក្ស​ប្រឆាំង​នោះ​ដែរ គឺ​សមត្ថកិច្ច​រក​មិន​ឃើញ​ជន​ប្រព្រឹត្តិ ​ឬ ឃាតក​ពិត​យក​មក​ទទួល​ទោស ចំពោះ​មុខ​ច្បាប់​នៅ​ឡើយ​ទេ។

លោក​ ឆឺយ ឧត្តមរស្មី​ កូន​ប្រុស​ច្បង​របស់​លោក ឈុត វុទ្ធី ឲ្យ​ដឹង​ថា ពិធី​បុណ្យ​គម្រប់ ៧ឆ្នាំ នៃ​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី នឹង​ប្រារព្ធ​នៅ​ថ្ងៃ​សុក្រ​ ទី២៦​ ខែ​មេសា​ ឆ្នាំ២០១៩​ វេលា ម៉ោង​៧ព្រឹកដល់ម៉ោង១១ថ្ងៃត្រង់ នៅ​ភូមិ​ស្វាយមាស ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល​ដែល​ជា​ទី​កន្លែង​បញ្ចុះ​សព​លោក ឈុត វុទ្ធី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles