​លោក ទៀ បាញ់ អំពាវនាវឲ្យពលរដ្ឋ​ទប់ស្កាត់ការលាភពណ៌គ្នា​ ដើម្បីបញ្ចៀសសង្គ្រាម


|
https://www.vodhotnews.com

រដ្ឋ​មន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ អំពាវនាវឲ្យពលរដ្ឋចូលរួមទប់ស្កាត់ការលាភពណ៌ ដោយថា បញ្ហានេះវានឹងជំរុញកម្ពុជាឲ្យធ្លាក់ចូលទៅក្នុងវិបត្តិសង្គ្រាមស៊ីវិលដូចពីអតីតកាលដែលនឹកស្មានមិនដល់។

លោក ទៀ ចាញ់ សរសេរលើហ្វេសប៊ុករបស់លោកនាថ្ងៃពុធម្សិលមិញនថា៖ «ការលាបពណ៌ ជាមូលហេតុចម្បងដែលធ្វើឱ្យប្រជាជាតិយើងស្អប់គ្នា យកគ្នាជាសត្រូវ និងសងសឹកគ្នា រហូតឈានដល់ការកកើតសង្គ្រាម ដែ​ល​មិននឹកស្មានដល់។ ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនឹងស្វែងយល់អំពីរូបភាព និងផលវិបាកនៃការលាបពណ៌​ និងរួមគ្នាទប់ស្កាត់ឱ្យខានតែបាននូវរាល់សកម្មភាពលាបពណ៌នៅក្នុងសង្គមកម្ពុជា»

លោក ទៀ បាញ់ ឲ្យ VOD ដឹងបន្ថែមថា តាមបទពិសោធន៍កន្លងទៅ សង្គ្រាមស៊ីវិលដែលបានកើតឡើងនៅកម្ពុជា លោកថា ដោយសារតែការលាភពណ៌គ្នានេះ ។

លោក ទៀ បាញ់ អះអាងថា បច្ចុប្បន្នការលាភពណ៌រដ្ឋាភិបាល ថាជាអាយ៉ងយួន អាយ៉ងចិនជាដើម លោកថា ជាដើមចមជំរុញឲ្យមានចរន្តបែកបាក់ជាតិ និងត្រូវទប់ស្កាត់។

លោកថា៖ «ការចោទប្រកាន់មកលើរដ្ឋាភិបាលក្តី ចោទប្រកាន់មកលើគណបក្សប្រជាជនក្តី ឬក៏ចោទប្រកាន់ទៅលើអ្នកមួយចំនួនថា មិនគោរពប្រជាធិបតេយ្យ ចោទប្រកាន់ថាផ្តាច់ការ ចោទសព្វបែបយ៉ាងទាំងអស់ អាហ្នឹងហើយដែលខ្ញុំចាត់ទុកថា ជាមូលដ្ឋានដែលសំខាន់ ដើម្បីបង្កឲ្យជាតិបែកបាក់ ត្រូវទប់ស្កាត់របៀបហ្នឹង»។

ទោះជាយ៉ាងណា នៅពេលសួរថា តើលោកសង្កេតឃើញបក្សកាន់អំណាចធ្លាប់បានលាភពណ៌ដល់គណបក្សន​យោ​​បា​យដទៃទៀត ដើម្បីជាផលប្រយោជន៍នយោបាយដែរឬទេ? រដ្ឋ​មន្រ្តី​ក្រសួងការពារជាតិ​រូបនេះ អះអាងថា គណបក្សប្រ​ជា​ជនកម្ពុជាមិនមានទម្លាប់បែបនេះទេ។

អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ លោក ស្រី មូរ សុខហួរ កំពុងនិរទេសខ្លួន អះអាងថា គណបក្សនេះ ប្រកាន់យកគោលការណ៍មិនយកខ្មែរធ្វើជាសត្រូវ ហើយថា អ្នកដែលចិញ្ចឹមចិត្តផាត់គណបក្សលោកស្រីដែលមានអ្នកគាំទ្រជិតពាក់បណ្តាលប្រទេសចេញពីឆាកនយោបាយ ថាអ្នកនោះជាអ្នកបង្កបង្កើតឲ្យមានចរន្តបែកបាក់ជាតិ ។

លោកស្រី ថា៖ «យើងសុំឲ្យបញ្ចប់ទៅ ដែលថា អ្នកនេះ [បក្សប្រឆាំង] ជាក្រុមឧទ្ទាម បញ្ជាឲ្យកម្ចាត់ពួកឧទ្ទាម។ រឿងនេះ ​​វាធ្ងន់ធ្ងរជាងលាភពណ៌ទៅទៀត។ អញ្ចឹង [បើបញ្ចប់បញ្ហានេះ] យើងចូលទៅប្រទេសជាតិយើងវិញ ដើម្បីដោះស្រា​យបញ្ហាជាតិ។ ការលាភពណ៌ជារឿងម្យាងទេ ប៉ុន្តែ ការបញ្ជាឲ្យកម្ចាត់នោះ អាហ្នឹងជារឿងធំជាងលាភពណ៌ទៅទៀត»។

អ្នកវិភាគនយោបាយវ័យក្មេង កញ្ញា លី ស្រីស្រស់ កត់សម្គាល់ថា អ្នកនយោបាយពេលនេះ បានចោទគ្នាទៅវិញទៅមកថា ក្បត់ជាតិ។ កញ្ញា ហៅសាររបស់លោក ទៀ បាញ់ នេះថា ជាអាវុធញមុខពីរ ។

អ្នកវិភាគវ័យក្មេងរូបនេះ វិភាគថា បើលោក​ ទៀ បាញ់ មានជំហរឯករាជ្យ សារនេះជំរុញឲ្យមានការបង្រួបបង្រួមជាតិឡើងវិញ។ តែថា បើលំអៀង សារនេះនឹងក្លាយជាឧបករណ៍បំបែកបំបាក់ជាតិកា​ន់តែ​ខ្លាំ​ង ព្រោះវាបានធ្វើឲ្យមនុស្សមួយក្រុមចេះតែបន្តរងគ្រោះរហូត តែមួយក្រុមទៀតត្រូវគេមើលរំលង។

កញ្ញាថា៖ «បើសិនជាលោក ទៀ បាញ់ ក៏ដូចជា ជំហររដ្ឋាភិបាលនៅតែគិតថា គណបក្សប្រឆាំង សង្គមស៊ីវិល ជាអ្នកលាភពណ៌មកលើរដ្ឋាភិបាល ហើយមិនគិតពីបុគ្គលិកលក្ខណៈ ឬក៏ចរិតខ្លួនឯងលាភពណ៌ដែរទេ! ខ្ញុំគិតថា ប្រជាពលរដ្ឋ ក៏ដូចជា គណបក្សប្រឆាំង ឬក៏អ្នកធ្វើការនៅអង្គការសង្គមស៊ីវិលទាំងអស់ហ្នឹងហើយ ជាជនរងគ្រោះអំពីការលាភពណ៌នៅកម្ពុជា»។

កាលពីខែកុម្ភៈ ឆ្នាំ២០១៨ រដ្ឋាភិបាលបានចេញផ្សាយសៀវភៅ «ស» ដែលអះអាងថា កម្ពុជាកំពុ​ងកើត​មាន​នូវប​ដិវត្ដន៍​ព​ណ៌​មួយ រៀបចំឡើងដោយអតីតគណបក្សប្រឆាំង នូវអ្វីដែលរដ្ឋាភិបាលថា ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។ ក្នុងសៀវភៅនោះ រដ្ឋាភិ​​​បាលក៏បានចោទប្រកាន់អង្គការជាង ៣០០ ថា បានចូលរួមក្នុងបដិវត្តន៍។

ចាប់ពីពេលនោះមក សហគមន៍អន្តរជាតិនៃប្រទេសលោកសេរី ដែលនាំមុខគេដោយសហរដ្ឋអាមេរិក និងសហភា​ព​​អឺ​រ៉ុ​ប ​ហៅការចោទប្រកាន់នោះថា បានធ្វើឲ្យលំហប្រជាធិបតេយ្យរួមតូច និង​ជំរុញរដ្ឋាភិបាល​ឲ្យស្តា​រស្ថា​ន​កា​រណ៍​ឡើ​​ងវិញ ឈានទៅបង្រួបបង្រួមជាតិ ៕​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles