ជនជាតិ​ដើម​ភាគតិច​ខេត្ត​ក្រចេះ​ អំពាវនាវ​ដល់​អាជ្ញាធរ​​ឱ្យ​ជួយ​ការ​ពារ​ដើម​ច្បោះ​ជ័រ​​សល់​ចុង​ក្រោយ បន្ទាប់​ពី​ក្រុមហ៊ុន​ប៉ុនប៉ង​កាប់

ដោយ ហេង រស្មី
2019-04-25
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ដើម​ច្បោះ​ជ័រ​ទឹក​ក្នុង​ព្រៃ​ឡង់​សល់​ចុង​ក្រោយ​របស់​ជនជាតិ​ដើម​ភាគ​តិច​ នៅ​ឃុំ​បឹង​ចារ ស្រុក​សំបូរ ខេត្ត​ក្រចេះ​ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​​កាត់។ រូប៖ សហគមន៍​ផ្ដល់​ឱ្យ
ដើម​ច្បោះ​ជ័រ​ទឹក​ក្នុង​ព្រៃ​ឡង់​សល់​ចុង​ក្រោយ​របស់​ជនជាតិ​ដើម​ភាគ​តិច​ នៅ​ឃុំ​បឹង​ចារ ស្រុក​សំបូរ ខេត្ត​ក្រចេះ​ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​​កាត់។ រូប៖ សហគមន៍​ផ្ដល់​ឱ្យ


ជនជាតិ​ដើម​ភាគតិច​ រស់នៅ​ឃុំ​បឹងចារ​ និង​ឃុំ​កំពង់ចាម​ ស្រុក​សំបូរ​ ខេត្ត​ក្រចេះ​ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ ជួយការ​ពារ​ដើម​ច្បោះ​ ដែល​សល់​ចុង​ក្រោយ​ឲ្យ​គង់​វង្ស ដើម្បី​ឲ្យ​អ្នក​ភូមិ​មាន​លទ្ធភាព​រក​ប្រាក់​ចំណូល​ចិញ្ចឹម​ជីវិត និង​ដោះ​បំណុល​ធនាគារ។ ការ​​អំពាវនាវ​​នេះ​ គឺ​ក្រោយ​ពី​កម្មករ​ក្រុមហ៊ុន ស៊ីបាយអូថេក (Ci-Biotech Co., Ltd) នៅតែ​បន្ត​កាប់​រំលំ​ដើម​ច្បោះ​ របស់​អ្នក​ស្រុក​អស់​ជិត ១០០ដើម​ថ្មី​ទៀត។

ជនជាតិ​ដើម​ភាគ​តិច​កួយ​ រស់​នៅ​ជាប់​តំបន់​ព្រៃ​ឡង់ ក្នុង​ឃុំ​បឹង​ចារ ស្រុក​សំបូរ​ កំពុង​ដេក​ភ័យ​ពី​ការ​ប៉ុនប៉ង​លួច​កាប់​ដើម​ច្បោះ​ជ័រ​របស់​ពួក​គេ​ ដែល​នៅ​សេសសល់​ចុង​ក្រោយ​ប្រមាណ​ជាង ១ពាន់​ដើម​ ដែល​ពលរដ្ឋ​ជិត ១០គ្រួសារ​ទេ កំពុង​អាស្រ័យផល​ប្រចាំ​ថ្ងៃ។

ជនជាតិ​ដើម​ភាគតិច​កួយ​រស់នៅ​ឃុំ​បឹងចារ​ លោក ណាំ ណាក់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៥ មេសា​ថា គ្រួសារ​លោក​មាន​ដើម​ច្បោះ​ជាង​ ៥០០ដើម​ កំពុង​ដុត​យក​ជ័រ​ទឹក​ អាច​រក​ប្រាក់​ចំណូល​បាន​ ២លាន​រៀល​ក្នុង​មួយ​ខែ។ លោក​ថា​នៅ​តំបន់​នោះ គឺ​គ្រួសារ​លោក ដែល​នៅ​សល់​ដើម​ច្បោះ​ជ័រ​ច្រើន​ជាង​គេ ដោយសារ​លោក​បាន​ដាក់​វេនគ្នា​ យាម​ល្បាត​ជា​ប្រចាំ។ លោក​បញ្ជាក់​ថា នៅ​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​ អ្នក​ភូមិ​ ៣គ្រួសារ​ទៀត​ បាន​បាត់បង់​ដើម​ច្បោះ​ ជិត​ ១០០ដើម​ ដោយសារ​កម្មករ​ក្រុមហ៊ុន ស៊ីបាយអូថេក លួច​កាប់៖ «ខ្ញុំ​ព្រួយបារម្ភ​ ទី១​ សព្វថ្ងៃ​ដើម​ច្បោះ​កាន់​តែ​តិច​ទៅ ហើយ​មួយ​ទៀត​បទ​ល្មើស​កាន់​តែ​ចូល​ច្រើន​ ហើយ​ក្រុមហ៊ុន​ចេះ​តែ​កាប់​បំផ្លាញ​ច្បោះ​ពលរដ្ឋ​ជាបន្តបន្ទាប់​ទៀត​។ ក្រុមហ៊ុន​គេ​មក​កាប់​ និង​អារ​ឈើ​កាប់​ឈើ​ហ្នឹង។ ដឹក​ឈើ​ចូល​រោងចក្រ​ ហើយ​ច្រៀក​ជា​ក្ដារ​ ដាក់​លើ​ឡាន​ដឹក​ចេញ​ក្រៅ»

បុរស​ដដែល​បន្ថែម​ថា នៅ​ពេល​ដែល​មិន​ទាន់​មាន​ ក្រុមហ៊ុន ស៊ីបាយអូថេក វិនិយោគ​ព្រៃ​នៅ​តំបន់​នោះ​ អ្នក​ភូមិ​ជាង​ ៤០គ្រួសារ​ មាន​ដើម​ឈើ​ដុត​យក​ជ័រ​ទឹក​ក្នុង​ព្រៃ​ ក្នុង​មួយ​គ្រួសារ​ រាប់​រយ​ដើម​ ក៏​ប៉ុន្តែ​មុខ​របរ​មួយ​នេះ​ បាន​ថយ​ចុះ​យ៉ាង​គំហុក​ នៅ​គ្រា​ដែល​ក្រុមហ៊ុន​បោះ​ទីតាំង​កាប់​ឈើ​ និង​ឈូស​ឆាយ​ព្រៃ​នៅ​តំបន់​ ដែល​សំបូរ​ដោយ​រណ្ដៅ​ជ័រ​ទឹក។ លោក​បញ្ជាក់​ថា​ មក​ទល់​ពេល​នេះ​មាន​ពលរដ្ឋ​មិន​ដល់ ១០គ្រួសារ​ទេ​ រស់​នៅ​ឃុំ​បឹងចារ​ និង​ឃុំ​កំពង់ចាម កំពុង​ក្រាញ​ននៀល​ការពារ​រណ្ដៅ​ជ័រ​ទឹក​របស់​ខ្លួន និង​ដុត​យក​ជ័រទឹក​លក់។

អាស៊ី​សេរី​បាន​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ លោក​ ស្រី​ វុឌ្ឍី​ ដើម្បី​សុំ​ការ​ពន្យល់​បញ្ហា​នេះ​ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី២៥ មេសា។

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភ័ក្ត្រា​ មាន​ប្រសាសន៍​ថា​ ក្រុមហ៊ុន ស៊ីបាយអូថេក ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់ក្រ​សួង​កសិកម្ម ក៏​ប៉ុន្តែ​បើ​ពាក់ព័ន្ធ​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់ គឺ​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន ហើយ​ក្រសួង​កំពុង​យក​ចិត្ត​ទុក​ដាក់​ការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ។ លោក​បដិសេធ​មិន​អធិប្បាយ​ចំពោះ​ការ​លើកឡើង​ពី​ការ​បាត់បង់​ដើម​ច្បោះ​ និង​ការ​កាប់​ឈើ​ពី​តំបន់​ព្រៃ​ឡង់​ ដឹក​ជញ្ជូន​ចូល​ក្រុមហ៊ុន​ទេ ព្រោះ​ក្រសួង​មិន​ទាន់​ទទួល​បាន​ភស្តុតាង និង​របាយការណ៍​ណា​មួយ​ពី​ពលរដ្ឋ និង​សហគមន៍​នៅ​មូលដ្ឋាន​នៅ​ឡើយ​ទេ។ ក៏​ប៉ុន្តែ​លោក​អះអាង​ថា ក្រសួង​បាន​ពង្រឹង​វិធានការ​ការពារ និង​ទប់ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​គ្រប់​ប្រភេទ​ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់​ទាំង ៤ខេត្ត៖ «ត្រូវ​ការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ ភស្តុតាង​ឲ្យ​បាន​ពិត​ប្រាកដ​ ដើម្បី​យើង​អាច​ធ្វើ​ការ។ អ៊ីចឹង​ហើយ​បាន​ជា​យើង​អំពាវនាវ​ដល់​បងប្អូន​ ដែល​មាន​ភស្តុតាង​ មាន​រូបភាព​ និង​សកម្មភាព​ដែល​ថត​បាន​ ឬ​មួយ​ជា​សាក្សី​ គឺ​សុំ​ធ្វើ​ការងារ​ជាមួយ​មន្ត្រី​នៅ​មូលដ្ឋាន​ ដែល​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត។ ជា​រួម​សម្រាប់​ក្រសួង​បរិស្ថាន គឺ​យើង​ចាត់​វិធានការ​ការពារ​ធនធាន​ធម្មជាតិ​ ដែល​យើង​គ្រប់គ្រង»

ទោះ​យ៉ាង​ណា​ មេ​ឃុំ​បឹងចារ​ លោក​ ហ៊ុល​ សឿង​ ទទួល​ស្គាល់​ថា​ ដើម​ច្បោះ​ជ័រ​របស់​អ្នក​ភូមិ​ កាន់​តែ​ថយ​ចុះ​យ៉ាង​គំហុក​ ដោយសារ​ពលរដ្ឋ​ខ្វះ​សាមគ្គីភាព​ ក្នុង​ការ​ថែរក្សា​ និង​អភិរក្ស។ លោក​ថា អាជ្ញាធរ​ឃុំ​តែង​ធ្វើ​របាយការណ៍​បញ្ហា​នេះ​ទៅ​ថ្នាក់​លើ​ ឲ្យ​ជួយ​រក​វិធានការ​គាំពារ។ ក៏​ប៉ុន្តែ​មាន​ពលរដ្ឋ​មួយ​ចំនួន​តូច​ លួច​កាប់​ដើម​ច្បោះ​អ្នក​ស្រុក​លក់​ឲ្យ​ក្រុមហ៊ុន និង​មាន​ពលរដ្ឋ​ខ្លះ​លក់​ដើម​ច្បោះ​របស់​ខ្លួន​ឲ្យ​ឈ្មួញ៖ «ការ​កាប់​បំផ្លាញ​ច្បោះ​មាន​ពីរ​យ៉ាង​ ទី១​ បទ​ល្មើស​ព្រៃ​ឈើ​អនាធិបតេយ្យ​ ពួក​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រកស៊ី​ឈើ​ហ្នឹង​គាត់​កាប់។ គាត់​ដណ្ដើម​គ្នា​កាប់​អីចឹង​ទៅ​ ហើយ​អា​ម្ចាស់​អត់​នៅ​អីចឹង​ទៅ​ ជួន​កាល​គាត់​កាប់​ ហើយ​គាត់​គំរាម​ និង​ទី២​ ទៀត​ អា​នៅ​ម្ដុំ​ក្រុមហ៊ុន​ ពួក​ក្រុមហ៊ុន​ទៅ​ទិញ​ ដែល​គាត់​មាន​ការ​ព្រមព្រៀង»

ជនជាតិ​ដើម​ភាគតិច​ បន្ថែម​ថា​ ក្រុមហ៊ុន ស៊ីបាយអូថេក (Ci-Biotech Co., Ltd) បាន​បើក​ដេប៉ូ​ ប្រមូល​ទិញ​ឈើ​ខ្នាត​យក្ស​ និង​អារ​ច្រៀក​ឈើ​ជា​បន្ទះ​ក្ដារ​ នៅ​ចំណុច​ដំបូក​ស ក្បែរ​ព្រៃ​ឡង់​ ឆ្ងាយ​ពី​លំនៅឋាន​ពលរដ្ឋ​ក្នុង​ឃុំ​បឹង​ចារ​ប្រហែល​ជាង ១០គីឡូ​ម៉ែត្រ។ អាជីវកម្ម​ឈើ​នេះ​ ពលរដ្ឋ​មួយ​ចំនួន​ និង​កម្មករ​ក្រុមហ៊ុន​បាន​លួច​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​ និង​ដើម​ច្បោះ​ជ័រ​ ដឹក​ជញ្ជូន​ចូល​ការដ្ឋាន​របស់​ក្រុមហ៊ុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles