បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល ចង់​ឱ្យ​របប​ក្រុង​ភ្នំពេញ​ធ្វើ​​ជា​គំរូ​មុន​គេ រឿង​បញ្ឈប់​ការ​លាប​ពណ៌​គ្នា

ដោយ ទីន ហ្សាការីយ៉ា
2019-04-25
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក អេង ឆាំអ៊ាង (ឆ្វេង) អនុ​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ និង​លោក ទៀ បាញ់ ទេសរដ្ឋ​មន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ។ រូប៖ RFA និង​ហ្វេសប៊ុក General TEA Banh
លោក អេង ឆាំអ៊ាង (ឆ្វេង) អនុ​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ និង​លោក ទៀ បាញ់ ទេសរដ្ឋ​មន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ។ រូប៖ RFA និង​ហ្វេសប៊ុក General TEA Banh


គណបក្ស សង្គ្រោះ​ជាតិ ថា របប​ក្រុង​ភ្នំពេញ​ត្រូវ​តែ​​បង្ហាញ​សុឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ចង់​លុប​បំបាត់​វប្បធម៌​នៃ​ការ​លាប​ពណ៌​ ដោយ​សារ​របប​នេះ​បាន​លាប​ពណ៌ និង​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ និង​សកម្មជន​គណបក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់។ ប្រមុខ​ការពារ​ជាតិ​របប​ក្រុង​ភ្នំពេញ កាល​ពី​ពេល​ថ្មីៗ នេះ បាន​ទទួល​ស្គាល់​ថា ការ​លាប​ពណ៌​គ្នា គឺ​ជា​ដើម​ហេតុ​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ស្អប់​គ្នា និង​យក​គ្នា​ជា​សត្រូវ។

អនុប្រធាន​គណបក្ស​ សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​គ្រាក់ៗ នៃ​របប​នេះ​តែ​ម្ដង គឺ​ជា​អ្នក​ផ្ដើម​លាប​ពណ៌​អ្នក​មិន​គាំទ្រ​ការ​ដឹក​នាំ​របស់​ខ្លួន​ថា ជា​ក្រុម​ប្រឆាំង ហើយ​បាន​លាប​ពណ៌​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​ថា មាន​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល តាម​រយៈ​បដិវត្តន៍​ពណ៌ ជាពិសេស​បាន​ចោទ​លោក កឹម សុខា ថា ក្បត់​ជាតិ ដោយ​គ្មាន​មូលដ្ឋាន​នោះ​ឡើយ។

លោក​ថ្លែង​ទៀត​ថា ផល​វិបាក​ដែល​កើត​ចេញ​ពី​ការ​លាប​ពណ៌​នេះ គឺ​ប្រជាជាតិ​ខ្មែរ​នឹង​នៅ​តែ​បន្ត​រស់​ក្នុង​ភាព​បែក​បាក់​គ្នា ហើយ​​ការ​អភិវឌ្ឍ​ជាតិ​មិន​មាន​ដំណើរ​លឿន​រហ័ស​ទៅ​មុខ​នោះ​ឡើយ។ ដូច្នេះ​លោក​ស្នើ​ឱ្យ​គ្រប់​ភាគី​នយោបាយ ជាពិសេស ក្រុម​អ្នក​កាន់​អំណាច បញ្ឈប់​ការ​លាប​ពណ៌​អ្នក​មាន​ទស្សនៈ​ផ្ទុយ​គ្នា​ត​ទៅ​ទៀត៖ «»

ប្រតិកម្ម​របស់​ថ្នាក់​ដឹកនាំ​គណបក្ស សង្គ្រោះ​ជាតិ រូប​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​ថ្លែង​សារ​នយោបាយ​ដ៏​កម្រ​មួយ គឺ​លោក​ទទួល​ស្គាល់​ផល​វិបាក​នៃ​ការ​លាប​ពណ៌​គ្នា​នៅ​ក្នុង​សង្គម។

ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​រូបភាព​របស់​លោក​ក្នុង​ឯកសណ្ឋាន​ជា​មន្ត្រី​យោធា​ផ្កាយ៤ លោក ទៀ បាញ់ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក កាល​ពី​ថ្ងៃ​ទី២៤ មេសា​ថា​ ការ​លាប​ពណ៌​គ្នា​ គឺ​ជា​មូល​ហេតុ​ចម្បង​ដែល​ធ្វើ​ឱ្យ​ប្រជាជាតិ​ខ្មែរ​ស្អប់​គ្នា និង​យក​គ្នា​ជា​សត្រូវ រហូត​ឈាន​ដល់​ការ​ធ្វើ​សង្គ្រាម​ហែកហួរ​គ្នា​ទៅ​វិញ​ទៅ​មក។ លោក​បន្ថែម​ថា ប្រជាពលរដ្ឋ​គួរ​តែ​ស្វែង​យល់​អំពី​រូបភាព និង​ផល​វិបាក​នៃ​ការ​លាប​ពណ៌​គ្នា​នេះ ហើយ​លោក​ក៏​ស្នើ​ឱ្យ​មាន​ការ​រួម​គ្នា​ទប់​ស្កាត់​បញ្ហា​នេះ​ផង​ដែរ។

មន្ត្រី​ថ្នាក់​កំពូល​នៃ​របប​ក្រុង​ភ្នំពេញ​រូប​នេះ ​​មិន​បាន​រៀប​រាប់​ឱ្យ​លម្អិត​ថា ក្រុម​ណា​មួយ​ជា​អ្នក​ផ្ដើម​លាប​ពណ៌​ឲ្យ​គ្នា​នោះ​ទេ ក៏​ប៉ុន្តែ​អ្វី​ដែល​មិន​អាច​ប្រកែក​បាន​នោះ គឺ​លោក ទៀ បាញ់ ខ្លួន​ឯង​តែ​ម្ដង ​ជា​អ្នក​ដែល​តែង​តែ​ចោទប្រកាន់​ក្រុម​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ថា ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ តាម​រយៈ​បដិវត្តន៍​ពណ៌។ លោក​ក៏​បាន​ចេញ​បញ្ជា​ឱ្យ​កងទ័ព​ទាំង​អស់​ត្រូវ​ទប់​ស្កាត់​ចលនា​នេះ​ឱ្យ​បាន​ជា​ដាច់ខាត ហើយ​លោក​ថែម​ទាំង​ព្រមាន​វាយ​បំបាក់​ធ្មេញ​ជន​ណា​ក៏​ដោយ​ ដែល​ហ៊ាន​ងើប​តវ៉ា​លទ្ធផល​បោះ​ឆ្នោត​ទៀត​ផង។

លោក អេង ឆៃអ៊ាង យល់​ថា សារ​របស់​លោក ទៀ បាញ់ នេះ គឺ​គ្រាន់​តែ​ដើម្បី​លុប​លាង​ទង្វើ​រំលោភ​បំពាន​របស់​ខ្លួន​ប៉ុណ្ណោះ ព្រោះ​កន្លងមក​ របប​នេះ​តែង​តែ​លាប​ពណ៌ និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​តាម​គ្រប់​រូបភាព​ទៅ​លើ​អ្នក​មាន​ទស្សនៈ​ផ្ទុយ​ពី​ពួក​គេ។ លោក​បន្ថែម​ថា មក​ទល់​នឹង​ពេល​នេះ មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន នៅ​តែ​ប្រើ​ភាសា​បែប​ហិង្សា ចោទ​ប្រកាន់ និង​លាប​ពណ៌​គណបក្ស​ប្រឆាំង​ដដែល បើ​ទោះបី​ជា​រឿង​ខ្លះ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ក៏​ដោយ៖ «»

ទោះ​ជា​យ៉ាង​ណា​ក្ដី មន្ត្រី​ជាន់ខ្ពស់​គណបក្ស សង្គ្រោះ​ជាតិ រូប​នេះ ទទួល​ស្គាល់​ថា គណបក្ស​ប្រឆាំង​ក៏​មានការ​លាប​ពណ៌ ឬ​ចោទ​ប្រកាន់​លើ​គណបក្ស​កាន់​អំណាច​ដែរ ក៏​ប៉ុន្តែ​ករណី​ទាំងនោះ​ មិន​បង្ក​គ្រោះ​ថ្នាក់​ឡើយ​ ព្រោះ​គ្រាន់​តែ​ជា​ការ​និយាយ មិន​ដូច​ការ​លាប​ពណ៌​របស់​ក្រុម​អ្នក​កាន់​អំណាច​នោះ​ឡើយ។

ពាក្យ​ចោទ​ប្រកាន់​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​ សង្គ្រោះ​ជាតិ ដែល​តែង​ឮ​ជា​ញឹក​ញាប់​នោះ មាន​ជាអាទិ៍ លោក ហ៊ុន សែន ​ក្បត់ជាតិ កាត់​ទឹក​ដី​ឱ្យ​បរទេស ឬ​រដ្ឋាភិបាល​​ដឹក​នាំ​ដោយ​លោក ហ៊ុន សែន ជា​រដ្ឋាភិបាល​រណប​បរទេស​ជា​ដើម។

ចំណែក​ របប​លោក ហ៊ុន សែន វិញ ក៏​បាន​ចោទ​ប្រកាន់​ថ្នាក់​ដឹក​នាំ​គណបក្ស​ សង្គ្រោះ​ជាតិ ជា​ច្រើន​ចំណុច​ផង​ដែរ ក៏​ប៉ុន្តែ​ករណី​សំខាន់​ជាង​គេ​នោះ គឺ​ការ​ចោទ​ថា ក្រុម​អ្នក​នយោបាយ​ប្រឆាំង​មាន​បំណង​​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់ តាម​រយៈ​ការ​បង្កើត​ផែន​ការ​បដិវត្តន៍​ពណ៌ បន្ទាប់​ពី​គណបក្ស​នេះ​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត។ ​មន្ត្រី​គ្រាក់ៗ នៃ​របប​លោក ហ៊ុន សែន បាន​ទន្ទេញ​ចាំមាត់​គ្រប់ៗ គ្នា អំពី​ពាក្យ​ថា “បដិវត្តន៍​ពណ៌” ហើយ​នៅ​ចុង​អាណត្តិទី៥ ពាក្យ​ បដិវត្តន៍​ពណ៌​ក៏​ត្រូវ​បាន​របប​នេះ ​យក​ទៅ​​ប្រើ​ជា​មូលដ្ឋាន​ក្នុង​ការ​រំលាយ​គណបក្ស សង្គ្រោះ​ជាតិ។

ថ្វីត្បិត​តែ​របប​ក្រុង​ភ្នំពេញ​បាន​ក្ដោប​យក​អំណាច​តែម្នាក់​ឯង​នៅ​អាណត្តិទី៦ នេះ​ក៏​ដោយ ក៏​ពាក្យ​ “បដិវត្តន៍​ពណ៌” មិន​ទាន់​រសាត់​បាត់​ទៅ​ណា​ឡើយ។ ពាក្យ​នេះ​នៅតែ​​ពេញ​និយម​សម្រាប់​ថ្នាក់​ដឹកនាំ និង​មន្ត្រី​របប​ក្រុង​ភ្នំពេញ​ដដែល​ ជាពិសេស​នៅ​​ពេល​ពួក​គេ​និយាយ​ដល់​ចំណាត់​ការ​ចាប់​ខ្លួន​លោក កឹម សុខា ការ​រំលាយ​គណបក្ស សង្គ្រោះ​ជាតិ ការ​បាញ់​បង្ក្រាប​កម្មករ​នៅ​ផ្លូវ វ៉េង ស្រេង និង​ក្បែរ​រោង​ចក្រ​យ៉ាកជីង ព្រម​ទាំង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល។

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​ថា វប្បធម៌​លាប​ពណ៌​គ្នា​ក្នុង​សង្គម​ខ្មែរ នៅ​តែ​កើត​មាន​ គ្មាន​ការ​ថមថយ​នោះ​ឡើយ​ តាំងតែពី​សម័យ​មុន​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។ ជា​ឧទាហរណ៍​រូប​លោក​ផ្ទាល់ បាន​រង​ការ​ចោទ​ថា ជា​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​ជាង ២០ឆ្នាំ​មក​ហើយ បើ​ទោះបី​ជា​ការងារ​របស់​លោក​ គឺ​ដើម្បី​បុព្វហេតុ​នៃ​ផល​ប្រយោជន៍​របស់​កម្មករ គ្រូបង្រៀន និង​ការ​រីក​ដុះដាល​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ក្ដី។ លោក​ថា វប្បធម៌​លាប​ពណ៌​គ្នា​នេះ គឺ​ជា​រឿង​អាក្រក់​បំផុត ដែល​ធ្វើ​ឱ្យ​មាន​ការ​ប្រេះឆា​គ្នា​ក្នុង​សង្គម។ លោក​បន្ថែម​ថា ​អ្នក​នយោបាយ​ខ្មែរ​ល្មម​បញ្ឈប់​ការ​លាប​ពណ៌​គ្នា​តទៅ​ទៀត​ហើយ ទោះបី​ជា​ការ​លាប​ពណ៌​នោះ ជា​រឿង​បុគ្គល​ឯកជន ឬ​ជា​រឿង​ជាតិ​ក្តី ពីព្រោះ​វា​គ្មាន​ផល​ប្រយោជន៍​អ្វី​ឡើយ​សម្រាប់​កម្ពុជា៖ «»

អតីត​សមាជិក គ..ប រូប​នេះ ជឿ​ជាក់​ថា វប្បធម៌​នៃ​ការ​លាប​ពណ៌​គ្នា​នេះ អាច​​នឹង​ត្រូវ​លុប​បំបាត់​ចេញ​ពី​សង្គម​ខ្មែរ ប្រសិនបើ​ថ្នាក់​ដឹកនាំ​របប​ក្រុង​ភ្នំពេញ​ផ្ដល់​ភាព​ជា​គំរូ​មុន​គេ ដោយ​ចាប់​ផ្ដើម​ចេញ​ពី​ការ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ និង​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល ចង់​ឱ្យ​របប​ក្រុង​ភ្នំពេញ​ធ្វើ​​ជា​គំរូ​មុន​គេ រឿង​បញ្ឈប់​ការ​លាប​ពណ៌​គ្នា"

  1. so socheath says:

    ខ្ញុំពិតជាខ្មាសអៀនណាស់ ដែលធ្លាប់បម្រើការឲ្យវិទ្យុអាស៊ីសេរី!
    (ភ្នំពេញ)៖ ទោះបីជាខ្ញុំឈប់ពីវិទ្យុអាស៊ីសេរីយូរដែរហើយក៏ដោយ ក៏ខ្ញុំនៅតែនឹកឃើញអៀនខ្មាសខ្លួនឯងជាខ្លាំងជាពិសេសនៅ ពេលដែលបានឃើញអត្ថបទជាសំណេរនិងជាសំឡេងដែលវិទ្យុនេះបានផ្សាយនៅរយៈពេលចុងក្រោយនេះ។ ថាកាលពីពេលដែលខ្ញុំ នៅបម្រើការជាមួយអាស៊ីសេរីទៅចុះវាអាក្រក់ទៅហើយ ប៉ុន្តែចាប់តាំងពីវិទ្យុនេះបិទការិយាល័យដោយខ្លួនឯងពីកម្ពុជាហើយនៅបន្តផ្សាយតាមអនឡាញពី វ៉ាស៊ីនតោន វាហាក់ដូចជាមិនគួរឲ្យជឿថា វិទ្យុនេះក្លាយខ្លួនជាឧបករណ៍បម្រើនយោបាយដាច់ថ្លៃរបស់ក្រុមប្រឆាំងដល់ថ្នាក់ ហ្នឹងសោះ?
    អ្វីដែលខ្ញុំមិនអស់ចិត្តនោះគឺ ហេតុអ្វីបានជាវិទ្យុបរទេសមួយទាំង មូល បែរជាបណ្តោយឲ្យខ្មែរមួយក្រុមប្រើប្រាស់ខុសវិជ្ជាជីវៈទាំងស្រុងយ៉ាងដូច្នេះ?
    ហេតុផលដែលខ្ញុំសម្រេចចិត្តសរសេរអត្ថបទនេះហើយសុំឲ្យបណ្តាញផ្សាយព័ត៌មានក្នុងស្រុកជួយចុះផ្សាយគឺបន្ទាប់ពីបាន ឃើញអត្ថបទមួយចុះផ្សាយក្នុង ហ្វេសប៊ុករបស់អាស៊ីសេរីថ្ងៃនេះក្រោមចំណងជើងថា «ហង្សសេដ្ឋកិច្ច«របស់លោក ហ៊ុន សែន ដាច់ភ្លើង? ពេលឃើញអត្ថបទនេះនិងពេលអានចប់ ខ្ញុំមានអារម្មណ៍ថា ហាក់មិនជឿខ្លួនឯងថា នេះជាសំណេររបស់អ្នកកាសែត? បើជាសំណេររបស់អ្នកនយោបាយប្រឆាំងប្រហែលខ្ញុំមិនចាត់ទុកជារឿងចម្លែកទេ ប៉ុន្តែនេះជាអត្ថបទរបស់អ្នកកាសែតនិងចុះផ្សាយលើហ្វេសប៊ុកផ្លូវការរបស់វិទ្យុបរទេសមួយ? ឯណាទៅក្រមសីលធម៌វិជ្ជាជីវៈ? ឯណាទៅសេចក្តីថ្លៃថ្នូរក្នុងអាជីព? ឯណាទៅពាក្យថា ព័ត៌មានពិត, ឯណាទៅពាក្យថា អព្យាក្រឹត្យ ឥតលម្អៀង ដែលអ្នកកាសែតត្រូវប្រកាន់យក? កោតតែក្រុមអ្នកកាសែតដែល បម្រើការឲ្យវិទ្យុមួយនេះមិនដែលខ្មាស់អៀនក្នុងការធ្វើសកម្មភាពក្នុងនាមជាសកម្មជននយោបាយបែបនេះ។ ទាំងអាកប្បកិរិយា ទាំងសម្តីសំដៅ ទាំងសំណេរ គឺពោរពេញដោយទោសៈ ញុះញង់ អុជអាល បញ្ឆេះកំហឹងបង្កើតសំអប់ និងការលាបពណ៌។ ល។
    អ្វីជាការកត់សម្គាល់ទី១គឺ អ្នកសរសេរអត្ថបទនេះប្រើអារម្មណ៍ខ្លួនឯងមិនដឹងថាជាអត្ថបទ ព័ត៌មានឬការបញ្ចេញមតិ? តាមដែលខ្ញុំធ្លាប់បានរៀនសូត្រចេះដឹងពីអាជីពអ្នកសារព័ត៌មាន គេហាមមិនឲ្យធ្វើព័ត៌មានដោយប្រើអារម្មណ៍ផ្ទាល់ខ្លួនលាយឡំជាមួយអត្ថបទព័ត៌មានទេ។ ប៉ុន្តែ រាល់អត្ថបទរបស់វិទ្យុអាស៊ីសេរីគឺបង្ហាញពីនិន្នាការរបស់អ្នកកាសែតយ៉ាងពេញបន្ទុក។ ជាក់ស្តែង រាល់ពេលសម្ភាសន៍ ឬឆ្លើយឆ្លងព័ត៌មាន លោក ជុន ច័ន្ទបុត្រ ដែលគេស្គាល់ថាជាមេក្លោងធ្វើឲ្យវិទ្យុនេះបាត់បង់វិជ្ជាជីវៈទាំងស្រុងនោះ តែងតែ ប្រើអារម្មណ៍ចំអកឡកឡឺយ ស៊កសៀត ចាក់ដោត ដែល មិនមែនជាចរិតរបស់អ្នកកាសែតឡើយ។
    ងាកមកមើលអត្ថបទដែលខ្ញុំលើកខាងដើមវិញ, ក្រៅពីការបញ្ចេញអារម្មណ៍ផ្ទាល់ខ្លួននិងការលើក ហេតុផលដាច់ភ្លើងភ្ជាប់ជាមួយរដ្ឋាភិបាលអាមេរិកឯណាឯណី ដោយមិនសមរម្យហើយនោះ អ្នកសរសេរអត្ថបទនេះហាក់មិនបានគិតវែងឆ្ងាយក្នុងការលើក យកបញ្ហាដាច់ភ្លើង និងគ្រោះថ្នាក់ចរាចរណ៍មកធ្វើជាកម្មវត្ថុនៃការរិះគន់វាយប្រហារទៅលើរដ្ឋាភិបាលលោក ហ៊ុន សែន ឡើយ។
    សម្រាប់ខ្ញុំ ពេលអានអត្ថបទនេះចប់ ខ្ញុំមានអារម្មណ៍ថា អាស៊ីសេរី ហាក់ដូចជាអស់តម្រិះក្នុងការ លើកបញ្ហាមករិះគន់រដ្ឋាភិបាល ហើយក៏លើកបញ្ហាដែលមិនជាធ្ងន់ធ្ងរអីផងមកកាឡៃឲ្យទៅជារឿងមើលទៅគួរឲ្យអស្ចារ្យ! ដល់ពេលខំពន្លើសពេកទៅបែរទៅជាភ្លេចគិតថា អត្ថបទនេះគឺហាក់ដូចជាផ្តល់តម្លៃគាំទ្រដល់រដ្ឋាភិបាលទៅវិញ។
    ជាក់ស្តែង ការដាក់ចំណងជើងថា «ហង្សសេដ្ឋកិច្ច«របស់លោក ហ៊ុន សែន ដាច់ភ្លើង? គឺជាការទទួលស្គាល់របស់វិទ្យុអាស៊ីសេរីថា កម្ពុជាបច្ចុប្បន្នគឺជា«ហង្សសេដ្ឋកិច្ច»មួយនៅអាស៊ីអាគ្នេយ៍ ទៅវិញទេ។ ម្យ៉ាងទៀត ខ្វះភ្លើងបញ្ជាក់ថា កម្ពុជាកំពុងតែស្គាល់ការអភិវឌ្ឍន៍ខ្លាំង។ ជាក់ស្តែង
    គ្រាន់តែវិស័យសំណង់កើនឡើងដល់ទៅ ៧០០% ដូចដែលអត្ថបទខាងលើបានទទួលស្គាល់ស្រាប់។ ការដ្ឋានសំណង់ធំៗ ដែលសាងសង់អគារខ្ពស់កប់ ពពក, សំណង់អគារលំនៅដ្ឋាន និងសំណង់ផ្សេងៗទៀតដែល កំពុងរីកដុះដាលព្រោងព្រាតដូចផ្សិតត្រូវទឹកភ្លៀងបញ្ជាក់ថា នោះហើយជាសកម្មភាពរបស់«ហង្សសេដ្ឋកិច្ច»។
    ដូច្នេះ បញ្ហាដាច់ភ្លើងដោយអន្លើៗ ដោយសារកង្វះថាមពលអគ្គិសនីជាពិសេសក្នុងរដូវក្តៅមិនមែនជារឿងចម្លែកគួរឲ្យចំអក ឡកឡឺយទេ។ រដ្ឋាភិបាល និងអាជ្ញាធរអគ្គិសនីក៏បានពន្យល់អស់ហើយដែរ។ ម្តេចក៏អាស៊ីសេរី មិនយកត្រចៀកស្តាប់សោះបែបនេះ?
    ខ្ញុំពិតជាទទួលស្គាល់ការរិះគន់ ឬការរអ៊ូរទាំរបស់ប្រជាពលរដ្ឋមួយចំនួនចំពោះបញ្ហាដាច់ភ្លើងនេះ ពីព្រោះបច្ចុប្បន្ននេះ មនុស្សសម័យនេះត្រូវការផាសុកភាពខ្ពស់ជាងមុន។
    ហេតុដូច្នេះហើយបានជាពេលដាច់ភ្លើងម្តងៗ ទាំងគេ ទាំងខ្ញុំមានអារម្មណ៍ថា ពិបាក។ ប៉ុន្តែ យើងពិតជាយល់បាននូវហេតុផល ដែលបណ្តាលឲ្យកម្ពុជាជួបបញ្ហានេះ ហើយវាជាបញ្ហាបណ្តោះអាសន្នរយៈពេលខ្លីតែប៉ុណ្ណោះ។ ដូច្នេះ វាមិនមែនជាកម្មវត្ថុនៃការជាន់ពន្លិចរដ្ឋាភិបាលដោយសារ រឿងដាច់ភ្លើងក្នុងរដូវក្តៅនោះឡើយ។ ចំណែកឯរឿងគ្រោះថ្នាក់ចរាចរណ៍វិញ ក៏មិនមែនជារឿងធំដុំដែរពីព្រោះប្រទេសណាក៏កើតមានគ្រោះថ្នាក់ ចរាចរណ៍ដែរនៅពេលដែលស្រុកទេសមានការអភិវឌ្ឍន៍។ សូម្បីប្រទេសថៃក៏មានអ្នកស្លាប់ច្រើនជាងកម្ពុជាឆ្ងាយណាស់ដោយសារតែគ្រោះថ្នាក់ ចរាចរណ៍។ បញ្ហានេះក៏មិនមែនជាកំហុសរបស់អាជ្ញាធរ រដ្ឋាភិបាលទាំងស្រុងនោះដែរ តែវាជាអាកប្បកិរិយារបស់អ្នកបើកបរច្រើនជាង។ ដូច្នេះ ក្នុងតួនាទីជាអ្នកសារ ព័ត៌មាន អាស៊ីសេរីគួរជួយអប់រំ បញ្ហាចរាចរណ៍ដល់ពលរដ្ឋទើបជាដំណោះស្រាយ និងការចូលរួមយ៉ាងល្អពីសំណាក់ បណ្តាញផ្សាយព័ត៌មាន។
    ប៉ុន្តែ អាស៊ីសេរីក្រោមការដឹកនាំរបស់លោក ជុន ច័ន្ទបុត្រ ពិតជា មិនចោលចរិតនោះឡើយ។
    ខ្ញុំនៅចាំបានថា កាលពីខ្ញុំនៅ បម្រើការនៅវិទ្យុអាស៊ីសេរី លោក ជុន ច័ន្ទបុត្រ នេះហើយ ដែលបានណែនាំមិនឲ្យអ្នកកាសែតនិយាយរកនិងស្និទ្ធស្នាលជាមួយមន្ត្រីរដ្ឋាភិបាល។ លោក សុខ សេរី ត្រូវបានគេស្តីបន្ទោស និងបណ្តេញចេញពីការងារដោយគ្រាន់តែលោកចាប់ដៃជាមួយមន្ត្រីរដ្ឋាភិបាលម្នាក់។ ប៉ុន្តែ លោក ជុន ច័ន្ទបុត្រ ខ្លួនឯងបែរជាលួចទៅជួបមន្ត្រីជាន់ខ្ពស់យោធាដោយស្ងាត់ៗទៅវិញ។
    ខ្ញុំនៅចាំបានទៀតថា អ្នកកាសែតអាស៊ីសេរីណាដែលសរសេរអត្ថបទហ៊ានដកស្រង់សម្តីល្អៗរបស់មន្ត្រីរដ្ឋាភិបាលមកដាក់ក្នុងអត្ថបទរបស់ខ្លួន ឬអ្នកកាសែតណាដែលធ្វើអត្ថបទឲ្យមានតុល្យភាពតាមវិជ្ជាជីវៈ ដែលមិនស្របតាមគោលការណ៍របស់ ជុន ច័ន្ទបុត្រ នឹងទទួលការស្តីបន្ទោស ឬការព្រមានពីលោក ជុន ច័ន្ទបុត្រភ្លាម។
    ដោយសារហេតុផលនេះហើយបានជាមានអ្នកកាសែតអាស៊ីសេរីជាច្រើនបានលាឈប់ពីការងារ ឬត្រូវបានគេបណ្តេញចេញទាំងបំពានដោយគ្មានសំណងអ្វីទាំងអស់។
    បច្ចុប្បន្ននេះ អាស៊ីសេរីកាន់តែ យ៉ាប់ជាងមុនរាប់រយដង។ វិទ្យុនេះលែងខ្វល់ហើយពីវិជ្ជាជីវៈ លែងខ្វល់ហើយពីភាពថ្លៃថ្នូរ និងពីភាពសមរម្យក្នុងអាជីពអ្នកសារព័ត៌មានអ្វីទាំងអស់។ អ្នកដែលបន្តធ្វើការជាមួយអាស៊ីសេរីគឺសុទ្ធតែជាអ្នកមាននិន្នាការនយោបាយផ្កាប់មុខ ហើយភាគច្រើនមិនមែនជាអ្នកកាសែតអាជីពទេ។ ពួកគេគ្រាន់តែហារមាត់ចេញមកគឺបង្ហាញពីអារម្មណ៍ និងនិន្នាការនយោបាយយ៉ាងច្បាស់ក្រឡែត។ ការយកវិទ្យុបរទេស មួយទៅធ្វើជាឧបករណ៍ នយោបាយផ្កាប់មុខបែបនេះជារឿងគួរឲ្យខ្មាស់អៀនណាស់។
    រហូតមកដល់ថ្ងៃនេះ ខ្ញុំនៅតែ មានអារម្មណ៍ខ្មាស់អៀនខ្លួនឯង ដែលធ្លាប់បម្រើការងារឲ្យវិទ្យុនេះអស់ជាច្រើនឆ្នាំ។
    ទោះយ៉ាងណា ខ្ញុំក៍បានឈប់ពីវិទ្យុនេះយូរហើយដោយសារ តែខ្ញុំបានមើលឃើញថា អាស៊ីសេរីមិនមែនជាស្ថាប័នសារព័ត៌មានទេ ប៉ុន្តែជាឧបករណ៍បម្រើនយោបាយដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែមួយមុខគត់។ ក្នុងនាមអ្នកសារព័ត៌មានម្នាក់ ខ្ញុំសូមឲ្យអ្នកបម្រើការងារនៅវិទ្យុអាស៊ីសេរីគិតគូរពីវិជ្ជាជីវៈ និងភាពថ្លៃថ្នូរក្នុងអាជីពផង ដោយ មិនត្រូវបន្តធ្វើជាឧបករណ៍ នយោបាយដាច់ថ្លៃបែបនេះទេ។ សព្វថ្ងៃនេះ វិទ្យុអាស៊ីសេរីអាចបំពេរបានតែអ្នកគាំទ្រក្រុមប្រឆាំងផ្កាប់មុខតែប៉ុណ្ណោះ។ ចំណែកអ្នកមាននិន្នាការកណ្តាលនិយមនិងអ្នកគាំទ្របក្សផ្សេង គេមិនអាចស្តាប់ចូលនោះឡើយ។
    ដូច្នេះ ខ្ញុំសុំឲ្យអ្នកកាសែតដែល នៅបន្តបម្រើការងារឲ្យវិទ្យុនេះចេះខ្មាស់អៀន ហើយកុំដើម្បីតែស្វែងរកសិទ្ធិជ្រកកោននៅអាមេរិកនិងដើម្បីតែ
    ផលប្រយោជន៍នយោបាយ បែរជាយកស្ថាប័នសារព័ត៌មានមួយទៅធ្វើបាយឡុកបាយឡរដូច្នេះ។ ការធ្វើរបៀបនេះ គឺវាគ្មានតម្លៃអ្វីឡើយក្រៅពីការបំផ្លាញជាតិឯងនិងខ្លួនឯងនៅទីបំផុត៕