អតីតមន្ត្រីបក្សប្រឆាំងខេត្តបាត់ដំបងអះអាងថានឹងចូលបំភ្លឺ ទោះបារម្ភពីការចាប់ខ្លួន


|
https://vodhotnews.com

សកម្មជនគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបងដែលតុលារការចេញដីកាកោះហៅឱចូលបំភ្លឺ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃ១៧ ខែឧសភា ឆ្នាំ២០១៩។ រូបភាព៖ Suong Neakpaon

អតីតមន្ត្រីគណបក្សប្រឆាំងមួយចំនួននៅខេត្តបាត់ដំបងអះអាងថា នឹងទៅបំភ្លឺតា​មដីកាកោះរបស់តុលាការនៅខេត្តទោះបារម្ភខ្លាចមានករណីចាប់ខ្លួនក៏ដោយ។

តុលាការខេត្តនេះចេញដីកាកោះហៅអតីមន្ត្រីគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបង ចំនួន១២នាក់ ចូលទៅបំភ្លឺ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃ១៧ ខែឧសភានេះ នូវអ្វីដែលតំណាងអយ្យការចាត់ទុកថា ពួកគេប្រឆាំងនឹងសាលដីកាតុលាការកំពូល ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

តុលាការកំពូល កាលពីពេលនោះ បានចេញសាលដីការំលាយគណបក្សសង្គ្រោះជាតិនិងបានបង្គាប់មន្ត្រីគណបក្សនេះ ចំនួន១១៨នាក់មិនឲ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ។

អតីតប្រធានប្រតិបត្តិស្រុកគាស់ក្រឡ ថោង សារឿន ឲ្យ VOD ដឹងថា លោកនឹងទៅបំភ្លឺតាមដីកាកោះ បើទោះបីលោកបារម្ភថា អាចនឹងមានករណីចាប់ខ្លួនកើតឡើងក៏ដោយ។

លោកថា៖ «កោះហៅនេះ មិនដឹងជារឿងស្អី ខ្ញុំអត់ទាន់ដឹងដែរ គេគ្រាន់តែដាក់ថា ទៅបំភ្លឺ អត់ទាន់ដឹងបំភ្លឺរឿងអី អត់ទាន់ដឹង។ ខ្ញុំត្រូវតែទៅ ខ្ញុំអត់រាថយទេ»។

អតីតសមាជិកប្រតិបត្តិគណបក្សស្រុកសំពៅលូន លោក ស៊ឹម ឡៅ អះអាងដែរថា លោកមិនបានធ្វើសកម្មភាពនយោបាយម្តងណាទេចាប់ពីថ្ងៃដែលតុលាការកំពូលប្រកាសរំលាយគណបក្សសង្គ្រោះជាតិមកហើយថាការចូលទៅបង្ហាញខ្លួននេះ ដើម្បីចង់បង្ហាញពីភាពស្អាតស្អំរបស់លោក។

អតីតចៅសង្កាត់ទួលតាឯក លោក ម៉ក់ រ៉ា និយាយប្រហាក់ប្រហែលដែរថា បើទោះបីជាដឹងថាតុលាការនៅកម្ពុជាមិនឯករាជ្យក៏ដោយ តែលោកថា គ្មានជម្រើសអ្វីក្រៅពីទៅបង្ហាញខ្លួនតាមដីកាកោះ ដើម្បីចង់ដឹងការពិត។

លោកថា៖ «បើយើងអត់ទៅ វានៅតែមានរឿង ប៉ុន្តែ បើយើងទៅ វាល្អជាងយើងមិនទៅ ព្រោះយើងចង់ដឹងថា ការចោទប្រកាន់ហ្នឹង វាការពិត ឬក៏អត់?»

VOD មិនអាចទាក់ទងតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោក គី ប៊ុណ្ណារ៉ា ដែលចេញដីកាកោះ ដើម្បីចង់ដឹងថា អតីតបក្សប្រឆាំងទាំងនោះបានធ្វើសកម្មភាពអ្វីខ្លះប្រឆាំងទៅនឹងសាលដីការបស់តុលាការកំពូលដែលត្រូវបានចោទប្រកាន់នៅពេលនេះទេ។

ប៉ុន្តែ អតី​តចៅសង្កា​ត់អូចា​ររបស់គណបក្សប្រឆាំង ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សិត ដែលតុលាការកោះហៅដែរនោះ បានអះអាងលើបណ្តាញសង្គមថា៖

«ករណីនេះ គឺជាការគំរាមកំហែងផ្នែកនយោបាយ »។

ក្នុងពិធីមួយនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២២ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំមន្ត្រីរបស់ខ្លួនមិនឱ្យឆ្លើយឆ្លងជាមួយមេបក្ស ឬក្រុមបក្សប្រឆាំងឡើយ។

ក្រៅពីមិនឱ្យឆ្លើយឆ្លង លោកក៏បានណែនាំឱ្យមន្ត្រីទាំងឡាយរបស់ខ្លួនចាត់វិធានការកម្ទេចក្រុមប្រឆាំងមិនឱ្យងើបរួច​ទៀតផង។

 លោកមានប្រសាសន៍ថា៖ «ខ្ញុំក៏មិនចាំបាច់និយាយអ្វីវែងឆ្ងាយដែរ ព្រោះបានណែនាំហើយ ងើបមួយវ៉ៃមួយ ងើបពីរវ៉ៃពីរ ចប់។ វាគ្មានរឿងអីកើតឡើងទេ តែក្រៅច្បាប់ហើយ ខុសច្បាប់ហើយ គឺដាក់ហើយ។ អាហ្នឹង គឺរឿងតែប៉ុណ្ណឹងទេ។»

អ្នកវិភាគនយោបាយ លោក មាស នី មានប្រសាសន៍ថា វិធានការរំលាយគណបក្សប្រឆាំងបានកើតឡើងពេលគណបក្សនេះហក់ឡើងប្រជាប្រិយភាពជិតទាន់គណបក្សកាន់អំណាច។ លោកថាគណបក្សនេះក៏មានអ្នកគាំទ្រជាង៣លាននាក់ ជិតស្មើនឹងពាក់កណ្តាលប្រទេសផងដែរ។

អ្នកវិភាគរូបនេះ បង្ហាញការព្រួយបារម្ភថា របត់នយោបាយអាចនឹងរុញកម្ពុជាឲ្យរអិលកាន់តែលឿនទៅរករបបផ្តាច់ការដូចពីអតីតកាល បើមេដឹកនាំមិនចេះសម្របសម្រួលគ្នា ហើយជ្រើសរើសយក វិធានការកម្ទេចដៃគូដែលមានអ្នកគាំទ្រជិតពាក់កណ្តាលប្រទេសនោះ។

លោកថា៖ «ក៏ប៉ុន្តែ បើបន្តបញ្ចេញសារកម្ទេចចោលៗបែបនេះ យើងមើលទៅវាអាច បើយើងមិនបានប្រយ័ត្នប្រយែងទេ នោះវានឹងរអិលចូលទៅក្នុងរបបផ្តាច់ការកាន់តែលឿនផងដែរ»។

ជម្លោះនយោបាយពេលនេះ ក្រៅពីប្រឈមបញ្ហាផ្ទៃក្នុង កម្ពុជាក៏កំពុងគំរាមកំហែងទៅនឹងវិធានការប្លុកលោកសេរីដែលនាំមុខគេដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដែរ ពាក់ព័ន្ធប្រព័ន្ធអនុពន្ធ EBA របស់អឺរ៉ុប និង GSP របស់សហរដ្ឋអាមេរិក។

ប្រព័ន្ធអនុគ្រោះពន្ធនេះ សមាគមរោងចក្រកាត់ដេរកម្ពុជា បង្ហាញការព្រួយបារម្ភថា បើកម្ពុជាបាត់បង់ EBA មែន វានឹងប៉ះពាល់ដល់កម្មករក្នុងវិស័យកាត់ដេរជាង៧០ម៉ឺននាក់ និងពលខែ្មរប្រមាណជា២លាននាក់ផ្សេងទៀតដោយប្រយោល។


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles