តើ​កត្តា​អ្វីខ្លះ​ជំរុញ​ពលករ​ខ្មែរ​នៅ​កូរ៉េ​ឱ្យ​ក្លាហាន​តស៊ូ​មតិ​ប្រឆាំង​របប​ក្រុងភ្នំពេញ?

ដោយ ជី វិតា
2019-05-04
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង


ទិដ្ឋភាព​មហា​បាតុកម្ម​ភ្លើង​ទៀន​របស់​គណបក្ស​សង្គ្រោះជាតិ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ក្វាងជូ (Qwangju) ប្រទេស​កូរ៉េ​ខាងត្បូង នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៩។ RFA/Jeevita
ទិដ្ឋភាព​មហា​បាតុកម្ម​ភ្លើង​ទៀន​របស់​គណបក្ស​សង្គ្រោះជាតិ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ក្វាងជូ (Qwangju) ប្រទេស​កូរ៉េ​ខាងត្បូង នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៩។ RFA/Jeevita


ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ត្រូវ​បាន​អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ​កោតសរសើរ​ថា មាន​ទឹកចិត្ត​ក្លាហាន​មោះមុត ហ៊ាន​ចេញមុខ​តស៊ូ​មតិ​ប្រឆាំង​របប​ក្រុងភ្នំពេញ ដែល​ពួកគេ​មើល​ឃើញ​ថា កំពុង​ដឹកនាំ​កម្ពុជា​ឆ្ពោះ​ទៅ​របប​ផ្ដាច់ការ។

មាន​ស្ថានភាព​ពីរ​ដែល​ជំរុញ​សន្ទុះ​ចិត្ត​របស់​ពួកគេ​ឱ្យ​ចូលរួម​គិតគូរ​ពី​វាសនា​ប្រទេសជាតិ​ខ្លួន​យ៉ាងសកម្ម​បែប​នោះ។

តើ​មាន​ស្ថានភាព ឬ​កត្តា​ទាំងពីរ​យ៉ាង​នោះ​មាន​អ្វីខ្លះ​?

ទោះជា​រស់នៅ​សែន​ឆ្ងាយ​ពី​មាតុភូមិ​របស់​ខ្លួន និង​មមាញឹក​ជាមួយ​ការងារ​ប្រចាំថ្ងៃ​ក្តី ក៏​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​តែងតែ​ខ្វាយខ្វល់​អំពី​វាសនា​អនាគត​ប្រទេសជាតិ​របស់​ខ្លួន។

ពួកគេ​បញ្ចេញ​សកម្មភាព​តស៊ូ​មតិ​ដោយ​ចំហ ដោយ​ចំណាយ​ធនធាន ដើម្បី​ឱ្យ​មានការ​ផ្លាស់ប្តូរ​នៅ​ប្រទេស​កម្ពុជា ដែល​ពួកគេ​មើល​ឃើញ​ថា កំពុង​ត្រូវ​គណបក្ស​កាន់អំណាច​ចាប់​យក​ធ្វើជា​ចំណាប់ខ្មាំង។

មាន​កត្តា​ចម្បង​ពីរ​យ៉ាង ដែល​ជំរុញ​ទឹកចិត្ត​ពលករ​ខ្មែរ​ចំណាកស្រុក​នៅ​ប្រទេស​កូរ៉េ ឱ្យ​ហក់​ចូល​ប្រឡូក​ក្នុង​កិច្ចការ​នយោបាយ​ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ កត្តា​ទី​១ គឺ​បរិយាកាស​នយោបាយ​គាបសង្កត់​ផ្ទៃក្នុង​ប្រទេស និង​កត្តា​ទី​២ គឺ​បរិយាកាស​នយោបាយ​អំណោយផល​នៅ​ប្រទេស​កូរ៉េ។

ការគាបសង្កត់​ជំរុញ​ឱ្យ​មាន​ការ​តស៊ូ

ពលករ​មួយ​ចំនួន​ឱ្យ​ដឹង​ថា កត្តា​ចម្បង គឺ​របប​ក្រុងភ្នំពេញ​តែម្ដង​ជា​អ្នក​បង្ខំ​ពួកគេ​ឱ្យ​ចេញ​មុខ​តវ៉ា​ប្រឆាំង​របប​ហិង្សា​និយម​របស់​ខ្លួន​។ ពលករ​ចំណាកស្រុក​និយាយ​ថា មួយ​ថ្ងៃៗ​ពួកគេ​ធ្វើការ​ហត់នឿយ​ខ្លាំង​រហូត​ស្ទើរ​គ្មាន​ពេល​សម្រាក ដូច្នេះ​គ្មាន​ទឹកចិត្ត​ឯណា​ទៅ​តស៊ូ​មតិ ធ្វើ​នយោបាយ​ស្អី​គេ​ទៀត​នោះ​ទេ​។ ប៉ុន្តែ​ដោយសារតែ​អំពើ​ផ្ដាច់ការ​របស់​អាជ្ញាធរ​ក្រុង​ភ្នំ​ញ ដែល​ប្រើ​ហិង្សា​បង្ក្រាប ចាប់​ដាក់គុក និង​បំបិទ​សំឡេង​អ្នក​ប្រជាធិបតេយ្យ រួម​ទាំង​កម្មករ ឥត​ស្រាក​ស្រា​ន​នោះ​ហើយ ទើប​បង្ខំ​ពួកគេ​ឱ្យ​ហ៊ាន​ចេញមុខ​តវ៉ា​ប្រឆាំង​ពី​ក្រៅ​ប្រទេស។

លោក ឃ្លោក លាភ ជា​ពលករ​ចំណាកស្រុក​ម្នាក់​ក្នុងចំណោម​ពលករ​ខ្មែរ​ប្រមាណ​ប្រាំមួយ​ម៉ឺន​នាក់ (៦០.០០០) នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​។ លោក​ប្រាប់​ថា ពលករ​ចំណាកស្រុក​ឈឺចាប់​នៅ​ពេល​ឃើញ​កម្មករ​រោងចក្រ​ក្នុងស្រុក​ត្រូវ​គេ​ធ្វើបាប។

លោក ឃ្លោក លាភ បញ្ជាក់​ថា អ្វី​ដែល​ដុត​កំហឹង​ពលករ​ចំណាកស្រុក​នៅ​ក្នុង​ប្រទេស​កូរ៉េ ឱ្យ​កាន់តែ​ក្ដៅ​រោល​ខ្លាំង​ឡើង​នោះ គឺ​នៅ​ពេល​ពួកគេ​ឃើញ​កម្មករ​រោងចក្រ​ត្រូវ​អាជ្ញាធរ​ក្រុងភ្នំពេញ​បាញ់​បង្ក្រាប​នៅ​លើ​ផ្លូវ​វ៉េងស្រេង​កាល​ពី​ដើម​ឆ្នាំ​២០១៤៖ «ឃើញ​របប​លោក ហ៊ុន សែន បាញ់​ប្រហារ​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង​ស្លាប់​ទាំង​ស្រស់ៗ​អ៊ីចឹង វា​ជា​ចំណុច​មួយ​រឹតតែ​ធ្វើ​ឱ្យ​ពួកគាត់​ឈឺចាប់​កាន់តែ​ខ្លាំង មើល​ឃើញ​ការដឹកនាំ​ដ៏​ឃោរឃៅ​របស់​លោក ហ៊ុន សែន គ្រាន់តែ​សុំ​តែ​ម៉ា​រស់ កាល​ហ្នឹង​សុំ​១៦០​ដុល្លារ​ទេ បាញ់​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង​ស្លាប់​។ អ៊ីចឹង​ដុត​កំហឹង​ពួកគាត់​ឱ្យ​ស្អប់ខ្ពើម​របប​លោក ហ៊ុន សែន កាន់តែ​ខ្លាំង​ឡើងៗ​អ៊ីចឹង ពួកគាត់​ក៏​ក្រោក​តវ៉ា​ប្រឆាំង​ជា​បន្តបន្ទាប់​។ ឃើញ​ហើយ​ពួកគាត់​ចូលរួម​បាតុកម្ម​ច្រើន​លើក​ច្រើនសា កាន់​តែ​មាន​កំហឹង​ពុះកញ្ជ្រោល ដែល​ខុសប្លែក​ពី​លោក ហ៊ុន សែន ថា ពលករ​ខ្មែរ​មក​ប្រទេស​កូរ៉េ​គិតតែ​សប្បាយ គិតតែ​រកលុយ តែ​ពួកគាត់​មិន​អ៊ីចឹង​ទេ ។ ពូក​គាត់​មក​ប្រទេស​គេ ហើយ​ឈឺចាប់​ឃើញ​ការដឹកនាំ​របស់​លោក ហ៊ុន សែន បាញ់សម្លាប់​ពលរដ្ឋ​ខ្លួនឯង​អ៊ីចឹង​ទៅ ឃើញ​រូបភាព​នេះ​ឃោរឃៅ​ណាស់ ឃើញ​អយុត្តិធម៌​នៅ​ក្នុង​សង្គម​បន្តបន្ទាប់ អ៊ីចឹង​ពួកគាត់​ឈឺចាប់​មែនទែន​ទាំង​គេ​ទាំង​ខ្ញុំបាទ»

ក្រុម​កម្មករ​រត់​គេច​ខ្លួន​ពេល​សមត្ថកិច្ច​ប្រើ​ហិង្សា​បង្ក្រាប​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។
ក្រុម​កម្មករ​រត់​គេច​ខ្លួន​ពេល​សមត្ថកិច្ច​ប្រើ​ហិង្សា​បង្ក្រាប​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។
Photo: RFA

ពលករ​ចំណាកស្រុក​នៅ​ប្រទេស​កូរ៉េ​មួយ​រូប​ទៀត គឺ​លោក សំ សូនិច្ច បញ្ជាក់​ថា ការ​ប្រើ​គ្រាប់​ពិត​បាញ់​បង្ក្រាប​ទៅលើ​កម្មករ​នៅ​លើ​ផ្លូវ​វ៉េងស្រេង ពិតជា​បាន​ដុត​កំហឹង និង​ធ្វើ​ឱ្យ​កម្មករ​គ្រប់​ទីកន្លែង​ឈឺចាប់៖ «ក្នុងនាម​ខ្ញុំ​ក៏​ជា​ពលករ​ម្នាក់​មាន​អារម្មណ៍​ឈឺចាប់​ណាស់ នៅ​ពេល​ឃើញ​ឈាម​ហូរ​ស្រក់​ស្រស់ៗ​នៅ​ផ្លូវ​វ៉េងស្រេង ពេល​គាត់​បាញ់​ប្រហារ​ទៅលើ​កម្មករ​ដែល​មិន​មាន​ការ​អាណិតអាសូរ ឬ​ខ្លាច​ញញើត​ជនជាតិ​ខ្មែរ​ដូចគ្នា​សោះ​។ នេះ​ជា​ចំណុច​មួយ​ដែល​ខ្ញុំ​ឈឺចាប់ មិន​ចង់​ឱ្យ​​មាន​ទង្វើ​នេះ​កើត​មក​លើ​ពួក​ខ្ញុំ ដែល​ធ្វើ​សកម្មភាព​បញ្ជាក់​ថា មិន​ពិត​ចិត្ត​ចំពោះ​ទង្វើ​ដែល​គាត់​ធ្វើ​។ ជា​ការ​ពិត សព្វថ្ងៃ​បងប្អូន​ពលករ​ទាមទារ​ហ្នឹង​គឺ​ដោយសារ​ឈឺចាប់​ទង្វើ​ព្រៃ​ផ្សែ​ដឹកនាំ​របស់​គាត់​មកដល់​សព្វថ្ងៃ​នេះ»

កាលពី​ថ្ងៃ​ទី​៣ ទី​៤ ខែ​មករា ឆ្នាំ​២០១៤ បាតុកម្ម​របស់​កម្មករ​រោងចក្រ​ពីរ​កន្លែង​ផ្សេងគ្នា​បាន​ផ្ទុះឡើង គឺ​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង ជាយក្រុង​ភ្នំពេញ និង​នៅ​រោងចក្រ​យ៉ាកជីន (Yak Jin) នៅ​កំបូល​ខេត្ត​កណ្តាល ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​១៦០​ដុល្លារ​។ បាតុកម្ម​នោះ​ផ្ទុះឡើង​ស្រប​ពេល​កម្ពុជា​កំពុង​មាន​វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣។ កម្មករ​៤​នាក់​ត្រូវ​បាន​បាញ់សម្លាប់ ម្នាក់​បាត់​ខ្លួន និង​ជិត​៤០​នាក់​រង​របួស។

សមត្ថកិច្ច​បង្ក្រាប​លើ​កម្មករ​នាំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​សុំ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ នៅ​តាម​បណ្ដោយ​ផ្លូវវ៉េងស្រេង រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៣ មករា ២០១៤។ ក្នុង​ការ​បង្ក្រាប​នោះ​មាន​មនុស្ស ៥​នាក់​បាន​ស្លាប់ និង​ជិត ៤០​នាក់​ផ្សេង​ទៀត​រង​របួស។

សមត្ថកិច្ច​បង្ក្រាប​លើ​កម្មករ​នាំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​សុំ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ នៅ​តាម​បណ្ដោយ​ផ្លូវវ៉េងស្រេង រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៣ មករា ២០១៤។ ក្នុង​ការ​បង្ក្រាប​នោះ​មាន​មនុស្ស ៥​នាក់​បាន​ស្លាប់ និង​ជិត ៤០​នាក់​ផ្សេង​ទៀត​រង​របួស។
Photo: RFA

បន្ថែម​ពីលើ​នេះ ថ្នាក់ដឹកនាំ​សហជីព និង​កម្មករ​ជាង​២០​នាក់ ត្រូវ​បាន​ចាប​ខ្លួន វាយដំ និង​បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​នៅ​ត្រពាំង​ផ្លុង​អស់​រយៈពេល​ជិត​៥​ខែ ដោយ​រង​ការ​ចោទ​ពី​បទ​ញុះញង់​កម្មករ។

អង្គការ​សិទ្ធិមនុស្ស រួម​ទាំង​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​ស​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊េឌី (Sorya Subedi) ហៅ​ការ​បាញ់​ប្រហារ​លើ​កម្មករ​នៅ​លើ​ផ្លូវ​វ៉េងស្រេង ជា​ការ​ប្រើ​កម្លាំង​ច្រើន​ហួសហេតុ មិន​ចាំបាច់ និង​មិន​សម​មាត្រ​កម្លាំង​គ្នា​ជាមួយ​កម្មករ​ដែល​ប្រើ​ដុំ​ថ្ម បន្ទាប់ពី​កម្លាំង​ប្រដាប់​អាវុធ​ក្រុង​ភ្នំពេញ បាន​ប្រើ​អំពើ​ហិង្សា​លើ​ពួកគេ នៅ​ខណៈ​កម្មករ​ទាំងនោះ​កំពុង​ប្រើ​ធុងបាស​ច្រៀង​ចម្រៀង​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​។ មក​ទល់​ពេល​នេះ គ្មាន​ជន​ដៃដល់​ណា​ម្នាក់​ត្រូវ​បាន​នាំ​ខ្លួន​មក​ជំនុំជម្រះ​ទាក់ទង​នឹង​ការ​បាញ់ប្រហារ​កម្មករ​ទាំងនោះ​នៅ​ឡើយ​ទេ។

ប្រជាធិបតេយ្យ​កូរ៉េ​រឹងមាំ​អំណោយផល​ដល់​ពលករ​ខ្មែរ

កត្តា​ទី​២ ដែល​លើកទឹកចិត្ត​ពលករ​ខ្មែរ​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​ឱ្យ​ក្លាហាន ហ៊ាន​ថ្កោលទោស​របប​ក្រុងភ្នំពេញ​ដោយ​ចំហ​នោះ គឺ​ដោយសារ​បរិយាកាស​នយោបាយ​របស់​ប្រទេស​កូរ៉េខាងត្បូង ដែល​អំណោយផល​ដល់​ពួកគេ​។ កូរ៉េខាងត្បូង​ជា​ប្រទេស​នីតិរដ្ឋ យក​ច្បាប់​ជាធំ ប្រកាន់​របប​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។

ស្ថាប័ន​ស្រាវជ្រាវ​វាស់​ស្ទង់​សន្ទស្សន៍ ប្រជាធិបតេយ្យ​អន្តរជាតិ​មួយ​ឈ្មោះ The Economist Intelligence Unit’s (Index of Democracy) ហៅ​កាត់​ថា អ៊ី​.​អៃ​.​យូ (EIU) បាន​ចាត់​ចំណាត់ថ្នាក់​ប្រទេស​កូរ៉េខាងត្បូង ថា ជា​ប្រទេស​មួយ​មាន​ប្រជាធិបតេយ្យ​ល្អ​ខ្ពស់​ជាងគេ​បំផុត​ក្នុងចំណោម​ប្រទេស​នៅ​តំបន់​អាស៊ី ហើយ​នៅ​ក្នុង​លំដាប់​ពិភពលោក​វិញ ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ល្អ​ខ្ពស់​ជាង​ប្រទេស​បារាំង ប្រទេស​បែលហ្សិក និង​សហរដ្ឋអាមេរិក ទៅ​ទៀត។

ពាក្យស្លោក​មួយ​ឃ្លា​ពោល​ថា «​ការ​ឮ​គេ​និយាយ​មួយ​ពាន់​ដង មិន​ស្មើនឹង​ការ​ឃើញ​ផ្ទាល់​ភ្នែក​មួយដង​នោះ​ទេ»។ របប​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ដែល​មនុស្ស​គ្រប់រូប​មាន​ភាពស្មើគ្នា​ចំពោះ​មុខ​ច្បាប់ បាន​ជះឥទ្ធិពល​ខ្លាំងក្លា​លើ​យុវជន​ខ្មែរ​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ជឿនលឿន​មួយ​នេះ។ ពលករ​ខ្មែរ​ដែល​ចាក​ចេញពី​ស្រុកកំណើត​របស់​ខ្លួន​ទាំង​បង្ខំចិត្ត ទាំង​ប្រថុយប្រថាន បន្ទាប់ពី​មិន​អាច​រក​ការងារ​ធ្វើ​បាន​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​នោះ មានចិត្ត​រំភើប​ស្រឡាញ់​របៀប​រស់នៅ​ក្នុង​ប្រទេស​កូរ៉េ ហើយ​ចង់​ឃើញ​មាតុភូមិ​របស់​ខ្លួន​យក​គំរូ​តាមរបៀប​ដឹកនាំ​នៅ​ក្នុង​ប្រទេស​រីកចម្រើន​រុងរឿង​មួយ​នេះ។

សមាជ​អ្នកប្រជាធិបតេយ្យ​នៅ​ទីក្រុង​ក្វាងជូ ប្រទេស​កូរ៉េខាងត្បូង កាល​ពីថ្ងៃ​ទី២១ ខែ​មេសា ឆ្នាំ​២០១៩។ RFA/Jeevita

សមាជ​អ្នកប្រជាធិបតេយ្យ​នៅ​ទីក្រុង​ក្វាងជូ ប្រទេស​កូរ៉េខាងត្បូង កាល​ពីថ្ងៃ​ទី២១ ខែ​មេសា ឆ្នាំ​២០១៩។ RFA/Jeevita
RFA/Jeevita

យុវជន ឃ្លោក លាភ បញ្ជាក់​ថា ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ប្រៀប​ដូច​សត្វ​កង្កែប​ដែល​បាន​ចេញ​ផុត​ពី​អណ្ដូង​ទឹក ហើយ​ឃើញ​ផ្ទៃមេឃ​ទូលំទូលាយ​ពោរពេញ​ដោយ​សេរីភាព៖ «ពួកគាត់​អត់​ដែល​ចេញ​មក​ក្រៅ​ស្រុក​អ៊ីចឹង មើល​ឃើញ​ថា ស្រុក​ខ្មែរ​ប៉ុណ្ណឹង​អស្ចារ្យ​ហើយ តែ​ពេល​ពួកគាត់​មកដល់​ប្រទេស​កូរ៉េ​ឃើញ​ប្រទេស​គេ​អភិវឌ្ឍន៍​ហើយ​សន្តិសុខ​សន្តិភាព​ពិត​មួយ​រយ​ភាគរយ មិនមែន​ដូច​ស្រុក​ខ្មែរ​សន្តិភាព​នៅតែ​លើ​បបូរមាត់​អ៊ីចឹង ដើរហើរ​អី​អសន្តិសុខ​រស់នៅ​ដោយ​ភាព​ភ័យខ្លាច បើ​មិន​ចោរ​ឆក់​ចោរប្លន់ ឬ​គ្រោះថ្នាក់​ចរាចរណ៍។

រស់ សារឿន ជា​ពលការិនី​ម្នាក់​កំពុង​ធ្វើ​ការ​ងារ​ក្នុង​ប្រទេស​កូរ៉េ​ដែរ។ សារឿន បាន​ធ្វើ​ដំណើរ​ជាច្រើន​ម៉ោង​ទៅ​ចូលរួម​មហា​បាតុកម្ម​ភ្លើង​ទៀន​នៅ​ទីក្រុង​ក្វាងជូ (Qwangju) ដើម្បី​ចូលរួម​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា កាលពី​ថ្ងៃទី២០ ខែ​មេសា។ សា រឿន ថា នាង​ពេញ​ចិត្តនឹង​របៀបរបប​រស់នៅ​ក្នុង​ប្រទេស​កូរ៉េ ហើយ​ថា សម្រាប់​យុវជន​ខ្មែរ ប្រសិនបើ​ពួកគេ​មិន​នាំគ្នា​ក្រោក​ឡើង​តស៊ូ​ដើម្បី​ប្រទេសជាតិ​ខ្លួន​ទេ កូនចៅ​ជំនាន់​ក្រោយ​របស់​ពួកគេ​នឹង​ជួប​ជីវភាព​កាន់​ពិបាក​ជាង​សព្វថ្ងៃ​នេះ​ទៅ​ទៀត៖ «ចំពោះ​ខ្ញុំ​ដូច​បងប្អូន​ទាំងអស់​គ្នា​អ៊ីចឹង មិនមែន​ជា​អ្នកនយោបាយ​ទេ តែ​អ្វី​ដែល​ពួក​ខ្ញុំ​មាន​គឺ​ក្តី​ស្រឡាញ់​ចំពោះ​ប្រទេសជាតិ​។ និយាយ​រួម​ទៅ ពេល​ឃើញ​ប្រទេសជាតិ​យើង​អ៊ីចឹង​ឈឺចាប់​ណាស់ ព្រោះ​អី​មក​ធ្វើការ​ស្រុក​គេ​តាំងពី​ច្បាប់​ទម្លាប់ តាំងពី​ការរស់នៅ តាំងពី​ប្រជាជន​គេ និយាយ​រួម​ទៅ​គឺ​គេ​ល្អ​ម៉ា​ចប់ តែ​បើ​ស្រុក​ខ្មែរ​ខ្ញុំ​វិញ​អត់​ដឹង​ថា ត្រូវ​ធ្វើ​ម៉េច​ដើម្បី​ផ្លាស់ប្ដូរ​បាន អ៊ីចឹង​យើង​ត្រូវតែ​ខំ​ទាំងអស់​គ្នា ស៊ូ​ទាំងអស់​គ្នា​ដើម្បី​ប្រទេសជាតិ​យើង ដើម្បី​កូនចៅ​យើង​ជំនាន់​ក្រោយ​។ គ្រាន់តែ​ជំនាន់​យើងៗ​ដឹង​ប៉ុណ្ណឹង​ហើយ​យើង​នៅតែ​ស្ទើរតែ​ធ្វើ​មិនបាន ចុះ​ទម្រាំ​កូនចៅ​យើង​ជំនាន់​ក្រោយ ដប់​ម្ភៃ​ឆ្នាំ​ទៅ​មុខ​ទៀត​? ប្រទេសជាតិ​យើង​បើ​យើង​មិន​ក្រោកឈរ​ទេ រលាយ​អស់ហើយ​បងប្អូន»

ការ​រួមគ្នា​ក្រោក​ឈរ​ឡើង​ដើម្បី​រំដោះខ្លួន​ចេញពី​របប​ផ្ដាច់ការ​តាម​ការ​អំពាវ​របស់​ពលការិនី សា រឿន ទាមទារ​ឱ្យ​មាន​ការ​លះបង់។

ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​ដែល​ត្រូវ​បាន​អង្គការ​អ៊ីអៃយូ (EIU) ដាក់​ចំណាត់ថ្នាក់​ថា ល្អ​ខ្ពស់​ជាង​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​បារាំង ប្រទេស​បែលហ្សិក និង​សហរដ្ឋអាមេរិក​ទៅទៀត​នោះ មិនមែន​បាន​មក​ដោយ​ទទេៗ ដោយ​គ្មាន​ការ​តស៊ូ​លះបង់​នោះ​ទេ។

ហេតុអ្វី​ទីក្រុង​ក្វាងជូ

ទីក្រុង​ក្វាងជូ ដែល​ចលនា​យុវជន​ខ្មែរ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ប្រទេស​កូរ៉េ ជ្រើសរើស​ជា​កន្លែង​ប្រមូល​ផ្តុំ​ធ្វើ​សមាជ​អ្នក​ប្រជាធិបតេយ្យ និង​មហា​បាតុកម្ម​ភ្លើង​ទៀន​នោះ គឺជា​ទីកន្លែង​​និមិត្តរូប​នៃ​ការ​ក្រោក​តស៊ូ​ដោយ​ដំណក់​ឈាម​របស់​ប្រជាជន​កូរ៉េ កាលពី​ឆ្នាំ​១៩៨០ ប្រឆាំង​នឹង​របប​ផ្ដាច់ការ​យោធា។

ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ក្នុង​គ្រានោះ គឺ​ស្រដៀង​គ្នា​នឹង​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន​។ មេ​បក្ស​ប្រឆាំង​លោក គិម ឌេជុង (Kim Dae-jung) ត្រូវ​បាន​រដ្ឋអំណាច​យោធា​ចាប់​ដាក់គុក​ពី​បទ​ឃុបឃិត និង​ញុះញង់​ពលរដ្ឋ​ឱ្យ​ងើប​ប្រឆាំង​រដ្ឋាភិបាល​ផ្ដាច់ការ ដែល​ពេលនោះ​ប្រើ​ច្បាប់​អាជ្ញាសឹក ហាម​ការ​ធ្វើ​បាតុកម្ម និង​បិទទ្វារ​សាកលវិទ្យាល័យ​ស្ទើរ​គ្រប់​ទីកន្លែង មិន​ឱ្យ​និស្សិត​ប្រមូល​ផ្តុំ ក្នុង​នោះ​មាន​សាកលវិទ្យាល័យ​ឆុនណាម (Chonnam University) ស្ថិត​ក្នុង​ទីក្រុង​ក្វាងជូ​ផង​ដែរ។

សាលាក្រុង ក្វាងជូ (Gwangju)។ RFA/Jeevita

សាលាក្រុង ក្វាងជូ (Gwangju។
RFA/Jeevita

ប៉ុន្តែ​បម្រាម​នោះ មិន​អាច​រារាំង​និស្សិត​នៅ​សាកលវិទ្យាល័យ​ឆុនណាម​បាន​ទេ។ ពួកគេ​បាន​ចេញ​តវ៉ា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​យោធា រំសាយ​ច្បាប់អាជ្ញាសឹក និង​ដោះលែង​មេ​បក្ស​ប្រឆាំង​លោក គិម ឌេជុង ដែល​មាន​ស្រុកកំណើត​នៅ​ក្នុង​ទីក្រុង​ក្វាងជូ ដែរ​នោះ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

ប៉ុន្តែ​ការ​តវ៉ា​របស់​និស្សិត​ដោយ​សន្តិវិធី​ត្រូវ​បាន​ក្រុម​ទាហាន​វាយដំ និង​បាញ់សម្លាប់​ប្រមាណ ១០០​នាក់​នៅ​ក្នុង​ថ្ងៃ​ដំបូង។ ការ​បង្ក្រាប​យ៉ាង​ហិង្សា​នេះ បាន​ដុត​កំហឹង​ប្រជាជន​កូរ៉េ​ឱ្យ​ពុះកញ្ជ្រោល​កាន់តែ​ខ្លាំង ជំរុញ​ឱ្យ​កម្លាំង​បាតុករ​កើន​ឡើង​យ៉ាង​គំហុក​រហូតដល់​ជាង ១០.០០០ (​មួយ​ម៉ឺន​នាក់​)

ការ​ប្រឈមមុខ​តតាំង​របស់​បាតុករ ប្រឆាំង​ក្រុម​ទាហាន​ដែល​ប្រដាប់​ដោយ​អាវុធ​ពេញដៃ រយៈពេល​១០​ថ្ងៃ គឺ​ពី​ថ្ងៃ១៨ ដល់​ថ្ងៃទី២៧ ខែ​ឧសភា ឆ្នាំ​១៩៨០ នោះ បណ្ដាល​ឱ្យ​បាតុករ​ជាង​ប្រាំ​មួយ​រយ​នាក់ (៦០០) បាន​ស្លាប់​បាត់​បង់ជីវិត។

ទិដ្ឋភាពក្នុង​សារមន្ទីរ ដែល​បង្ហាញពី​សកម្មភាព​អាជ្ញាធរបង្រ្កាប ពលរដ្ឋ​កូរ៉េខាងត្បូង នៅ​ក្រុង​ក្វាងជូ កាល​ពី​ឆ្នាំ​១៩៨០។ RFA/Jeevita

ទិដ្ឋភាពក្នុង​សារមន្ទីរ ដែល​បង្ហាញពី​សកម្មភាព​អាជ្ញាធរបង្រ្កាប ពលរដ្ឋ​កូរ៉េខាងត្បូង នៅ​ក្រុង​ក្វាងជូ កាល​ពី​ឆ្នាំ​១៩៨០។ RFA/Jeevita
RFA/Jeevita

ទោះជា​យ៉ាងណា​ក៏​ដោយ​ចុះ ក្រោយមក មេ​រដ្ឋប្រហារ​យោធា និង​មេ​ក្លោង​ពាក់ព័ន្ធ​ក្នុង​ការ​បាញ់សម្លាប់​ក្រុម​បាតុករ ត្រូវ​បាន​ផ្ដន្ទាទោស​ដោយ​រដ្ឋាភិបាល​ស្របច្បាប់ ប៉ុន្តែ​ដោយ​យោង​លើ​ស្មារតី​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ ទណ្ឌិត​ទាំងអស់​ត្រូវ​បាន​លើកលែងទោស​ជា​បន្តបន្ទាប់​ដោយ​ប្រធានាធិបតី​ជាប់ឆ្នោត។

រីឯ​មេបក្ស​ប្រឆាំង​លោក គិម ឌេជុង (Kim Dae-jung) ដែល​របប​យោធា​ចាប់​ដាក់​ពន្ធនាគារ បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ​១៩៩៨។

បូជនីយដ្ឋាន​បញ្ចុះ​សព និង​សារមន្ទីរ​បាតុករ​ប្រជាធិបតេយ្យ

ដើម្បី​រលឹក និង​គោរព​វិញ្ញាណក្ខន្ធ​អ្នក​លះបង់​ជីវិត​ដើម្បី​បុព្វហេតុ​ប្រជាធិបតេយ្យ ទីលាន​បញ្ចុះ​សាកសព​វារៈ​បាតុករ​ជាតិ ត្រូវ​បាន​សាងសង់​និង​បើក​សម្ពោធ​នៅ​ឆ្នាំ​១៩៩៧ នៅ​ក្នុង​ទីក្រុង​ក្វាងជូ បន្ទាប់ពី​រដ្ឋាភិបាល​ជាប់ឆ្នោត​ស្របច្បាប់​បាន​បង្កើត​ឡើង។

ផ្នូរ​កប់សពពលរដ្ឋ​កូរ៉េខាងត្បូង នៅ​ក្រុង​ក្វាងជូ ប្រមាណ​ ៦០០នាក់ ដែល​ត្រូវ​អាជ្ញាធររដ្ឋ​សម្លាប់​ដោយ​ការ​បង្រ្កាប កាល​ពី​ឆ្នាំ​១៩៨០។ RFA/Jeevita

ផ្នូរ​កប់សពពលរដ្ឋ​កូរ៉េខាងត្បូង នៅ​ក្រុង​ក្វាងជូ ប្រមាណ​ ៦០០នាក់ ដែល​ត្រូវ​អាជ្ញាធររដ្ឋ​សម្លាប់​ដោយ​ការ​បង្រ្កាប កាល​ពី​ឆ្នាំ​១៩៨០។ RFA/Jeevita
RFA/Jeevita

នៅ​ទីក្រុង​ក្វាងជូ​ដដែល​នេះ មជ្ឈមណ្ឌល​វប្បធម៌​អាស៊ី (Asia Culture Center) ដែល​មាន​ការ​ដាក់​បង្ហា​ញ​ឯកសារ​រូបថត និង​ហ្វិម​នៃ​សកម្មភាព​ប្រើ​ហិង្សា និង​ការ​បង្ក្រាប​របស់​ក្រុម​ទាហាន​ទៅលើ​ក្រុម​បាតុករ​នោះ ក៏​ត្រូវ​បាន​បង្កើត និង​បើក​ឱ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​២០១៥ ។ សារមន្ទីរ​នេះ ក៏​មាន​ដាក់​តាំង​ឯកសារ​ប្រវត្តិសាស្ត្រ​កម្ពុជា​ផង​ដែរ។

ដូច្នេះ ការ​ជ្រើសរើស​ទីក្រុង​ក្វាងជូ ធ្វើជា​ទីកន្លែង​ជួបជុំ​ធ្វើ​មហា​បាតុកម្ម​ភ្លើង​ទៀន​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ ដើម្បី​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា រៀបចំ​ដោយ​ចលនា​យុវជន​ខ្មែរ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ប្រទេស​កូរ៉េ សហការ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​កូរ៉េ និង​ដោយមាន​គាំទ្រ​ពី​សមត្ថកិច្ច​កូរ៉េ​នៃ​ទីក្រុង​ប្រវត្តិសាស្ត្រ​មួយ​នេះ មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​។ ទីក្រុង​ក្វាងជូ គឺជា​ទីក្រុង​និមិត្តរូប​នៃ​ភាព​ក្លាហាន និង​ការ​តស៊ូ ដើម្បី​សេរីភាព និង​ប្រជាធិបតេយ្យ ដែល​ប្រជាជន​កូរ៉េ​ចង់​ឃើញ​លទ្ធិប្រជាធិបតេយ្យ​រីក​ដុសដាល​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​ទៀត ពីព្រោះ​ពួកគេ​យល់ថា ប្រជាធិបតេយ្យ​នេះឯង​ដែល​ធ្វើ​ឱ្យ​ប្រទេស​កូរ៉េ​របស់​ខ្លួន​រឹងមាំ​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ផ្នែក​យោធា។

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ គោរព​វិញ្ញាណក្ខន្ធ​ពលរដ្ឋ​កូរ៉េខាងត្បូង នៅ​ក្រុង​ក្វាងជូ ប្រមាណ​ ៦០០នាក់ ដែល​ត្រូវ​អាជ្ញាធររដ្ឋ​សម្លាប់​ដោយ​ការ​បង្រ្កាប កាល​ពី​ឆ្នាំ​១៩៨០។ RFA/Jeevita

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ គោរព​វិញ្ញាណក្ខន្ធ​ពលរដ្ឋ​កូរ៉េខាងត្បូង នៅ​ក្រុង​ក្វាងជូ ប្រមាណ​ ៦០០នាក់ ដែល​ត្រូវ​អាជ្ញាធររដ្ឋ​សម្លាប់​ដោយ​ការ​បង្រ្កាប កាល​ពី​ឆ្នាំ​១៩៨០។ RFA/Jeevita
RFA/Jeevita

ពលករ សំ សូនិច្ច បញ្ជាក់​ថា បើ​ទោះ​ជា​ខ្លួន​ឃ្លាត​ចាក​ឆ្ងាយ​ពី​ស្រុកកំណើត​ក្ដី លោក​ពេញចិត្ត​រស់នៅ​ក្នុង​ប្រទេស​កូរ៉េ​ជាង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​ថា នៅ​កម្ពុជា​ឃើញ​តែ​រដ្ឋអំណាច​ចាប់ចង សម្លុត​គំរាមកំហែង​អ្នកមាន​មតិផ្ទុយ​ពី​ខ្លួន ហើយ​សូម្បីតែ​ពលករ​ចំណាកស្រុក​ដូច​ពួក​លោក​ក៏​មិន​លើកលែង​ដែរ៖ «ពួក​ខ្ញុំ​ជា​ពលករ​តែង​ចូលរួម​សកម្មភាព​រឿង​ទាក់ទង​ប្រទេសជាតិ ស្នេហា​ជាតិ​ស្រលាញ់​ជាតិ តែ​នៅ​ពេល​ពួកគាត់​ឃើញ​ពួក​ខ្ញុំ​ធ្វើ​សកម្មភាព​តែង​គំរាមកំហែង​ចាប់ចង​ប្ដឹងផ្ដល់​ពួក​ខ្ញុំ​ហ្នឹង​មិន​ឱ្យ​ចូល​ស្រុក ឬ​នៅ​បាន​ស្រួល ដូច​ប្រទេស​ដែល​ពួក​ខ្ញុំ​នៅ​រាល់ថ្ងៃ​ហ្នឹង គឺ​រស់នៅ​ស្រួល​ជាង​ប្រទេស​ខ្មែរ​បាទ»

នៅ​ខណៈ​ពលករ​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េ​កំពុង​រៀបចំ​មហា​បាតុកម្ម​ភ្លើង​ទៀន​ជា​លើក​ទី​២ ដើម្បី​ស្តារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា កាលពី​ខែ​មេសា​កន្លងទៅ អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​បញ្ចេញ​សារ​នៅ​លើ​ហ្វេសប៊ុក​គំរាម​ចាប់​មេដឹកនាំ​ពលករ​នៅ​ប្រទេស​កូរ៉េខាងត្បូង ប៉ុន្តែ​បន្តិចក្រោយ​មក​សារ​គំរាម​នោះ​ត្រូវ​បាន​ដក​ចេញ។

ពលករ សំ សូនិច្ច ចង់​ឃើញ​អ្នកនយោបាយ​ខ្មែរ និង​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា យក​គំរូ​ដឹកនាំ​ជាតិ​តាម​ប្រទេស​កូរ៉េ​ខាងត្បូង ពីព្រោះ​លោក​ចង់​ឃើញ​កម្ពុជា​រុងរឿង​ដូច​ប្រទេស​រីក​ចំរើន​មួយ​នេះ​។ ជា​ពលករ​ចំណាកស្រុក​ម្នាក់​ក្នុងចំណោម​ពលករ​ខ្មែរ​ប្រមាណ​ប្រាំ​មូ​យ​ម៉ឺន​នាក់ (៦០០០)​នៅ​ប្រទេស​កូរ៉េ ពលករ​រូប​នេះ ទទូច​ឱ្យ​អាជ្ញាធរ​កម្ពុជា បញ្ឈប់​ការ​សម្លុត​គំរាមកំហែង​ពលករ​ដែល​មាន​ឈាមជ័រ​ជា​ខ្មែរ ដូចគ្នា​នេះ​តទៅទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "តើ​កត្តា​អ្វីខ្លះ​ជំរុញ​ពលករ​ខ្មែរ​នៅ​កូរ៉េ​ឱ្យ​ក្លាហាន​តស៊ូ​មតិ​ប្រឆាំង​របប​ក្រុងភ្នំពេញ?"

  1. so socheath says:

    វិទ្យុអាស៊ីសេរីជារោងចក្រផលិតព័ត៌មានក្លែងក្លាយ និងញុះញង់ ដើម្បីបម្រើបុព្វហេតុបដិវត្តន៍ពណ៌បំផ្លាញសន្តិភាព នៅកម្ពុជា
    (ភ្នំពេញ)៖ វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី៣ ខែឧសភា បានផ្សាយបែបបំភ្លៃខុសពីការពិត និងមានល្ខណៈញុះញង់ថា កាលដែលសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី ដឹកនាំ គណៈប្រតិភូទៅគោរពវិញ្ញាណក្ខន្ធ អតីតមេដឹកនាំវៀតណាម លោក ឡេ ឌឹកអាញ់ (Le Duc Anh) គឺជាការប្រមាថប្រជាជនកម្ពុជា និងលើសពីនេះទៀតផ្សាយថា សម្តេចតេជោ ហ៊ុន សែន ព្យាយាមទៅលួងលោមមេដឹកនាំវៀតណាម កុំឲ្យខឹងសម្បារកម្ពុជា រឿងងាកទៅស្និទ្ធនឹងមហាយក្សចិនកាន់តែខ្លាំងនោះ។
    ពិតជាគួរឱ្យអៀនខ្មាសខ្លាំងណាស់ដែលវិទ្យុអាស៊ីសេរីប្រកាសខ្លួនថា ជាវិទ្យុមានអ្នកសារព័ត៌មានវិជ្ជាជីវៈ ជាវិទ្យុឯករាជ្យតែតាមពិតគឺជាវិទ្យុឯករាជ្យក្លែងក្លាយ និងបណ្តុំដោយអ្នកធ្វើការដែលគ្មានវិជ្ជាជីវៈសារព័ត៌មាន។
    ពួកគេជាសកម្មជនបក្សប្រឆាំង និងជាវិទ្យុដែលទទួលបានការគាំទ្រពីចារកម្មអាមេរិក ហើយ
    បម្រើបុព្វហេតុ បដិវត្តន៍ពណ៌តាមរយៈការផលិត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ មាន
    លក្ខណៈញុះញុង ប្រឌិតព័ត៌មាន បង្កើតការយល់ច្រឡំ បង្កចលាចលជាដើម។
    វិទ្យុឧទ្ទាមអាស៊ីសេរី ពេលនេះបានក្លាយជារោងចក្រផលិតព័ត៌មានក្លែងក្លាយ និងញុះញង់។ ពលរដ្ឋខ្មែរភាគច្រើនលើសលប់បានដឹងច្បាស់ ដោយបានចាត់ទុកវិទ្យុនេះថាគ្រាន់តែជាផ្នែកមួយនៃឧបករណ៍បដិវត្តន៍ពណ៌តែប៉ុណ្ណោះ ចំណែកឯអ្នកបម្រើការងារនៅវិទ្យុនេះ គឺជាឧទ្ទាមប្រឆាំងនឹងកម្ពុជា ៕

  2. so socheath says:

    ការព្រងើយកន្តើយចំពោះទិដ្ខភាពពិតដែលកម្ពុជាមាន វាជាហេតុផលនាំមកនូវការសំអប់ពីសហគមន៍អន្តរជាតិចំពោះកម្ពុជា
    ************
    កម្ពុជាជាប្រទេសដែលធ្លាប់ទទួលរងនូវសង្គ្រាមស៊ីវិលរ៉ាំរ៉ៃតាមរយះមនោគមវិជ្ជាបរទេស
    ដែលសម្លឹងឃើញកម្ពុជា ថាជាច្រកសំខាន់ដើម្បីខ្ទប់ដង្ហើមប្រទេសដែលលោកមហាអំណាច
    គឹតថាជាប្រទេស ដែលចង់ប្រជែងយកភាពជាបងធំរបស់ខ្លួន ទាំងក្នុងតំបន់និងសកលលោក។
    កម្ពុជាជាប្រទេសតូច គំនឹតរបស់កម្ពុជាគឺត្រូវការរស់ក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៍ ។
    កម្ពុជាដែលចាត់ទុកបណ្តារប្រទេសទាំងអស់ក្នុងលោកនេះគឺជាមិត្ត រស់នៅនិងធ្វើសហប្រតិបត្តិការ
    ដោយជាមួយគ្នាដោយស្មើភាព នឹងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ។
    សង្គ្រាមមនោគមវិជ្ជា ក្នុងទ្រឹស្តី សិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ បាននៅកំដរនិង
    តាមលងអារម្មណ៍ប្រជាជនកម្ពុជាគ្រប់រូប បើទោះបីពួកគេមានទស្សនះផ្សេងគ្នាចំពោះ
    រឿងរ៉ាវទាក់ទងនឹង ទ្រឹស្តីស្តីពី សិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ នេះក្តី ។
    សម្រាប់សហរដ្ឋអាមេរិក រៀងរ៉ាវដែលបញ្ឆេះឲ្យមានបដិវត្តន៍ពណ៍ ក៍ដូចជាបាតុកម្ម
    ដើម្បីឲ្យមានការផ្តួលរំលំប្តូររបបដឹកនាំ ហើយដែលបានបង្ករសោកនាដកម្មគ្រប់បែបយ៉ាង
    នៅប្រទេសជាច្រើនដូចជាលីប៊ី ស៊ីរី យ៉េមែន អ៊ីរ៉ាក់ អ៊ុយក្រែន។ល។ ហើយបច្ចុប្បន្នវេណេ
    ហ្សូអេឡា គឺតាមរយះ តែពាក្យបីឃ្លាផ្តោតលើ សិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ
    ដែលបង្ករឡើងដោយអាមេរិក ក្នុងពេលដែលអាមេរិកទុកខ្លួនឯងថាជា បិតាប្រជាធិបតេយ្យ
    ផ្តាច់គេនៅលើលោកនេះ ។
    ការថារបស់អាមេរិក មិនស្មើនិងការពិតទេ ។ អាមេរិកខ្លួនឯង សូម្បី សិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ ដែលអាមេរិកចាត់ទុកជាឧបករណ៍សំខាន់ សម្រាប់ដឹកនាំប្រទេសនានា
    ក្នុងលោកឲ្យដើរតាមលំអានខ្លួន អាមេរិកខ្លួនឯងធ្វើមិនបានផងហ្នឹង ?
    កម្ពុជាក្រីក្រ ទើបងើបពីសង្គ្រាមស៊ីវិល និងអំពើប្រល័យពូជសាស្ត្រជាតិឯង ។
    កម្ពុជាចង់មានការអភិវឌ្ឃជាតិ លើកស្ទួយកំរឹតជីវភាពរស់នៅរបស់ប្រជាជន ដូចបណ្តារ
    ប្រទេសទាំងឡាយនៅក្នុងតំបន់ និងក្នុងពិភពលោកយើងនេះ ។
    និយាយត្រង់ចុះកម្ពុជារង់ចាំជាជួយពីសហរដ្ឋអាមេរិកដល់កម្ពុជា មួយឆ្នាំហើយមួយឆ្នាំទៀត
    តែលទ្ធផលស្ទើរតែគ្មានសោះ ព្រោះថាការចាំឲ្យអាមេរិកជួយកម្ពុជា ផលបានមកវិញ
    តែពាក្យបីឃ្លាផ្តោតលើ សិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ ដែលមិនអាចយកមក
    ធ្វើអ្វីបានទាំងអស់ ។ ព្រោះថាកម្ពុជាឃ្លានបាយ ត្រូវការបាយញ៉ាំ កម្ពុជាមិនត្រូវការទ្រឹស្តី
    យកមកបំបាត់ការស្រេកឃ្លាននោះទេ ។
    តែថាមកដល់ពេលនេះ កម្ពុជាក៍នូវត្រូវការជំនួយពីអាមេរិក ប្រសិនបើអាមេរិកចង់ជួយ
    កម្ពុជាដោយស្មោះត្រង់ ។
    តែប្រសិនអាមេរិកមានបញ្ហាផ្ទាល់ខ្លួន មិនអាចទាន់មានឱកាសជួយកម្ពុជាបាន កម្ពុជា
    នៅតែអរគុណ នឹងនៅតែមានសង្ឃឹមជៀជាក់លើការ ជួយកម្ពុជាពីសំណាក់សហរដ្ខអាមេរិក
    នាថ្ងៃខាងមុខផងដែរ ។ មួយវិញទៀត
    ប្រសិនបើអាមេរិកចង់ជួយ កម្ពុជាឱ្យឈានទៅមុខ ជាមួយនិងកែលម្អស្ថានភាពរបស់ខ្លួន
    វាមិនចាំបាច់ឲ្យអាមេរិកជួយផ្លាស់ប្តូរទិសដៅនយោបាយ ឬនយោបាយនៅកម្ពុជានោះទេ។
    សម្រាប់អាមេរិកដែលចង់ជួយកម្ពុជាដោយមិនចំពោះ (ជំនួយសាច់ប្រាក់) អាមេរិកមិនត្រូវលើកវិធានការបង្ខិតបង្ខំដោយឯកតោភាគីឲ្យកម្ពុជាធ្វើតាមអ្វីដែលអាមេរិកចង់បាននោះទេ ។
    អាមេរិកគ្រាន់តែធានាថា អង្គទូតរបស់ខ្លួន ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក លែងនិយាយកុហក
    និងប្រើតែព័ត៌មានត្រឹមត្រូវ នោះប្រជាជនកម្ពុជាសប្បាយចិត្ត ជាមួយអាមេរិកពេកហើយ ។
    ប៉ុន្តែការកុហករបស់ពួកគេ អង្គទូតអាមេរិក ឬ ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក លើកឡើងតែពីការភូតកុហក និងការព្រងើយកន្តើយចំពោះទិដ្ខភាពពិតដែលកម្ពុជាមាន
    នោះវាច្បាស់ជានាំមកនូវការសំអប់ពីសហគមន៍អន្តរជាតិចំពោះកម្ពុជា តាមរយះព័ត៍មានមិនពិត ពីទូតអាមេរិក ដែលជាហេតុធ្វើឱ្យកម្ពុជារងគ្រោះថ្នាក់ច្រើនជាងគ្រាប់បែកឬមីស៊ីលដែលបានបាញ់
    ចេញពីយន្តហោះចម្បាំងអាមេរិកទៅទៀត។
    ភាពសំអប់ដែលអាមេរិកបង្ករឡើងនេះហើយ ដែលវាក្លាយទៅជាសំអប់តបវិញ ពីសំណាក់
    ប្រជាជនកម្ពុជាចំពោះសហរដ្ឋអាមេរិក ហើយដែវាជាសញ្ញាណនៃការដែលអាមេរិកសម្តែងនូវ
    ការមន្ទិលសង្ស័យខ្លួនឯង ដោយចោទថាកម្ពុជាមានទំនោរទៅរកចិនជាងសហរដ្ខអាមេរិកនោះ៕
    ដោយ សូ សុជាតិ

Leave a Reply

Submit Comment