អ្នករាយការណ៍​ពិសេស​ អ.ស.ប​ ថា​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅ​តែ​អាក្រក់

ដោយ មួង ណារ៉េត
2019-05-10
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានកាល​ពី​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ​២០១៧។ Photo: RFA
អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានកាល​ពី​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ​២០១៧។ Photo: RFA


អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) រក​ឃើញ​ថា ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅតែ​អាក្រក់។ អ្នកស្រី​ទទូច​ឱ្យ​របប​លោក ហ៊ុន សែន យកចិត្តទុកដាក់​ខ្ពស់ និង​ប្ដេជ្ញា​ស្ដារ​ស្ថានភាព​នេះ​ឡើងវិញ បើ​ចង់​រក្សា​ឱ្យ​បាន​នូវ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ពិតប្រាកដ និង​ប្រកបដោយ​ចិរភាព​សម្រាប់​ពលរដ្ឋ​ខ្មែរ​គ្រប់រូប។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍ បិទ​បញ្ចប់​បេសកកម្ម ត្រួតពិនិត្យ​បញ្ហា​សិទ្ធិមនុស្ស​លើក​ទី៧ ដែល​ផ្សព្វផ្សាយ កាលពី​ថ្ងៃទី៩ ខែ​ឧសភា អ្នកស្រី រ៉ូណា ស្មីត រក​ឃើញ​បញ្ហា​មិនទាន់​ប្រសើរ​ឡើង​ជាច្រើន​ផ្នែក ពាក់ព័ន្ធ​ជាពិសេស ទៅ​នឹង​លំហ​សេរីភាព និង​ប្រជាធិបតេយ្យ។

ការ​ធ្វើទុក្ខបុកម្នេញ​លើ​មន្ត្រី​បក្ស​ប្រឆាំង ដែល​របប​លោក ហ៊ុន សែន បាន​រម្លាយ​អស់​ទៅ​ហើយ​ក្តី ក៏​នៅតែ​កើតមាន​ឥត​ស្រាកស្រាន្ត​។ អ្នកស្រី រ៉ូណា ស្មីត រកឃើញ​ថា សិទ្ធិ​ក្នុង​ជីវភាព​នយោបាយ​របស់​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង រង​ការ​បង្ក្រាប​ដោយសារតែ​ចំណាត់​ការ​របស់​របប​នេះ ក្នុង​ការ​ចាប់ខ្លួន ចោទ​ប្រកាន់ ឃុំខ្លួន និង ផ្ដន្ទាទោស​ជា​បន្ត​បន្ទាប់។

យ៉ាងហោចណាស់ មន្ត្រី​បក្ស​ប្រឆាំង ៦​រូប ត្រូវ​បាន​កាត់ទោស គិត​ចាប់ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ ដែល​ជា​ថ្ងៃ​ចុះ​បេសកកម្ម​លើក​ទី៦ របស់​អ្នកស្រី រហូតមកដល់​ពេលនេះ។ អ្នកស្រី​បាន​កត់​សម្គាល់​ទៀត​ថា ក្នុង​រយៈពេល​ជាង​កន្លះ​ឆ្នាំ​ចុង​ក្រោយនេះ មន្ត្រី​ជាប់ឆ្នោត​បក្ស​ប្រឆាំង​ប្រហែល ៨០​នាក់ នៅ​ឯ​មូលដ្ឋាន ត្រូវ​បាន​ប៉ូលិស ឬ​តុលាការ​ចាត់​វិធានការ​ផ្លូវច្បាប់​ប្រឆាំង​ពួកគាត់​។ អ្នក​ទាំងនោះ រួមមាន​ទាំង​មន្ត្រី​បក្ស​ប្រឆាំង ២៦​រូប ដែល​តុលាការ​ខេត្ត​បាត់ដំបង ទើបតែ​កោះហៅ​ឱ្យ​ចូលខ្លួន​ទៅ​បំភ្លឺ ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​ផង។

អ្នកស្រី​ចាត់​ទុក​ចំណាត់​ការ​បែបនេះ ថា​មិនបាន​ផ្ដល់​ផលប្រយោជន៍​អ្វី ទៅដល់​ការ​ពង្រឹង​សិទ្ធិ​នយោបាយ និង​លំហ​ប្រជាធិបតេយ្យ ដូច​អ្វី​ដែល​របប​លោក ហ៊ុន សែន បាន​អះអាង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន កាលពី​ខែ​ឆ្នូ ឆ្នាំ​២០១៨ នោះ​ទេ។

អ្នកស្រី​ស្នើ​ឱ្យ​អ្នកនយោបាយ​ខ្មែរ​ទាំងសងខាង គួរ​បញ្ឈប់​វប្បធម៌​ហិង្សា​តាម​សារ​នយោបាយ ហើយ​ងាក​មក​រក​វប្បធម៌​នយោបាយ ដែល​ផ្តោត​លើ​បញ្ហា​ប្រទេសជាតិ​ជាធំ ជាជាង​ខ្វល់ខ្វាយ​តែ​លើ​រឿង​បុគ្គល។

អ្នកស្រី រ៉ូណា ស្មីត អំពាវនាវ​សាជាថ្មី​ម្តង​ទៀត ដល់​របប​ក្រុងភ្នំពេញ ឱ្យ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា និង​ទម្លាក់​ចោល​បទចោទប្រកាន់​លើ​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ទោះជា​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ថ្លែង​ថា អ្នកស្រី រ៉ូណា ស្មីត គឺជា​ដៃគូ​របស់​រដ្ឋាភិបាល ក្នុង​ការ​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា ដូច្នេះ​អ្នកស្រី​មិន​គួរ​លើកឡើង​បែបនេះ​នោះ​ឡើយ។

អ្នកស្រី ស្នើ​ឱ្យ​របប​លោក ហ៊ុន សែន ពិនិត្យ​ឡើង​វិញ លើ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង ច្បាប់បោះឆ្នោត ដើម្បី​ធ្វើ​យ៉ាងណា ឱ្យ​ស្របតាម​បទដ្ឋាន​អន្តរជាតិ ដែល​ប្រទេស​កម្ពុជា មាន​កាតព្វកិច្ច​អនុវត្ត​តាម។

ពាក់ព័ន្ធ​នឹង​សិទ្ធិ​សេរីភាព នៃ​អង្គការ​សមាគម​វិញ អ្នកស្រី​សម្ដែង​ការ​សោកស្ដាយ ដែល​នៅតែ​មាន​អង្គការ​សមាគម ដែល​រង​ការ​រឹតត្បិត​សេរីភាព ដែល​ធ្វើ​ឱ្យ​ពួកគាត់​មិន​អាច​មាន​សិទ្ធិ​សេរីភាព​ពេញលេញ ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន។

អ្នកស្រី​បន្ថែម​ទៀត​ថា ការអនុវត្ត​ជាក់ស្ដែង គឺ​មិន​ដូច​ការសន្យា​របស់​ក្រសួង​មហាផ្ទៃ ដែល​អះអាង​ថា ឈប់​តម្រូវ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល ជូនដំណឹង​បី​ថ្ងៃ​ជាមុន ទៅ​ក្រសួង​នោះ​ទេ។

អ្នកស្រី​បញ្ជាក់​ថា អ្នកស្រី​នៅតែ​ទទួល​បាន​របាយការណ៍​ជាច្រើន​ពី​មូលដ្ឋាន ដែល​ត្អូញត្អែរ​អំពី​ប៉ូលិស​នៅ​តាម​មូលដ្ឋាន ដែល​រំខាន​ដល់​កម្មវិធី វគ្គ​បណ្ដុះបណ្ដាល ឬ​កិច្ចប្រជុំ​របស់​ពួកគេ ទោះ​ពួកគេ​មិន​ហៅ​ទៅ​ក៏ដោយ។ សកម្មភាព​ប៉ូលិស​ទាំងនោះ គឺ​ទៅ​ថតរូប សួរនាំ​រកមុខ​អ្នក​រៀបចំ​កម្មវិធី សួររក​របៀបវារៈ​នៃ​កម្មវិធី ឬ​ទាមទារ​រក​ឈ្មោះ​អ្នកចូលរួម​ជាដើម។

អ្នកស្រី​ចាត់​ទុក ការ​ឃ្លាំមើល​របស់​ប៉ូលិស​បែបនេះ មិន​ស្រប​ទៅ​នឹង​សេចក្ដី​ណែនាំ​របស់​ក្រសួងមហាផ្ទៃ ដែល​ចេញ​កាលពី​ឆ្នាំ ២០១៨ នោះ​ឡើយ​។ អ្នកស្រី​បាន​ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឱ្យ​គោរព​តាម​ការសន្យា ដោយ​ត្រូវ​ពិនិត្យមើល​ឡើងវិញ នូវ​ការអនុវត្ត​របស់​មន្ត្រី​មូលដ្ឋាន ដែល​ធ្វើ​ផ្ទុយ​ពី​ការណែនាំ​របស់​ក្រសួង​នេះ ដើម្បី​ចៀសវាង​ការណែនាំ​ផ្សេង ចំណែក​ឯ​ការអនុវត្ត​ផ្សិង។

ការ​លាប​ពណ៌​អ្នក​ដែល​ហ៊ាន​និយាយ​ការពិត ពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ថា​ជា​ក្រុម​ប្រឆាំង ក៏​នៅតែ​ជា​បញ្ហា​។ អ្នកស្រី រ៉ូណា ស្មីត ក៏​សោកស្ដាយ​ដែរ ដែល​សកម្មភាព​ការងារ និង​ការ​តស៊ូ​មតិ ដើម្បី​លើកស្ទួយ និង​ការ​ការពារ​សិទ្ធិមនុស្ស បែរជា​ត្រូវ​គេ​លាប​ពណ៌​ថា ជា​ការ​ចូល​ដៃ ឬ​ជាការ​គាំទ្រ​សកម្មភាព​នយោបាយ​ប្រឆាំង​ទៅវិញ។

អ្នកស្រី ថា អ្វី​ដែល​គួរ​ឱ្យ​សោកស្ដាយ​ដែរ​នោះ គឺ​សូម្បីតែ​ការងារ​របស់​អ្នកស្រី ដែល​ជា​មន្ត្រី​ឯករាជ្យ​ផ្នែក​សិទ្ធិមនុស្ស និង សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ជាច្រើន​ទៀត ក៏​រង​ការ​លាប​ពណ៌​នេះ​ដែរ​។ អ្នកស្រី​រម្លឹក​ថា ពាក្យ​ថា​សិទ្ធិមនុស្ស គឺជា​ភាសា​សម្រាប់​មនុស្ស​គ្រប់គ្នា ទាំង​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល និង​ពលរដ្ឋ​ស៊ីវិល​ទូទៅ​។ ការ​លើកស្ទួយ និង ការ​ការពារ​សិទ្ធិមនុស្ស គឺជា​ការទទួលខុសត្រូវ​រួមគ្នា។ ដូច្នេះ អង្គការ​សង្គម​ស៊ីវិល មាន​សិទ្ធិ​ស្របច្បាប់ ក្នុង​ការ​លើកឡើង​ពី​បញ្ហា​រំលោភបំពាន​ណាមួយ ដើម្បី​ឱ្យ​រដ្ឋាភិបាល​ទទួល​ខុសត្រូវ ព្រោះ​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ធានា​ការ​គោរព​សិទ្ធិមនុស្ស​ទាំងនេះ។

អ្នកស្រី​បន្ថែម​ថា ក្នុង​ស្មារតី​នេះ អ្នកស្រី​ស្នើ​ឱ្យ​រដ្ឋាភិបាល ជាពិសេស​នៅ​ថ្នាក់​មូលដ្ឋាន ពង្រឹង​ការ​គោរព​សេរីភាព ក្នុង​ការ​ជួប​ប្រជុំ​គ្នា​ដោយ​សន្តិវិធី​។ អ្នកស្រី​កត់សម្គាល់​ថា រដ្ឋាភិបាល​យក​លេស​នៃ​ការ​ខ្លាច​ស្ទះ​ចរាចរណ៍ មក​ធ្វើជា​ហេតុផល ក្នុង​ការ​ហាមឃាត់​ការ​ដង្ហែ​ក្បួន​បាតុកម្ម តាម​ដង​ផ្លូវ​សាធារណៈ ដែល​ច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​អហិង្សា មិន​បាន​ចែង​កំណត់​ថា ការ​កកស្ទះ​ចរាចរណ៍ គឺជា​បញ្ហា​ចម្បង ក្នុង​ការ​ហាមឃាត់​ការ​ហែ​ក្បួន​នោះ​ទេ។

បញ្ហា​ពុករលួយ និង​ការបាត់បង់​សេចក្ដី​ទុកចិត្ត​លើ​ស្ថាប័ន​តុលាការ ក៏​ជា​បញ្ហា​ដែល​អ្នកស្រី​ស្នើ​ឱ្យ​ក្រសួង​យុត្តិធម៌ ពិនិត្យ​បញ្ហា​ទាំងនេះ ឱ្យ​បាន​លម្អិត​ដើម្បី​ពង្រឹង​វិស័យ​នេះ។

ចំពោះ​សេរីភាព​សារព័ត៌មាន​វិញ អ្នកស្រី​សង្កេត​ឃើញ​ថា វិស័យ​សារព័ត៌មាន​មាន​ភាព​ធ្លាក់​ចុះ​។ ចំណែក​ប្រជាពលរដ្ឋ​ភាគច្រើន ដែល​អ្នកស្រី​បាន​ជួប មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ហ៊ាន​បញ្ចេញមតិ​ជា​សាធារណៈ ដោយសារតែ​ភ័យខ្លាច​រដ្ឋអំណាច​ចាប់​ដាក់គុក ឬ តាមដាន​។ អ្នកស្រី ក៏​ស្នើ​ឱ្យ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកសារព័ត៌មាន និង​ទម្លាក់​ចោល​ការចោទប្រកាន់​លើ​អតីត​អ្នកសារព័ត៌មាន​អាស៊ីសេរី​ពីរ​រូប។

ជា​ចុងក្រោយ​អ្នកស្រី រម្លឹក​ជាថ្មី​ម្តង​ទៀត​ថា សន្តិភាព និង​ការ​អភិវឌ្ឍ គឺ​ត្រូវ​ដើរ​ទន្ទឹមគ្នា​នឹង​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។ អ្នកស្រី​បញ្ជាក់​ថា សុខ​សន្តិភាព និង ការ​អភិវឌ្ឍ​ពិតប្រាកដ និង ដោយ​ចិរភាព កើតមាន​ទៅ​បាន​អាស្រ័យ​លើ​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នេះឯង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment