សមត្ថកិច្ច​ខេត្ត​កំពង់ធំ កោះ​ហៅ​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក និង​ឃុំ​ពី​បក្ស​ប្រឆាំង ២០នាក់ ឱ្យ​ចូល​បំភ្លឺ​ករណី​ហូប​អាហារ​ជុំ​គ្នា ជជែក​រឿង​នយោបាយ

ដោយ វ៉ែន សុមេធ
2019-05-13
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ថៃ ធីម សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ធំ បក្ស សង្គ្រោះ​ជាតិ។ រូប៖ ហ្វេសប៊ុក​លោក ថៃ ធីម
លោក ថៃ ធីម សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ធំ បក្ស សង្គ្រោះ​ជាតិ។ រូប៖ ហ្វេសប៊ុក​លោក ថៃ ធីម


សម្ភាស​សកម្មជន​បក្ស​ប្រឆាំង​ ជុំវិញ​ការ​ធ្វើ​ទុក្ខបុកម្នេញ របស់​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ


សមត្ថកិច្ច​​ខេត្ត​កំពង់ធំ កោះ​ហៅ សមាជិក​ក្រុម​ប្រឹក្សា​ស្រុក និង​ឃុំ ជាប់​ឆ្នោត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ២០នាក់ ឲ្យ​ចូល​បំភ្លឺ​ភ្លាមៗ នៅ​តាម​ប៉ុស្តិ៍​រដ្ឋបាល​​ឃុំ​រៀងៗ ខ្លួន ដើម្បី​សួរ​នាំ​ពី​ការ​ហូប​អាហារ​ជុំ​គ្នា ជជែក​រឿង​នយោបាយ និង​ការ​ប្រកាស​ជំហរ​គាំទ្រ​លោក សម រង្ស៊ី ជា​ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ វិល​ចូល​​ប្រទេស​កម្ពុជា នៅ​ឆ្នាំ២០១៩។ សង្គម​ស៊ីវិល​ចាត់​ទុក​ការ​កោះ​ហៅ​បែប​នេះ​ថា ជា​ការ​បំពាន​លើ​សេរីភាព​ជំនឿ​នយោបាយ​របស់​ពលរដ្ឋ។

ប្រធាន​ប្រតិបត្តិ​គណបក្ស សង្គ្រោះ​ជាតិ ស្រុក​សន្ទុក លោក សូ ស៊ីម ប្រាប់​ថា សមត្ថកិច្ច បាន​កោះហៅ​លោក​នៅ​ថ្ងៃ​អាទិត្យ ទី​១២ ឧសភា ហើយ​តម្រូវ​ឲ្យ​ចូល​ឆ្លើយ​នៅ​ព្រឹក​ថ្ងៃ​ទី១៣ ឧសភា គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​ចេញ​លិខិត​កោះ​ហៅ​នោះ។ លោក​បញ្ជាក់​ថា រូប​លោក​ផ្ទាល់ និង​សកម្មជន​ផ្សេង​ទៀត បាន​ចូល​ខ្លួន​តាម​កោះ​ហៅ​នោះ​រួច​រាល់​អស់​ហើយ។ សមត្ថកិច្ច​បាន​សួរ​នាំ​លោក ​មិន​ខុស​ពី​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេង​ទៀត​ដែរ គឺ​ការ​ហូប​អាហារ​ជុំ​គ្នា​ជជែក​រឿង​នយោបាយ ដើម្បី​រង់​ចាំ​ទទួល​ប្រធាន​ស្ដីទី​បក្ស​ប្រឆាំង​ លោក សម រង្ស៊ី វិល​មក​កម្ពុជា​វិញ។

ក្រោយ​សួរនាំ​រួច លោក សូ ស៊ីម ប្រាប់​ថា សមត្ថកិច្ច​បាន​អាន​កំណត់​ហេតុ​ឲ្យ​ស្ដាប់ និង​ឲ្យ​លោក​ផ្ដិត​មេដៃ​ទទួល​ស្គាល់​ តែ​មិន​បាន​ហាម​ឲ្យ​ឈប់​ជួប​ជុំ​គ្នា ពិសា​អាហារ ឬ​ជជែក​រឿង​នយោបាយ​ឡើយ៖ «គេ​សួរ​ថា ពេល​ទៅ​ជួប​ជុំ​គ្នា​ហ្នឹង​​មាន​កម្មវិធី​អ្វី​ខ្លះ? ខ្ញុំ​ថា ទេ ​គ្រាន់​​ទៅ​ជួប​ជុំ​ហ្នឹង ទី១ សូម​ស្វាគមន៍​ការ​វិល​ត្រឡប់​មក​វិញ របស់​លោក​ប្រធាន​ស្ដីទី សម រង្ស៊ី ហ្នឹង​ណា។ បាទ​ នៅ (ស្រុក) សន្ទុក​ មាន​តែ​ពីរ​ទេ (កោះហៅ)។ ប៉ិន​វា​ជា​គម្រោង​របស់​គេ (សមត្ថកិច្ច) គេ​ស្រាវ​ជ្រាវ​បណ្ដា​ឃុំ​ដទៃ​ទៀត​ណា»

ជំទប់​ទី២ ឃុំ​ឈូកខ្សាច់ ស្រុក​បារាយណ៍ លោក ដូង សុន ជា​មន្ត្រី​មូលដ្ឋាន​បក្ស​ប្រឆាំង​ម្នាក់​ក្នុង​ចំណោម ២០នាក់ ដែល​រង​ការ​កោះ​ហៅ ប្រាប់​ថា ប៉ុន្មាន​ថ្ងៃ​មុន សមត្ថកិច្ច​បាន​កោះ​ហៅ​លោក​សួរ​នាំ​ ពី​ការ​ជួប​ជុំ​គ្នា ពិសា​អាហារ​មួយ​ពេល​ របស់​ក្រុម​​មន្ត្រី​បក្ស សង្គ្រោះ​ជាតិ នៅ​ខេត្ត​កំពង់ធំ កាល​ពី​អំឡុង​ខែ​ធ្នូ ឆ្នាំ២០១៨ និង​ក្រោយ​មក​ពួក​គាត់​នាំ​គ្នា​ប្រកាស​គាំទ្រ​លោក សម រង្ស៊ី ជា​ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ ក្នុង​ការ​វិល​ត្រឡប់​ចូល​មក​កម្ពុជា​វិញ។

លោក ដូង សុន ប្រាប់​ថា សមត្ថកិច្ច​មិន​បាន​គំរាម​លោក​ទេ ហើយ​ក៏​មិន​បាន​ប្រាប់​ថា នឹង​កោះ​ហៅ​លោក​បន្ត​ទៀត ឬ​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​ ដូច​ករណី​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ នៅ​ខេត្ត​បាត់ដំបង ឬ​យ៉ាង​ណា​ទេ ដោយ​គ្រាន់​បង្ហើប​ថា អាច​នឹង​មាន​ការ​កោះ​ហៅ​ជា​បន្តបន្ទាប់​ទៀត៖ «(កន្លង) ប៉ុន្មាន​ថ្ងៃ​ដែរ​ហើយ ប៉ុន្មាន​ថ្ងៃ​ដែរ​ហើយ លោក​គ្រូ។ ប៉ុន្តែ​គ្រាន់​គេ​ហៅ ម៉ោង ១០ (ព្រឹក) រសៀល​ម៉ោង ២ទៅ។ ដំបូង​គេ​សួរ​ថា តើ​លោក​ដឹង​ថា គណបក្ស សង្គ្រោះ​ជាតិ ជាប់​បណ្ដឹង​ក្រសួង​មហាផ្ទៃ ឲ្យ​តុលាការ​រំលាយ​ហើយ​ទេ? ខ្ញុំ​ថា ខ្ញុំ​ដឹង បាទ​ខ្ញុំ​ដឹង។ គេ​ថា ហើយ​បើ​ដឹង​ហើយ លោក​អុំ​នៅ​ទៅ​ចូល​រួម​ធ្វើ​អ្វី​ទៀត? ខ្ញុំ​ថា ខ្ញុំ​ទៅ​ចូលរួម​អាហារ​សាមគ្គី គ្រាន់​ទៅ​ចូល​រួម​អាហារ​សាមគ្គី​មាន​រឿង​អ្វី​ខុស

ចំណែក​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ធំ របស់​គណបក្ស សង្គ្រោះ​ជាតិ លោក ថៃ ធីម ប្រាប់​ថា សមត្ថកិច្ច​បាន​កោះ​ហៅ​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ នៅ​ក្នុង​ខេត្ត​កំពង់ធំ ជា​បន្ត​បន្ទាប់ ចាប់​ពី​ថ្ងៃ​ទី៣ ឧសភា​មក។ គិត​ត្រឹម​ថ្ងៃ​ទី១៣ ឧសភា គឺ​មាន​ចំនួន ២០នាក់ ហើយ​អ្នក​ទាំង​២០នាក់​នោះ បាន​ចូល​ឆ្លើយ​បំភ្លឺ​រួច​រាល់​អស់​ហើយ។ លោក ថៃ ធីម ចាត់​ទុក​ការ​កោះ​ហៅ​នេះ ជា​ការ​គំរាម​ មន្ត្រី​បក្ស​ប្រឆាំង​ទាំង ២០នាក់ និង​អ្នក​ផ្សេង​ទៀត។ លោក​បន្ត​ថា សមត្ថកិច្ច​អាច​នឹង​កោះ​ហៅ​មន្ត្រី​បក្ស​ប្រឆាំង​តាម​មូលដ្ឋាន​បន្ថែម​ទៀត ព្រោះ​តាម​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ចូល​បំភ្លឺ គឺ​សមត្ថកិច្ច​បាន​សួរ​រក​គ្រប់​មនុស្ស ដែល​ចូល​រួម​ពិសា​អាហារ​ជប់​លៀង​ជាមួយ​មន្ត្រី​បក្ស សង្គ្រោះ​ជាតិ កាល​ពី​ពេល​កន្លង​ទៅ។

សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់​ធំ បក្ស សង្គ្រោះ​ជាតិ លោក ថៃ ធីម ប្រាប់​ថា ក្រៅ​ពី​នេះ មាន​មេ​ឃុំ​ជាប់​ឆ្នោត​បក្ស សង្គ្រោះ​ជាតិ តាម​ឃុំ​ខ្លះ កំពុង​រត់​ភៀស​ខ្លួន ព្រោះ​រឿង​ក្ដីក្ដាំ​នយោបាយ កាល​ពី​កន្លង​ទៅ។

ជុំវិញ​ករណី​កោះ​ហៅ​សមាជិក​ក្រុមប្រឹក្សា​មូលដ្ឋាន​របស់​គណ​បក្ស​ប្រឆាំង នៅ​ខេត្ត​កំពង់ធំ ជា​បន្ត​បន្ទាប់​នេះ អាស៊ី​សេរី ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ លោក អ៊ុក កុសល បាន​ទេ នៅ​ថ្ងៃ​ទី១៣ ឧសភា។

ចំណែក​អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន មិន​ទទួល​ទូរស័ព្ទ ខណៈ​អគ្គ​ស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន ប្រាប់​អាស៊ី​សេរី​ តាម​ទូរស័ព្ទ​ថា លោក​កំពុង​បំពេញ​ភារកិច្ច នៅ​ក្រៅ​ប្រទេស។ អាស៊ី​សេរី ក៏​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ្គ បាន​ដែរ នៅ​ថ្ងៃ​ទី១៣ ឧសភា។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក លោក ស៊ឹង សែន​ករុណា ចាត់​ទុក​ការ​កោះ​ហៅ បែប​នេះ ជា​ការ​គំរាម​លើ​សិទ្ធិ​សេរីភាព នយោបាយ​របស់​ពលរដ្ឋ ដែល​ធានា​ដោយ​ច្បាប់។ លោក​ថា ការ​កោះ​ហៅ​សមាជិក​ក្រុម​ប្រឹក្សា​បក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់ ជា​សញ្ញា​នៃ​ការ​បង្ក្រាប​លើ​អ្នក​គាំទ្រ​នយោបាយ​បក្ស​សង្គ្រោះ​ជាតិ។

តំណាង​សង្គម​ស៊ីវិល​ឃ្លាំមើល​សិទ្ធិ​មនុស្ស​រូប​នេះ​ ចង់​ឃើញ​ការ​បញ្ឈប់​ការ​កោះ​ហៅ​សមាជិក​មូលដ្ឋាន​របស់​បក្ស​ប្រឆាំង​នៅ​ត្រឹម​នេះ ព្រោះ​ការ​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​មន្ត្រី​បក្ស​ប្រឆាំង នឹង​មិន​ផ្ដល់​ផល​ចំណេញ​ដល់​ពលរដ្ឋ និង​រដ្ឋាភិបាល​ឡើយ។ លោក ស៊ឹង សែន​ករុណា លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​នយោបាយ​ដោះ​ស្រាយ​នយោបាយ តាម​សំណើ​របស់​សហគមន៍​អន្តរ​ជាតិ ហើយ​បញ្ចៀស​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ សកម្មជន ឬ​ពលរដ្ឋ ដោយ​គ្រាន់​តែ​ជឿ និង​ពេញ​ចិត្ត​សកម្មភាព​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "សមត្ថកិច្ច​ខេត្ត​កំពង់ធំ កោះ​ហៅ​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក និង​ឃុំ​ពី​បក្ស​ប្រឆាំង ២០នាក់ ឱ្យ​ចូល​បំភ្លឺ​ករណី​ហូប​អាហារ​ជុំ​គ្នា ជជែក​រឿង​នយោបាយ"

  1. so socheath says:

    Send to facebook
    ហាស ! ហាស
    អារឿងបដិវត្តន៍ពណ៍ ក្រែងគេវ៉ៃខ្នោះអាកឹមសុខាញាត់គុកយូរហើយអីតើអាពូជឆ្កែ ?
    នៅអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិវាមួយចំនួនទៀត ដែលត្រូវចាប់ខ្លួន
    រឿងក្បត់ជាតិតាមរយះបដិវត្តន៍ពណ៍ហ្នឹងនោះ ។
    តើរឿងអីត្រូវ បញ្ចុះបញ្ចូល និងបំភ័យពលរដ្ឋ ពីដំណើរវិលចូលស្រុករបស់
    អាពូជឆ្កែសម រង្ស៊ី ដើម្បីបង្កើតបដិវត្តពណ៌នោះ ? ។
    ការចុះមូលដ្ឋានជួបប្រជាពលរដ្ឋមានអីចម្លែក !
    -ជួយដោះបញ្ហានានាដែលប្រជាពលរដ្ឋជួបការលំបាក
    -ជួយកសាងសមិទ្ធិផលនានានៅមូលដ្ឋាន
    -ស្និទសាមគ្គីជាមួយពួកការគាត់ ក្នុងការរក្សាសុខសន្តិភាពជាតិទាំងមូល តើមានអីចម្លែកអាល្ងង់ ! ។
    -ឧបាយកលអាក្រក់របស់អាក្បត់ជាតិ អាបំផ្លាញជាតិ សមរង្ស៊ី និងបក្សពួករបស់វា តើមិនអាចនិយាយប្រាប់ពួកគាត់បានទេឬ !
    យ៉ាប់មែន ! ពួកអាពូជឆ្កែ