តុលាការ​ខេត្ត​បាត់ដំបង​កោះ​ហៅ​មន្ត្រី​បក្ស​ប្រឆាំង​បន្ថែម​ម្នាក់​ទៀត​សាកសួរ​កើន​ដល់ ៣៥នាក់

2019-05-14
RFA

អ្នក​ស្រី លឿម អឿប មេឃុំ​មោង​ឫស្សី​ជាប់​ឆ្នោត​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​តុលាការ​ខេត្ត​បាត់ដំបង ចេញ​ដីកា​កោះហៅ​កាល​ពី​ព្រឹក​ថ្ងៃ​ទី១៣ ខែ​ឧសភា ឆ្នាំ២០១៩។ v
អ្នក​ស្រី លឿម អឿប មេឃុំ​មោង​ឫស្សី​ជាប់​ឆ្នោត​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​តុលាការ​ខេត្ត​បាត់ដំបង ចេញ​ដីកា​កោះហៅ​កាល​ពី​ព្រឹក​ថ្ងៃ​ទី១៣ ខែ​ឧសភា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក Sor Chandeth


តំណាង​អយ្យកា​នៃ​សាលា​ដំបូង​ខេត្ត​បាត់ដំបង បាន​កោះ​ហៅ​សកម្មជន​គណបក្ស​ប្រឆាំង​ម្នាក់​ទៀត​​នៅ​ស្រុក​មោងឫស្សី​ឱ្យ​ចូល​បំភ្លឺ​ ពាក់ព័ន្ធ​នឹង​រឿង​ប្រឆាំង​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៧។

មេឃុំ​មោង​ ស្រុក​មោង​ឫស្សី​ ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ​អ្នក​ស្រី លឿម អឿប ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី១៣ ឧសភា​ថា មន្ត្រី​ប៉ូលិស​ឃុំ​មោង​ម្នាក់​បាន​យក​ដីកា​ឱ្យ​អ្នក​ស្រី​ចុះហត្ថលេខា​​ទទួល កាល​ពី​ព្រឹក​ថ្ងៃ​ទី១៣ ឧសភា ដើម្បី​ត្រៀម​ខ្លួន​ចូល​ទៅ​បំភ្លឺ​តុលាការ។ អ្នក​ស្រី​ចាត់​ទុក​ដីកា​នេះ​ថា ​ជា​ការ​គំរាមកំហែង​ថ្មី​មួយ​ទៀត​មក​លើ​ខ្លួន​ដែល​ជា​ស្ត្រី​ភេទ​ បន្ទាប់​ពី​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​ប្លន់​យក​តំណែង​របស់​អ្នក​ស្រី​ដែល​ប្រជាពលរដ្ឋ​បាន​ឆ្នោត​ឱ្យ កាល​ពី​ខែ​មិថុនា ឆ្នាំ២០១៧ នោះ។ តែ​ទោះ​យ៉ាង​ណា អ្នក​ស្រី​ថា នឹង​ចូល​បំភ្លឺ​តាម​ដីកា​កោះ​នេះ ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច​នោះ​ទេ ព្រោះ​អ្នកស្រី​មិន​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់​​ឡើយ៖ «ខ្ញុំ​មិន​មាន​រឿង​អី​ពី​មុន​មក​ទេ គឺ​មាន​តែ​រឿង​នយោបាយ​នឹង​ឯង បាន​ជា​មាន​ដីកា​កោះ​ហៅ​ខ្ញុំ​ទៅ​បំភ្លឺ​ដូច្នេះ។ ប៉ុន្តែ​ខ្ញុំ​គ្មាន​ការ​តក់​ស្លុត​ទេ ព្រោះ​ខ្ញុំ​តស៊ូ​តាំង​ពី​ដើម​រហូត​មក ហើយ​ខ្ញុំ​មិន​​ដែល​ខ្លាច​ទេ ទោះ​បី​ខ្ញុំ​ជា​ស្ត្រី​តែ​ខ្ញុំ​នៅ​តែ​រឹងមាំ ខ្ញុំ​ខំ​តស៊ូ​ជា​មួយ​លោក​ប្រធាន សម រង្ស៊ី ហើយ​ខ្ញុំ​ប្ដេជ្ញា​ចិត្ត​នៅ​រួម​រស់​ជា​មួយ​លោក ប្រធាន​រហូត​ដល់​ទី​បញ្ចប់»

តំណាង​អយ្យការ​នៃ​សាលាដំបូង​ខេត្ត​បាត់ដំបង លោក ឈឹន សុផុន បាន​កោះ​ហៅ​អ្នក​ស្រី​ លឿម អឿប ជា​មេ​ឃុំ​មោង​ជាប់​ឆ្នោត​មក​ពី​គណបក្ស សង្គ្រោះ​ជាតិ ឲ្យ​ចូល​បំភ្លឺ នៅ​ព្រឹក​ថ្ងៃ​ទី២៤ ឧសភា។

កន្លង​មក​មន្ត្រី​សង្គម​ស៊ីវិល និង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ហៅ​ដីកា​កោះ​នេះ​ថា ជា​អំពើ​គំរាម​កំហែង​បំភិតបំភ័យ​ដល់​មន្ត្រី​បក្ស​ប្រឆាំង ដើម្បី​កុំ​ឱ្យ​ពួក​គាត់​ធ្វើ​សកម្មភាព​នយោបាយ​គាំទ្រ​លោក សម រង្ស៊ី និង​លោក កឹម សុខា បន្ត​ទៀត។

គិត​ត្រឹម​ថ្ងៃ​ទី១៣ ឧសភា សាលាដំបូង​ខេត្ត​បាត់ដំបង បាន​កោះហៅ​មេឃុំ​ចៅសង្កាត់ ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ស្រុក ក្រុង និង​ក្រុម​ប្រឹក្សា​ខេត្ត​បាត់ដំបង គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៣៥នាក់​ហើយ ឱ្យ​ចូល​បំភ្លឺ​តុលាការ​ចាប់​តាំង​ពី​ថ្ងៃ​ទី៨ ឧសភា​មក ក្នុង​នោះ​មាន​ចៅសង្កាត់​អូរចារ​ជាប់​ឆ្នោត​ គឺ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត និង​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ ១០នាក់​ផ្សេង​ទៀត ដែល​បាន​ចូល​បំភ្លឺ​រួច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "តុលាការ​ខេត្ត​បាត់ដំបង​កោះ​ហៅ​មន្ត្រី​បក្ស​ប្រឆាំង​បន្ថែម​ម្នាក់​ទៀត​សាកសួរ​កើន​ដល់ ៣៥នាក់"

  1. so socheath says:

    ហាស ! ហាស
    ដស់ពេលបូកសរុបឯណោះទេ បានស្ងោរម្តងម៉ាខ្ទះត្នោត !
    ចង់ធ្វើខ្លួនជាក្រុមជនក្រៅច្បាប់ បែបមិនស្រួលទេដឹង !

Leave a Reply

Submit Comment