«បទល្មើស​ព្រៃ​ឈើ និង​កាប់ឆ្ការ​ដី​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​ នៅ​តែ​កើត​មាន»

ដោយ សុ ជីវី
2019-05-14
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ចូល​ក្រុមហ៊ុន ហ័ង អាញ់ លំផាត់ របស់​វៀតណាម ឋិត​ក្នុង​ឃុំ​ជ័យ​ឧត្ដម ស្រុក​លំផាត់ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០១៩។ រូបថត៖ សកម្មជន​បរិស្ថាន
សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ចូល​ក្រុមហ៊ុន ហ័ង អាញ់ លំផាត់ របស់​វៀតណាម ឋិត​ក្នុង​ឃុំ​ជ័យ​ឧត្ដម ស្រុក​លំផាត់ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០១៩។ រូបថត៖ សកម្មជន​បរិស្ថាន


ការ​កាប់​ទន្ទ្រាន​ និង​ការ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ ចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​ នៅ​តែ​កើត​មាន​យ៉ាង​ពេញ​ទំហឹង។ ជនជាតិ​ដើម​ភាគ​តិច​ រស់​នៅ​ឃុំ​សេ​ដារ​ ស្រុក​លំផាត់​ ខេត្ត​រតនគិរី​ ចាត់​ទុក​បទ​ល្មើស​ព្រៃ​ឈើ​ទ្រង់ទ្រាយ​ធំ​នេះ​ ធ្វើ​ឲ្យ​បាត់បង់​ទំហំ​ព្រៃ​ឈើ​រាប់​ពាន់​ហិកតារ​ និង​បាត់បង់​ទី​កន្លែង​អាស្រ័យ​ផល​បែប​ប្រពៃណី​ជន​ជាតិ​ដើម​ភាគ​តិច​ទំ​ពូន។

ជនជាតិ​ដើម​ភាគ​តិច​ទំ​ពូន​ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១៣ ឧសភា​ថា ទំហំ​ព្រៃ​ឈើ​រាប់​ពាន់​ហិកតារ​ ឋិត​នៅ​ភូមិ​កែង​សាន់​ និង​ភូមិ​សមុទ្រ​ក្រោម​ នៃ​ឃុំ​សេដា​ កំពុង​ទទួល​រង​ការ​កាប់​ឆ្ការ​ រុករាន​ ទន្ទ្រាន​ព្រៃ​យក​ជា​សកម្ម​សិទ្ធិ​ ដោយ​គ្មាន​ការអនុវត្ត​ច្បាប់។ អ្នក​ភូមិ​ប្រទះ​ឃើញ​ដើម​ឈើ​តូច​ធំៗ ត្រូវ​បាន​គេ​កាប់​ដួល​ រាយប៉ាយ​ពេញ​ព្រៃ​ រួច​ដុត​កម្ទេច​ចោល​ ដើម្បី​យក​ដី​លក់ និង​ធ្វើ​ចម្ការ។

ជនជាតិ​ដើម​ភាគ​តិច​រស់នៅ​ភូមិ​សមុទ្រ​ក្រោម​ លោក ឆន ផល្លា បារម្ភ​ថា​ ទំហំ​ព្រៃ​ឈើ​រាប់​ពាន់​ហិកតារ​ ដែល​ជា​កន្លែង​ជន​ជាតិ​ដើម​ភាគ​តិច​គោរព​បូជា ឃ្វាល​គោ​ក្របី និង​អាស្រ័យ​ផល​បែប​ប្រពៃណី ត្រូវ​បាន​ឈ្មួញ សម្រុក​កាប់​ទន្ទ្រាន​យក​ធ្វើជា​សកម្ម​សិទ្ធ​អស់​ស្ទើរ​ទាំង​ស្រុង។ អាជីវកម្ម​ឈើ​ខ្នាត​ធំ​នេះ បាន​រាលដាល​កាន់​តែ​ខ្លាំង​ឡើង ដល់​ចំណុច​អូរ​ក្រែង និង​អូរ​ជាំ ដែល​ជា​កន្លែង​សត្វ​ព្រៃ​កម្រ​រស់​នៅ ហើយ​មក​ទល់​ពេល​នេះ​ក្រុម​ឈ្មួញ​នៅ​តែ​បន្ត​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​នោះ ឥត​ស្រាកស្រាន្ត៖ «ខ្ញុំ​ចុះ​ទៅ​កន្លែង​ហ្នឹង​អី ជួប​គាត់​គាត់​អត់​ឲ្យ​ចូល​ទៅ​ទេ គាត់​សួរ​រក​សំបុត្រ បេសកកម្ម​អី​ណា​ណី។ ពេល​ជន​ល្មើស​កាប់​ទ្រហឹង​ពេញ​ព្រៃ។ គាត់​អត់​មាន​ចំណាត់​ការ។ គាត់ធ្វើ​ពេល​យប់ មាន​អា​ត្រាក់ និង​អា​បុល រួច​ដុត​ពេល​យប់​វិញ»

ជនជាតិ​ដើម​ភាគ​តិច​ទំពួន​ម្នាក់ទៀត​ រស់នៅ​ភូមិ​កែងសាន់​ លោក ខាំ និន និយាយ​ថា បើ​ទោះ​បី​ជា​ព្រៃស្រោង​ ឋិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​ ត្រូវ​បាន​គេ​កាប់​ឆ្ការ​ ដើម្បី​យក​ដី​លក់​ក្ដី​ តែ​ពុំ​ឃើញ​សមត្ថកិច្ច​ជំនាញ​ស៊ើបអង្កេត​ និង​បញ្ឈប់​សកម្មភាព​នេះ​ទេ​ ជា​យូរ​មក​ហើយ។ លោក​ថា​ថ្មីៗ នេះ​ អ្នក​ភូមិ​មួយ​ក្រុម​ បាន​ចុះ​ល្បាត​រួម​គ្នា​ ប្រទះ​ឃើញ​ដើម​ឈើ​ទាំង​តូច​ធំ​ ត្រូវ​គេ​កាប់​ដួល​ស្ទើរ​គ្រប់​កន្លែង​ ដើម្បី​យក​ដី និង​យក​ឈើ​អារ​ជា​គ្រឿង​ផ្ទះ។ លើស​ពី​នេះ ពួក​គេ​បាន​ដាក់ពាក្យ​ប្ដឹង​ករណី​នេះ​ទៅ​តុលាការ​ និង​មន្ត្រី​បរិស្ថាន​ជាង ២ឆ្នាំ​ហើយ តែ​គ្មាន​ចំណាត់​ការ។ លោក​ថា ទំហំ​ព្រៃ​ឈើ​ប្រមាណ​ ៤ពាន់​ហិកតារ​ ដែល​គ្រប់​ដណ្ដប់​ក្នុង​ភូមិ​កែងសាន់ ទាំង​មូល​បាន​បាត់បង់​អស់​ស្ទើរ​តែ​ទាំង​ស្រុង​។ ចំណែក​មេភូមិ​ និង​មេឃុំ​ នៅ​តែ​ឃុបឃិត​គ្នា​ជាមួយ​ជន​ល្មើស​ដដែលៗ គ្មាន​ការ​ស៊ើប​អង្កេត និង​ព្រមាន​ពី​ថ្នាក់​លើ៖ «ភ្នំ​ណាំជៀរ​នៅ​ដដែល ដើម​ឈើ​ពាយ​អស់​ហើយ វា​ដួល​អស់​ហើយ ដូច​តារាង​កប៉ាល់​ហោះ​អី។ កាប់​បំផ្លាញ​ដី​ក្នុង​តំបន់​ហ្នឹង ខ្ញុំ​ថា សរុប ៤ពាន់ហិកតារតាមមើលទៅ នៅ​តែ​គេ​ធ្វើ​អីចឹង​រហូត។ តាម​ខ្ញុំ​យល់ ជន​ល្មើស​ចេញ​ពី​មេភូមិ និង​មេឃុំ បើ​មេភូមិ​មិន​ចេញ​លិខិត​ឲ្យ​គេ​ទេ គ្មាន​ពី​ណា​ហ៊ាន​កាប់​ទេ»

កាលពី​ថ្ងៃ​ទី៩ ឧសភា ក្រសួងបរិស្ថាន​ បា​ន ព្រមាន​ថា មាន​បុគ្គល​មួយ​ចំនួន​បាន​ឈូស​ឆាយ​ កាប់​ឆ្ការ ដុត​ព្រៃ​រុករាន​ទន្ទ្រាន​បែងចែក​ដី​ព្រៃ​ឈើ​នៅ​ក្នុង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ និង​នៅ​ក្នុង​តំបន់​អភិរក្ស​ធនធាន​ធម្មជាតិ ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ ក្រោម​លេស​ថា ខ្វះ​ដី​អាស្រ័យ​ផល។ លិខិត​បន្ត​ថា ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​គ្រប់គ្រង​តំបន់​ការពារ​ធម្មជាតិ​ទាំង​នោះ​ ក្រសួង​បរិស្ថាន​បាន​ចេញ​វិធានការ​មួយ​ចំនួន ដូច​ជា ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​ការ​ទិញ​លក់​ដី​រដ្ឋ និង​ការ​បញ្ជាក់​ការ​ទិញ​លក់​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់ ក្នុង​តំបន់​សហគមន៍​ តំបន់​ការពារ​ធម្មជាតិ។ ចំណែក​ជន​ជាតិ​ដើម​ភាគ​តិច​ទំពួន ចាត់​ទុក​លិខិត​របស់​ក្រសួង គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ព្រោះ​មន្ត្រី​ពាក់ព័ន្ធ​ថ្នាក់​ក្រោម មិន​អនុវត្ត​តាម។

ឆ្លើយតប​រឿង​នេះ​ ប្រធាន​ការិយាល័យ​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ លោក សាន សានី អះអាង​ថា មន្ត្រី​ជំនាញ​កំពុង​ចាត់​វិធានការ​ស៊ើប​អង្កេត​រក​ជន​សង្ស័យ ដែល​កាប់​ឆ្ការ​ ទន្ទ្រាន​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ហើយ​មន្ត្រី​ជំនាញ​បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ច្រើន​ករណី​ដែរ។ តែ​យ៉ាង​ណា​ លោក​មិន​បញ្ជាក់​លម្អិត​ថា មន្ត្រី​បរិស្ថាន​ បាន​បញ្ជូន​សំណុំរឿង​នេះ​ទៅ​តុលាការ​បាន​ប៉ុន្មាន​ករណី​នៅ​ឡើយ​ទេ? លោក​ថា​ អាជ្ញាធរ​ខេត្ត​បាន​ចេញ​លិខិត​មោឃភាព​ដី ដែល​ជនខិលខូច​លួច​កាប់​ឆ្ការ​ ក្នុង​ព្រៃ​អភិរក្ស និង​ត្រូវ​ដកហូត​មក​ជា​សម្បត្តិ​រដ្ឋ​វិញ​ដែរ៖ «ព្រោះ​ក្រសួង​ចេញ​ហើយ ព្រោះ​យើង​កំពុង​ធ្វើ​ការ ធ្វើ​ការ​កំពុង​តាម​ដាន ព្រោះ​ដាក់​ទៅ​តុលាការ​សំណុំរឿង​ច្រើន​ណាស់ ឥឡូវ​ព្រោះ​យើង​កំពុង​ស៊ើប​អង្កេត​ឡើង​វិញ ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់ ដើម្បី​ឈូស​ឆាយ ប៉ុន្តែ​ការងារ​នេះ ពួក​ខ្ញុំ​កំពុង​ធ្វើ​ការ​រួច​ហើយ»

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​នៃ​សមាគម អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ យល់​ថា ប្រសិន​បើ​ក្រសួង​មាន​ឆន្ទៈ​អនុវត្ត​ច្បាប់​ព្រៃ​ឈើ​ ត្រូវ​ចេញ​មុខ​ប្ដឹង​អ្នក​ពាក់ព័ន្ធ​ទៅ​តុលាការ និង​ត្រូវ​អនុវត្ត​ច្បាប់​ដោយ​មិន​រើស​មុខ។ លោក​ថា មក​ទល់​ពេល​នេះ បើ​ទោះ​បី​ជា​ព្រៃ​ការពារ​ធម្មជាតិ​រាប់​ពាន់​ហិកតារ​ ត្រូវ​បាន​គេ​កាប់​ទន្ទ្រាន​មក​ធ្វើ​ជា​សកម្ម​សិទ្ធិ​ក្ដី​ តែ​ពុំ​ឃើញ​ក្រសួង​បរិស្ថាន ដើរ​តួ​ជា​ដើម​បណ្ដឹង​នៅ​ឡើយ​ទេ៖ «មាន​លិខិត​ចុង​ក្រោយ​របស់​ក្រសួង​បរិស្ថាន​ក៏​ដោយ យើង​ឃើញ​ថា ការ​ចូល​កាប់​រាន​ដី​ព្រៃ​សហគមន៍ និង​តំបន់​ការពារ​ធម្មជាតិ​នៅ​តែ​កើត​មាន​ឡើង​យ៉ាង​អនាធិបតេយ្យ។ អីចឹង​មាន​តែ​ចុង​ក្រោយ​ការ​អនុវត្ត​ច្បាប់ ទាមទារ​ឲ្យ​ក្រសួង​បរិស្ថាន​ដើរ​តួ​ជា​ដើម​បណ្ដឹង ដើម្បី​ប្ដឹង​មន្ត្រី និង​ឧកញ៉ា​ទាំង​អស់​នោះ​ទៅ​កាន់​តុលាការ ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់»

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ទំពួន​ បន្ថែម​ថា ទំហំ​ព្រៃ​ស្រោង​ ដែល​ធ្លាប់​ផ្ដល់​ម្លប់​បៃតង​ និង​ជា​ជង្រុក​អនុផល​ព្រៃ​ឈើ​ សំបូរ​បែប​ ជួយ​សេដ្ឋកិច្ច​សហគមន៍​ជា​ច្រើន​ឆ្នាំ​មក​ហើយ បែរ​ជា​ត្រូវ​រលាយ​ទាំង​ស្រុង​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ អ្នក​ភូមិ​ថា សូម្បី​តែ​ទឹក​អូរ​ធម្មជាតិ​ និង​កន្លែង​ឃ្វាល​គោ​ក្របី​ ក៏​ប្រឈម​ការ​បាត់បង់​ដែរ។

កន្លង​ទៅ​តំណាង​ពលរដ្ឋ​រស់​នៅ​ឃុំ​សេដា ជិត ១០នាក់ និង​មន្ត្រី អាដហុក ធ្លាប់​បាន​ដាក់​បណ្ដឹង​បរិហារ​មន្ត្រី​ជំនាញ​ អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ខេត្ត​រតនគិរី ៧រូប ពី​បទ​អនុគ្រោះ​នាំឲ្យកើត​មាន​បទល្មើស​ព្រៃ​ឈើ​ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ តែ​មក​ទល់​ពេល​នេះ​ តុលាការ​ខេត្ត​នេះ​ តម្កល់​រឿង​ឥត​ចាត់ការ​ ហើយ​ពួកគេ​បាន​ប្ដឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment