ពលរដ្ឋ​ខ្មែរ​អាមេរិក​ ជួប​ប្រជុំ​លើក​ទឹក​ចិត្ត​លោក សម រង្ស៊ី វិល​ទៅ​កម្ពុជា​វិញ

ដោយ ទីន ហ្សាការីយ៉ា
2019-05-14
RFA

កិច្ចប្រជុំ​របស់​គណបក្ស សង្គ្រោះ​ជាតិ នៅ​វត្ត​រតនៈមណ្ឌល ក្នុង​ទីក្រុង ហ្វ្រេសណូ (Fresno) រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី១៣ ខែ​មេសា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក Sam Rainsy
កិច្ចប្រជុំ​របស់​គណបក្ស សង្គ្រោះ​ជាតិ នៅ​វត្ត​រតនៈមណ្ឌល ក្នុង​ទីក្រុង ហ្វ្រេសណូ (Fresno) រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី១៣ ខែ​មេសា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក Sam Rainsy


ពលរដ្ឋ​ខ្មែរ​អាមេរិក​នៅ​រដ្ឋ​កាលីហ្វូនីញ៉ា ជួប​ប្រជុំ​លើក​ទឹក​ចិត្ត​ឲ្យ​លោក សម រង្ស៊ី វិល​ទៅ​កម្ពុជា​វិញ បន្ទាប់​ពី​របប​លោក ហ៊ុន សែន ចោទ​លោក សម រង្ស៊ី ថា ជា​មេ​បដិវត្តន៍​ពណ៌។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង នៅ​ក្រុង ហ្វ្រែស្នូ (Fresno, Ca) រដ្ឋ​កាលីហ្វូយ៉ា​ខាង​ជើង រៀបចំ​ពិធី​ជួបជុំ​គ្នា​មួយ​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី១២ ឧសភា ដើម្បី​លើក​ទឹកចិត្ត លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ វិល​ទៅ​កម្ពុជា​វិញ នៅឆ្នាំ២០១៩នេះ ទោះ​បី​ជា​មាន​ការ​គំរាម​កំហែង​ពី​របប​លោក ហ៊ុន សែន យ៉ាងណាក្ដី។

ប្រធាន​សាខា​គណបក្ស សង្គ្រោះ​ជាតិ ប្រចាំ​រដ្ឋ​កាលីហ្វូញ៉ា​ភាគ​ខាង​ជើង លោក សម វឌ្ឍនា មាន​ប្រសាសន៍​ថា វេទិកា​ជួបជុំ​អ្នក​ប្រជាធិបតេយ្យ​នេះ ក៏​មាន​លោក សម រង្ស៊ី ចូលរួម​ដែរ។ លោក​បញ្ជាក់​ថា ទិស​ដៅ​សំខាន់​នៃ​ការ​រៀបចំ​វេទិកា​នេះ ឡើង​គឺ ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ដោះលែង លោក កឹម សុខាវិញ ជា​បន្ទាន់ ទាមទារ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ជាង ៥ពាន់​នាក់​មក​វិញ ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ឲ្យ​មន្ត្រី​គណបក្ស​ប្រឆាំង​ជាង ១០០នាក់ និង​ការ​ផ្ដល់​កម្លាំង​ចិត្ត និង​លើក​ទឹក​ចិត្ត​ដល់​លោក សម រង្ស៊ី ចំពោះ​ផែនការ​វិល​ទៅ​កម្ពុជា​វិញ៖ «»

កាលពី​ថ្ងៃ​ទី៧ ឧសភា ​លោក ហ៊ុន សែន បាន​ចេញ​លិខិត​ផ្ញើ​ជូន​ប្រធាន​ក្រុម​ការ​ងា​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​រាជធានី​ខេត្ត​ ឱ្យ​ផ្សព្វផ្សាយ​អប់រំ​ប្រជា​ពលរដ្ឋ​ ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​សភាពការណ៍​តាម​មូលដ្ឋាន​នៅ​ទូទាំង​ប្រទេស។ លោក​ ហ៊ុន​ សែន​ សរសេរ​នៅ​ក្នុង​លិខិត​នោះ​ថា កន្លង​មក លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជា​បន្តបន្ទាប់​អំពី​គម្រោង​ផែនការ​វិល​ចូល​កម្ពុជា​វិញ​ នៅ​ឆ្នាំ២០១៩ នេះ ក្នុង​គោលបំណង​ដឹកនាំ​ធ្វើ​បដិវត្តន៍​ពណ៌​ជា​ថ្មី ដោយ​បាន​អំពាវនាវ​កង​កម្លាំង​ប្រដាប់​អាវុធ និង​ប្រជាពលរដ្ឋ​ឱ្យ​ធ្វើ​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល។ ដើម្បី​បន្ត​គ្រប់គ្រង​សភាពការណ៍​តាម​មូលដ្ឋាន​នានា ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ថែមទៀត លោក​ ហ៊ុន​ សែន​ សុំ​ឱ្យ​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​រាជធានី​ខេត្ត​ ដឹក​នាំ​ណែនាំ​ដល់​ក្រុម​ការងារ និង​មន្ត្រី​អាជ្ញាធរ​កង​កម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ថ្នាក់​សហការ​រៀបចំ​វេទិកា​សាធារណៈ​គ្រប់​ឃុំ​ភូមិ ដើម្បី​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​អំពី​ផលវិបាក​នៃ​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​តាម​រយៈ​សកម្មភាព​បដិវត្តន៍​ពណ៌​នេះ។

លោក ហ៊ុន សែន បញ្ជាក់​ថា ការ​សម្រេច​វិល​ត្រឡប់​មក​កម្ពុជា​វិញ ឬ​មិន​វិល​មក​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី និង​ការ​ដឹក​នាំ​ធ្វើ​បដិវត្តន៍​ពណ៌​បាន​សម្រេច ឬ​មិន​បាន​សម្រេច​នោះ គឺ​មិន​ចំណុះ​ទៅ​លើ​មហិច្ឆតា​របស់​លោក​ សម រង្ស៊ី ឡើយ​កត្តា​សំខាន់​ជា​គន្លឹះ គឺ​អាស្រ័យ​ទៅ​លើ​ការ​គ្រប់គ្រង​បាន​ល្អ​ប្រសើរ​របស់​សមត្ថកិច្ច​នៅ​ទូទាំង​ប្រទេស។

លោក សម រង្ស៊ី បាន បាន​ឆ្លើយ​តប​ទៅ​លោក ហ៊ុន សែន វិញ​ភ្លាមៗ ថា លោក​នឹង​វិល​ទៅ​កម្ពុជា​វិញ ហើយ​ប្រជា​រាស្ត្រ​ខ្មែរ​ត្រូវ​តែ​ផ្ដួល​រំលំ​របប​ដឹក​នាំ​ខុស​ច្បាប់​សព្វថ្ងៃ​នេះ។ លោក​ សម ​រង្ស៊ី​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា លោក ហ៊ុន សែន កំពុង​ភ័យ​ស្លន់ ស្លោ​ពី​ការ​វិល​ត្រឡប់​របស់​លោក​ចូល​កម្ពុជា​វិញ​នៅ​ក្នុង​ឆ្នាំ២០១៩ នេះ។ លោក សម រង្ស៊ី ផ្ញើ​សារ​ ប្រាប់​លោក ហ៊ុន សែន ថា ប្រជារាស្ត្រ​ខ្មែរ​ត្រូវ​តែ​ផ្ដួល​រំលំ​របប​លោក ហ៊ុន សែន ព្រោះ​របប​នេះ​ ជា​របប​ខុស​ច្បាប់​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​កាល​ពី​ឆ្នាំ២០១៨ ដែល​ជា​ការ​រំលោភ​ឆន្ទៈ​ប្រជារាស្ត្រ​ទាំង​ស្រុង។ លោក​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​ណា ដែល​មិន​មាន​ការ​ចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តំណាង​ឱ្យ​ឆន្ទៈ​ប្រជារាស្ត្រ​ខ្មែរ​ជាង​ពាក់​កណ្ដាល​នគរ គឺ​ជា​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ ផ្ទុយ​ស្រឡះ​ពី​គោលការណ៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។

មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បន្ត​ថា ប្រសិន​បើ​លោក ហ៊ុន សែន ចង់​កាត់​បន្ថយ​កំហឹង​ប្រជារាស្ត្រ​ត្រូវតែ​បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ប្រគល់​សង​ដីធ្លី​ ផ្ទះ​សម្បែង និង​ទ្រព្យ​សម្បត្តិ​ផ្សេងៗ ទៀត របស់​ប្រជារាស្ត្រ​រាប់​លាន​គ្រួសារ ដែល​លោក​របប​ ហ៊ុន សែន បាន​ប្លន់​ពី​ប្រជារាស្ត្រ។ លោក​បន្ត​ថា លោក​ ហ៊ុន​ សែន ​ត្រូវ​តែ​ណែនាំ​ឱ្យ​ក្រុម​គ្រួសារ និង​បក្ខពួក​ បញ្ឈប់​អំពើ​ពុក​រលួយ​ប្លន់​ជាតិ​ ហើយ​ត្រូវ​តែ​ ប្រគល់​សង​ប្រទេស​ជាតិ​វិញ​ នូវ​ថវិកា​រាប់ពាន់​លាន​ដុល្លារ ដែល​ក្រុម​គ្រួសារ និង​បក្ខពួក​បាន​ប្លន់​ពី​ ប្រទេស​ជាតិ។ ម្យ៉ាង​វិញ​ទៀត លោក ហ៊ុន សែន ត្រូវ​តែ​ដោះ​ស្រាយ​ជា​បន្ទាន់​នូវ​បញ្ហា​បំណុល​ដ៏​ធ្ងន់ធ្ងរ​របស់​ប្រជារាស្ត្រ​រាប់​លាន​គ្រួសារ​ធ្លាក់​ខ្លួន​ក្រ និង​ជំពាក់​បំណុល ដោយសារ​តែ​ក្រុម​គ្រួសារ និង​ បក្ខពួក​លោក ហ៊ុន សែន បាន​បំផ្លាញ​មុខ​របរ​ចិញ្ចឹម​ជីវិត និង​ជីវភាព​រស់នៅ​របស់​ប្រជារាស្ត្រ​ដោយសារ​តែ​អំពើ​ពុក​រលួយ និង​អសមត្ថភាព​របស់​ថ្នាក់​ដឹក​នាំ​ប្រទេស​សព្វថ្ងៃ។

លោក សម វឌ្ឍនា បញ្ជាក់​ថា ការ​តស៊ូ​របស់​គណបក្ស សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស គឺ​ពុំ​មែន​ជា​សកម្មភាព​បដិវត្តន៍​ពណ៌​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ គឺ​ជា​ការ​ទាមទារ​ឲ្យ​របប​លោក​ក្រុង​ភ្នំពេញ​គោរព​គោលការណ៍​ប្រជាធិបតេយ្យ និង​ច្បាប់​ជាតិ អន្តរជាតិ​តែ​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា នៅ​ដំណាក់​កាល​នេះ ពលរដ្ឋ​ខ្មែរ​ទំាង​នៅ​ក្នុង និង​ក្រៅ​ប្រទេស មិន​អាច​ឈរ​ឱប​ដៃ​មើល​របប​លោក ហ៊ុន សែន គាប​សង្កត់ និង​ធ្វើ​បាប​ពលរដ្ឋ​បាន​ទៀត​ឡើយ៖ «»

ទាក់ទង​នឹង​បញ្ហា​នេះ អង្គការ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស ហៅ​កាត់​ថា (APHR) ក៏​ជំរុញ​ឱ្យ​របប​លោក ហ៊ុន សែន បញ្ឈប់​ការ​កំណត់​មុខ​សញ្ញា និង​ការ​វាយ​ប្រហារ​លើ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ។ អង្គការ​អន្តរជាតិ​មួយ​នេះ​ក៏បាន​ស្នើ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់ ចំពោះ​ករណី​ស្លាប់​អតីត​មន្ត្រី​បក្ស​ប្រឆាំង​ម្នាក់​នៅ​ក្នុង​ពន្ធនាគារ​ផង​ដែរ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​អង្គការ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស លោក ឆាល សាន់ទីយ៉ាហ្គោ (Charles Santiago) ថ្លែង​ថា អាជ្ញាធរ​របប​ក្រុងភ្នំពេញ​នៅតែ​បន្ត​ប្រើប្រាស់​យុទ្ធសាស្ត្រ​ជា​ច្រើន ដើម្បី​កំណត់​គោលដៅ​វាយ​ប្រហារ​ក្រុម​អ្នក​គាំទ្រ​គណបក្ស សង្គ្រោះ​ជាតិ។ យុទ្ធសាស្ត្រ​ទាំងនោះ មាន​ជាអាទិ៍ ការ​ចាប់​ឃុំខ្លួន​តាម​ទំនើងចិត្ត និង​ការ​ចោទ​ប្រកាន់​បែប​ប្រឌិត​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ជា​ដើម។

សមាជិកសភា​ម៉ាឡេស៊ី​រូប​នេះ អះអាង​ថា ការ​វាយប្រហារ​ឥត​ស្រាកស្រាន្ត​លើ​គណបក្ស​ប្រឆាំង បង្ហាញ​ថា របប​លោក ហ៊ុន សែន គ្មាន​ចំណាប់អារម្មណ៍​ទៅលើ​រឿង​កិច្ច​សន្ទនា​ស្ងប់​ល្អ​នោះ​ឡើយ ក៏ប៉ុន្តែ​ របប​នេះ​ខ្វាយខ្វល់​តែ​ទៅលើ​រឿង​ពង្រឹង​ការ គ្រប់គ្រង​អំណាច​ប៉ុណ្ណោះ។ លោក​ទាមទារ​ឱ្យ​មាន​ការ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទាំងឡាយ​លើ​គណបក្ស​ប្រឆាំង ដែល​កំពុង​រីក​រាលដាល​ពេញ​ប្រទេស​កម្ពុជា។

លោក ឆាល សាន់ទីយ៉ាហ្គោ (Charles Santiago) លើក​ឡើង​បែប​នេះ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សមាជិក​សភា​​អាស៊ាន​ ដើម្បី​សិទ្ធិ​មនុស្ស (APHR) នៅ​ថ្ងៃ​ទី១០ ឧសភា។ សេចក្ដី​ថ្លែង​ការណ៍​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​ចាត់​ការ​ដោយ​ឥត​បង្អង់​ដៃ​ទៅ​លើ​ថ្នាក់​ដឹក​នាំ មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​នៅ​ថ្នាក់​ក្រោម​ជាតិ បើ​ទោះ​បី​ជា​របប​នេះ​បាន​រំលាយ​គណបក្ស សង្គ្រោះ​ជាតិ ចោល តាំង​ពី​ចុង​ឆ្នាំ២០១៧ រួច​មក​ហើយ​ក្ដី។

អង្គការ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស កត់​សម្គាល់​ថា ចាប់​តាំង​ពី​ពេល​ដែល​ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ប្រកាស​អំពី​គម្រោង​វិល​ចូល​ស្រុក​វិញ​នោះ របប​ក្រុង​ភ្នំពេញ​បាន​បង្កើន​ការ​វាយ​បង្ក្រាប​ខាង​នយោបាយ​កាន់​តែ​ខ្លាំង។ ចំណាត់​ការ​ទាំង​នោះ មាន​ដូច​ជា ការ​យាយី ការ​ចាប់​ខ្លួន​ដោយ​មិន​ស្រប​ច្បាប់ ការ​វាយ​ប្រហារ​លើ​រូប​រាងកាយ ហើយ​ថែម​ទាំង​មាន​ករណី​ធ្វើ​ទារុណកម្ម និង​ឃាតកម្ម​ទៀត​ផង ដែល​រឿងរ៉ាវ​ទាំង​នេះ​បាន​កើត​ឡើង ស្រប​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ជា​សាធារណៈ​អំពី​បំណង “វាយកម្ទេច” គណបក្ស​ប្រឆាំង។

ពិធី​ជួបជុំ​គ្នា​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​ទីក្រុង Fresno រដ្ឋ​កាលីហ្វីនីញ៉ា​នេះ មាន​អ្នក​ជួបជុំ​ជា​ច្រើន​រយ​នាក់ ស្វាគមន៍​លោក សម រង្ស៊ី និង បង្ហាញ​ជំហរ​ថា ពួក​គាត់​ទាំង​អស់​គ្នា​មិន​តក់​ស្លុត និង​ការ​គំរាម​កំហែង​ពី​របប​ក្រុងភ្នំពេញ ចំពោះ​ការ​ចោទ​ប្រកាន់​ថា គណបក្ស សង្គ្រោះ​ជាតិ មាន​បំណង​ធ្វើ​បដិវត្តន៍​ឡើយ ប៉ុន្តែ​អ្នក​គាំទ្រ​គណបក្ស សង្គ្រោះ​ជាតិ នៅ​តែ​ទាមទារ​ឲ្យ​របប​ក្រុង​ភ្នំពេញ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​គោរព​សិទ្ធិមនុស្ស និង​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ​ឲ្យ​ទាល់​តែ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment