ពលរដ្ឋ​ និង​អ្នក​វិភាគ​ប្រាថ្នា​ឱ្យ​ព្រះមហាក្សត្រ​មាន​អំណាច​ពេញលេញ ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នយោបាយ

ដោយ សេក បណ្ឌិត
2019-05-14
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុង​កម្ពុជាធិបតី (ហ្វេសប៊ុក​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុង​កម្ពុជាធិបតី)
ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុង​កម្ពុជាធិបតី (ហ្វេសប៊ុក​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុង​កម្ពុជាធិបតី)


ពលរដ្ឋ ចង់ឱ្យព្រះមហាក្សត្រមានអំណាចពេញលេញដើម្បីដោះស្រាយវិបត្តិនយោបាយ


ប្រជារាស្ត្រ និង​អ្នកវិភាគ​នាំគ្នា​ថ្វាយព្រះពរ​ព្រះមហាក្សត្រ​ព្រះ​បរមនាថ នរោត្តម សីហ​មុនី ឱ្យ​មាន​ព្រះជន្មាយុ​យឺនយូរ និង​សូម​ឱ្យ​ទ្រង់​មាន​អំណាច​ពេញលេញ​ ដើម្បី​បំពេញ​ព្រះរាជ​អន្តរាគមន៍​ដោះ​ស្រាយ​វិបត្តិ​នយោបាយ ដើម្បី​ឱ្យ​ខ្មែរ​គ្រប់​និន្នាការ​អាច​រួមរស់​ជា​មួយ​គ្នា​ដោយ​សុខដុមរមនា​ប្រកប​ដោយ​សាមគ្គី​​ជាតិ ​និង​ឯកភាព​ជាតិ។ ក្ដី​ប្រាថ្នា​នេះ​ធ្វើ​ឡើង​ក្នុង​ឱកាស​ព្រះរាជ​ពិធី​ព្រះជន្មាយុ​ព្រះ​អង្គ។

នៅ​តាម​ស្ថាប័ន​និង​គ្រឹះស្ថាន​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​ភាគ​ច្រើន​បាន​ដាក់​តាំង​ព្រះ​ឆាយា ល័ក្ខណ៍​ព្រះមហាក្សត្រ​ ដោត​ទង់​ជាតិ​ ទង់​ជ្វាលា​ និង​ពាក្យ​ស្លោក​ដែល​មាន​ន័យ​ថ្វាយ​ព្រះពរ​ក្នុង​ថ្ងៃ​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្មាយុ​ព្រះអង្គ។ នៅ​ថ្ងៃ​ទី១៤​ ខែ​ឧសភា ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី មាន​ព្រះជន្មាយុ​គម្រប់ ៦៦ព្រះវស្សា​ យាង​ចូល ៦៧ព្រះវស្សា​។

ព្រះអង្គ​ត្រូវ​ពលរដ្ឋ​ខ្មែរ​ ដែល​គោរព​ស្រឡាញ់​ចាត់​ទុក​ជា​ព្រះមហាក្សត្រ ដែល​មាន​ព្រះទ័យ​ស្លូតបូត​មាន​ព្រហ្មវិហារ​ធម៌ និង​ជា​ព្រះមហាក្សត្រ​គោរព​ព្រះពុទ្ធ​សាសនា។ យ៉ាង​ណា​ក្ដី ក៏​មាន​ពលរដ្ឋ​ជា​ច្រើន​ប្រាថ្នា​ឱ្យ​ព្រះអង្គ​មាន​មាន​អំណាច និង​មាន​ព្រះរាជ​សកម្មភាព​ក្លៀវក្លា​ដូច​ព្រះបិតា និង​អង្គ​ព្រះ​មហា​ក្សត្រ​មុនៗ ដើម្បី​ដោះ​ស្រាយ​បញ្ហា​វិបត្តិ​នយោបាយ​របស់​ជាតិ។

ពលរដ្ឋ​រស់​នៅ​រាជធានី​ភ្នំពេញ​លោកស្រី​ ច្រាយ នីម បាន​ថ្វាយ​ព្រះពរ​ដល់​ព្រះមហាក្សត្រ​ឱ្យ​មាន​ព្រះរាជ​សុខភាព​ល្អ និង​សូម​ឱ្យ​ព្រះអង្គ​មាន​អំណាច​ពេញលេញ ដើម្បី​បំពេញ​ព្រះរាជ​អន្តរាគមន៍​ដោះ​ស្រាយ​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​សង្គម​កម្ពុជា ដូច​ជា បញ្ហា​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​បញ្ហា​កាប់​បំផ្លាញ​ព្រៃឈើ​ដោយ​មន្ត្រី​ពុករលួយ​ និង​ឈ្មួញ​ទុច្ចរិត។ ជា​មួយ​គ្នា​នេះ​អ្នកស្រី​ក៏​សូម​ទួល​សុំ​ឱ្យ​ព្រះអង្គ​ធ្វើ​ជា​អាជ្ញា​កណ្ដាល​ជួយ​អន្តរាគមន៍​ដោះ​ស្រាយ​បញ្ហា​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ សង្គ្រោះ​ជាតិ​ ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប ដែល​បាន​ផ្ដល់​ប្រយោជន៍​យ៉ាង​ធំធេង​ដល់​ប្រជាពលរដ្ឋ​កម្ពុជា៖ «សូម​ព្រះអង្គ​មេត្តា​ទត​មើល​ប្រជារាស្ត្រ​នៅ​កម្ពុជា​ផង​ដោយសារ​ឥឡូវ​នេះ ប្រទេស​កម្ពុជា​កំពុង​ជួបប្រទះ​មហា​គ្រោះ​មួយ​ដ៏​ធំ ដែល​អន្តរជាតិ​កំពុង​ដាក់​សម្ពាធ ទាក់ទង​នឹង EBA ដោយសារ​តែ​រឿង​នយោបាយ។ រឿង​នយោបាយ​កាន់​តែ​ក្ដៅ​ហើយ ហើយ​អ្នក​ដែល​រង​គ្រោះ គឺ​ប្រជាពលរដ្ឋ​ដែល​លំបាក ទាំង​ការ​រកស៊ី​ទាំង​ការ​រស់​នៅ។ បើ​និយាយ​ពី​សុវត្ថិភាព គឺ​ទាំង​ព្រៃ​ឈើ ត្រូវ​បាត់​បង់ ទាំង​ប្រជាពលរដ្ឋ​រង​គ្រោះ​ដីធ្លី​មាន​ការ​កើន​ឡើង។ មាន​តែ​ព្រះអង្គ​ទេ អាច​ជួយ​អន្តរាគមន៍​ដោះ​ស្រាយ​បាន»

ក្នុង​ព្រះរាជ​ពិធីបុណ្យ​ចម្រើន​ព្រះជន្ម​នេះ ថ្វីត្បិត​តែ​មាន​សារ​លិខិត​ថ្វាយ​ព្រះពរ​ព្រោងព្រាត​ពី​មន្ត្រី​របប​លោក ហ៊ុន សែន តាំង​ពី​ថ្នាក់​កំពូល​ដល់​ថ្នាក់​ក្រោម​ក្ដី ប៉ុន្តែ​ប្រជាពលរដ្ឋ​ មើល​ឃើញ​ថា សម្រាប់​ការងារ​ជាក់​ស្ដែង​វិញ មន្ត្រី​របប​លោក​ ហ៊ុន សែន មួយ​ចំនួន​មិន​សូវ​ផ្ដល់​តម្លៃ​ដល់​អង្គ​ព្រះមហាក្សត្រ​ឡើយ​ប្រហែល​ជា​ដោយសារ​ព្រះអង្គ​មិន​មាន​អំណាច​ដូច​លោក ហ៊ុន សែន។

ពលរដ្ឋ​មួយ​រូប​រស់នៅ​ខេត្ត​បាត់ដំបង ក៏​បាន​ថ្វាយ​ព្រះពរ​ឱ្យ​ព្រះមហាក្សត្រ​មាន​ព្រះជន្ម​យឺនយូរ និង​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​សម្រាប់​ប្រជានុរាស្ត្រ​ខ្មែរ​គ្រប់​រូប។ ពលរដ្ឋ​រូប​នេះ ក៏​ទួល​ស្នើសុំ​ព្រះអង្គ​ព្រះ​មេត្តា​កុំ​គង់​សម្ងំ​ស្ងៀមស្ងាត់​ក្នុង​ព្រះរាជវាំង​ពេក​គួរតែ​មាន​ព្រះទ័យ​គិត​គួរ​ពី​បញ្ហា​ជាប់​គាំង​នយោបាយ​ជា​យូរ​ឆ្នាំ​មក​ហើយ។ ពលរដ្ឋ​រូប​នេះ​សង្ឃឹម​ថា ព្រះមហាក្សត្រ​នឹង​ប្រកាស​ឱ្យ​លោក ហ៊ុន សែន ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ជាមួយ​គណបក្ស សង្គ្រោះ​ជាតិ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឡើង​វិញ៖ «ប្រសិនបើ​ព្រះអង្គ​នៅ​តែ​គង់​ស្ងៀម​ស្ងាត់​អ៊ីចឹង​ទៀត គឺ​វិវាទ​នយោបាយ​មិន​ចេះ​ចប់​នោះ​ទេ។ ខ្ញុំ​ចង់​ឱ្យ​ព្រះមហាក្សត្រ​បំពេញ​ព្រះរាជ​តួនាទី​ដូច​កាល​ដែល​សម្ដេច​តា​សម្របសម្រួល​រវាង​ជម្លោះ​មេ​បក្ស​ទាំង២ គឺ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ឆ្នាំ១៩៩៣ ដែល​មាន​កា​រវិ​វាទ​គ្នា​រហូត​ដល់​ផ្ទះ​អាវុធ។ ពេល​នោះ​ គឺ​សម្ដេច​ចេញ​ព្រះរាជ​អន្តរាគមន៍​ធ្វើ​ឱ្យ​មេ​បក្ស​ទាំង​ពីរ​​ស្ងប់​រម្ងាប់ ហើយ​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ម្ដង​បន្តិចៗ។ អីចឹង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ សូម​ឱ្យ​ព្រះមហាក្សត្រ​បំពេញ​ព្រះរាជ​តួនាទី​មេត្តា​សម្របសម្រួល​ដល់​មេ​បក្ស​ទាំង​ពីរ​ ឱ្យ​អង្គុយ​តុ​ចរចា​ជជែក​គ្នា ​ដើម្បី​បញ្ចៀស​ការ​បាត់បង់​ EBA ឱ្យ​បាន​ព្រោះ​ កាល​ណា EBA ត្រូវ​កាត់​ផ្ដាច់​នឹង​ធ្វើ​ប្រជាពលរដ្ឋ​រង​ទុក្ខ​ធំ​មែនទែន គឺ​លំបាក​រក​មុខ​របរ​ទទួលទាន​ណាស់»

ព្រះរាជ​ពិធីបុណ្យ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើយ​ចាប់ពី​ថ្ងៃ​ទី១៣ ដល់​ថ្ងៃ​ទី១៥ ខែ​ឧសភា​រៀងរាល់​ឆ្នាំ ប៉ុន្តែ​ឆ្នាំ​នេះ​ពិធីបុណ្យ​ចម្រើន​ព្រះជន្ម​របស់​ព្រះអង្គ​ត្រូវ​បាន​ធ្វើ​មុន​មួយថ្ងៃ​ គឺ​កាល​ពី​ថ្ងៃ​ទី១២ ខែ​ឧសភា​ដោយសារ​ព្រះអង្គ​ត្រូវ​យាង​ចាក​ចេញ​ទៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​រយៈ​ពេល ៤ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១៣ ខែ​ឧសភា ដើម្បី​ចូលរួម​វេទិកា​អរិយធម៌​អាស៊ី​លើក​ទី​មួយ តាម​ការ​អញ្ជើញ​ពី​ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង។

ប្រធានប្រតិបត្តិ​របស់​គណបក្ស សង្គ្រោះ​ជាតិ នៅ​ខេត្ត​ស្វាយរៀង គឺ​លោក ម៉ៅ វិបុល ដែល​ភៀស​ខ្លួន​រស់​នៅ​ឯ​ប្រទេស​ថៃ ដើម្បី​គេច​ចេញពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​របប​ក្រុង​ភ្នំពេញ​នោះ ក៏​បាន​ថ្វាយ​ព្រះពរ​ដល់​ព្រះមហាក្សត្រ​ប្រកប​ដោយ​ព្រះ​បរម​សុខ​គ្រប់​ប្រការ។ លោក ម៉ៅ វិបុល ក៏​មាន​ក្តី​ប្រាថ្នា​ចង់​ឱ្យ​ព្រះមហាក្សត្រ​សម្រប​សម្រួល​ដោះ​ស្រាយ​ជម្លោះ​នយោបាយ ដែល​បង្ក​ឡើង​ដោយ​របប​លោក ហ៊ុន សែន ដែរ៖ «សូម​ទួល​ព្រះអង្គ​ដែរ​ធ្វើ​ម៉េច​ឱ្យ​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព​ពិត​ប្រាកដ ហើយ​ក្នុង​នាម​ខ្ញុំ​ជា​អ្នក​នយោបាយ​ម្នាក់ ការ​លំបាក​វេទនា​ណាស់​នៅ​ក្រៅ​ប្រទេស។ សូម​ឱ្យ​ព្រះអង្គ​មាន​ព្រះរាជ​តម្រិះ​ដោះ​ស្រាយ​រឿង​បញ្ហា​នយោបាយ។ បើ​ព្រះអង្គ​គង់​នៅ​ស្ងៀមស្ងាត់ គឺ​ កូន​ចៅ​មាន​បញ្ហា ហើយ​ប្រទេស​ជាតិ ក៏​ជួប​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ នៅ​ពេល​ខាង​មុខ​នេះ​ដែរ»

ព្រះបាទ នរោត្តម សីហមុនី ទ្រង់​ប្រសូត​នៅ​ថ្ងៃ​ទី១៤ ខែ​ឧសភា ឆ្នាំ១៩៥៣ នៅ​រាជធានី​ភ្នំពេញ។ព្រះអង្គ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះករុណា​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ និង​សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ។

ក្នុង​ប្រវត្តិ​នៃ​ការសិក្សា​របស់​ព្រះអង្គ​បង្ហាញ​ថា ព្រះអង្គ​មាន​ជំនាញ​ខាង​ផ្នែក​សិល្បៈ​របាំ​ ដូរ្យតន្ត្រី​ ល្ខោន​ និង​ភាពយន្ត។ ព្រះអង្គ​ទទួល​បាន​បរិញ្ញាបត្រ​ជាន់​ខ្ពស់​នៃ​បណ្ឌិត​សភា​ផ្នែក​សិល្បៈ​តន្ត្រី​ទីក្រុង​ប្រាគ (Prague) ក្នុង​ប្រទេស​ឆេកូ (Czech Republic)

ព្រះអង្គ​ធ្លាប់​ត្រូវ​បាន​ជ្រើស​តាំង​ជា​ឯកច្ឆន្ទ​ជា​តំណាង​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ និង​គង់​ជា​ឯក​អគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​កម្ពុជា​ប្រចាំ​អង្គការ​អប់រំ​ វប្បធម៌ និង​វិទ្យាសាស្ត្រ​នៃ​អង្គការ​សហប្រជាជាតិ​ហៅ​កាត់​ថា យូណេស្កូ (UNESCO ) រួម​នឹង​ស្នា​ព្រះហស្ត​ជា​ច្រើន​ទៀត។ ក្រៅ​ពី​ភាសាជាតិ​ព្រះអង្គ​ចេះ​ភាសា​បារាំង​ភាសា​ឆេក និង​ភាសា​អង់គ្លេស។នៅ​ថ្ងៃ​ទី១៤ ខែ​តុលា​ឆ្នាំ២០០៤ ព្រះអង្គ​ត្រូវ​បាន​សមាជិក​ក្រុមប្រឹក្សា​រាជ​សម្បត្តិ​ជ្រើស​រើស​ជា​ឯកច្ឆន្ទ​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

អ្នកវិភាគ​នយោបាយ និង​សង្គម​លោក គឹម សុខ​ ដែល​គេច​ពី​ការ​តាម​ចាប់ខ្លួន​របស់​លោក​ហ៊ុន​ សែន​ និង​ទទួល​បាន​សិទ្ធិ​រស់នៅ​ប្រទេស​ហ្វាំងឡង់​នោះ​មិន​ស្នើសុំ​អ្វី​ពី​ព្រះមហាក្សត្រ​ឡើយ ប៉ុន្តែ​លោក​ស្នើសុំ​ឱ្យ​អ្នក​នយោបាយ ជា​ពិសេស មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​គោរព​ព្រះអង្គ​តាម​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ និង​ថ្វាយ​ឱកាស​ឱ្យ​ព្រះអង្គ​សម្រេច​ព្រះទ័យ​ដោយ​ឯករាជ្យ និង​កុំ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ព្រះអង្គ និង​ទុក​ព្រះអង្គ​ជា​ឧបករណ៍​នយោបាយ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ដែល​បាន​ចែង​ថា ព្រះមហាក្សត្រ​មាន​តួនាទី​ជា​អាជ្ញា​កណ្ដាល៖ «សូម​ឱ្យ​អ្នក​នយោបាយ​ ជា​ពិសេស អ្នក​ដែល​មាន​តួនាទី​គ្រប់គ្រង​ប្រទេស​ជាតិ​ គោរព​រដ្ឋធម្មនុញ្ញ​គោរព​ព្រះមហាក្សត្រ​ ដើម្បី​ផ្ដល់​លទ្ធភាព​ថ្វាយព្រះ​អង្គ​អាច​បំពេញ​ ព្រះរាជ​កិច្ច​បម្រើ​ប្រទេស​ជាតិ​ និង​ប្រជាពលរដ្ឋ​របស់​ព្រះអង្គ​ដោយ​យុត្តិធម៌​ត្រឹមត្រូវ»

ចំណែក​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា និង​ជា​អ្នកវិភាគ​បញ្ហា​នយោបាយ​លោក ព្រាប កុល ក៏​បាន​សរសេរ​សារ​ថ្វាយ​ព្រះពរ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង សូម​ព្រះអង្គ​មាន​ព្រះរាជ​សុខភាព​ល្អ​បរិបូរណ៍​ ព្រះ​កាយពល​មាំមួន និង​ព្រះជន្មាយុ​យឺនយូរ ព្រម​ទាំង​មាន​ព្រះ​បញ្ញាញាណ​អំពី​បញ្ហា​ទំនាស់​នយោបាយ​របស់​ជាតិ និង​ព្រះ​មេត្តា​បំពេញ​ព្រះរាជ​កិច្ច​សម្រប​សម្រួល​ដោះ​ស្រាយ​បញ្ហា​នេះ​ឱ្យ​ខ្មែរ​គ្រប់​និន្នាការ​បាន​រួមរស់​ជាមួយ​គ្នា​ដោយ​សុខដុមរមនា​ប្រកប​ដោយ​សាមគ្គីភាព​ជាតិ និង​ឯកភាព​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment