មន្ត្រី​សិទ្ធិមនុស្ស​រិះគន់​របប​ក្រុង​ភ្នំពេញ​អំពី​ការ​ឃុំ​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ខុស​នីតិវិធី

ដោយ ហេង រស្មី
2019-05-14
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ស្លាក​សម្គាល់នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត (v)
ស្លាក​សម្គាល់នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត (រូប៖ ហ្វេសប៊ុក​​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត)


អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ បាន​សម្រេច​ដោះ​លែង​សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ ម្នាក់​នៅ​ក្នុង​ខេត្ត​កំពត ក្រោយ​ពី​ឃុំ​ខ្លួន​រយៈ​ពេល​បី​យប់​ពីរ​ថ្ងៃ ដោយ​មិន​ដឹង​មូលហេតុ​ច្បាស់លាស់។ ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​ចាត់​ទុក​ការ​ឃុំ​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នេះ​ថា ជា​រឿង​ខុស​ច្បាប់។

បុគ្គលិក​អង្កេត​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​សមាគម​សិទ្ធិមនុស្ស អាដហុក ខេត្ត​កំពត លោក ប៊ី វ៉ាន់នី បាន​រិះគន់​អាជ្ញាធរ​ខេត្ត​កំពត​ថា បាន​ឃុំ​ខ្លួន​សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ លើស​នីតិវិធី​ច្បាប់ បើ​ទោះ​បី​ជា​សកម្មជន​រូប​នេះ ត្រូវ​បាន​ដោះ​លែង​ឱ្យ​មាន​សេរីភាព​វិញ​ក៏​ដោយ។

លោក​មាន​ប្រសាសន៍​ថា ការ​ឃុំខ្លួន​នេះ​បាន​រំលោភ​លើ​សិទ្ធិ​​ជន​ជាប់​ចោទ និង​បង្ហាញ​ថា កម្ពុជា​មិន​ទាន់​មាន​ការ​គោរព​នីតិរដ្ឋ​ឱ្យ​បាន​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់​នៅ​ឡើយ។ លោក​សង្កេត​ឃើញ​ថា ​ការ​អនុវត្ត​ច្បាប់​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ​ទន់​ខ្សោយ ​មាន​ភាព​លំអៀង ឬ​ជា​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្តង់ដារ​ពីរ៖ «ការ​ឃាត់​ខ្លួន​គាត់​យក​ទៅ​សាកសួរ​រយៈពេល​៣ថ្ងៃ២យប់​។​យើង​គិត​ថា នេះ​ជា​ការ​គំរាម​កំហែង​ទៅ​លើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​។ពីព្រោះ​ថា​សាល​ដីកា​របស់​តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​ សង្គ្រោះ​ជាតិ​ ហើយ​អ៊ីចឹង​ហើយ​ពួក​គាត់​ជា​សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ គាត់​ក្លាយ​ទៅ​ជា​ប្រជាពលរដ្ឋ​សាមញ្ញ ហើយ​គាត់​មាន​សិទ្ធិ​នយោបាយ​ហើយ»

អាជ្ញាធរ​មាន​សមត្ថកិច្ច​ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី៧ ឧសភា បាន​ចាប់​ខ្លួន​លោក ង៉ែត ខុច សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ ម្នាក់​យក​ទៅ​សាកសួរ​នៅ​ស្នងការ​ប៉ូលិស​ខេត្ត​អស់​រយៈ ៣ថ្ងៃ ២យប់ ហើយ​នៅ​ថ្ងៃ​ទី៩ ឧសភា​កន្លង​ទៅ​នេះ សមត្ថកិច្ច​បាន​ដោះ​លែង​មក​វិញ ក្រោយ​ពី​រក​មិន​ឃើញ​មាន​ភស្តុតាង​ណា​មួយ ដើម្បី​ដាក់​បន្ទុក​ទៅ​លើ​ជន​សង្ស័យ​នោះ​ទេ។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ស្នងការ​រង​ប៉ូលិស​ខេត្ត​កំពត លោក សម្បត្តិ សុធារដ្ឋ បាន​ទេ កាល​ពី​ថ្ងៃ​ទី១៣ ខែ​ឧសភា។

ក៏ប៉ុន្តែ​មន្រ្តី​សិទ្ធិមនុស្ស​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​នេះ ដំបូង​ឡើយ ទំនង​ជា​អាជ្ញាធរ​សង្ស័យ​ថា លោក​ ង៉ែត ខុច បាន​ញុះញង់​ប្រមូល​ផ្តុំ​ប្រឆាំង​ដីកា​តុលាការ​កំពូល ដែល​បាន​រំលាយ​គណបក្ស សង្គ្រោះ​ជាតិ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៧។

ប្រធាន​គណបក្ស​ សង្គ្រោះ​ជាតិ ស្រុក​ដងទង់ ខេត្ត​កំពត លោក ង៉ែត ខុច ប្រាប់​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី១៣ ឧសភា​ថា ពេល​ចាប់​ឃាត់​ខ្លួន​លោក​នោះ សមត្ថកិច្ច​បាន​សួរនាំ​លោក​អំពី​ការ​ចូល​រួម​សកម្មភាព​គណបក្ស​នយោបាយ​ជាមួយ​នឹង​គណបក្ស សង្គ្រោះ​ជាតិ។ លោក​ក៏​បាន​ប្រាប់​សមត្ថកិច្ច​ ថា ការ​គាំទ្រ​របស់​លោក​ជាមួយ គណបក្ស សង្គ្រោះ​ជាតិ គ្មាន​អ្វី​ខុស​ទេ។ លោក​មាន​ប្រសាសន៍​ថា ក្រោយ​ពី​រក​មិន​ឃើញ​ភស្តុតាង​ដាក់​បន្ទុក សមត្ថកិច្ច​បាន​ដក​ហូត​សម្ភារៈ​របស់​លោក​មួយ​ចំនួន៖ «ឥឡូវ​ហ្នឹង គេ​យក​សៀវភៅ​ខ្ញុំ​បាន ២ក្បាល សៀវភៅ​គណបក្ស ១ក្បាល ទូរស័ព្ទ ២គ្រឿង។ គេ​អត់​ឱ្យ​វិញ​ទេ»

ការ​សម្រេច​ដោះ​លែង​សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ ម្នាក់​នៅ​ក្នុង​ខេត្ត​កំពត ឱ្យ​មាន​សេរី​ភាព​វិញ​នេះ ស្រប​ពេល​តុលាការ​ខេត្ត​បាត់ដំបង និង​អាជ្ញាធរ​ខេត្ត​កំពង់ធំ បាន​កោះ​ហៅ​មន្ត្រី​បក្ស​ប្រឆាំង​ជា​ច្រើន​នាក់ មក​សាកសួរ​នាំ​ជា​បន្ត​បន្ទាប់ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ប្រមូល​ផ្ដុំ​គ្នា ដើម្បី​ទទួល​ស្វាគមន៍​​លោក សម រង្ស៊ី ពេល​វិល​ចូល​មាតុ​ប្រទេស​វិញ។

ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ប្រកាស​ថា នឹង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​នៅ​ក្នុង​អំឡុង​ឆ្នាំ២០១៩ នេះ ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment