សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​សមត្ថកិច្ច​យក​ចិត្ត​ទុក​ដាក់​ក្នុង​ស្រាវជ្រាវ​ករណី​ជន​ជាតិ​ចិន​មួយ​ក្រុម​ព្រមាន​បង្ក​ភាព​វឹកវរ​នៅ​ខេត្ត​ព្រះសីហនុ

ដោយ ជាតិ ចំណាន
2019-05-14
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ជន​ជាតិ​ចិន​មួយ​ក្រុម ដែល​ត្រូវ​បាន​គេ​អះអាង​ថា បាន​ព្រមាន​ពី​ការ​បង្ក​ភាព​វឹកវរ​នៅ​ខេត្ត​ព្រះសីហនុ តាម​វីដេអូ​លើ​ហ្វេសប៊ុក។ Screenshot (Photo: RFA)
ជន​ជាតិ​ចិន​មួយ​ក្រុម ដែល​ត្រូវ​បាន​គេ​អះអាង​ថា បាន​ព្រមាន​ពី​ការ​បង្ក​ភាព​វឹកវរ​នៅ​ខេត្ត​ព្រះសីហនុ តាម​វីដេអូ​លើ​ហ្វេសប៊ុក។ Screenshot (Photo: RFA)


មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ទៅ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ឱ្យ​ខិតខំ​ស្រាវ​ជ្រាវ ដើម្បី​ចាប់​ខ្លួន​ជន​ជាតិ​ចិន​មួយ​ក្រុម ដែល​ព្រមាន​តាម​វីដេអូ​លើ​ហ្វេសប៊ុក​ថា នឹង​បង្ក​ភាព​វឹកវរ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។ ការ​អំពាវនាវ​នេះ ខណៈ​សមត្ថកិច្ច​កម្ពុជា និង​សមត្ថកិច្ច ចិន មិន​ទាន់​បង្ហាញ​លទ្ធផល​ពី​ការ​ស្រាវជ្រាវ​របស់​ខ្លួន​ស្ដីពី​ការ​រក​មុខ​សញ្ញា​ជន​ជាតិ​ទាំង​នោះ​នៅ​ឡើយ។

មន្ត្រី​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ថា សារ​ព្រមាន​របស់​ជន​ជាតិ​ចិន ធ្វើ​ឲ្យ​ពលរដ្ឋ អ្នក​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ និង​ប្រទេស​កម្ពុជា បារម្ភ​ពី​សុវត្ថិភាព​របស់​ខ្លួន ខណៈ​ជន​ជាតិ​ចិន​នៅ​កម្ពុជា​កំពុង​បង្ក​បញ្ហា និង​ចាប់​ជំរិត​មនុស្ស​តាម​ប្រព័ន្ធ​អ៊ីនធើណិត​ស្ទើរ​រាល់​ថ្ងៃ​ទៅ​ហើយ​នោះ។

អ្នក​សម្របសម្រួល​សមាគម អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក​ស្រី ជាប សុធារី ​ប្រាប់​អាស៊ី​សេរី​ថា ពលរដ្ឋ​មួយ​ចំនួន ដែល​កំពុង​ព្រួយ​បារម្ភ​ពី​ការ​បង្ក​បញ្ហា​របស់​ជន​ជាតិ​ចិន ​ទៅ​ហើយ​នោះ ពេល​នេះ គឺ​ពួក​គេ​កាន់​តែ​ព្រួយ​បារម្ភ​ថែម​ទៀត ពេល​ឃើញ​ក្រុម​ជន​ជាតិ​បង្ហោះ​សារ​គំរាម​តាម​ប្រព័ន្ធ​អ៊ីនធើណែត​ដូច្នេះ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ស្នើ​ទៅ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ និង​សមត្ថកិច្ច​ជំនាញ ប្រឹង​ឲ្យ​អស់​ពី​លទ្ធភាព ដើម្បី​បំបែក​សំណុំ​រឿង​នេះ៖ «ពួក​គាត់ (ជន​ជាតិ​ចិន) អាច​ធ្វើ​អ៊ីចឹង​មែន ព្រោះ​អី​កន្លង​មក ឲ្យ​តែ​មាន​បញ្ហា​អី គាត់​តែង​យក​លុយ​ដើម្បី​ដោះ​ស្រាយ ហើយ​បើ​យើង​នៅ​តែ​ធូរ​រលុង​បណ្ដែត​បណ្ដោយ​ឲ្យ​គាត់​ធ្វើ​អំពើ​ចិត្ត អាច​ធ្វើ​ប្រទេស​យើង​ត្រូវ​ប្រសិទ្ធភាព​ការ​អនុវត្ត​ច្បាប់​ធូរ​រលុង ហើយ​ធ្វើ​ឲ្យ​ជន​បរទេស​មើល​ងាយ​ប្រទេស​យើង»

កាល​ពី​ថ្ងៃ​ទី១២ ខែ​ឧសភា ក្នុង​វីដេអូ​មួយ ដែល​ជន​ជាតិ​ចិន​មួយ​ក្រុម​មាន​គ្នា ប្រមាណ ២០នាក់ បាន​បង្ហោះ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក និយាយ​ជា​ភាសា​ចិន ហើយ​ដែល​ត្រូវ​បាន​ប្រែ​មិន​ផ្លូវ​មក​ជា​ភាសា​ខ្មែរ​ថា ពួក​គេ​ចង់​ឲ្យ​ខេត្ត​ព្រះសីហនុ វឹកវរ គឺ​វឹកវរ ចង់​មាន​ស្ថិរភាព គឺ​មាន​ស្ថិរភាព។ ប៉ុន្តែ មិន​ទាន់​មាន​ការ​បញ្ជាក់​ណា​មួយ ពី​សមត្ថកិច្ច​ជា​ផ្លូវ​ការ​ថា វីដេអូ​នេះ​មាន​ប្រភព​ចេញ​ពី​ណា​នៅ​ឡើយ​ទេ។

ក្រោយ​មាន​ការ​បង្ហោះ​វីដេអូ​នេះ​ព្រោងព្រាត​តាម​បណ្ដាញ​សង្គម សមត្ថកិច្ច​កម្ពុជា និង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា អះអាង​ថា ពួក​គេ​នឹង​រួម​គ្នា​ទប់​ស្កាត់ និង​បើក​ការ​ស្រាវជ្រាវ​ករណី​នេះ។

អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ប៉ុន្តែ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី១៣ ខែ​ឧសភា។ ចំណែក​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​នៃ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន វិញ​ប្រាប់​អាស៊ី​សេរី​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​ពី​សមត្ថកិច្ច និង​ពី​អាជ្ញាធរ​ខេត្ត​នៅ​ឡើយ​ទេ។

នៅ​ថ្ងៃ​ដដែល​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត ម៉ីន ប្រាប់​ឲ្យ​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា លោក​មិន​ដឹង​រឿង​នេះ​ទេ។ កាល​ពី​ថ្ងៃ​ទី១២ ខែ​ឧសភា លោក យន្ត ម៉ីន អះអាង ដើម្បី​បង្ការ​បញ្ហា​នេះ អាជ្ញាធរ និង​សមត្ថកិច្ច​ត្រូវ​តែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ដើម្បី​ការពារ​សុវត្ថិភាព​ពលរដ្ឋ និង​អ្នក​វិនិយោគ៖ «ខ្ញុំ​យល់​ឃើញ​ថា មិន​ថា​ចិន​ មិន​ថា​ខ្មែរ បារាំង អាមេរិក ទេ មាន​មនុស្ស​ខូច​មនុស្ស​ល្អ​ដូច​គ្នា។ អ៊ីចឹង​ទេ​តែ​គេ​មក​ហើយ មាន​ទាំង​ល្អ​មាន​ទាំង​អាក្រក់​មក​ជាមួយ​ហើយ។ អ៊ីចឹង​អត់​មាន​អី​ក្រៅ​ពី​ការ​ពង្រឹង​ច្បាប់​របស់​យើង​ទៅ»

ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃ​ទី១២ ឧសភា បាន​ដាក់​ការ​សង្ស័យ​ថា វីដេអូ​ជន​ជាតិ​ចិន ដែល​បង្ហោះ​នោះ ជាប់ពាក់ព័ន្ធ​នឹង​​​ក្រុម​សង្គម​ងងឹត។ ស្ថានទូត​ចិន​ឲ្យ​ដឹង​ថា ខ្លួន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​បញ្ហា​នេះ​ និង​បាន​ជួយ​សម្រប​សម្រួល​ដល់​សមត្ថកិច្ច​ចិន​ និង​សមត្ថកិច្ច​កម្ពុជា ​ដើម្បី​បើក​ការ​ស៊ើប​អង្កេត លើ​បញ្ហា​មួយ​នេះ។ ប៉ុន្តែ​រហូត​ មកដល់​ថ្ងៃទី១៣ ខែ​ឧសភា ស្ថានទូត​ចិន មិន​ទាន់​បង្ហាញ​ការ​វិវត្តន៍​ណាមួយ​ពី​ការ​ស៊ើប​អង្កេត​នេះ​នៅ​ឡើយ​ទេ។

ខណៈ​ប្រទេស​ចិន​ក្លាយ​ជា​អ្នក​វិយោគ​ជួរ​មុខ​នៅ​កម្ពុជា និង​មាន​ពលរដ្ឋ​ចិន រាប់​ម៉ឺន​នាក់​មក​ផង​នោះ គេ​សង្កេត​ឃើញ​ថា ជន​ជាតិ​នេះ​នាំ​មុខ​គេ ខាង​បង្ក​បញ្ហា ប្រព្រឹត្ត​អំពើ​ហិង្សា និង​ចាប់​ជំរិត​មនុស្ស​ប្រពន្ធ​អ៊ីនធើណែត​ជា​ដើម។

របាយការណ៍​របស់​ប៉ូលិស បង្ហាញ​ថា ក្នុង​ត្រីមាស​ទី​១ គិត​ពី​ថ្ងៃទី២០ ខែ​ធ្នូ ឆ្នាំ ២០១៨ ដល់​ថ្ងៃ​ទី១៩ ខែ​មីនា ឆ្នាំ២០១៩ ជនជាតិ​ចិន បង្ក​បទល្មើស​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ជាង​ជន​បរទេស​ផ្សេងទៀត។

អ្នក​សម្របសម្រួល​សមាគម អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ លោកស្រី ជាប សុធារី ​ស្នើ​ទៅ​អាជ្ញាធរ និង​ស្ថាប័ន​អនុវត្ត​ច្បាប់ ត្រូវ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឧ្យ​បាន​ម៉ឺងម៉ាត់​ទើប​អាច​ទប់​ស្កាត់​ការ​បង្ក​បញ្ហា​ដោយ​ជន​បរទេស ជា​ពិសេស គឺ​ជន​ជាតិ​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles